ក្នុងការបង្ហាញមុខចុងក្រោយរបស់លោកនៅក្រុមប្រឹក្សាសិទ្ធិមនុស្សក្នុងទីក្រុងហ្សឺណែវ ក្នុងនាមលោកជាប្រេសិតសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជា កាលពីម្សិលមិញ លោក សុរិយា ស៊ូបេឌី (Surya Subedi) បានអំពាវនាវជាចុងក្រោយដល់រដ្ឋាភិបាលឲ្យទទួលយក “ស្ថាប័នឯករាជ្យ” ដើម្បីឲ្យមានកំណែទម្រង់ពិតប្រាកដ។
លោកបានមានប្រសាសន៍ថា “ប្រសិនបើ ខ្ញុំត្រូវជ្រើសរើសអនុសាសន៍មួយក្នុងចំណោមអនុសាសន៍ទាំងឡាយ ដែលខ្ញុំបានស្នើឡើងអំឡុងអាណត្តិរបស់ខ្ញុំ នោះគឺត្រង់ថា រដ្ឋាភិបាលគួរពិចារណាការប្រឆាំងនឹងស្ថាប័នឯករាជ្យ”។
“ពេលណាមានការធានាបាននូវឯករាជ្យភាពរបស់តុលាការ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងរបស់សភាខ្លួនឯងនោះ ទើបប្រទេសកម្ពុជានឹងស្ថិតនៅលើមាគ៌ាឆ្ពោះទៅរកកំណែតម្រង់ពិតប្រាកដបាន”។
វត្តមានរបស់លោក ស៊ូបេឌី គឺមួយខែបន្ទាប់ពីការចេញរបាយការណ៍ទី៦របស់លោកអំពីសិទ្ធិមនុស្សនៅប្រទេសកម្ពុជា ដែលត្រូវបានគេរកឃើញថា ពេលដែលប្រទេសនេះកំពុងបោះជំហានតាមទិសដៅវិជ្្ជមាននោះ តែការប្រើអំពើហិង្សាហួសហេតុដោយកងកម្លាំងសន្តិសុខរដ្ឋ និងការដាក់បម្រាមស្រេចតែចិត្តលើការតវ៉ា “បានដើរផ្ទុយពីនិន្នាការនេះ”។
ក្នុងសុន្ទរកថារបស់លោកថ្លែងទៅកាន់ក្រុមប្រឹក្សានេះ លោក ស៊ូបេឌី បានប្រាប់រដ្ឋសមាជិកថា ប្រទេសកម្ពុជាបានកែប្រែ “យ៉ាងច្រើន” ចាប់តាំងពីលោកបានទទួលតំណែងនេះកាលពីឆ្នាំ២០០៩។
េប្រសិតរូបនេះបានមានប្រសាសន៍ថា “រដ្ឋាភិបាលបានអនុវត្តអនុសាសន៍មួយចំនួនរបស់ខ្ញុំ និងបានធានាអះអាងនឹងខ្ញុំថា អនុសាសន៍មួយចំនួនផ្សេងទៀតកំពុងត្រូវយកមកអនុវត្ត”។ លោកបានបន្ថែមថា ប្រទេសកម្ពុជា “សព្វថ្ងៃកំពុងស្ថិតក្នុងដំណើរការផ្លាស់ប្តូរដោយសន្តិវិធី” បន្ទាប់ពីការបោះឆ្នោតជាតិដ៏ចម្រូងចម្រាសកាលពីឆ្នាំមុន និងក្រោយពីមានភាពទាល់ច្រកផ្នែកនយោបាយរយៈពេល១០ខែ។
លោក ស៊ូបេឌី មានប្រសាសន៍ថា ចាប់តាំងពីគណបក្សប្រជាជនកម្ពុជាកាន់អំណាច និងគណបក្សសង្គ្រោះជាតិ បានមកធ្វើការរួមគ្នាក្នុងសភាជាតិមក មាន”ពន្លឺនៃក្តីសង្ឃឹមថា ការបោះឆ្នោតនៅពេលអនាគតអាចេសរីនិងយុត្តិធម៌ត្រឹមត្រូវជាងពេលកន្លងមក”។
ប៉ុន្តែប្រេសិតរូបនេះបានព្រមានថា ក្នុងពេលដែលប្រទេសកម្ពុជាស្ថិតក្នុងស្ថានភាពនៃការផ្លាស់ប្តូរនយោបាយនោះ ស្ថានការណ៍សិទ្ធិមនុស្សនៅអន់ថយនៅឡើយ។
“បរិយាកាសនយោបាយអាចផ្លាស់ប្តូរនៅកម្ពុជា ប៉ុន្តែមូលដ្ឋានសំខាន់ៗនៃអភិបាលកិច្ចនិងការការពារសិទ្ធិមនុស្ស នៅមិនទាន់ផ្លាស់ប្តូរទេ”។
ថ្លែងបន្ទាប់ពីលោក ស៊ូបេឌី កាលពីម្សិលមិញ ឯកអគ្គរាជទូតកម្ពុជាប្រចាំអង្គការសហប្រជាជាតិ លោក ណី សំអុល បានមានប្រសាសន៍ថា រដ្ឋាភិបាលកំពុងប្រឹងប្រែងជាខ្លាំងក្នុងការកែទម្រង់ការបោះឆ្នោត តុលាការ និងសភា ហើយថា ការចរចាដើម្បីបង្កើតស្ថាប័នសិទ្ធិមនុស្សឯករាជ្យកំពុងបន្តធ្វើ។
លោក សំអុល បានកត់សម្គាល់ថា គម្រោងផ្តល់កម្មសិទ្ធិដីធ្លីប្រកបដោយមហិច្ឆតារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានចាប់ផ្តើមធ្វើកាលពីខែមិថុនាឆ្នាំ២០១២ បានចេញប័ណ្ណកម្មសិទ្ធិប្រហែល៣,៥លាន។ លោកឯកអគ្គរាជទូតក៏បានថ្លែងអំណរគុណលោក ស៊ូបេឌី ផងដែរ។
លោក សំអុល បានមានប្រសាសន៍ថា “រាជរដ្ឋាភិបាលសូមថ្លែងអំណរគុណអ្នកធ្វើរបាយការណ៍ពិសេសជាថ្មីម្តងទៀត ចំពោះកិច្ចការដ៏លំបាកនិងប្រកបដោយសមត្ថភាព និងធានានឹងលោកថា យើងសង្ឃឹមបន្តចូលរួមប្រកបដោយការស្ថាបនាជាមួយលោកដោយរីករាយ”។
“យើងក៏រីករាយជាមួយនឹងការវាយតម្លៃជារួមរបស់អ្នកធ្វើរបាយការណ៍ពិសេស ដែលថាជាទូទៅស្ថានភាពសិទ្ធិមនុស្សនៅប្រទេសកម្ពុជាកំពុងឆ្ពោះទៅរកផ្លូវត្រឹមត្រូវ”៕មានិត