31.8 C
Phnom Penh

តុលាការ​​​ដាក់​​​ការ​​​រឹត​​​បន្តឹង​​​បន្ថែម​​​លើ​​​លោក អាត់ធន់​​​ ​​​មេដឹកនាំ​​​សហជីព​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក អាត់ ធន់ ដែលជា​​​​​​ប្រធាន​​​សហជីព​​​ឯករាជ្យ​​​ដ៏​​​ធំ​​​បំផុត​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា ត្រូវ​​​បាន​​​ដាក់​​​នៅ​​​ក្រោម​​​ការ​​​ឃ្លាំ​​​មើល​​​របស់​​​តុលាការ​​​កាល​​​ពី​​​ម្សិលមិញ​​​ ដោយ​​​សាលាដំបូង​​​រាជ​​​ធានី​​​ភ្នំពេញ ពោល​​​គឺ​​​មួយ​​​ថ្ងៃ​​​បន្ទាប់​​​ពី​​​លោក​​​បាន​​​ចូល​​​រួម​​​ក្នុង​​​បាតុកម្ម​​​ដែល​​​​​​ទាម​​​ទារ​​​ដំឡើង​​​ប្រាក់​​​ខែ​​​គោល ១៧៧​​​ដុល្លារ​​​​​​សម្រាប់​​​កម្មករ​​​រោង​​​ចក្រ​​​កាត់​​​ដេរ​​​។

​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ លោក អាត់ ធន់ ប្រធាន​​​សម្ព័ន្ធ​​​សហជីព​​​ប្រជា​​​ធិបតេយ្យ​​​កម្មករ​​​កាត់​​​ដេរ​​​កម្ពុជា (ស៊ីខៅឌូ) បាន​​​ក្លាយ​​​ជា​​​មេ​​​ដឹក​​​នាំ​​​សហជីព​​​ទី​​​៣​​​ដែល​​​ទទួល​​​បាន​​​ដីកា​​​បង្គាប់​​​របស់​​​តុលាការ​​​​​​​​​​​​​​​​​​​​​មិន​​​ឲ្យ​​​ចូល​​​រួម​​​នៅ​​ក្នុង​​​ការ​​​ជួប​​​ជុំ​​​ជា​​​សាធារណៈ រហូត​​​ដល់​​​​​​​​​ការ​​​បើក​​​សវនាការ​​​ជំនុំ​​​ជម្រះ​​​រឿង​​​ក្តី​​​របស់​​​ពួក​​​គេ​​​ជុំ​​​វិញ​​​ការ​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​បង្ក​​​​​​អំពើ​​​ហិង្សា​​​ដោយ​​​ចេតនា ធ្វើ​​​ការ​​​គំរាម​​​ បំផ្លិច​​​បំផ្លាញ​​​ទ្រព្យ​​​សម្បត្តិ​​​ និង​​​ធ្វើ​​​ឲ្យ​​​កក​​​ស្ទះ​​​ចរាចរណ៍​​​​​​ត្រូវ​​​បាន​​​បញ្ចប់​​​។ តុលាការ​​​​​​នៅ​​​មិន​​​ទាន់​​​​​​​​​កំណត់​​​ថ្ងៃ​​​សម្រាប់​​​បើក​​​​​​សវនាការ​​​នៅ​​​​​​ឡើយ​​​ទេ​​​។

លោក អាត់ ធន់ ដែល​​​បច្ចុប្បន្ន​​​​​​កំពុង​​​​​​ជាប់​​​ពាក់​​​ព័ន្ធ​​​នឹង​​​សំណុំ​​​រឿង​​​តុលាការ​​​ចំនួន​​​បី​​​ដាច់​​​ដោយ​​​ឡែក​​​ពី​​​គ្នា​​​ គឺ​​​​​​បាន​​​ទទួល​​​ដីកា​​​បង្គាប់​​​របស់​​​តុលាការ​​​រួច​​​ហើយ​​​​​​ដែល​​​ហាម​​​មិន​​​ឲ្យ​​​លោក​​​ចូល​​​រួម​​​ក្នុង​​​ការ​​​ជួប​​​ជុំ​​​គ្នា​​​ ឬ​​​ក៏​​​ជួប​​​ជាមួយ​​​សមាជិក​​​សហជីព​​​​​​ ប៉ុន្តែ ​​​លោក​​​​​​បាន​​​រំលោភ​​​បំពាន​​​ដោយ​​​​​​បាន​​​ទៅ​​​ចូល​​​រួម​​​ការ​​​តវ៉ា​​​នៅ​​​ក្នុង​​​សួន​​​ឧស្សាហកម្ម​​​កាណាឌីយ៉ា​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​​​​កាល​​​ពី​​​ថ្ងៃ​​​ពុធ ដោយ​​​ទា​​​ម​​​ទារ​​​ឲ្យ​​​មាន​​​ការ​​​ដំឡើង​​​ប្រាក់​​​ខែ​​​ចំនួន​​​៧៧​​​ដុល្លារ​​​បន្ថែម​​​ពី​​​លើ​​​ប្រាក់​​​ខែ​​​គោល​​​បច្ចុប្បន្ន​​​១០០​​​ដុល្លារ​​​របស់​​​កម្មករ​​​កាត់​​​ដេរ​​​។

ការ​​​ចោទ​​​ប្រកាន់​​​ថ្មី​​​ៗ​​​បំផុត​​​លើ​​​លោក​​​ អាត់ ធន់ គឺ​​​ទាក់​​​ទិន​​​នឹង​​​ការ​​​ពាក់​​​ព័ន្ធ​​​របស់​​​លោក​​​ក្នុង​​​ការ​​​ធ្វើ​​​កូដកម្ម​​​ក្នុង​​​វិស័យ​​​​​កាត់​​​ដេរ​​​នៅ​​​ទូទាំង​​​ប្រទេស ដែល​​​បាន​​​​​​ចាប់​​​ផ្តើម​​​​​​​​​​​​​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​២៥​​​ ខែ​​​ធ្នូ​​​​​​ ហើយ​​​បាន​​​ឈាន​​​ដល់​​​ការ​​​បញ្ចប់​​​ដោយមាន​​​ការ​​​បង្ហូរ​​​ឈាម​​​គ្នា​​​នៅ​​​លើ​​​ផ្លូវ​​​វេង​​​ស្រេង កាល​​​ពី​​​ថ្ងៃ​​​ទី​​​៣ ខែ​​​មករា នៅ​​​ពេល​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​បាន​​​បាញ់​​​ប្រហារ​​​លើ​​​ក្រុម​​​បាតុករ​​​ ក្រុម​​​អ្នក​​​តវ៉ា ប្រដាប់​​​​​​ដោយ​​​ដំ​​​ុថ្ម​​​ ដោយ​​បណ្តាល​​​ឲ្យ​​​​​​មនុស្ស​​​ចំនួន​​​ប្រាំ​​​នាក់​​​​​​បាត់​​​បង់​​​ជីវិត និង​​​រាប់​​​សិប​​​នាក់​​​ទៀត​​​រង​​​របួស​​​។

នៅ​​​​​​ពេល​​​ចេញ​​​ពី​​​តុលាការ​​​វិញ​​​ បន្ទាប់​​​ពី​​​ត្រូវ​​​បាន​​​សាក​​​សួរ​​​អស់​​​រយៈ​​​ពេល​​​បួន​​​ម៉ោង​​​កាល​​​ពី​​​ម្សិលមិញ លោក អាត់ ធន់ បាន​​​ប្រាប់​​​អ្នក​​​យក​​​ព័ត៌​​​​​​មាន​​​ថា លោក​​​​​​នឹង​​​មិន​​​គោរព​​​តាម​​​ការ​​​រឹត​​​បន្តឹង​​​ ដែល​​​ត្រូវ​​​បាន​​​ដាក់​​​មក​​​លើ​​​រូប​​​លោក ដែល​​​រួម​​​​​​មាន​​​ការ​​​​​​ហាម​​​​​​មិន​​ទៅ​​​សួន​​​ឧស្សាហកម្ម​​​កាណាឌីយ៉ា ឬ​​​ក៏​​​មិន​​​អនុញ្ញាត​​​ឲ្យ​​​ធ្វើ​​​ការ​​​ជួប​​​ជុំ​​​នៅ​​​ខាង​​​មុខ​​​សាលា​​​ដំបូង​​​រាជ​​​ធានី​​​ភ្នំពេញ​​​នោះ​​​ឡើយ​​​ ប្រសិន​​​បើ​​​​​​​​​គេ​​​​​​ជ្រៀត​​​ជ្រែក​​​ចូល​​​ក្នុង​​​សកម្ម​​​ភាព​​​របស់​​​សហជីព​​​របស់​​​លោក​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ប្រសិន​​​បើ​​ខ្ញុំ​​​​​​មិន​​​ដឹក​​​នាំ​​​កម្មករ​​​ ឬ​​​ក៏​​​ជួប​​​ជា​​​មួយ​​​ពួក​​​គាត់​​​ទេ​​​នោះ​​​ អ៊ីចឹង​​​ តើ​​​ខ្ញុំ​​​អាច​​​ធ្វើ​​​អ្វី​​​បាន​​​ទៅ​​​? ក្នុង​​​នាម​​​ជា​​​ប្រធាន​​​សហជីព​​​ នេះ​​​គឺ​​​ជា​​​​​​ការ​​​ដាក់​​​ទោស​​​ទណ្ឌ​​​​​​ដ៏​​​ធ្ងន់​​​ធ្ងរ​​​មក​​​លើ​​​រូប​​​ខ្ញុំ​​​”។

លោក អាត់ ធន់ បាន​​​បន្ថែម​​​ថា លោក​​​មិន​​​មាន​​​វត្ត​​​មាន​​​នៅ​​​លើ​​​ផ្លូវ​​​វេង​​​ស្រេង​​​ទេ​​​កាល​​​ពី​​​ខែ​​​មករា​​​នៅ​​​ពេល​​​ការ​​​ប៉ះ​​​ទង្គិច​​​គ្នា​​​បាន​​​ផ្ទុះ​​​ឡើង​​​រវាង​​​ក្រុម​​​អ្នក​​​តវ៉ា​​​​​ និង​​​ក្រុម​​​នគរបាល​​​ដែល​​​ភាគ​​​ច្រើន​​​ជា​​​យុវជន​​​​​​។ ហើយ​​​លោក​​​បាន​​​បដិសេធ​​​ថា លោក​​ និង​​​មេដឹកនាំ​​​សហជីព​​​ប្រាំ​​​នាក់​​​ផ្សេង​​​ទៀត​​​ដែល​​​បាន​​​ប្រឈម​​​នឹង​​​ការ​​​ចោទ​​​ប្រកាន់​​​ដែរ​​​នោះ​​​មិន​​​បាន​​​ញុះ​​​ញង់​​​ឲ្យ​​​​​​មាន​​​ការ​​​ប្រើ​​​អំពើ​​​ហិង្សា​​​នោះ​​​ទេ​​​។

អង្គការ​​​សិទ្ធិ​​​មនុស្ស​​​លីកា​​​ដូ និង​​​មជ្ឈមណ្ឌល​​​អប់​​​រំ​​​​​​ច្បាប់​​​​​​សម្រាប់​​​សហគមន៍​​​កាល​​​ពី​​​ម្សិលមិញ បាន​​​ចេញ​​​សេចក្តី​​​​​​ថ្លែង​​​ការណ៍​​​​​​រួម​​​មួយ​​​ដោយ​​​អំពាវ​​​នាវ​​​ឲ្យ​​​មាន​​​​​​ការ​​​ត្រួត​​​ពិនិត្យ​​​ឡើង​​​វិញ លើ​​​សេចក្តី​​​ព្រាង​​​ច្បាប់​​​​​​របស់​​​រដ្ឋាភិបាល​​​ស្តីពី​​​សហជីព​​​​​​​​​​​​​​​ដែល​​​ពួក​​​គេ​​​បាន​​​លើក​​​ឡើង​​​ថា ជា​​​ការ​​​ដាក់​​​ការ​​​គំរាម​​​កំហែង​​​កាន់​​​តែ​​​ខ្លាំង​​​លើ​​​សមាគម​​​ការងារ​​​ ជាង​​​វិធាន​​​ការ​​​របស់​​​សាលា​​​រាជធានី​​​ភ្នំពេញ​​​​​​លើ​​​មេដឹកនាំ​​​សហជីព​​​។

លោក មឿន តុលា ប្រធាន​​​កម្មវិធី​​​ការងារ​​​នៅ​​​​​មជ្ឈមណ្ឌល​​​អប់រំ​​​ច្បាប់​​​សម្រាប់​​​សហគមន៍ បាន​​​លើក​​​ឡើង​​​ក្នុង​​​សេចក្តី​​​ថ្លែង​​​ការ​​​ណ៍​​​រួម​​​នោះ​​​ថា “សេចក្តី​​​ព្រាង​​​ច្បាប់​​​ដែល​​​គំរាម​​​ដាក់​​​កំហិត​​​​​​លើ​​​សិទ្ធិ​​​មូល​​​ដ្ឋាន​​​របស់​​​ពល​​​រដ្ឋ​​​ត្រូវ​​​តែ​​​ធ្វើ​​​វិសោធនកម្ម​​​តាម​​​រយៈ​​​ដំណើរ​​​ការ​​​ពិភាក្សា​​​ដ៏​​​ហ្មត់​​​ចត់ និង​​​មាន​​​តម្លា​​​ភាព​​​មួយ​​​ បើ​​​ពុំ​​​ដូច្នោះ​​​ទេ នឹង​​ប្រឈម​​​អស្ថិរភាព​​​សេដ្ឋ​​​កិច្ច និង​​​សង្គម​​​”។

ហើយ​​​នៅ​​​ពេល​​​ថ្លែង​​​នៅ​​​ខាង​​​ក្រៅ​​​ក្រសួង​​​ការ​​​ងារ​​​កាល​​​ពីម្សិលមិញ លោក សម រង្ស៊ី មេ​​​ដឹក​​​នាំ​​​គណបក្ស​​​ប្រឆាំង​​​ដែល​​​ទើប​​​តែ​​​ត្រឡប់​​​មក​​​ប្រទេស​​​បារាំង​​​មក​​​វិញ​​​បាន​​​លើក​​​ឡើ​​​ង​​​ថា​​​គណបក្ស​​​របស់​​​លោក​​​គាំទ្រ​​​​​​កម្មករ​​​រោង​​​ចក្រ​​​កាត់​​​ដេរ​​​ នៅ​​​ក្នុង​​​ការ​​​​​​ទាម​​​ទារ​​​ដំឡើង​​​ប្រាក់​​​ខែ​​​របស់​​​ខ្លួន​​​។

លោក សម រង្ស៊ី បាន​​​មាន​​​ប្រសាសន៍​​​ថា “គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​តែង​​​តែ​​​គាំទ្រ​​​កម្មករ​​​ជា​​​និច្ច”៕ស៊ុយ​​​ឈាង​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស