28 C
Phnom Penh

ជនជាតិ​​​ថៃ​​​បី​​​នាក់​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​ ជាមួយ​​​នឹង​​​ក្រដាស​​​ប្រាក់​​​​​ដុល្លារ​​​ក្លែង​​​ក្លាយ​​​៧លាន​​​ដុល្លារ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរបាល​​​បាន​​​និយាយ​​​ថា ជនជាតិ​​​ថៃ​​​បី​​​នាក់​​​ រួម​​​ទាំង​​​មេបញ្ជាការ​​​យោធា​​​ម្នាក់​​​ផង ត្រូវ​​​បាន​​​នគរ​​​បាល​​​ខេត្ត​​​បាត់​​​ដំបង​​​ចាប់​​​ខ្លួន​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ ជា​​​មួយនិង​​​​​​ក្រដាស​​​ប្រាក់​​​ដុល្លារ​​​ក្លែង​​​ក្លាយ​​​​​​ជាង​​​៧​​​លាន​​​ដុល្លារ។

នគរបាល​​​ខេត្ត​​​បាត់​​​ដំបង​​​បាន​​​​​​តាម​​​ដាន​​​ជន​​​ទាំង​​​បី​​​នាក់​​​នេះ​​​អស់​​​រយៈ​​​ពេល​​​ជាង​​​មួយ​​​ខែ​​​ ហើយ​​​បាន​​​ល្បួង​​​ឲ្យ​​​ពួក​​​គេ​​​ចូល​​​ស៊ង​​តាម​​​រយៈ​​​ភ្នាក់​​​ងារ​​​សម្ងាត់​​​ដែល​​​បន្លំ​​​ខ្លួន​​​ធ្វើ​​​ជា​​​ឈ្មួញ​​​ប្រាក់​​​។ ពួក​​​គេ​​​ត្រូវ​​​បាន​​​ចាប់ខ្លួន​​​នៅ​​​ក្នុង​​​ស្រុក​​​ភ្នំព្រឹក ភ្លាម​​​ៗ​​​បន្ទាប់​​​ពី​​​​​​ឆ្លង​​​ច្រក​​​ព្រំ​​​ដែន​​​អូរ​​​រំ​​​ដួល​​​។

លោក​​​ សុង​​​ សុភ័ក្រ អធិការ​​​ស្រុក​​​ភ្នំព្រឹក​​​​​​​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា “កាល​​​ពី​​​ថ្ងៃ​​​សុក្រ នគរ​​​បាល​​​បាន​​​ឃាត់​​​ខ្លួន​​​បុរស​​​បី​​​នាក់​​​ដែល​​​មាន​​​​​​ឈ្មោះ​​​ដូច​​​ជា​​​ ជីត គីត អាយុ​​​៤៧​​​ឆ្នាំ ផ្លា មុត អាយុ​​​៤៨​​​ឆ្នាំ និង​​​ឈ្មោះ ចំរ៉ាត់ វង្សា អាយុ​​​៥១​​​ឆ្នាំ នៅ​​​ក្នុង​​​ឃុំ​​​អូរ​​​រំដួល​​​ ស្រុក​​​ភ្នំព្រឹក​​​ ហើយ​​​យើង​​​​​​ដក​​​ហូត​​​បាន​​​ក្រដាស​​​ប្រាក់​​​ដុល្លារ​​​អាមេរិក​​​ចំនួន៧​​​.១៦០​​​.០០០​​​ដុល្លារ​​​”។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា “យើង​​​បាន​​​តាម​​​ដាន​​​​​​ពួក​​​គេ​​​ជាង​​​មួយ​​​ខែ​​​មក​​​ហើយ​​​ ហើយ​​​​​យើង​​​បាន​​​ប្រើ​​​ប្រាស់​​​ចារកម្ម​​​របស់​​យើង​​​ឲ្យ​​​ណាត់​​​​​​ជួប​​​ជាមួយ​​​ពួក​​​គេ​​​ដើម្បី​​​ប្តូរ​​​ប្រាក់​​​ ដូច្នេះ ហើយ​​​ទើប​​​យើង​​​ចាប់​​​ខ្លួន​​​ពួក​​​គេ​​​បាន​​​”។

លោក​​​បាន​​​លើក​​​ឡើង​​​បន្ត​​​ថា ពួកគេ​​​ទាំង​​​បី​​​នាក់​​​សុទ្ធ​​​តែ​​​គ្មាន​​​លិខិត​​​ឆ្លង​​​ដែន​​​។ ​​ជន​​​សង្ស័យ​​​ទាំង​​​នេះ​​ត្រូវ​​​បាន​​​បញ្ជូន​​​ទៅ​​​ស្នង​​​ការ​​​ដ្ឋាន​​​នគរ​​​បាល​​​​ខេត្ត​​​ក្នុង​​​ក្រុង​​​បាត់​​​ដំបង​​​ដើម្បី​​​ធ្វើ​​​ការ​​​សាក​​​សួរ​​​។លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា តាម​​​រយៈ​​​ការ​​​សើុប​​​អង្កេត​​​ នគរ​​​បាល​​​បាន​​​ដឹង​​​ថា ជន​​​ទាំង​​​បី​​​នាក់​​​នេះ​​​គឺ​​​ជា​​​ជន​​​​​​ប្តូរ​​​ប្រាក់​​​ដុល្លារ​​​អាមេរិក​​​ក្លែង​​​ក្លាយ។

លោក​​​ ចិត្ត វណ្ណី ស្នង​​​ការ​​​រង​​​ខេត្ត​​​បាត់​​​ដំបង​​​បាន​​​បញ្ជាក់​​​ថា ម្នាក់​​​ក្នុង​​​ចំណោម​​​បុរស​​​ជាប់ឃុំ​​​ទាំង​​​បី​​​នាក់​​​នេះ​​​ គឺ​​​ជា​​​មន្ត្រី​​​យោធា​​​ជាន់​​​ខ្ពស់​​​របស់​​​ថៃ​​​ ដែល​​​​​​​​​ឈរ​​​ជើង​​​ប្រចាំការ​​​នៅ​​​ជិត​​ព្រំ​​​ដែន​​​កម្ពុជា-ថៃ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា ​​​​​​​​​​​​” ចំរ៉ាត់ វង្សា ជា​​​បុរស​​​ថៃ​​​ម្នាក់​​​ដែល​​​ស្ថិត​​​ក្នុង​​​ចំណោម​​​អ្នក​​​ជាប់​​​ឃុំ​​​ទាំង​​​បី​​​នាក់ គឺ​​​ជា​​​មេបញ្ជាការ​​​កង​​​អនុ​​​សេនា​​​ធំ​​​លេខ​​​៥២២​​​នៃ​​​យោធា​​​ថៃ​​​ដែល​​​ឈរ​​​ជើង​​​នៅ​​​ខ្សែ​​​ត្រៀម​​​ជួរ​​​មុខ​នៅ​​​ព្រំ​​​ដែន​​​។ យើង​​​បាន​​​ឃាត់​​​ខ្លួន​​​ពួក​​​គេ​​​ បន្ទាប់​​​ពី​​​ការ​​​សុើប​​​អង្កេត​​​ ប៉ុន្តែ ខ្ញុំ​​​មិន​​​អាច​​​ប្រាប់​​​អស់​​​លោក​​​បន្ថែម​​​ទៀត​​​អំពី​​​ដំណើរ​​​ការ​​​សើុបអង្កេត​​​របស់​​​នគរបាល​​​បាន​​​ទេ​​​”។

លោក ចាន់​​​ សុផល ស្នង​​​ការ​​​ខេត្ត​​​បាត់​​​ដំបង​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ជនជាតិ​​​ថៃ​​​ទាំង​​​បី​​​នាក់​​​​​​​​​​​​​​​នេះ​​​ប្រឈម​​​នឹង​​​ការ​​​ជាប់​​​ពន្ធនាគារ​​​ ប្រសិនបើ​​​រក​​​ឃើញ​​​ថា ពួក​​​​​​គេ​​​មាន​​​ទោស​​​ពី​​​បទ​​​រត់​​​ពន្ធ​​​ប្រាក់​​​ក្លែង​​​ក្លាយ​​​។ លោក​​​បាន​​​លើក​​​ឡើង​​​បន្ត​​​ថា “នគរ​​​បាល​​​កំពុង​​​សាក​​​សួរ​​​ ដូច្នេះ​​​យើង​​​នឹង​​​ទុក​​​ពេល​​​ឲ្យ​​​ពួក​​​គេ​​​អនុវត្ត​​​ភារកិច្ច​​​របស់​​​ខ្លួន​​​”។

ពាក់​​​ព័ន្ធ​​​នឹង​​​បញ្ហា​​​នេះ ស្ថាន​​​ទូត​​​ថៃ​​​ប្រចាំ​​​កម្ពុជា​​​មិន​​​អាច​​​ទាក់​​​ទង​​​សុំ​​​ការ​​​ឆ្លើយ​​​បំភ្លឺ​​​បាន​​​ទេ​​​។ គួរ​​​រំឭក​​​ថា កាល​​​ពី​​​ខែ​​​មករា មន្ត្រី​​​មួយ​​​រូប​​​នៅ​​​ក្នុង​​​ជួរ​​​​​​កង​​​កម្លាំង​​​ប្រដាប់​​​អាវុធ​​​របស់​​​កម្ពុជា​​​ និង​​​កូនប្រសា​​​ប្រុស​​​​​​របស់​​​មន្ត្រី​​​រូប​​​នោះ​​​ ត្រូវ​​​បាន​​​ចាប់ខ្លួន​​​ពី​​​បទ​​​ផលិត​​​ក្រដាស​​​ប្រាក់​​​១០០ដុល្លារ​​​​​​​​​​​​  ក្លែង​​​ក្លាយ​​​ជាង​​​៥០.០០០​​​ដុល្លារ​​​ នៅ​​​ក្នុង​​​ខេត្ត​​​បាត់​​​ដំបង​​​។

វរសេនីយ៍​​​ទោ សយ វណ្ណស័ក្តិ ត្រូវ​​​បាន​​​ចាប់ខ្លួន​​​នៅ​​​ក្រុង​​​បាត់​​​ដំបង មួយ​​​ថ្ងៃ​​​បន្ទាប់ពី​​​កូន​​​ប្រសា​​​របស់​​​ខ្លួន ឈ្មោះ តាំង​​​ ធារិទ្ធ ​​​ត្រូវ​​​បាន​​​ឃាត់​​​ខ្លួន ខណៈ​​​ពេល​​​បុរស​​​រូប​​​នោះ​​​ព្យាយាម​​​ចាយ​​​ក្រដាស​​​ប្រាក់​​​ក្លែង​​​ក្លាយ​​​នៅ​​​ផ្សារ​​​មួយ​​​កន្លែង​​​ក្នុង​​​ក្រុង​​​ប៉ោយ​​​ប៉ែត​​​។

តាំង​​​ ធារិទ្ធ បាន​​​កាន់​​​ក្រដាស​​​ប្រាក់​​​១០០​​​ដុល្លារ​​​ក្លែង​​​ក្លាយ​​​ចំនួន​​​២០៣សន្លឹក​​​។ នៅ​​​ថ្ងៃ​​​ស្អែក​​​ឡើង​​​ បុរស​​​រូប​​​នេះ​​​​​​​​​​​​​​​ក៏​​​បាន​​​នាំ​​​នគរបាល​​​ទៅ​​​កាន់​​​ផ្ទះ​​​មួយ​​​នៅ​​​បាត់​​​ដំបង​​​​​​ ហើយ​​​នៅ​​​ទី​​​នោះ​​​ សមត្ថកិច្ច​បាន​​​រក​​​ឃើញ​​​​​ក្រដាស​​​ប្រាក់​​​ដុល្លារ​​​ក្លែង​​​ក្លាយ​​​​​​ចំនួន​​​៣០.០០០ដុល្លារ​​​ទៀត​​​៕សុខុម​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស