33 C
Phnom Penh

នគរបាល​ចាប់ខ្លួន​អ្នក​ជួញដូរ​ថ្នាំញៀន​៦នាក់​ក្នុងការ​ឆ្មក់ចូលដាច់ដោយឡែកពីគ្នា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​មន្ត្រី​បាននិយាយ​កាលពី​ម្សិល​មិញ​ថា កាលពី​ថ្ងៃ​អង្គារ​នគរ​បាល​បាន​ចាប់​ខ្លួន​មនុស្ស​ប្រាំមួយនាក់ និង​ដក​ហូត​​ម៉ាទឹក​កក​ជិត​១គីឡូក្រាម ព្រមទាំង​ថ្នាំ​មេតំហ្វេតាមីន​ប្រហែល​៤.០០០​គ្រាប់ អំឡុង​ការ​ឆ្មក់​ចូល​ដាច់​ដោយ​ឡែកពី​គ្នា​ក្នុង​ខេត្ត​ស្ទឹង​ត្រែង និង​ខេត្ត​បាត់​ដំបង។​​​​​​

លោក សៅ សារ៉ែម មេបញ្ជាការ​រង​កង​រាជ​អាវុធ​ហត្ថ​​ខេត្ត​បាន​មាន​ប្រសាសន៍​ថា ​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​ស្ទឹង​ត្រែង​បាន​ចាប់​ខ្លួន​ លី ស៊ីវឌ្ឍនា ​អាយុ​២៩​ឆ្នាំ​ ពីបទ​ជួញដូរ​ម៉ាទឹក​កក​ប្រហែល​៩២៧ក្រាម​ កាត់​ព្រំដែន​ឡាវ​ចូល​ក្នុង​ប្រទេស​កម្ពុជា បន្ទាប់ពី​​​ជិះ​រថយន្ត​ដេញ​តាម​ជន​សង្ស័យ​រូបនេះ​ក្នុង​ល្បឿនលឿន​ ហើយ​បាន​តាម​ទាន់​នៅ​ក្នុង​ខេត្ត​សៀមរាប។

លោក សារ៉ែម បាន​មាន​ប្រសាសន៍​ថា នគរ​បាល​បានតាមដានស៊ីវឌ្ឍនា រយៈ​ពេល​ពីរ​សប្ដាហ៍​កន្លង​មកហើយ ប៉ុន្តែ​មិន​មាន​ភ័ស្តុតាង​រឹង​មំា​ដាក់​បន្ទុក​លើ​ជននេះ​ទេ​ រហូត​ដល់​ជននេះ​បាន​ប្ដូរ​ស្លាក​លេខ​រថយន្ត​លុចស៊ីស RX 330 របស់ខ្លួន​ពី​ស្លាក​លេខ​ស៊ីវិល​ទៅ​ស្លាកលេខ​ខេមរភូមិន្ទ​​កាលពី​ថ្ងៃ​អង្គារ​ ដោយ​ត្រង់​ចំណុច​នេះ​ហើយ​ទើប​រថយន្ត​កង​រាជ​អាវុធ​ហត្ថ​បួន​គ្រឿង​បាន​ដេញ​តាម​ជននេះ​ចូល​ដល់​ខេត្ត​សៀមរាប។

លោក​បាន​មាន​ប្រសាសន៍​ថា ” យើង​បាន​ចាប់​ខ្លួន​ជននេះ និង​ដក​ហូត​បាន​ម៉ាទឹកកក​ទម្ងន់​៩២៧ក្រាម​លាក់​ទុក​ក្នុង​រថយន្ត​លុច​ស៊ីស​ RX 330​ ​ដែល​យើង​សង្ស័យ​ថា បុរស​រូប​នេះ​បាន​ជួញ​ដូរ​ពីប្រទេស​ឡាវ”។

លោក​បាន​បន្ថែម​ថា ” ជនសង្ស័យរូបនេះ​​ប្រហែល​ជា​មាន​មន្ត្រី​ដែល​មាន​ឋានៈខ្ពស់​នៅ​ពីក្រោយ​ខ្នង​ ដូច្នេះ​ហើយកង​រាជ​អាវុធ​ហត្ថ​របស់​យើង​កំពុង​តែ​បន្ត​ស៊ើប​អង្កេត”។

​លោក ពេជ្រ សារ៉ែន អធិការ​នគរ​បាល​ស្រុក​សំពៅលូន បាន​មាន​ប្រសាសន៍​ថា នៅ​ក្នុង​ការ​ឆ្មក់​ចូល​ដាច់​ដោយ​ឡែក​មួយ​ទៀត​ក្នុង​ខេត្ត​បាត់​ដំបង នគរ​បាល​បាន​ចាប់​ខ្លួន​ជន​សង្ស័យ​ប្រាំនាក់ រួម​មាន​ស្ត្រី​ពីរ​នាក់​នៅជិត​ព្រំដែន​កម្ពុជា​-ថៃ ពីបទ​ឃុបឃិតក្នុងការ​​ជួញដូរ​ថ្នាំ​មេតំហ្វេតាមីន​ជិត​៤.០០០​គ្រាប់​។

លោក​បាន​មាន​ប្រសាសន៍​ថា អុ៊ក ថៃ អាយុ​៣០​ឆ្នាំ និងប្អូន​ថ្លៃ​របស់​ខ្លួន​​ ញឹក ញៀន ដែល​មាន​អាយុ​៣០ឆ្នាំ​ដែរ​នោះត្រូវ​បាន​ចាប់​ខ្លួន​ជាមួយ​ ឈិត បូរិន អាយុ​២៨​ឆ្នាំ និង​ស្ត្រី​អ្នក​សម​គំនិត​ពីរ​នាក់​ដែល​បាន​​ព្យាយាមរត់ពន្ធ​ថ្នាំ​គ្រាប់​ទាំង​នេះ ដោយ​ប្រើ​រថយន្ត​របស់​ឈ្មោះ​ ថៃ និង​ឈ្មោះ ញៀន។ លោក​បាន​បន្ថែម​ថា ជនទាំង​ប្រាំនាក់នេះបាន​សារភាព​ចំពោះ​បទ​ល្មើស​នោះ​។

លោក​បានមាន​ប្រសាសន៍​ថា ” ពួកគេ​បាន​ប្រើ​ប្រាស់​រថយន្ត​តូយ៉ូតា​កាមរី​ដើម្បី​ជួញដូរ​ថ្នាំ​ញៀន​ទាំង​នេះ​ ដែល​បាន​លាក់​នៅក្នុង​កង​់រថយន្ត​ដែលទុកសម្រាប់​ផ្លាស់ប្តូរ៕ សារុន​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស