33 C
Phnom Penh

អូស្ត្រាលី​និង​កម្ពុជា​នឹង​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ស្តីពី​ជនភៀសខ្លួន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រទេស​កម្ពុជា​នឹង​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ដែល​គេ​រង់ចាំ​យូរ​មក​ហើយ​ជាមួយ​ប្រទេស​អូស្ត្រាលី​នៅ​ថ្ងៃ​សុក្រនេះ​​ ដើម្បី​តាំងទី​លំនៅជន​ភៀសខ្លួន ដែល​សព្វថ្ងៃ​ប្រទេសអូស្ត្រាលីកំពុង​ឃុំ​ខ្លួនពួកគេទុក​ក្នុង​ដែនកោះ​មួយ​ ​គឺ​ជា​កិច្ច​ព្រមព្រៀង​មួយ​ដែល​ទទួល​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​ក្រុម​សិទ្ធិ​មនុស្ស​ អង្គការ​សហ​ប្រជាជាតិ និង​សមាជិក​សភា​គណបក្ស​ប្រឆាំង​នៅ​ប្រទេស​ទាំងពីរ​។

ក្រសួង​ការបរទេស​បាន​ប្រកាស​កាលពី​ម្សិលមិញ​ថា រដ្ឋមន្ត្រី​ក្រសួង​អន្តោប្រវេសន៍​អូស្ត្រាលី លោក ស្កត់ ម៉ូរីសុន (Scott​ Morrison) នឹង​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​សុក្រនេះ​ ដើម្បី​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ជាមួយ​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ។

អ្នក​នាំពាក្យ​របស់​លោក ស្កត់ ម៉ូរីសុន បាន​បញ្ជាក់​អំពី​ផែនការ​ដំណើរ​ទស្សន​កិច្ច​​របស់​លោក។​​​ អ្នក​នាំពាក្យរូប​នេះ​បាន​និយាយ​ថា “លោក​រដ្ឋមន្ត្រី​នឹង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​សុក្រ។ ព័ត៌មាន​បន្ថែម​នឹង​ផ្តល់​ឲ្យ​បន្ទាប់ពី​ការ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​នេះ”។

លោក កុយ គួង អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា បាន​បដិសេធ​មិន​រៀបរាប់​លម្អិត​អំពី​កិច្ច​ព្រមព្រៀង ដែល​នឹង​ត្រូវ​ចុះ​ហត្ថលេខា​នេះដែរ។

ឧត្តមសេនីយ៍ សុខ ផល ដែល​ដឹកនាំ​នាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួង​មហាផ្ទៃ បាន​បង្វែរ​សំណួរ​ទៅ​ឧត្តម​សេនីយ៍ ខៀវ សុភ័គ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ ដែល​មិន​អាច​ទាក់ទង​សុំ​ការ​អធិប្បាយ​បាន​ឡើយ។

ប្រទេស​ទាំង​ពីរ​បាន​បញ្ចេញ​ឲ្យ​ដឹង​សេចក្តី​ពិស្តារ​តិចបំផុត​​ដែល​ទាក់​ទងនឹង​​ផែនការ​នេះ ចាប់​តាំងពី​មាន​ព័ត៌មាន​អំពី​សំណើ​របស់​អូស្ត្រាលី បាន​លេចឮ​កាលពី​ខែ​កុម្ភៈ អំឡុង​ទស្សនកិច្ច​មក​ប្រទេស​កម្ពុជា របស់​លោកស្រី ជូលី ប៊ីសប (Julie Bishop) រដ្ឋមន្ត្រី​ក្រសួងការ​បរទេស​អូស្ត្រាលី។

ទោះជាយ៉ាងណាក្តី ព័ត៌មាន​កាលពី​ម្សិលមិញ​អំពី​ពិធី​ចុះ​ហត្ថលេខា​បាន​កើត​មាន​ឡើង​តែ​ក្នុង​ពេល​ប៉ុន្មាន​សប្តាហ៍​ប៉ុណ្ណោះ​ ក្រោយ​ពី​ប្រទេស​ទាំងពីរ​បាន​ចរចា​គ្នា​ដ៏​តានតឹង​។​​មានិត

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស