នៅក្នុងការធ្វើតេស្តលាកល្បងជាលើកដំបូងនូវបទបញ្ជាផ្ទៃក្នុងថ្មី ដែលផ្តល់អំណាចដល់លោក ហេង សំរិន ប្រធានរដ្ឋសភាឲ្យមានសិទ្ធិសម្រេចថា តើនរណាគួរទទួលបានការអនុញ្ញាតឲ្យចូលក្នុងបរិវេណសភានោះ អ្នករិះគន់រដ្ឋាភិបាលដ៏លេចធ្លោមួយរូបត្រូវបានអនុញ្ញាតឲ្យចូលជួបជាមួយគណៈកម្មការប្រឆាំងអំពើពុករលួយនៃរដ្ឋសភាកាលពីម្សិលមិញ។
នៅក្នុងសារាចរមួយចុះថ្ងៃទី១២ខែកញ្ញា ដែលចុះហត្ថលេខាដោយលោក ហេង សំរិន ប្រធានរដ្ឋសភារូបនេះបានផ្តល់សិទ្ធិអំណាចផ្តាច់មុខដល់ខ្លួនឯងលើការសម្រេចថា តើនរណាអាចចូលក្នុងបរិវេណរដ្ឋសភាបាន អាចចូលរួមសវនាការរបស់គណៈកម្មការបាន ឬអាចជួបជាមួយបុគ្គលជាតំណាងរាស្ត្របាន។
សារាចរនេះបានធ្វើឲ្យមានភាពមិនប្រាកដប្រជាចំពោះលទ្ធភាពនៃជំនួបតាមការគ្រោងទុកកាលពីថ្ងៃសុក្រ រវាងលោក ព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា និងសមាជិកគណៈកម្មការប្រឆាំងអំពើពុករលួយនៃរដ្ឋសភា ដែលដឹកនាំដោយលោក ហូរ វណ្ណ តំណាងរាស្ត្រមកពីគណបក្សសង្គ្រោះជាតិ។
លោក ហូរ វណ្ណ បានមានប្រសាសន៍ថា ប៉ុន្តែ ជំនួបនេះបានប្រព្រឹត្តទៅដោយរលូនកាលពីម្សិលមិញ ដោយសារលោកទទួលបានការយល់ព្រមពីប្រធានរដ្ឋសភាកាលពីថ្ងៃទី១០ ខែកញ្ញា ដោយអនុវត្តតាមនីតិវិធីមានស្រាប់ ដែលតម្រូវឲ្យសុំការអនុញ្ញាតពីលោក ហេង សំរិន សម្រាប់ភ្ញៀវដែលត្រូវចូលរួមសវនាការរបស់គណៈកម្មការ។
សារាចរថ្មីនេះលើកឡើងថា នៅពេលអនាគត គណៈកម្មការនានានៃរដ្ឋសភាគួរតែស្នើសុំមតិយោបល់ពីអង្គការសង្គមស៊ីវិលដោយប្រយោល។ សារាចរនេះមានខ្លឹមសារដូច្នេះថា “គណៈកម្មការអាចស្នើសុំមតិយោបល់ពីសាធារណជន ឬពីសង្គមសីុវិលពីចម្ងាយបាន ប៉ុន្តែ ពួកគេមិនត្រូវបានអនុញ្ញាតឲ្យចូលរួមក្នុងកិច្ចប្រជុំរបស់គណៈកម្មការទាំងនោះឡើយ”។
ទោះជាយ៉ាងណា នៅក្នុងកិច្ចប្រជុំកាលពីម្សិលមិញ ជាមួយគណៈកម្មការប្រឆាំងអំពើពុករលួយ លោក ព្រាប កុល បានលើកទឡ្ហីករណ៍របស់លោកជំុវិញមូលហេតុដែលចាំបាច់ត្រូវឲ្យរដ្ឋាភិបាលមានតម្លាភាពជាងមុន។
លោកបានថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មាននៅខាងក្រៅរដ្ឋសភាថា “នៅពេលមានតម្លាភាពសាយភាយពេញសង្គម អំពើពុករលួយនឹងត្រូវកាត់បន្ថយដោយស្វ័យប្រវត្តិ។ ប៉ុន្តែ ពេលនេះយើងកំពុងស្ថិតក្នុងភាពងងឹត ព័ត៌មានជាច្រើនត្រូវបានលាក់បាំង ហើយយើងពិបាកនឹងទទួលបានព័ត៌មានណាស់”។
លោកបានមានប្រសាសន៍ទៀតថា លោក និងក្រុមតំណាងរាស្ត្របានពិភាក្សាអំពីភាពចាំបាច់ដែលត្រូវឲ្យមានច្បាប់ស្តីពីសេរីភាពនៃការទទួលបានទទួលបានព័ត៌មាន ដែលលោក ឈាង វុុន តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាបានមានប្រសាសន៍កាលពីឆ្នាំមុនថា នឹងត្រូវក្រសួងមហាផ្ទៃធ្វើសេចក្តីព្រាង ហើយអនុម័តនៅឆ្នាំនេះ។
បន្ទាប់ពីត្រូវបានប្រកាសជាសាធារណៈកាលពីដើមសប្តាហ៍នេះ សារាចររបស់លោក ហេង សំរិន បានទទួលរងការរិះគន់ពីសំណាក់ក្រុមតំណាងរាស្ត្រគណបក្សប្រឆាំង និងបណ្តាអ្នកតស៊ូមតិ ដើម្បីលទ្ធិប្រជាធិបតេយ្យ។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានមានប្រសាសន៍កាលពីម្សិលមិញថា បទបញ្ជាផ្ទៃក្នុងថ្មីទាំងនេះត្រូវបានព្រាងឡើងដោយគ្មានការពិគ្រោះយោបល់ និងគ្មានការប្រាប់ឲ្យដឹងជាមុន។
លោកបានលើកឡើងថា “ប្រធានរដ្ឋសភាបានចុះហត្ថលេខាលើសារាចរនេះដោយខ្លួន ឯង គ្មានការឯកភាពគ្នាជាមួយគណៈកម្មាធិការអចិន្ត្រៃយ៍តាមរយៈរដ្ឋសភាទេ។ ប្រសិនបើយើងគោរពតាមសារាចរនេះ វាមានន័យថា [អំណាចរបស់រដ្ឋសភា] នឹងកាន់តែតូចចង្អៀត ពីព្រោះយើងបានចូលរួមនៅក្នុងរដ្ឋសភា ដើម្បីឲ្យវាក្លាយជាកន្លែងបិតាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា។ យើងចង់ឲ្យរដ្ឋសភាជាកន្លែងសម្រាប់ជជែកដេញដោលសម្ដែងក្តីបារម្ភរបស់ខ្លួនប្រាប់តំណាងរបស់ពួកគាត់”។
លោកស្រី ឡូរ៉ា ថនតុន (Laura Thornton) នាយកប្រចាំប្រទេសកម្ពុជានៃវិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) ដែលមានមូលដ្ឋាននៅក្នុងរដ្ឋធានីវ៉ាស៊ីុនតុន បានលើកឡើងតាមអីុម៉េលថា សារាចរនេះ “គឺជាឧបសគ្គរាំងស្ទះសម្រាប់កំណែទម្រង់រដ្ឋសភា ដែលត្រូវបានសន្យាអំឡុងការចរចាផ្នែកនយោបាយ និងចំពោះសាធារណជនទូទៅ”។
លោកស្រីបានមានប្រសាសន៍ថា “ប្រសិនបើគេយល់ថា វាជាបំណងដាក់កំហិតបន្ថែមទៀតចំពោះការចូលរួមរបស់សាធារណជននៅក្នុងស្ថាប័ននីតិប្បញ្ញត្តិរបស់ពួកគេវានឹងកាន់តែធ្វើឲ្យប្រធានរដ្ឋសភារូបនេះមានអំណាចគ្រប់គ្រងកាន់តែខ្លាំង ហើយដាក់កំហិតលើភាពបត់បែនរបស់ប្រធានគណៈកម្មការនានា ពេលនោះរដ្ឋសភារបស់កម្ពុជានឹងខ្វះបទដ្ឋានអន្តរជាតិសម្រាប់ការអនុវត្តដោយបើកចំហរបស់សភា “។
ពាក់ព័ន្ធនឹងបញ្ហានេះ តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ៕សុខុម