រយៈពេល៤ខែ បន្ទាប់ពីអត្ថបទទស្សនាវដ្តី ញូវវិក បានរាយការណ៍ថា អ្នកស្រី ម៉ម សុម៉ាលី បានក្លែងបន្លំប្រវត្តិរបស់អ្នកស្រី ជាអ្នកបម្រើផ្លូវភេទ ដែលជាដើមហេតុបណ្តាលឲ្យអ្នកស្រីលាលែងចេញពីអង្គការមិនមែនរដ្ឋាភិបាល ដែលដាក់ឈ្មោះតាមឈ្មោះអ្នកស្រីមក សកម្មជនប្រឆាំងការជួញដូរមនុស្សរូបនេះ បានការពារខ្លួនជាសាធារណជាលើកដំបូងកាលពីម្សិលមិញ ក្នុងអត្ថបទមួយដែលចេញផ្សាយនៅថ្ងៃដដែល ដែលការវាយបកជាសាធារណៈមួយត្រូវបានធ្វើឡើងក្នុងនាមអ្នកស្រី។
អ្នកស្រី ម៉ម សុម៉ាលី ដែលបានលាលែងតំណែងពីមូលនិធី ម៉ម សុម៉ាលី ខណៈដែលរឿងចម្រូងចម្រាសទាក់ទងនឹងប្រវត្តិរបស់អ្នកស្រីបានលេចឮខ្ចរខ្ចាយ បន្ទាប់ពីអត្ថបទនោះចេញផ្សាយកាលពីខែឧសភា បានប្រាប់ទស្សនាវដ្តី ម៉ារី ក្លែ របស់អាមេរិកក្នុងអត្ថបទមួយដែលចេញផ្សាយកាលពីម្សិលមិញថា អ្នកស្រី “គ្មានអ្វីលាក់បាំងនោះទេ”។
ទស្សនាវដ្តី ញូវវិក បានរាយការណ៍អំពីភាពមិនស៊ីគ្នាក្នុងជីវប្រវត្តិរបស់អ្នកស្រី ម៉ម សុម៉ាលី ក្នុងអត្ថបទ “Road of Lost Innocence” រីឯសេចក្តីរាយការណ៍មុនៗដោយអ្នកនិពន្ធ ស៊ីម៉ុន ម៉ាក របស់កាសែត ឌឹ ខេមបូឌា ដេលី បានលាតត្រដាងថា អ្នកស្រីបានបង្រៀននារីក្មេងៗដែលត្រូវគេជួញដូរឲ្យកុហកប្រវត្តិជីវិតរបស់ខ្លួន ដើម្បីប្រមូលការគាំទ្រជួយអង្គការប្រឆាំងការជួញដូររបស់អ្នកស្រី។
អត្ថបទទស្សនាវដ្តី ម៉ារី ក្លែ ដែលលាតត្រដាងរឿងរបស់អ្នកស្រី សុម៉ាលី រៀបរាប់ភាពមិនត្រឹមត្រូវក្នុងសេចក្តីរាយការណ៍របស់ញូវវិក និងក៏ផ្តល់ការពន្យល់អំពីមូលហេតុ ដែលអ្នកស្រីបានបែកចេញពីមូលនិធិ ម៉ម សុម៉ាលី ដែលអ្នកស្រីបានរួមបង្កើតកាលពីឆ្នាំ២០០៧ ជាមធ្យោបាយមួយដើម្បីរៃអង្គាសសម្រាប់អង្គការប្រឆាំងការជួញដូរផ្លូវភេទរបស់អ្នកស្រី គឺអង្គការ អាហ្វេស៊ីប និងក្រុមផ្សេងទៀតដែលមានបេសកកម្មស្រដៀងគ្នា។
តែក្នុងពេលប៉ុន្មានម៉ោងដែលទស្សនាវដ្តី ម៉ារី ក្លែ បង្ហោះអត្តបទលើគេហទំព័រ លោក ស្កត់ ហ្គោរិនស្តេន អនុប្រធានក្រុមហ៊ុនទំនាក់ទំនងសាធារណៈ Jonathan Marder Company បានផ្ញើអីុម៉េលមួយទៅក្រុមអ្នកកាសែត ដោយលើកឡើងថា រឿងក្នុងទស្សនាវដ្តី ញូវវិក ពោរពេញដោយ “ភាពមិនស៊ីគ្នា ពាក្យដៀមដាម និងភាពមិនត្រឹមត្រូវ”។
អីុម៉េលបានបន្តទៀតថា “អត្ថបទ [របស់លោក ម៉ាក] បានបំផ្លាញកេរ្តិ៍ឈ្មោះ និងការងារជាច្រើនទសវត្សរ៍របស់ស្ត្រីម្នាក់ ដែលគាត់ថែមទាំងបានដឹងថា បានធ្វើកិច្ចការល្អច្រើនសម្បើមនោះ”។
ក្នុងអីុម៉េលនោះ លោក ហ្គោរិនស្តេន ក៏បានផ្តល់បទសម្ភាសន៍ជាមួយអ្នកស្រី ម៉ម សុម៉ាលី ដែល”ឥឡូវនេះព្រមនិយាយជាលើកដំបូង” ដោយសង្ឃឹមថា អ្នកស្រីអាចស្តារកេរ្តិ៍ឈ្មោះរបស់អ្នកស្រីមកវិញបាន។
ពេលទាក់ទងបានតាមទូរស័ព្ទកាលពីល្ងាចម្សិលមិញ លោក ហ្គោរិនស្តេន បានមានប្រសាសន៍ថា អ្នកស្រី ម៉ម សុម៉ាលី “កំពុងធ្វើដំណើរទៅបុរី ញូវយ៉ក នៅពេលនេះ” ហើយក្រុមហ៊ុននឹងមានគម្រោងរៀបចំឲ្យមានកិច្ចសម្ភាសន៍ជាមួយអ្នកកាសែតនៅថ្ងៃទី២២ខែកញ្ញា។
នៅពេលត្រូវគេសួរថា នរណានឹងចំណាយសម្រាប់សេវារបស់ក្រុមហ៊ុននៅញូវយ៉កនេះ លោក ហ្គោរិនស្តេន ដែលក៏ជាតំណាងសិល្បករអាមេរិក និងអ្នកចម្រៀង លីហ្សា មីនណេលី ដែរនោះ បាននិយាយថា “ខ្ញុំនឹងមិនពិភាក្សារឿងនេះទេ”។
គេហទំព័រមួយក៏ត្រូវបានបង្កើតឡើងដែរសម្រាប់ “មូលនិធិ ម៉ម សុម៉ាលី ថ្មី” ដោយត្រូវគេអះអាងថា មិត្តភក្តិរបស់អ្នកស្រី ម៉ម សុម៉ាលី បានបង្កើតឲ្យអ្នកស្រី “ចង់ឲ្យអ្នកស្រីមានសំឡេងដ៏ខ្លាំងនិងមានប្រសិទ្ធភាព បន្តល្បីតទៅទៀតក្នុងសកម្មភាពប្រឆាំងការជួញដូរមនុស្ស និងការដឹកនាំរបស់អ្នកស្រីឲ្យនៅល្អដដែល”។
ដោយមានទំព័រទ្វិធ័រនិងហ្វេសប៊ុកទើបបង្កើតថ្មី គេហទំព័រ ដែលមានដាក់អត្ថបទទស្សនាវដ្តី ម៉ារី ក្លែ ដែរនោះ ស្វែងរកវិភាគទានឲ្យអង្គការ អាហ្វេស៊ីប ដែលសឹងតែបាត់បង់មូលនិធិទាំងអស់របស់ខ្លួនក្នុងពេលដែលមូលនិធិ ម៉ម សុម៉ាលី បានកាត់ផ្តាច់ទំនាក់ទំនងភ្លាមៗជាមួយអង្គការនេះកាលពីខែមិថុនា។
អត្ថបទក្នុងទស្សនាវដ្តី ម៉ារី ក្លែ នៅសហរដ្ឋអាមេរិកចេញផ្សាយមិនដល់២សប្តាហ៍ផងបន្ទាប់ពីអត្ថបទខែសីហារបស់ ម៉ារី ក្លែ នៅប្រទេសអូស្ត្រាលី បានបោះផ្សាយអត្ថបទមួយអំពីរឿងអាស្រូវនេះ ដែលសរសេរដោយលោក ម៉ាក ដែលមានចំណងជើងថា “អតីតទាសករផ្លូវភេទដែលបំភាន់ពិភពលោក”។
ក្នុងបទសម្ភាសន៍របស់អ្នកស្រីជាមួយទស្សនាវដ្តីអាមេរិក អ្នកស្រី ម៉ម សុម៉ាលី បានមានប្រសាសន៍ថា គណកម្មការនាយកមូលនិធិ ម៉ម សុម៉ាលី ដែលបានជួលក្រុមហ៊ុនច្បាប់ Goodwin Procter ដើម្បីស៊ើបអង្កេតការចោទប្រកាន់ដ៏ច្រើនលើអ្នកស្រី ចង់ឲ្យអ្នកស្រីចុះហត្ថលេខាលើលិខិតមួយមានខ្លឹមសារថា អ្នកស្រីមិនដែលត្រូវគេបង្ខំឲ្យធ្វើជាស្រីពេស្យា ហើយថាបាន”បង្កើតនិងបំផ្លើស”រឿងអំពីឆាកជីវិតរបស់អ្នកស្រី តែអ្នកស្រីបានប្រកែកនឹងសំណើនោះ។
អ្នកស្រីបានប្រាប់ទស្សនាវដ្តីនេះថា “ខ្ញុំមិនបានកុហកទេ។ ពួកគេចង់ឲ្យខ្ញុំនិយាយសុំទោស។ ខ្ញុំមិនសុំទោសរឿងជីវិតរបស់ខ្ញុំឡើយ”។
ទស្សនាវដ្តី ម៉ារី ក្លែ បានបង្ហាញចំណុចមិនច្បាស់លាស់ជាច្រើនក្នុងអត្ថបទទស្សនាវដ្តី ញូវវិក រួមមានអត្ថបទដែលប្រាប់ប្រភពមួយ ឈ្មោះ ប៉ែន ឈុនហេង ជាស្រីម្នាក់ តែតាមការពិតនោះ គាត់ជាបុរសទេ។ លោក ឈុនហេង ត្រូវបានដកស្រង់សម្តីក្នុងអត្ថបទដើម ដែលនិយាយថា អ្នកស្រី ម៉ម សុម៉ាលី មិនមែនគេយកមកចិញ្ចឹមទេ ប៉ុន្តែបានប្រាប់ ទស្សនាវដ្តី ម៉ារី ក្លែ ផ្សេងទៅវិញ។ នៅពេលទាក់ទងសុំការបំភ្លឺកាលពីម្សិលមិញ លោក ឈុនហេង បាននិយាយថា លោកមិនប្រាកដទេ។
អត្ថបទទស្សនាវដ្តី ម៉ារី ក្លែ ក៏បានលើកពីប្រវត្តិសិក្សារបស់អ្នកស្រី ម៉ម សុម៉ាលី ដែរ។ ចំណែកឯទស្សនាវដ្តី ញូវវិក អះអាងថា អ្នកស្រីបានទទួលសញ្ញាប័ត្រទុតិយភូមិ តែអតីតនាយកសាលារបស់អ្នកស្រី លោក ធូ សយ បានប្រាប់ ទស្សនាវដ្តី ម៉ារី ក្លែ ថា អ្នកស្រីរៀនបានត្រឹមតែមធ្យមសិក្សាប៉ុណ្ណោះ ឬដល់ថ្នាក់ទី៧ មុនពេលបោះបង់ការសិក្សា។ ឥឡូវនេះ លោក សយ ធ្វើការជាបុគ្គលិកសន្តិសុខឲ្យអង្គការ អាហ្វេស៊ីប។ ទស្សនាវដ្តី ញូវវិក ប្រកាន់ជំហរលើអត្ថបទរបស់ខ្លួន។
ហើយសំណួរជាច្រើនពាក់ព័ន្ធនឹងប្រវត្តិផ្ទាល់ខ្លួនរបស់អ្នកស្រី ម៉ម សុម៉ាលី ដែលគេដឹងក្នុងបទសម្ភាសន៍ មានលក្ខណៈច្របូកច្របល់និងពោរពេញដោយភាពមិនស៊ីគ្នាជាច្រើននោះ។
សំខាន់បំផុតនោះ គឺគេចោទថា អ្នកស្រីបានបង្រៀន មាស រដ្ឋា ដែលទស្សនាវដ្តី ម៉ារី ក្លែ មិនបានបញ្ចេញឈ្មោះ ឬ សម្ភាសនាងទេ ប៉ុន្តែនាងបានប្រាប់កាសែត ឌឹ ខេមបូឌា ដេលី ពេលនោះថា នាងត្រូវបានអ្នកស្រី ម៉ម សុម៉ាលី ជ្រើសរើស និងបង្រៀនឲ្យបង្ហាញមុខតាមទូរទស្សន៍ ដើម្បីរៀបរាប់ពីរឿងប្រឌិតអំពីទាសភាពផ្លូវភេទ កាលពីនាងនៅជាក្មេងជំទង់នោះ មិនទាន់មានការច្រានចោលនៅឡើយទេ។
អត្ថបទនេះមិនស៊ីគ្នាសោះទៅនឹងសេចក្តីរាយការណ៍ផ្សេងទៀត ដែលចុះផ្សាយលើកមុនក្នុងកាសែតនេះ ក្នុងនោះមានទាំងការស៊ើបអង្កេតលើនាង ឡុង ប្រុស ដែលបានប្រាប់អ្នកកាសែត រួមមានអ្នកយកព័ត៌មានកាសែតញូវ យ៉ក ថែមស៍ លោក នីកូឡាស គ្រីស្តូវ ថាភ្នែកម្ខាងរបស់នាងមានស្លាកស្នាមរបួសដោយសារមេបនចាក់ត្រូវ បន្ទាប់ពីនាងប្រកែកមិនព្រមដេកជាមួយម៉ូយ ពេលនៅជាក្មេងជំទង់។ យោងតាមរបាយការណ៍ពេទ្យនិងការសម្ភាសន៍ជាមួយឱពុកម្តាយរបស់នាងបានឲ្យដឹងថា តាមពិត គ្រូពេទ្យបានវះកាត់ដុំភ្នែកម្ខាងរបស់នាង ឡុង ប្រុស តាំងពីនាងនៅក្មេងម៉្លេះ។
រឿងរ៉ាវទាក់ទងនឹងទាសករផ្លូវភេទរហូតដល់ក្លាយជាអ្នកជួយរំដោះជនរងគ្រោះរបស់អ្នកស្រី ម៉ម សុម៉ាលី បានធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំងពីមជ្ឈដ្ឋានអន្តរជាតិ ដែលរួមមានមនុស្សល្បីៗ សហគ្រិន និងអ្នកនយោបាយ ហើយអំណោយក៏ចាប់ផ្តើមហូរចូល។
យោងតាមរបាយការណ៍ហិរញ្ញវត្ថុដែលដាក់ទៅសេវាចំណូលខាងក្នុងសហរដ្ឋអាមេរិកបានឲ្យដឹងថា មូលនិធិម៉មសុម៉ាលី បានបង្កើនចំណាយរបស់ខ្លួនពី៣៤៨.២៨៣ដុល្លារដល់៣,៥៣លានដុល្លារ នៅរវាងឆ្នាំ២០០៨ដល់ឆ្នាំ២០១១។ នៅឆ្នាំ២០១១ អ្នកស្រី ម៉ម សុម៉ាលី រកប្រាក់បាន១២៥.៦៤២ដុល្លារ ក្នុងតំណែងរបស់អ្នកស្រីជាប្រធានអង្គការនេះ។
រឿងរ៉ាវបានចាប់ផ្តើបបែកធ្លាយកាលពីខែមេសាឆ្នាំ២០១២ នៅពេលដែលអ្នកស្រីបានភូតកុហកគណៈកម្មការសហប្រជាជាតិថា ទាហានកម្ពុជាបានសម្លាប់ក្មេងស្រី៨នាក់បន្ទាប់ពីឆ្មក់ចូលមជ្ឈមណ្ឌលអាហ្វេស៊ីប នៅក្រុងភ្នំពេញកាលពីឆ្នាំ២០០៤។ ជាង២ឆ្នាំបន្ទាប់មក ភាពមិនស៊ីគ្នាក្នុងសាច់រឿងរបស់អ្នកស្រីបានបន្តលេចឮឡើង។
អ្នកស្រី ម៉ម សុម៉ាលី បានប្រាប់ទស្សនាវដ្តី ម៉ារី ក្លែ ថា នៅឯជំនួបអង្គការសហប្រជាជាតិ អ្នកស្រី “មិនបាននិយាយមិនពិតនោះទេ ប៉ុន្តែនិយាយមិនច្បាស់លាស់ ព្រោះភាសាអង់គ្លេស មិនមែនជាភាសាកំណើតរបស់អ្នកស្រី”។
នៅក្នុងអត្ថបទនោះ អ្នកស្រី ម៉ម សុម៉ាលី បានពន្យល់ផ្ទុយពីប្រវត្តិផ្ទាល់ខ្លួនរបស់អ្នកស្រី ដោយប្រាប់ពីភាពជាទាសករជាច្រើនឆ្នាំទៅវិញ។
អ្នកស្រីមានប្រសាសន៍ថា “ខ្ញុំជាទាសករក្នុងផ្ទះម្នាក់ បន្ទាប់មកខ្ញុំនៅផ្ទះបន។ តើអ្នករាប់យ៉ាងម៉េចកើត? ដូច្នេះ ខ្ញុំនៅផ្ទះបន២ឆ្នាំ ២០ឆ្នាំ ២០ថ្ងៃឬ?”។
ការព្យាយាមទាក់ទងអ្នកស្រី ម៉ម សុម៉ាលី ដោយផ្ទាល់តាមរយៈទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់អ្នកស្រីមិនបានសម្រេចទេ។ នាយកអង្គការអាហ្វេស៊ីប និងអង្គការមូលនិធិ ម៉ម សុម៉ាលី ក៏មិនអាចទាក់ទងបានដែរ៕មានិត
(រាយការណ៍បន្ថែមដោយ គុច ណារ៉េន និង ឃី សុវុឌ្ឍី)