37 C
Phnom Penh

បទ​បញ្ជា​ផ្ទៃ​ក្នុង​ថ្មី​របស់​រដ្ឋសភា​រារាំង​ផែន​ការ​របស់​គណបក្ស​ប្រឆាំង​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​លោក ហេង សំរិន ប្រធាន​រដ្ឋសភា​​បាន​​ផ្ដល់​​អំណាច​​​ឲ្យ​ខ្លួន​ឯង​មាន​សិទ្ធិ​បដិសេធ​នរណា​ក៏ដោយ​​ដែល​មិនមែន​ជា​មន្ត្រី​រដ្ឋាភិបាល ​មិន​ឲ្យ​​​ចូល​ក្នុង​បរិវេណ​​រដ្ឋសភា រួម​ទាំង​​ការិយា​ល័យ​របស់​តំណាង​រាស្ត្រ​គ្រប់រូប​ផង​ដែរ ​​ហើយ​បាន​រារាំង​ពលរដ្ឋឯកជន​ទាំង​អស់​មិន​ឲ្យ​ផ្ដល់​សក្ខីកម្ម​នៅ​ចំពោះ​មុខ ឬអង្គុយ​ស្ដាប់​កិច្ច​ប្រជុំ​របស់​គណៈកម្មការ​​នៃ​រដ្ឋសភា​ឡើយ​។

ចំណាត់​ការ​របស់​​មន្ត្រី​ដ៏​ស្មោះ​ត្រង់​របស់​គណបក្ស​ប្រជា​ជន​កម្ពុជា​រូប​នេះ ធ្វើឡើង​​ស្រប​​ពេល​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​​​មាន​ឥទ្ធិពល​​ខ្លាំង​មិន​ធ្លាប់​មាន​ពីមុន​នៅ​ក្នុង​រដ្ឋសភា​ និង​ដែល​​បាន​ប្ដេជ្ញា​ប្រើ​ប្រាស់​អំណាច​​ទើប​ទទួល​បាន​ថ្មី​របស់​ខ្លួន​​ រួមទាំង​ការ​គ្រប់​គ្រង​គណៈកម្មការ​ចំនួន​ប្រាំ​របស់​រដ្ឋសភា​ផង ដើម្បី​បន្ត​អនុវត្ត​របៀបវារៈ​កំណែទម្រង់​របស់​ខ្លួន​។

នៅ​ក្នុង​សារាចរ​​មួយ​របស់​រដ្ឋាភិបាល​​ចុះ​ថ្ងៃ​ទី​១២ ខែ​កញ្ញា លោក ហេង សំរិន បាន​លើក​ឡើង​ថា ពេល​នេះ រាល់​ការ​ចូល​ទៅ​ក្នុង​​​បរិវេណ​រដ្ឋសភា​ត្រូវ​ឆ្លង​កាត់​លោក​ជាមុន​សិន។

លោកបាន​លើក​ឡើង​នៅ​ក្នុង​សារាចរ​នោះ​ថា ” រាល់​ការ​អញ្ជើញ​​​សាធារណ​ជន សង្គម​ស៊ីវិល ឬអ្នក​ជំនាញ​ផ្សេងៗទៀត​ដែល​មិន​មែន​ជា​អ្នក​ជំនាញ​របស់​រដ្ឋសភា រួម​ទាំង​ភ្ញៀវ​អញ្ជើញ​ដោយ​​តំណាង​រាស្ត្រ​ និង​គណៈកម្មការ​​​ផង​ដើម្បី​ឲ្យ​ចូល​មក​ក្នុង​រដ្ឋសភា​ ត្រូវ​សុំការ​អនុញ្ញាត និង​ទទួល​ការ​អនុម័ត​ពី​ប្រធាន​រដ្ឋសភា​ជាមុន​សិន”។

លោក​បាន​មាន​ប្រសាសន៍​ទៀត​​ថា គណៈកម្មការ​ទាំង​១០​នៃ​រដ្ឋសភា​មិន​អាច​អញ្ជើញ​ពលរដ្ឋឯកជន​ឲ្យ​មក​ឆ្លើយ​សំណួរ​នៅ​ក្នុង​កិច្ច​ប្រជុំ​ផ្ទៃក្នុង​​​​​បាន​ទៀត​​ឡើយ ទោះបី​ជា​ស្ថិត​ក្រោម​កាលៈទេសៈ​ណាក៏ដោយ ឬ​សូម្បី​អនុញ្ញាត​ឲ្យ​ពួកគេ​អង្គុយ​ស្ដាប់​ដំណើរ​ការ​កិច្ច​ប្រជុំ​ក៏​មិន​​បាន​ដែរ​។

លោក​មាន​ប្រសាសន៍​បន្ត​ថា នៅ​ពេល​កិច្ច​ប្រជុំ​ពិភាក្សា​អំពី​សេចក្ដី​ព្រាង​ច្បាប់ គណៈ​កម្មការ​អាច​ស្នើ​សុំ​យោបល់​ពីសាធារណជន ឬសង្គម​ស៊ីវិល​ពី​ចម្ងាយ​បាន ប៉ុន្តែ​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​រួម​កិច្ច​ប្រជុំ​របស់​គណៈកម្មការ​ទេ”។

លោក​បាន​បន្ថែម​ថា ហើយ​នៅ​ពេល​សាក​សួរ​រដ្ឋមន្ត្រី​ ឬមន្ត្រី​រដ្ឋាភិបាល​ផ្សេង​ទៀត​​​

” គណៈកម្មការ​មិន​ត្រូវ​​អញ្ជើញ​សង្គម​ស៊ីវិល ឬ​អ្នក​កាសែត​មក​ឃ្លាំ​មើល​ [កិច្ច​ប្រជុំ​របស់​ពួកគេ​] ឡើយ​ ពីព្រោះ​មាន​តែ​រដ្ឋមន្ត្រី និង​តំណាង​រដ្ឋាភិបាល​ប៉ុណ្ណោះ​ដែល​មាន​សិទ្ធិ​ធ្វើ​ការ​​បញ្ជាក់​នៅ​ចំពោះ​មុខ​គណៈកម្មការ​”។

សារាចររបស់​លោក ហេង សំរិន ក៏​បានលើក​ឡើងដែរ​ថា គណៈកម្មការ​មិន​អាច​​ជួប​​ជាមួយ​បាតុករច្រើន​នាក់​ ដែល​មក​ដាក់​ញត្តិ​នៅ​រដ្ឋសភា​ដើម្បី​សុំ​ជំនួយ​បាន​ឡើយ​។ លោក​មាន​ប្រសាសន៍​ថា ” តំណាង​រាស្ត្រ​អាច​ទៅ​ទទួល​ញត្តិ​បាន​ ហើយ​អាច​អនុញ្ញាត​ឲ្យ​មនុស្សចូល​បាន​​​​ច្រើន​បំផុត​ប្រាំ​នាក់​មក​ពីក្រុមមួយដើម្បី​​ដាក់​ញត្តិជូន​​គណៈកម្មការ ​បន្ទាប់​មក​ពួកគេ​ត្រូវ​តែ​ចាកចេញ​។ អំឡុង​ពេល​នោះ មិន​ត្រូវ​មាន​ការ​ជួប​​​ប្រជុំ​ជាមួយ​គណៈកម្មការ​សម្រាប់​ដោះ​ស្រាយ​ករណី​នោះ​ឡើយ​”។

បទ​បញ្ជា​ផ្ទៃ​ក្នុង​ថ្មីទាំង​នេះកើត​មាន​មិន​ដល់ពីរ​ខែ​ផង​ទេ បន្ទាប់ពី​គណបក្ស​ប្រជា​ជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចុះ​កិច្ច​ព្រមព្រៀង​មួយ​ជា​​មួយ​គ្នា​​ដើម្បី​ឲ្យ​គណបក្ស​ប្រឆាំង​ព្រម​បញ្ចប់​ការ​ធ្វើ​ពហិការ​មិន​ចូល​សភា​របស់​ខ្លួនជុំ​វិញ​ការ​បោះ​ឆ្នោត​ជាតិ​ដ៏ចម្រូងចម្រាស​កាលពី​ឆ្នាំ​មុន​ ជា​ថ្នូរ​នឹង​ការ​សន្យា​ធ្វើ​កំណែទម្រង់​​ប្រព័ន្ធ​បោះ​ឆ្នោត ​ការ​ផ្ដល់​តំណែង​​ប្រធាន​គណៈ​កម្មការ​​ចំនួន​ប្រាំ​ក្នុង​ចំណោម​គណៈកម្មការ​ទាំង​១០​របស់​រដ្ឋសភា និង​តំណែង​​អនុប្រធានទី១​នៃ​រដ្ឋសភា​។

ចាប់​តាំងពី​ទទួល​យក​អាសនៈ​របស់​ខ្លួន​កាលពី​ខែ​មុន​មក គណបក្ស​ប្រឆាំង​​​បាន​បង្ហាញ​ពី​ឆន្ទៈ​​របស់​ខ្លួន​ចង់​​ធ្វើ​ឲ្យ​រដ្ឋាភិបាល​​ដែល​ចូល​ចិត្ត​លាក់​កំបាំង​មួយ​នេះ​​មាន​​តម្លាភាព​ជាង​មុន​ ហើយ​កោះ​​ហៅ​មន្ត្រី​រដ្ឋាភិបាលមក​សាក​សួរ​​​​ជា​សាធារណៈ​ជុំវិញ​ភាព​មិន​ប្រក្រតី​នានា​។ គណបក្ស​សង្គ្រោះ​ជាតិ​​ក៏​បាន​ពី​​បង្ហាញ​បំណង​​ចង់​ធ្វើ​ឲ្យ​សង្គម​ស៊ីវិល​ និង​សាធារណជន​មាន​សំឡេង​កាន​់​តែ​ខ្លាំង​នៅ​ក្នុង​កិច្ច​ការ​របស់​រដ្ឋាភិបាល​ផង​ដែរ។

គណៈកម្មការ​ប្រឆាំង​អំពើពុក​រលួយ​នៃ​រដ្ឋសភា​​ ដែល​ត្រូវ​បាន​បង្កើត​ឡើង​ថ្មី​តាម​ការ​ស្នើ​សុំ​របស់​គណបក្ស​ប្រឆាំង និង​ដែល​ដឹក​នាំ​ដោយ​លោក ហូរ វ៉ាន់ តំណាង​រាស្ត្រ​មក​ពី​គណ​បក្ស​សង្គ្រោះ​ជាតិ​ ​មាន​គម្រោង​ជួប​ជាមួយ​លោក ព្រាប កុល នាយក​ប្រតិបត្តិ ​អង្គការ​តម្លាភាព​កម្ពុជា​នៅ​ថ្ងៃ​នេះ​។

លោកស្រី កែ សុវណ្ណរតន៍ ​​តំណាង​រាស្ត្រ​មកពី​គណបក្សសង្គ្រោះ​ជាតិ​ ដែល​ជា​​ប្រធាន​គណៈកម្មការ​​សង្គមកិច្ច និង​​ការងារ​នៃ​រដ្ឋសភា​ បាន​​មាន​ប្រ​សាសន៍​​កាលពី​ម្សិលមិញ​ថា គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​តែ​ព្យាយាម​​រារាំង​របៀបវារៈ​កំណែ​ទម្រង់​របស់​គណបក្ស​ប្រឆាំង​។

លោកស្រី​មាន​ប្រសាសន៍ទៀត​ថា ” ជាក់​ស្ដែង​ណាស់​ សារាចរ​នេះ​ដាក់ការ​រឹត​បន្តឹង​​បន្ថែម​ទៀត​មក​លើ​ការ​ងារ​របស់​យើង។ ក្នុង​នាម​ជា​តំណាង​រាស្ត្រ​ យើង​ចាំបាច់​ត្រូវ​បង្កើត​ច្បាប់​ល្អៗ​ដើម្បី​ប្រយោជន៍ជាតិ​ ដូច្នេះ​វា​ជា​រឿង​សំខាន់​​​ក្នុង​ការ​ឲ្យ​សង្គម​ស៊ីវិល និង​អ្នក​ជំនាញ​​ពាក់​ព័ន្ធ​ផ្សេងៗ​ទៀត​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​ ហើយ​បញ្ចេញ​មតិ​យោបល់​របស់​ខ្លួន​។ យើង​ពិបាក​ធ្វើ​ការ​ងារ​របស់​យើង​ខ្លាំង​ណាស់ ​នៅពេល​ពួកគេ​ដាក់​​កំហិត​លើ​ការ​ងារ​របស់​យើង​បែប​​បេះ​ ពីព្រោះ​យើង​មិន​អាច​ទទួល​បាន​គំនិតច្រើន​ឡើយ​”។

លោកស្រីបាន​មាន​ប្រសាសន៍​ទៀតថា រដ្ឋសភា​មាន​បទ​បញ្ជា​ផ្ទៃ​ក្នុង​គ្រប់​គ្រាន់​រួច​ទៅ​ហើយ​​ដើម្បី​​ធានា​ថា សាធារណជន​​​មិន​ប្រើ​ប្រាស់​ឥទ្ធិពល​លើស​លប់​លើ​ដំណើរ​ការ​នីតិវិធី​។ លោក​ស្រី​​បាន​បន្ត​​ថា គណបក្ស​សង្គ្រោះ​ជាតិ​នឹង​លើក​​យក​​បញ្ហា​សារាចរ​របស់​លោក ហេង សំរិន​ ​ធ្វើ​ជាចំណុច​ពិភាក្សា​ នៅពេល​​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​​រដ្ឋសភា​ ជួប​ប្រជុំ​លើក​ក្រោយ។

លោក ព្រាប កុល បាន​មាន​ប្រសាសន៍​ថា លោក​មាន​គម្រោង​​​បញ្ចេញ​​ទស្សន​ទូទៅ​ដ៏​ទូលំ​ទូលាយ​ស្ដីពី​ស្ថានភាព​​អំពើ​ពុករលួយ​របស់​រដ្ឋាភិបាល​ ហើយ​ពិភាក្សា​រិះរក​វិធី​ដោះ​ស្រាយ​បញ្ហា​អំពើ​ពុករលួយ​អំឡុង​ពេល​លោក​​ជួប​ជាមួយ​តំណាង​រាស្ត្រ​តាម​ការ​គ្រោង​ទុក។

ទើប​តែ​កាលពី​​សប្ដាហ៍​មុន​ប៉ុណ្ណោះ ដែល​អង្គការ​តម្លាភាព​អន្តរជាតិ​បាន​បញ្ចេញ​របាយ​ការណ៍​មួយ​កម្រាស់​២៣៣​ទំព័រ​ស្ដីពី​កម្ពុជា​ ដែល​បាន​ពណ៌នា​ពី​ប្រទេស​នេះ​ថា​​ពោរពេញ​ដោយ​អំពើ​ពុក​រលួយ និង​និទណ្ឌភាព។

បន្ទាប់ពី​​បាន​ឃើញ​បទ​បញ្ជា​ថ្មី​ទាំង​នេះ​កាលពី​ម្សិលមិញ លោក ព្រាប កុល បាន​មាន​ប្រសាសន៍​ថា ពេល​នេះ​លោក​មិន​ច្បាស់​​ទៀត​ទេ​ថា តើ​លោក​នឹង​ទទួល​បាន​ការ​អនុញ្ញាត​ឲ្យ​ចូល​ទៅ​ក្នុង​បរិវេណ​​រដ្ឋ​សភា ​ឬក៏អត់​នោះ។ លោក​មាន​ប្រសាសន៍​ទៀត​ថា ” ​រង់ចាំ​មើល​សិន​​​ថា តើ​នឹង​​មាន​អ្វី​កើត​ឡើង​។ ខ្ញុំ​សង្ឃឹម​ថា គេ​នឹង​អនុញ្ញាត​ឲ្យ​យើងចូល​”។

​នៅ​ក្នុង​សារាចរ​នេះ ​មាន​ការ​ពន្យល់​បកស្រាយ​តែ​មួយ​គត់​ចំពោះ​បទ​បញ្ជា​ផ្ទៃ​ក្នុង​ថ្មី​ទាំង​នេះ គឺ​” ដើម្បី​រក្សា​សណ្ដាប់​ធ្នាប់​សាធារណៈ​នៅ​ក្នុង​បរិវេណ​​រដ្ឋសភា​”។ ទោះ​ជាយ៉ាង​ណា ទាំង​លោក ហេង សំរិន និង​លោក ឈាង វុន អ្នក​នាំពាក្យ​រដ្ឋសភា​ មិន​អាច​ទាក់​ទង​សុំ​ការ​បំភ្លឺ​បាន​ទេ។

លោក អ៊ូ វីរៈ ប្រធាន​ក្រុម​ប្រឹក្សាភិបាល​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ដែល​បាន​បង្ហោះ​សារាចរ​នេះ​តាម​ប្រព័ន្ធ​អុីនធើណិត ​​បា​ន​មាន​ប្រសាសន៍​ថា គណបក្ស​ប្រជា​ជន​កម្ពុជា​បាន​យល់​ព្រមពិភាក្សា​អំពី​បទ​បញ្ជា​ផ្ទៃ​ក្នុង​របស់​រដ្ឋសភា​ជាមួយ​គណបក្ស​ប្រឆាំង​​ ជា​ផ្នែក​នៃ​កិច្ច​ព្រមព្រៀង​នយោបាយ​ដែល​ពួកគេ​បាន​ចរចា​គ្នា​។

លោក​បាន​មាន​ប្រសាសន៍​ថា ” សារាចរ​នេះ​ហាក់​ដូច​ជា​កំពុង​ព្យាយាម​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​​តួនាទី​របស់​គណបក្ស​ប្រឆាំង​នៅ​ក្នុង​រដ្ឋសភា”។ ប៉ុន្តែ​លោក​បាន​បន្ថែម​ថា បទ​បញ្ជា​ផ្ទៃ​ក្នុង​​ដែល​មាន​ស្រាប់​​ មានភាព​​មិន​ច្បាស់​លាស់ ជា​ហេតុ​ធ្វើ​​ឲ្យ​មាន​ឱកាស​សម្រាប់​ការ​បក​ស្រាយ។ លោក​បាន​មាន​ប្រសាសន៍​បន្ត​ថា “បញ្ហា​គឺ​នៅ​ត្រង់​បទបញ្ជា​ផ្ទៃ​ក្នុង​ហ្នឹង​ឯង​។ នៅ​ពេល​បទ​បញ្ជា​ផ្ទៃ​ក្នុង​មិន​ច្បាស់​លាស់ អ្នក​កាន់​អំណាច​នឹង​ធ្វើ​អ្វី​តាម​អំពើ​ចិត្ត​”៕ សុខុម​​​​​​​​​​​​​​​​​​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស