ស្រុកពេជ្រាដា, ខេត្តមណ្ឌលគិរី-សហគមន៍ជនជាតិដើមភាគតិចព្នងបានផ្អាកការតវ៉ារបស់ខ្លួនប្រឆាំងការបំផ្លាញដីដូនតារបស់ពួកគាត់កាលពីម្សិលមិញ បន្ទាប់ពីមានការធានាពីអាជ្ញាធរខេត្តថា បញ្ហានេះនឹងត្រូវដោះស្រាយបន្ទាប់ពីបុណ្យភ្ជុំបិណ្ឌរួច។
អ្នកភូមិមកពីភូមិចំនួនប្រាំពីរក្នុងឃុំប៊ូស្រា មានគម្រោងធ្វើការតវ៉ា១៥ថ្ងៃជាប់ៗគ្នានៅមុខសាលាស្រុកពេជ្រាដា ទាមទារឲ្យអាជ្ញាធរឆ្លើយតបចំពោះការទាមទារ១២ចំណុចទាក់ទងនឹងការបាត់បង់ដី ដែលពួកគាត់បានរស់នៅ និងធ្វើស្រែចម្ការរាប់ជំនាន់មកហើយ។
ក្នុងចំណោមទុក្ខលំបាករបស់ពួកគាត់ គឺការតាំងទីលំនៅថ្មីអ្នកភូមិជនជាតិចាម៦៩គ្រួសារ ដែលចាប់តាំងពីឆ្នាំ២០០៨បានរស់នៅលើដីសង្គមកិច្ចទំហំជាង២.៤០០ហិកតានៅក្នុងតំបន់នេះ និងអ្នកដែលបានកាប់ឆ្ការដីព្រៃរបស់អ្នកភូមិជនជាតិដើមភាគតិចព្នង និងបំផ្លាញវាលកប់សពបុរាណរបស់ពួកគាត់។
សហគមន៍នេះមានការខឹងសម្បាផងដែរអំពីការផ្តល់សម្បទានដីដល់ក្រុមហ៊ុនចម្ការកៅស៊ូមួយចំនួន ដែលបានរំលោភយកដីរបស់ពួកគាត់ ដែលក្នុងនោះបានជួលទាហានម្នាក់ដែលកាលពីដើមខែនេះបានបាញ់កាំភ្លើងអាកា៤៧ របស់ខ្លួនបាញ់ភ្ជុចដីធ្វើឲ្យបុរសជនជាតិដើមភាគតិចព្នងម្នាក់ដែលដើរដាក់អន្ទាក់សត្វម្នាក់ឲ្យរងរបួស។
លោក ស្រឿញ តឹក ជាឪពុករបស់បុរសរងរបួសបាននិយាយថា លោកនិងអ្នកតវ៉ាផ្សេងទៀតបានសម្រេចផ្អាកការតវ៉ារបស់ខ្លួន ដែលបានចាប់ផ្ដើមកាលពីថ្ងៃច័ន្ទ បន្ទាប់ពីមន្ត្រីខេត្តបានប្ដេជ្ញាដោះស្រាយបញ្ហាឲ្យបានឆាប់នៅពេលចប់បុណ្យភ្ជុំបិណ្ឌនៅថ្ងៃពុធ។
លោក តឹក បាននិយាយថា ” យើងបានផ្អាកការតវ៉ាមួយរយៈ ពីព្រោះអាជ្ញាធរខេត្តបានសន្យារកដំណោះស្រាយបន្ទាប់ពីបុណ្យភ្ជុំបិណ្ឌរួច”
ប៉ុន្តែកាលពីម្សិលមិញ លោក ស្វាយ សំអៀង អភិបាលរងខេត្តបានមានប្រសាសន៍ថា គ្មានការធានាបែបនោះទេ។ លោកបានមានប្រសាសន៍ថា ” យើងមិនបានសន្យាចំពោះអ្នកភូមិទាំងនោះទេ។ យើងបានប្រាប់ពួកគាត់ថា យើងនឹងព្យាយាម ប៉ុន្តែយើងមិនអាចរកដំណោះស្រាយភ្លាមៗបានឡើយ។ បញ្ហាមួយចំនួនយើងអាចដោះស្រាយបាន បញ្ហាមួយចំនួនយើងមិនអាចដោះស្រាយបានទេ ពីព្រោះវាជាការសម្រេចចិត្តរបស់ថ្នាក់ជាតិ។
ប៉ុន្តែលោក តឹក បាននិយាយថា ការផ្អាកការតវ៉ានឹងទុកឱកាសដល់ក្រុមគ្រួសាររបស់លោកប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌផងដែរ បើទោះជាមិនមែនជាពិធីដែលជនជាតិខ្មែរភាគច្រើនធ្វើក៏ដោយ ព្រោះក្រុមគ្រួសាររបស់លោកជាអ្នកកាន់សាសនាគ្រិស្ត។
លោកបាននិយាយថា ជនជាតិដើមភាគតិចព្នងភាគច្រើនមិនទៅវត្តទេ អំឡុងបុណ្យភ្ជុំបិណ្ឌ ពីព្រោះពួកគាត់មិនមែនជាអ្នកកាន់ព្រះពុទ្ធសាសនាឡើយ”។
អ្នកស្រី រឿន ហេង អាយុ២៩ឆ្នាំ ជាជនជាតិដើមភាគតិចព្នង ដែលកាលពីពេលថ្មីៗនេះបានផ្លាស់ពីឃុំប៊ូស្រាទៅក្រុងសែនមនោរម្យ ដើម្បីទៅធ្វើកម្មសិក្សានៅមន្ទីរពត៌មានខេត្តបាននិយាយថា ជនជាតិដើមភាគតិចព្នងប្រហែល៤០ភាគរយនឹងប្រារព្ធពិធីបុណ្យភ្្ជុំបិណ្ឌតាមទំនៀមទម្លាប់ព្រះពុទ្ធសាសនា។
អ្នកស្រីបាននិយាយថា ” ពួកគាត់នឹងយកចង្ហាន់ទៅវត្តដូចប្រជាជនខ្មែរដទៃទៀតដែរ។ ប៉ុន្តែអ្នកផ្សេងទៀតនឹងមិនទៅវត្តអារាមទេ ពីព្រោះពួកគាត់មិនយល់ពីអត្ថន័យបុណ្យភ្ជុំបិណ្ឌ”៕ សារុន