រដ្ឋាភិបាលកម្ពុជានឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយជាមួយរដ្ឋាភិបាលប្រទេសអូស្រ្តាលីនៅថ្ងៃសុក្រនេះ ដើម្បីតាំងទីលំនៅជនភៀសខ្លួនមួយចំនួនដែលកំពុងស្នាក់លើដែនកោះនៅប្រទេសអូស្រ្តាលី នេះគឺជាកិច្ចព្រមព្រៀងមួយ ដែលទទួលរងការរិះគន់ពីសំណាក់អង្គការសហប្រជាជាតិ ក្រុមសិទ្ធិមនុស្សនិងតំណាងរាស្រ្តគណបក្សប្រឆាំងនៃប្រទេសទាំងពីរ។
ក្រសួងការបរទេសបានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធថា លោកស្គុត ម៉ូរីសុន រដ្ឋមន្រ្តីអន្តោប្រវេសន៍អូស្រ្តាលីនឹងធ្វើទស្សនកិច្ចនៅកម្ពុជានៅថ្ងៃសុក្រនេះ ដើម្បីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង។
នៅខែកុម្ភៈរដ្ឋមន្រ្តីការបរទេសលោក ហោ ណាំហុង បានទម្លាយព័ត៌មានទាក់ទង នឹងសំណើរបស់ប្រទេសអូស្រ្តាលីដែលសុំឲ្យប្រទេសកម្ពុជាទទួលយកជនស្វែងរកសិទ្ធិជ្រកកោនមួយចំនួនក្នុងអំឡុងពេលទស្សនកិច្ចរបស់រដ្ឋមន្រ្តីក្រសួងការបរទេសអូស្រ្តាលី លោកស្រី ជូលី ប៊ីសប។
ចាប់តាំងពីពេលនោះមកប្រទេសទាំងពីរបានចរចាគ្នាស្ងាត់ៗ។ ប្រទេសទាំងពីរ គឺគ្មានប្រទេសណាមួយនិយាយថាតើជនភៀសខ្លួនប៉ុន្មាននាក់ដែលត្រូវប្រទេសកម្ពុជាទទួលយកពីប្រទេសអូស្រ្តាលី ឫក៍ឲ្យពួកគេរស់នៅកន្លែងណាមួួយឡើយ ចំណែកឯសេចក្តីថ្លែងការណ៍នៅថ្ងៃពុធនេះ ក៏មិនបានបញ្ជាក់លើចំណុចនេះដែរ។ អ្នកនាំពាក្យក្រសួងការបរទេស លោកកុយ គួង បដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែមឡើយ។ វណ្ណ រើន