26 C
Phnom Penh

ក្រុមហ៊ុន​អាកាសចរណ៍​ Apsara International Air នឹង​ចាប់​ផ្ដើម​ការ​ហោះ​ហើរ​នៅ​ខែ​នេះ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​មួយ​រូប​នៅ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល (SSCA) ​បាន​បញ្ជាក់​កាលពី​ម្សិល​មិញ​ថា ក្រុម​ហ៊ុន​ អប្សរា អុីនធើណេសិនណល អ៊ែរ (Apsara International Air) ដែល​ជា​​ក្រុម​ហ៊ុន​អាកាសចរណ៍​ថ្មី​វិនិយោគ​រួម​គ្នា​រវាង​ចិន និង​កម្ពុជា​ នឹង​ចាប់​ផ្ដើម​ជើង​ហោះ​ហើរ​រវាង​រាជ​ធានី​ភ្នំពេញ និង​ក្រុង​សៀមរាប​នៅ​ចុង​ខែ​នេះ​ ហើយ​ផ្លូវ​ហោះ​ហើរ​​អន្តរជាតិ​រវាង​ចិន និង​កម្ពុជា​នឹង​ចាប់​ផ្ដើម​ដំណើរ​ការ​នៅ​ដំណាច់​ឆ្នាំ​នេះ។

លោក កែវ ស៊ីវ៉ន អគ្គលេខាធិការ​ SSCA បាន​មាន​ប្រសាសន៍​ថា ស្ថាប័ន​​រដ្ឋមួយ​នេះ​បាន​ចេញ​​វិញ្ញាបនបត្រ​​​​ដល់​ក្រុម​ហ៊ុន អប្សរា អុីនធើណេសិន​ណល អ៊ែរ ដើម្បី​ត្រួស​ត្រាយ​ផ្លូវ​សម្រាប់​ផ្លូវ​ហោះ​ហើរថ្មី​​ទាំង​នេះ​។

លោក​មាន​ប្រសាសន៍​ថា ” វា​នឹង​ធ្វើ​ការ​ហោះ​ហើរ​ដំបូង​ពី​ភ្នំពេញទៅ​សៀមរាប បន្ទាប់​ពី​នោះ​​នឹង​ហោះហើរ​​ពី​កម្ពុជា​ទៅ​ចិន​”។ លោក​បាន​លើក​ឡើង​បន្ថែម​ទៀត​ថា លោក​មិន​ដឹង​ពី​កាល​បរិច្ឆេទ​​នៃ​ការ​ហោះ​ហើរ​ដំបូង​​របស់​ក្រុម​ហ៊ុន​អាកាសចរណ៍​នេះ​ទេ​។

កាលពី​ថ្ងៃ​ច័ន្ទ ទីភ្នាក់​ងារ​សារព័ត៌មាន​ស៊ីនហួ​របស់​ចិន បាន​ចុះ​ផ្សាយ​ថា ក្រុម​ហ៊ុន​ អប្សរា អុីនធើណេសិនណល អ៊ែរ​ នឹង​ចាប់​ផ្ដើម​ការ​ហោះ​ហើរ​រវាង​រាជ​ធានី​ភ្នំពេញ និង​ក្រុង​សៀម​រាប​នៅ​ដំណាច់​ខែ​កញ្ញា ហើយ​ការ​ហោះ​ហើរ​រវាង​ចិន​និង​កម្ពុជា​​នឹង​ចាប់​ផ្ដើម​នៅ​ដំណាច់​ខែ​ធ្នូ ដោយ​ប្រើ​​ប្រាស់​យន្ត​ហោះ​ធុន​ Airbus A320។ ទីភ្នាក់ងារ​សារព័ត៌មាន​នេះ​បាន​លើក​ឡើង​ថា ជា​ចុង​ក្រោយ​ក្រុម​ហ៊ុន​​អាកាសចរណ៍​មួយ​នេះ​នឹង​ធ្វើការ​ហោះ​ហើរ​ពី​កម្ពុជា​ទៅ​ជប៉ុន កូរ៉េខាង​ត្បូង និង​រុស្ស៊ី។

យោង​តាម​មជ្ឈមណ្ឌល​​សម្រាប់​អាកាសចរណ៍​អាស៊ីបា៉ស៊ីហ្វិក (CAPA) បាន​ឲ្យ​ដឹង​ថា ក្រុម​ហ៊ុន​ អប្សរា អុីនធើណេសិនណល អ៊ែរ ” គឺ​ជា​​ការ​វិនិយោគ​រួម​គ្នា​រវាង​វិនិយោគិន​ចិន និង​កម្ពុជា​”។ ខណៈ​ដែល​ CAPA មិន​និយាយ​ថា អ្នក​ណា​ជា​ម្ចាស់​ក្រុម​ហ៊ុន​អាកាសចរណ៍​មួយ​នេះ​នោះ គេហទំព័រ​របស់​ក្រសួង​ពាណិជ្ជកម្ម​​បាន​ចុះ​ឈ្មោះ​ប្រធាន​ក្រុម​ហ៊ុន​នេះ​​ ដែល​មាន​ឈ្មោះ​ថា សួយ ភីនយ៉ាង ​(Tsui Pin Yang) ជាជនជាតិ​ចិន។

អប្សរា អុីនធើណេសិនណល អ៊ែរ គឺ​ជា​ក្រុម​ហ៊ុន​មួយ​ក្នុង​ចំណោម​ក្រុម​ហ៊ុន​អាកាស​ចរណ៍​ចំនួនពីរ​របស់​ចិន​ ដែល​ត្រូវ​ធ្វើ​ការ​ហោះ​ហើរ​នៅ​ឆ្នាំ​នេះ​។ កាលពី​ខែ​សីហា ក្រុម​ហ៊ុន​​ ខេមបូឌា បាយ័ន អ៊ែរឡាញ (Cambodia Bayon Airlines) ដែល​ជា​កម្មសិទ្ធិ​របស់​​ក្រុម​ហ៊ុន Aviation Industry Corporation of Chinaរបស់​រដ្ឋាភិបាល​ចិន​បាន​ប្រកាស​ជា​ផ្លូវ​ការ​ថា ខ្លួន​នឹង​​ចាប់​ផ្ដើម​ប្រតិបត្តិការ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​ដំណាច់​ឆ្នាំ​នេះ​ ហើយទីបំផុត​នឹង​ហោះ​ហើរ​ទៅ​កាន់​ទីក្រុង​ធំៗ​នៅ​ក្នុង​ប្រទេស​​វៀតណាម ឡាវ ថៃ និង​ចិន​។

ប៉ុន្តែ​យោង​តាម​របាយការណ៍​របស់ CAPA ដែល​បានចេញ​ផ្សាយ​កាលពី​ថ្ងៃ​ច័ន្ទ​បាន​ឲ្យ​ដឹង​ថា ​​ក្នុង​ចំណោម​ក្រុម​ហ៊ុន​​អាកាសចរណ៍​ដែល​មាន​ស្រាប់​នៅ​កម្ពុជា​គ្មាន​ក្រុម​ហ៊ុន​ណាមួយ ចំណេញ​ឡើយ​។

របាយការណ៍​នេះ​បាន​លើកឡើង​ទៀត​ថា ” ក្នុង​ចំណោម​ក្រុម​ហ៊ុន​អាកាសចរណ៍​ធំៗ នៅ​ក្នុង​ទីផ្សារ​តូច​ចំនួន​បួន​ ដូច​ជា​ភូមា កម្ពុជា ព្រុយណេ និង​ឡាវ គ្មាន​ក្រុម​ហ៊ុន​អាកាសចរណ៍​ណា​មួយ​ដែល​គេ​គិត​ថា ​ប្រាក់​ចំណេញ​ឡើយ​។ ក្រុមហ៊ុន​អាកាសចរណ៍​មក​ពី​ទីផ្សារ​ទាំង​នេះបាន​​ប្រឈម​នឹង​ស្ថានភាព​លំបាក​​នៅ​ពេល​ខ្លះ ដោយ​សារ​តែ​ពួកគេ​ខ្វះ​សមត្ថភាព​ប្រកួត​ប្រជែង​ជាមួយ​ក្រុម​ហ៊ុន​ធំៗ​នៅ​អាស៊ីអាគ្នេយ៍​នៅ​ក្នុង​ទីផ្សារ​អន្តរជាតិ​តូច​ៗ​របស់​ពួកគេ​”៕ សុខុម​​​​​​​​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស