34 C
Phnom Penh

លោក ហ៊ុន សែន គាំទ្រ​យុទ្ធនាការ​អាមេរិក​ប្រឆាំង​រដ្ឋ​អុីស្លាម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ម្សិលមិញ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ប្រកាស​គាំទ្រ​កិច្ច​ប្រឹង​ប្រែង​ដឹកនាំ​ដោយ​អាមេរិក ដើម្បី​កម្ទេច​រដ្ឋ​អីុស្លាម​សកម្ម​ប្រយុទ្ធ ដោយ​បាន​មាន​ប្រសាសន៍​ថា ប្រទេស​កម្ពុជា “មិន​អត់ឱន​ឲ្យ​ភេរវកម្ម​ណាមួយ​ឡើយ”។

ថ្លែង​នៅ​ពិធី​ផ្សព្វផ្សាយ​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​ជាផ្លូវការ​នូវ​ផែនការ​យុទ្ធសាស្រ្ត​អភិវឌ្ឍន៍​ជាតិ ២០១៤-២០១៨ នា​សណ្ឋាគារ​សូហ្វីតែល នៅ​ក្រុង​ភ្នំពេញ លោក ហ៊ុន សែន បាន​បង្ហាញ​ជំហរ​របស់​ប្រទេស​កម្ពុជា ចំពោះ​ការ​គំរាម​កំហែង​ដែល​បង្ក​ឡើង​ដោយ​រដ្ឋ​អីុស្លាម (Islamic State) ឬ​ហៅកាត់​ថា ISIS និង ISIL ដែល​បាន​កាត់​ក្បាល​អ្នក​កាសែត​អាមេរិក​២​នាក់ និង​បុគ្គលិក​ជំនួយ​អង់គ្លេស​ម្នាក់។

លោក​នាយក​រដ្ឋ​មន្ត្រី​បាន​មាន​ប្រសាសន៍​ថា “យើង​មិន​មាន​លទ្ធភាព​ចូលរួម​ដោយ​ផ្ទាល់​ក្នុង​យុទ្ធនាការ​ទប់ស្កាត់ ISIS នៅ​ទីនោះ [ប្រទេស​អីុរ៉ាក់ និង ប្រទេសស៊ីរី] ទេ ប៉ុន្តែ​យើង​ផ្តល់​ការ​គាំទ្រ​របស់​យើង​ក្នុង​គ្រប់​សកម្មភាព​ទាំងអស់ ដើម្បី​កម្ទេច​ភេរវកម្ម ហើយ​មិនមែន​ត្រឹមតែ ISIS ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ក្រុម​អាល់កៃដា​និង​ក្រុម​ផ្សេងទៀត”។

លោក ហ៊ុន សែន បាន​បន្ថែម​ថា ថ្វីបើ​ប្រទេស​កម្ពុជា​មិន​ទំនងជា​ក្លាយ​ជា​គោលដៅ​នៃ​ការ​វាយ​ប្រហារ​ភេរវកម្ម​ក៏ដោយ ក៏​ក្រុម​មន្ត្រី​ចាំបាច់​ត្រូវ​ធានា​ថា ការ​និយម​មក​លេង​ប្រទេស​កម្ពុជា​ក្នុង​ចំណោម​ភ្ញៀវ​បរទេស មិន​ត្រូវ​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​ក្លាយជា​ជម្រក​សម្រាប់​ពួកភេរវករ​ឡើយ។

លោក​បាន​មាន​ប្រសាសន៍​ថា “យើង​នឹង​មិន​ឲ្យ​ប្រទេស​កម្ពុជា​ក្លាយជា​ជម្រក​សម្រាប់​ពួក​ភេរវករ ឬជា​កន្លែង​លាង​លុយ​សម្រាប់​ពួក​ភេរវជន​ឡើយ។ យើង​ថ្កោលទោស ISIS ចំពោះ​ការ​សម្លាប់អ្នក​កាសែត​អាមេរិក​និង​ជនជាតិ​អង់គ្លេស។ យើង​នឹង​បន្ត​ថ្កោល​ទោស​ឧក្រិដ្ឋកម្ម និង​អំពើ​ព្រៃផ្សៃ​ដូចនេះ”។

បន្ទាប់​មក​លោក ហ៊ុន សែន បាន​បែរ​ទៅរក​បញ្ហា​នយោបាយ​បរទេស ដែល​បាន​ផ្សព្វ​ផ្សាយ​ព័ត៌មាន​យ៉ាង​ទូលំទូលាយ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ គឺ​ការ​ធ្វើ​ប្រជាមតិ​នៅ​ស្កត់ឡិន កាលពី​ម្សិលមិញ អំពី​ថាតើ​ត្រូវ​ផ្តាច់​ចេញពី​ចក្រភព​អង់គ្លេស និង​ក្លាយ​ជា​រដ្ឋ​ឯករាជ្យ​មួយឬ​យ៉ាង​ណា។

លោក​នាយក​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ថា “ប្រសិនបើ​ស្កត់ឡិន​ផ្តាច់​ចេញ តើអ្វី​នឹង​កើត​ឡើង​នៅ​ប្រទេស​អង់គ្លេស? យើង​គ្រាន់តែ​តាមដាន​សភាព​ការណ៍​នេះ​ប៉ុណ្ណោះ យើង​មិន​មាន​ឥទ្ធិពល​លើ​អង់គ្លេស​ទេ”។

បង្វែរ​ការ​ចាប់​អារម្មណ៍​របស់​លោក​ចំពោះ​កិច្ចការ​ក្នុង​ស្រុក​វិញ លោក ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា លោក​គាំទ្រ​ការ​ប្រឹងប្រែង​ឲ្យ​រដ្ឋ​មន្ត្រី​រដ្ឋាភិបាល​ទទួល​ខុសត្រូវ តាម​រយៈ​ការ​សួរ​ដេញដោល​ពីសំណាក់​សមាជិក​សភា​នៅ​រដ្ឋ​សភា។

គណបក្ស​សង្គ្រោះជាតិ​នៅពេលថ្មីៗ​នេះ​បាន​កោះហៅ​លោក ហង់ ជួនណារ៉ុន រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ និង​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល ឲ្យ​មក​បង្ហាញ​មុខ​នៅ​ចំពោះ​មុខគណៈកម្មការ​សភា ដើម្បី​សាកសួរ។

លោក ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​ចង់​ឲ្យ​ដំណើរការ​បែបនេះ​មាន​ជាបន្ត។ ហើយ​រដ្ឋ​មន្ត្រី​ទាំងអស់​កុំ​មក​សួរ​នាយក​រដ្ឋមន្ត្រី ‘ថាខ្ញុំ​ទៅ​ឆ្លើយឬ​អត់?’ ”។

“នៅ​ពេល​ប្រធាន​គណៈកម្មការ​សភា​កោះ​អញ្ជើញ គឺ​ត្រូវតែ​ទៅ។ សូម​មើល​ក្នុង​រដ្ឋធម្មនុញ្ញ​និង​ច្បាប់​ឲ្យ​ច្បាស់ ថា​រដ្ឋមន្ត្រី​ទទួល​ខុសត្រូវ​ចំពោះមុខ​សភា​និង​នាយក​រដ្ឋ​មន្ត្រី”។

លោក ហ៊ុន សែន បាន​បន្ត​សរសើរ​គណបក្ស​នយោបាយ​ទាំង២​ដែល​ធ្វើការ​រួម​គ្នា​ដើម្បី​ដោះស្រាយ​បញ្ហា ចាប់តាំងពី​សមាជិក​សភា​គណបក្ស​សង្គ្រោះជាតិ​ទទួល​យក​អាសនៈ​របស់​ខ្លួន​នៅ​សភា​ជាតិកាលពី​ខែ​មុន បន្ទាប់ពី​បាន​ធ្វើ​ពហិការ​១០​ខែទាក់ទិន​នឹង​លទ្ធផល​បោះឆ្នោត​មាន​ជម្លោះ​កាលពី​ឆ្នាំ​មុន។

លោក​បាន​មាន​ប្រសាសន៍​ថា “ជា​ដំណើរការ​លទ្ធិ​ប្រជាធិបតេយ្យសេរី​ពហុបក្ស​នៅ​ក្នុង​សភា​ជាតិ”។

ការ​អធិប្បាយ​បែប​សម្រុះ​សម្រួល​របស់​លោក​នាយក​រដ្ឋមន្ត្រី​ធ្វើ​ឡើង​តែ​ជាង​មួយ​សប្តាហ៍ បន្ទាប់ពី​លោក​បាន​រិះគន់​លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​និយាយ​ថា លោក​ចង់​ដក​រដ្ឋ​មន្ត្រី​រដ្ឋាភិបាល​ពុករលួយ។

នៅ​ពេលនោះ លោក ហ៊ុន សែន បាន​ព្រមាន​លោក កឹម សុខា ដែល​ក៏​ជា​អនុប្រធាន​ទី​១​រដ្ឋ​សភា​ដែរ ថា លោក កឹម សុខា អាចត្រូវ​គណបក្ស​ប្រជាជន​បោះឆ្នោត​ដក​ចេញពី​តំណែង​ដឹកនាំ ប្រសិនបើ​លោក​នៅ​បន្ត​រិះគន់​មន្ត្រី​រដ្ឋាភិបាល​ជាសាធារណៈ​ទៀតនោះ។

លោក ហ៊ុន សែន បាន​មាន​ប្រសាសន៍​កាលពី​ម្សិលមិញ​ថា “ពេល​ខ្លះ ប្រើពាក្យ​ជ្រុល​ថា ជួយ​នាយក​រដ្ឋមន្ត្រី​បោស​សម្អាត​រដ្ឋមន្ត្រី ពីព្រោះ រដ្ឋមន្ត្រី​យក​លុយ​ឲ្យ​នាយក​រដ្ឋមន្ត្រី…​ហើយ​បើតែ​ធន់​ហ្នឹង វា​មិន​ងាប់​បាត់ហើយ”។ លោក​បាន​បន្ថែម​ថា “នាយក​រដ្ឋមន្ត្រី​ត្រូវ​ការពារ​រដ្ឋមន្ត្រី​របស់​ខ្លួន​ដែរ”។

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​វិល​ត្រឡប់​មកពី​ប្រទេស​បារាំង​វិញ​កាលពី​ម្សិលមិញ ក៏​បាន​មាន​ប្រសាសន៍​ដែរ​ថា ភាគី​ទាំង២​ចាំបាច់​ត្រូវ​សហការ​គ្នា។

លោក​បាន​ប្រាប់​អ្នក​កាសែត​នៅ​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ពេល​ត្រូវ​សួរ​អំពី​ការ​ឆ្លើយ​ឆ្លង​គ្នា​នៅ​ពេល​ថ្មីៗ រវាង​លោក​នាយក​រដ្ឋមន្ត្រី និង​លោក កឹម សុខា ថា “អ្វី​ដែល​ត្រឹម​ត្រូវ យើង​នឹង​បន្ត​ជំរុញ​គ្នា ហើយ​អ្វី​ដែល​មិន​ត្រឹមត្រូវ យើង​ត្រូវតែ​ដាស់​តឿន​គ្នា”៕ មានិត

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស