យោងតាមសាលារាជធានីភ្នំពេញបានឲ្យដឹងថា អ្នកធ្វើដំណើរនឹងបានគយគន់ទិដ្ឋភាពស្ពានមិត្តភាពកម្ពុជា-ចិនថ្មីក្នុងរាជធានីភ្នំពេញ អំឡុងពេលប៉ុន្មានថ្ងៃចុងក្រោយនៃពិធីបុណ្យភ្ជុំបិណ្ឌ។
លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីបានមានប្រសាសន៍ថា ដោយការសាងសង់ជិតរួចរាល់ជាស្ថាពរ ស្ពានកាត់ទន្លេសាបនេះនឹងបើកដំណើរការឲ្យរថយន្តធុនតូច និងម៉ូតូបើកឆ្លងកាត់ចន្លោះពីម៉ោង៥ព្រឹកដល់ម៉ោង៦ល្ងាច ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ខែកញ្ញា ដើម្បីសម្រួលការកកស្ទះចរាចរណ៍លើស្ពានមិត្តភាពកម្ពុជា-ជប៉ុន ដែលនៅអែបនឹងវា។
លោកបានមានប្រសាសន៍ថា “យើងអនុញ្ញាតឲ្យបើកបរ [ លើស្ពាននេះ ] ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ដែលកើតមាននៅទីនោះ។ យើងគិតថា ស្ពាននេះអាចសម្រួលចរាចរណ៍បានច្រើន”។
នៅក្នុងសារមួយបង្ហោះតាមទំព័រហ្វេសប៊ុករបស់ខ្លួន លោក ឡុង ឌីម៉ង់ បានមានប្រសាសន៍ថា ដោយសារតែការសាងសង់មិនទាន់ចប់រួចរាល់ជាស្ថាពរ រថយន្តធុនធំ និងអ្នកដំណើរថ្មើរជើងមិនត្រូវបានអនុញ្ញាតឲ្យធ្វើចរាចរលើស្ពាននេះទេ។
លោកបានមានប្រសាសន៍ទៀតថា លោកមិនដឹងថា ស្ពាននេះនឹងបើកឲ្យប្រើប្រាស់ជាអចិន្ត្រៃយ៍នៅពេលណាឡើយ ហើយមន្ត្រីមន្ទីររៀបចំដែនដីរាជធានីមិនអាចទាក់ទងសុំការបញ្ជាក់បានទេ។
ស្ពានមិត្តភាពកម្ពុជា-ចិន ទី៦ដែលជាស្ពានវែងបំផុតកាត់ទន្លេមេគង្គក្នុងប្រទេសកម្ពុជាក្នុងខេត្តស្ទឹងត្រែងបានសម្ពោធដាក់ឲ្យប្រើប្រាស់កាលពីខែសីហា៕សុខុម