មន្ត្រីនគរបាលអន្តោប្រវេសន៍មួយរូបបានឲ្យដឹងថា កាលពីម្សិលមិញ ភ្នាក់ងារមកពីការិយាល័យស៊ើបអង្កេតសហព័ន្ធអាមេរិក (FBI) បាននាំខ្លួនបុរសជនជាតិអាមេរិកអាយុ២៥ឆ្នាំម្នាក់ពីរាជធានីភ្នំពេញទៅកាន់សហរដ្ឋអាមេរិកវិញ បន្ទាប់ពីបុរសរូបនេះត្រូវបានចាប់ខ្លួនក្នុងខេត្តព្រះសីហនុកាលពីថ្ងៃសៅរ៍ ពីបទរំលោភក្មេងស្រីម្នាក់ជាច្រើនលើកច្រើនសានៅរដ្ឋវ៉ាស៊ីនតោន។
ដោយធ្វើតាមសំណើរបស់ស្ថានទូតអាមេរិក កាលពីថ្ងៃសៅរ៍ នគរបាលបានចាប់ខ្លួនលោក Ian Andrew Heller នៅលើកោះរ៉ុង ក្នុងសមុទ្រក្រុងព្រះសីហនុ ជាទីដែលលោកធ្លាប់បានស្នាក់នៅអស់រយៈពេលពីរខែបន្ទាប់ពីរត់គេចខ្លួនចេញពីតំបន់ Clark County ក្នុងរដ្ឋវ៉ាស៊ីនតោន។
យោងតាមឯកសារតុលាការបានឲ្យដឹងថា លោក Heller ប្រឈមការចោទប្រកាន់ពីបទរំលោភក្មេងស្រីចំនួនបួនលើក។
លោក អ៊ុក ហៃសិលា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៅក្រសួងមហាផ្ទៃ បានឲ្យដឹងថា កាលពីម្សិលមិញមន្ត្រី FBI ចំនួនពីរនាក់បានមកនាំជនជាតិអាមេរិករូបនេះត្រឡប់ទៅសហរដ្ឋអាមេរិកវិញ។
លោក ហៃសិលា បានមានប្រសាសន៍ថា ” នៅពេលយើងនាំគាត់ទៅអាកាសយានដ្ឋាន មានមន្ត្រី FBI ចំនួនពីរនាក់កំពុងរង់ចាំគាត់ ហើយយើងបានប្រគល់គាត់ទៅឲ្យពួកគេដើម្បីនាំគាត់ដោយផ្ទាល់ទៅសហរដ្ឋអាមេរិកវិញ”។
លោក ហៃសិលា បានមានប្រសាសន៍បន្តថា ” ទោះបីជាកម្ពុជា និងសហរដ្ឋអាមេរិកមិនបានចុះហត្ថលេខាលើសន្ធិសញ្ញាបត្យាប័នក៏ដោយ ប៉ុន្តែប្រទេសទាំងពីរមានកិច្ចព្រមព្រៀងផ្លូវការមួយសម្រាប់ធ្វើបត្យាប័ន៕ ស៊ុយឈាង