33 C
Phnom Penh

ពលករ​ចំណាក​ស្រុក​​​ទទួល​បាន​ប្រាក់​វិញ​ បន្ទាប់ពី​ត្រូវ​គេ​ចាក់​សោ​ឃុំឃាំង​ក្នុង​​ការិយា​ល័យ​ទីភ្នាក់ងារ​ជ្រើស​រើស​ពលករ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពលករ​ចំណាក​ស្រុក​ប្រាំបី​នាក់​ដែល​និយាយ​ថា ខ្លួន​បាន​ចាញ់​បោក​ទីភ្នាក់​ងារ​ជ្រើស​រើស​ពលករ​មួយ​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​ក្នុង​ម្នាក់ៗ​ចំនួន​៣០០​ដុល្លារ ត្រូវ​ក្រុម​ហ៊ុន​ប្រគល់​ប្រាក់​ឲ្យ​វិញ​កាលពី​ម្សិលមិញ បន្ទាប់ពី​ធ្វើ​ការ​តវ៉ា​នៅ​ខាង​ក្រៅ​ការិយាល័យ​ក្រុម​ហ៊ុន​ និង​ដែល​ក្រោយ​​មក​ត្រូវ​គេ​ចាក់​សោ​ឃុំឃាំង​នៅ​ខាង​ក្នុង​។

កាលពី​ខែ​មុន ទីភ្នាក់​ងារ​ជ្រើស​រើស​ពលករ​ Money Center​ បាន​បញ្ជូន​ពលករ​ចំណាក​ស្រុក​ចំនួន​១៤​នាក់​ទៅ​កាន់​ប្រទេស​ថៃ ដោយ​យក​តម្លៃ​ក្នុង​ម្នាក់ៗ​៣០០ដុល្លារ​ ដោយ​សន្យា​ផ្ដល់​ការ​ងារ​ឲ្យពួកគេ​ធ្វើ​ការ​នៅ​រោងចក្រ​អេឡិចត្រូនិក​មួយ​កន្លែង​។ ប៉ុន្តែ​នៅ​ពេល​ពលករ​ខ្មែរ​​ទៅ​ដល់​ និង​ឆ្លង​ព្រំដែន​កាលពី​ថ្ងៃ​ទី២៧ ខែសីហា គ្មាន​​តំណាង​រោងចក្រ​ណាម្នាក់​​ចាំជួប​ពួកគេ​​នៅ​ទីនោះ​ឡើយ។

ពលករ​ប្រាំបីនាក់​ក្នុង​ចំណោម​នោះ ដែល​ប្រាំ​នាក់​ផ្សេង​ទៀត​កំពុង​ស្ថិត​ក្នុង​ប្រទេស​ថៃ​នៅឡើយ ដើម្បី​ស្វែង​រក​ការ​ងារ​ធ្វើ​​​នៅ​កន្លែង​ផ្សេង​ បាន​ធ្វើ​ការ​តវ៉ា​នៅ​ខាង​ក្រៅ​ការិយា​ល័យ​​ក្រុម​ហ៊ុន Money Center ​ក្នុង​ខណ្ឌដង្កោ ដើម្បី​ទាមទារ​ប្រាក់​របស់​ពួកគេ​ត្រឡប់​មក​វិញ។

ផែន ដាលី អាយុ​២៥​ឆ្នាំ និយាយ​ថា ” យើង​បាន​ទាមទារ​ប្រាក់​៣០០ដុល្លារ​របស់​យើង​ត្រឡប់​មក​វិញ ពីព្រោះ​ក្រុម​ហ៊ុន​និយាយ​កុហក​ និង​បោក​ប្រាស់​ពួកយើង​”។ ស្ត្រី​រូប​នេះ​​និយាយ​ទៀត​ថា នៅ​ពេល​ពួកគេ​​ដើរ​ចូល​ទៅ​ក្នុង​ការិយាល័យ​​ដើម្បី​និយាយ​ជាមួយ​បុគ្គលិក​ទីភ្នាក់​ងារ​ដោយ​ផ្ទាល់​ បុគ្គលិក​ពីរ​នាក់​បាន​ចេញ​ទៅ​បរិភោគ​អាហារ​ថ្ងៃ​ត្រង់ ហើយ​បាន​ចាក់​សោនាង​ និង​អ្នក​តវ៉ា​បីនាក់​ទៀត​ឲ្យ​​នៅ​ខាង​ក្នុង​។

នាង​និយាយ​ថា ” វា​ជា​ការ​ចាប់​បង្ខាំង​ដោយ​បង្ខំ”។ នាង​បាន​លើក​ឡើង​បន្ថែម​ទៀត​ថា បន្ទាប់ពី​ត្រូវ​គេ​ឃុំឃាំង​រយៈ​ពេល​១ម៉ោង​ ពួកនាង​ក៏​បាន​ទូរស័ព្ទ​ប្ដឹង​ទៅ​នគរ​បាល​។

ចក់ សុភាព ជា​បុគ្គលិក​ម្នាក់​របស់​ទីភ្នាក់​ងារ​នេះ​​​បាន​ទទួល​ស្គាល់​ថា ខ្លួន​​ពិត​ជា​បាន​ចាក់​សោ​ពលករ​ទាំង​នេះ​ឲ្យ​​នៅ​ខាង​ក្នុង​ការិយាល័យ​មែន ប៉ុន្តែ​ខ្លួនធ្វើ​ដូច្នេះ​ដោយ​សារ​តែ​ពួកគេ​មិន​ព្រមចេញ​ក្រៅ​។ យុវជនរូប​នេះ​បាន​និយាយ​ទៀត​ថា ” ខ្ញុំ​បាន​ប្រាប់​ពួកគេ​ឲ្យ​ចេញ​ក្រៅ ប៉ុន្តែ​ពួកគេ​មិន​ចេញ។ ដូច្នេះ​ហើយ​ខ្ញុំក៏ចាក់​សោ​ទៅ​ហូបបាយ​ថ្ងៃ​ត្រង់​​តែ​ម្ដង​ទៅ​”។

លោក លុត ឃីម នាយ​ប៉ុស្តិ៍​សង្កាត់​ដង្កោ បាន​មាន​ប្រសាសន៍​ថា នគរ​បាល​បាន​ទៅ​ដល់​កន្លែង​កើត​ហេតុ ហើយ​បាន​ឃាត់​ខ្លួន​យុវជន​ ចក់ សុភាព អាយុ​២២​ឆ្នាំ ព្រមទាំង​មិត្ត​រួម​ការ​ងារ​​របស់​គេ​ម្នាក់​ទៀត​​ឈ្មោះ ជា រតនៈ អាយុ​២១​ឆ្នាំ។

លោក​មាន​ប្រសាសន៍​ទៀត​ថា ក្រោយ​ពីការ​ចរចា​អស់រយៈពេល​៦ម៉ោង​រវាង​នគរ​បាល​ និង​បុគ្គលិក​ក្រុម​ហ៊ុន​ទាំងពីរ​នាក់​នេះ ពួកគេ​ទាំង​ពីរ​ក៏​បាន​យល់​ព្រម​ប្រគល់​ប្រាក់​ឲ្យ​ពលករ​ទាំង​នេះ​វិញ។ លោក​បាន​បន្ត​ថា ” ពួកគេ​យល់​ព្រម​ប្រគល់​ប្រាក់​មក​វិញ ដូច្នេះ​ហើយ​យើង​ក៏​អនុញ្ញាត​ឲ្យ​បុគ្គលិក​ទាំង​ពីរ​នាក់​នោះ​ត្រឡប់​ទៅវិញ”៕ សុខុម​​​​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស