30 C
Phnom Penh

ជនជាតិ​អាមេរិក​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ពីបទ​រំលោភ​ក្មេងស្រី​នៅ​អាមេរិក​​ត្រូវ​ធ្វើ​បត្យាប័ន​នៅ​ថ្ងៃ​នេះ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​មន្ត្រី​នគរ​បាល​អន្តោប្រវេសន៍​មួយ​រូប​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា បុរស​​ជនជាតិ​អាមេរិក​អាយុ​២៥​ឆ្នាំ ដែល​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្នុង​ក្រុង​ព្រះសីហនុ​កាលពី​ថ្ងៃ​សៅរ៍​ នឹង​ត្រូវ​ធ្វើ​បត្យាប័ន​ទៅ​សហរដ្ឋអាមេរិក​វិញ​នៅ​ថ្ងៃ​នេះ ដើម្បី​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​ពី​បទ​រំលោភ​ក្មេងស្រី​នៅ​ទីនោះ ពោលគឺ​ពីរ​ខែ​បន្ទាប់ពី​ជនជាប់​ចោទ​រូប​នេះ​​បាន​រត់​​​គេច​​ខ្លួន​​​ចេញ​​​ពី​​​ប្រទេស​​​របស់​​​ខ្លួន។​​​

យោង​តាម​ឯកសារ​តុលាការ​នៅ​តំបន់​ Clark County​ ក្នុង​រដ្ឋវ៉ាស៊ីនតោន​បាន​ឲ្យ​ដឹង​ថា លោក Ian Andrew Heller ជា​ជន​ដែល​សហរដ្ឋអាមេរិក​តាម​ចាប់​ខ្លួន​​ពី​បទ​រំលោភ​ក្មេងស្រី​ម្នាក់​ចំនួន​បួន​លើក​ ហើយ​លោក​ក៏ត្រូវ​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​ពី​បទ​រត់គេច​ខ្លួន​​ បន្ទាប់ពី​លោក​មិន​បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​តុលាការ​កាលពី​ថ្ងៃ​ទី៧ ខែ​សីហា។

លោក អ៊ុក ហៃសិលា ប្រធាននាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្តនីតិវិធី​នៃ​អគ្គនាយក ដ្ឋាន​អន្តោប្រវេសន៍​​នៅ​ក្រសួង​មហាផ្ទៃ​បាន​ឲ្យ​ដឹង​ថា ស្ថានទូត​អាមេរិក​ប្រចាំ​រាជ​ធានីភ្នំពេញ​បាន​រៀបចំ​​សម្រាប់​ការ​ធ្វើ​បត្យាប័ន​លោក Heller ដែល​កើត​នៅរដ្ឋNebraska ​ទៅ​សហរដ្ឋអាេមរិក​វិញ​នៅ​ព្រឹក​នេះ​ បន្ទាប់ពី​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​​បានចុះ​ហត្ថលេខា​លើ​បទ​បញ្ជា​ធ្វើ​បត្យាប័ន​។

លោក ហៃសិលា បាន​មាន​ប្រសាសន៍​ថា ” យើង​អាច​ប្រកាស​ថា រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​​បាន​ចុះ​ហត្ថលេខា​ និង​ចេញ​បទ​បញ្ជា​ឲ្យ​ធ្វើ​បត្យាប័ន​គាត់​ទៅ​សហរដ្ឋអាមេរិក​វិញ ព្រោះ​គាត់​ត្រូវ​បាន​ចោទ​ប្រកាន់​ពីបទ​រំលោភ​បំពាន​ផ្លូវ​ភេទ​លើ​ក្មេង​ស្រី​ម្នាក់​””។

ទោះបីជា​ប្រទេស​កម្ពុជា​គ្មាន​សន្ធិសញ្ញាបត្យាប័ន​​ជាមួយ​សហរដ្ឋអាមេរិក​ក៏ដោយ ក៏​លោក​ ហៃសិលា បាន​លើក​ឡើង​ថា វា​គឺ​ជា​បទដ្ឋាន​នីតិវិធី​ដើម្បី​ធ្វើ​បត្យាប័ន​ជនជាតិ​អាមេរិក​ ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​​ពីបទ​រំលោភ​បំពាន​ផ្លូវ​ភេទ​លើ​កុមារ​ដែរ​។

អាជ្ញាធរ​កម្ពុជា​បាន​ប្រកាស​ពីការ​ចាប់​ខ្លួន​លោក Heller ក្នុង​ក្រុង​ព្រះសីហនុ​កាលពី​ថ្ងៃ​សៅរ៍ ដោយ​បង្ហោះ​លិខិត​ឆ្លងដែន​របស់​គាត់​​នៅ​លើ​គេហទំព័រ​នគរ​បាល​ជាតិ​ក្នុង​ថ្ងៃ​ដដែល។

ដំបូង​ឡើុយ​​នគរ​​បាល​បាន​បញ្ជាក់​ថា ជនជាតិអាមេរិក​រូប​​នេះ​ត្រូវ​បាន​ឃុំខ្លួន​ពីបទ​កាន់​លិខិត​ឆ្លងដែន​ [ទិដ្ឋាការ]​ ​ហួស​សុពលភាព​ ហើយ​នគរ​បាល​ទើប​តែ​ដឹង​ថា គាត់​គឺ​ជា​ជន​ដែល​គេ​តាម​ចាប់​ខ្លួន​ ឬ​ជាជន​ប្រព្រឹត្ត​បទ​ល្មើស​នៅ​ក្នុង​សហរដ្ឋអាមេរិក​ នៅពេល​សហរដ្ឋ​អាមេរិក​បាន​ដៅ​ចំណាំ​លើ​លិខិត​ឆ្លង​ដែន​របស់​គាត់​។

ប៉ុន្តែ​​​លោក កែវ រតនា ស្នង​ការ​រង​នគរ​បាល​ខេត្ត​ព្រះសីហនុ​ទទួល​បន្ទុក​អន្តោប្រវេសន៍​​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា នគរ​បាល​បាន​ចាប់​ខ្លួន​លោក Heller បន្ទាប់ពី​ស្ថានទូត​អាមេរិក​​បាន​ជូន​​​ដំណឹង​​​ដល់​​​នគរ​បាល​ថា ជនសង្ស័យ​រូប​នេះ​គឺ​នៅ​ក្នុង​ប្រទេស​កម្ពុជា​​ ហើយ​បាន​ស្នើ​ឲ្យ​នគរ​បាល​ត្រួតពិនិត្យ​លិខិត​ឆ្លង​ដែន​របស់​​​គាត់​។

លោក​បាន​មាន​ប្រសាសន៍​ថា​​​ “យើង​បាន​ចាប់​ខ្លួន​គាត់​​បន្ទាប់ពី​ស្ថានទូត​បាន​ផ្ញើលិខិត​មួយ​ច្បាប់​មក​ ដោយ​លើក​ឡើង​ថា គាត់​បាន​ប្រព្រឹត្ត​អំពើ​រំលោភ​បំពាន​ផ្លូវ​ភេទ​លើ​កុមារ ហើយ​បន្ទាប់​ពី​យើង​ចាប់​ខ្លួន​គាត់​ យើង​បាន​ត្រួត​ពិនិត្យ​លិខិត​ឆ្លង​ដែន​របស់​គាត់ ហើយ​ឃើញ​ថា ហួស​សុពលភាព​៥៣ថ្ងៃ​រួច​មក​ហើយ​”។

លោក រតនា បាន​ឲ្យ​ដឹង​ទៀត​ថា ដំបូង​ឡើយ​​​លោក Heller បាន​មក​ដល់​ក្រុង​សៀមរាប ប៉ុន្តែ​បាន​ទៅ​ស្នាក់​នៅ​រមណីយដ្ឋាន​ Coco’s Bungalow នៅ​​​លើ​កោះ​​​រ៉ុង​ក្នុង​សមុទ្រ​ក្រុង​ព្រះសីហនុ។​

ស្ថានទូត​សហរដ្ឋអាមេរិក​បាន​បង្វែរ​សំណួរ​ទៅ​អាជ្ញាធរ​កម្ពុជា​៕ ស៊ុយឈាង​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស