មួយថ្ងៃមុនថ្ងៃចុះហត្ថលេខាលើកកិច្ចព្រមព្រៀងដ៏ចម្រូងចម្រាសមួយរវាងរដ្ឋាភិបាលក្រុងភ្នំពេញ និងរដ្ឋាភិបាលក្រុងកង់បេរ៉ា ដែលនឹងបង្ហាញឲ្យឃើញពីប្រទេសកម្ពុជាតាំងទីនៅលំថ្មីសម្រាប់ជនភៀសខ្លួន ដែលប្រទេសអូស្ត្រាលីកំពុងឃុំខ្លួនទុកក្នុងដែនកោះមួយនោះ កាលពីម្សិលមិញ លោក ស្កត់ ម៉ូរីសុន (Scott Morrison) រដ្ឋមន្ត្រីក្រសួងអន្តោប្រវេសន៍អូស្ត្រាលីបានការពារកិច្ចព្រមព្រៀងនេះដែលកំពង់រងការរិះគន់កាន់តែច្រើនពីអន្តរជាតិ។
លោក ម៉ូរីសុន នឹងមកដល់រាជធានីភ្នំពេញនៅថ្ងៃនេះដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ពោលគឺប្រមាណប្រាំពីរខែបន្ទាប់ពីប្រទេសទាំងពីរបានចាប់ផ្តើមការចរចាគ្នា។
ចាប់តាំងពីព័ត៌មាននៃផែនការនេះបានលេចធ្លាយកាលពីខែកុម្ភៈមក អង្គការសិទ្ធិមនុស្ស និងសមាជិកសភាមកពីគណបក្សប្រឆាំងនៅក្នុងប្រទេសទាំងពីរបានចោទប្រកាន់ប្រទេសអូស្ត្រាលីថា បានគេចវេះពីកាតព្វកិច្ចទទួលខុសត្រូវជនភៀសខ្លួនរបស់ខ្លួន ដោយព្យាយាមបញ្ជូនពួកគេទៅកាន់ប្រទេសមួយក្នុងចំណោមប្រទេសក្រីក្របំផុត និងពុករលួយបំផុតក្នុងពិភពលោក។
នៅក្នុងសន្និសីទកាសែតមួយក្នុងទីក្រុងកង់បេរា៉ កាលពីម្សិលមិញ លោក ម៉ូរីសុន បានលើកឡើងបន្តថា កិច្ចព្រមព្រៀងនេះនឹងអនុវត្តតែទៅលើជនភៀសខ្លួនទាំងឡាយណាដែលស្ម័គ្រចិត្តមកតាំងទីលំនៅថ្មីនៅក្នុងប្រទេសកម្ពុជាតែប៉ុណ្ណោះ។
លោកបានមានប្រសាសន៍ថា “គ្មានអ្វីត្រូវភ្ញាក់ផ្អើលទេ។ ការរៀបចំ គឺអាស្រ័យលើការស្ម័គ្រចិត្ត។ នរណាម្នាក់ដែលសម្រេចចិត្តមកប្រទេសកម្ពុជាគឺជាការជ្រើសរើសដោយខ្លួនឯង”។ នេះបើយោងតាមប្រតិចារឹកដែលបង្ហោះនៅលើគេហទំព័រផ្លូវការរបស់រដ្ឋាភិបាលអូស្ត្រាលីរូបនេះ។
លោក ម៉ូរីសុន បានឲ្យដឹងថា ជនភៀសខ្លួនទាំងឡាយណាដែលស្ម័គ្រចិត្តនឹងត្រូវផ្ដល់ឲ្យនូវជំនួយទាំងអស់ដែលពួកគេត្រូវការ ដើម្បីអាចរស់បានដោយខ្លួនឯង ហើយលោកបានការពារប្រវត្តិរបស់ប្រទេសលោកពាក់ព័ន្ធនឹងការតាំងទីលំនៅថ្មីសម្រាប់ជនភៀសខ្លួន។
លោកបានមានប្រសាសន៍ថា “គេនឹងផ្តល់ការគាំទ្រតាមតម្រូវការរបស់ជនភៀសខ្លួនទាំងនោះជាផ្នែកនៃវិធានការមួយចំនួន ដែលនឹងដោះស្រាយចំពោះការតាំងទីលំនៅថ្មីរបស់ពួក គេ និងដែលត្រូវបានបង្កើតឡើងដើម្បីធ្វើឲ្យពួកគេអាចរស់បានដោយខ្លួនឯងឲ្យបានកាន់តែឆាប់តាមដែលអាចធ្វើទៅបាន។ ពួកគេនឹងទទួលបានសិទ្ធិដូចគ្នាទាំងអស់ក្រោមច្បាប់នៅក្នុងប្រទេសកម្ពុជា និងច្បាប់ទាំងឡាយណាដែលមាននៅក្នុងសន្និសញ្ញាជនភៀសខ្លួន។ គ្មានការលាក់បាំងចំពោះអ្វីដែលត្រូវបានពិភាក្សាគ្នានៅទីនេះឡើយ។ នេះនឹងជាទំនាក់ទំនងដែលកំពុងបន្ត និងកំពុងអភិវឌ្ឍ”។
លោកបានមានប្រសាសន៍បន្តទៀតថា “ប្រទេសអូស្ត្រាលី គឺជាប្រទេសមួយដែលមានប្រវត្តិល្អបំផុតក្នុងពិភពលោកពាក់ព័ន្ធនឹងការតាំងទីលំនៅថ្មីសម្រាប់ជនភៀសខ្លួនមកពីប្រទេសណាមួយ ដោយធ្វើការជាមួយប្រទេសម្ចាស់ហត្ថលេខីដែលទទួលស្គាល់ជនភៀសខ្លួនមួយផ្សេងទៀតនៅក្នុងតំបន់របស់យើង ដើម្បីជួយពួកគេអភិវឌ្ឍសមត្ថភាពរបស់ខ្លួនក្នុងការតាំងទីលំនៅថ្មីសម្រាប់ជនភៀសខ្លួន”។
ប៉ុន្តែ រដ្ឋមន្ត្រីរូបនេះបានបដិសេធម្តងទៀតមិនបង្ហាញនូវព័ត៌មានលម្អិតណាមួយអំពីកិច្ចព្រមព្រៀងនេះ ដែលនៅតែមានភាពអាថ៌កំបាំងនោះឡើយ។
សេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ ដែលគេមិនបញ្ជាក់មួយចំនួនបានអះអាងថា ប្រទេសកម្ពុជានឹងទទួលយកជនភៀសខ្លួនប្រមាណ១.០០០នាក់ដែលកំពុងត្រូវបានឃុំខ្លួននៅប្រទេសណូរូ ជាប្រទេសដែនកោះស្ថិតនៅភាគខាងត្បូងនៃសមុទ្រប៉ាសីុហ្វិក ជាថ្នូរនឹងប្រាក់ចំនួន៤០លានដុល្លារ។
ថ្លែងនៅក្រៅកិច្ចប្រជុំដែលស្តីពីបញ្ហាមិនពាក់ព័ន្ធមួយក្នុងរាជធានីភ្នំពេញកាលពីម្សិលមិញ លោក ស ខេង បានប្រាប់អ្នកយកព័ត៌មានថា ជំហានដំបូងនៃកិច្ចព្រមព្រៀងនេះនឹងមានមនុស្សពាក់ព័ន្ធមិនលើសពីប្រាំនាក់ឡើយ។
លោកបានមានប្រសាសន៍ដោយបដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែមថា “យើងនឹងមានគម្រោងសាកល្បងមួយជាមួយនឹងមនុស្សតែបួនទៅប្រាំនាក់ ឬពីរទៅបីនាក់ប៉ុណ្ណោះ”។
ខណៈនៅតែមានភាពអាថ៌កំបាំងនោះ អង្គការសិទ្ធិមនុស្សអន្តរជាតិកាលពីម្សិលមិញ បានបន្តរិះគន់ផែនការនេះបន្តទៀតដោយលើកឡើងថា វាមិនត្រឹមត្រូវតាមច្បាប់ឡើយ។
លោក អាឡាស្ទែរ នីកូសុន (Alastair Nicholson) អតីតប្រធានតុលាការយុត្តិធម៌គ្រួសារ(Justiceof Family Court) នៅក្នុងប្រទេសអូស្ត្រាលីបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញដោយអង្គការ UNICEF អូស្ត្រាលី អង្គការ Savethe Children អង្គការលើកលែងទោសអន្តរជាតិ (Amnesty International)និងអង្គការផ្សេងៗទៀតថា “កិច្ចព្រមព្រៀងនេះមិនត្រឹមត្រូវ ខុសសីលធម៌ ហើយទំនងជាមិនស្របច្បាប់ឡើយ”។
លោកបានលើកឡើងថា “វាមិនត្រឹមត្រូវ ព្រោះនៅក្នុងបញ្ហាសង្គមរបស់ខ្លួន ប្រទេសកម្ពុជាគ្មានសមត្ថភាពដើម្បីទទួលយកជនភៀសខ្លួនក្នុងចំនួនច្រើនបែបនេះទេ វាខុសសីលធម៌ ព្រោះជនងាយរងគ្រោះទាំងនេះ គឺស្ថិតក្នុងការទទួលខុសត្រូវរបស់ប្រទេសអូស្ត្រាលី ហើយខណៈដែលយើងកំពុងរង់ចាំព័ត៌មានលម្អិតវាហាក់បីដូចជាខុសច្បាប់ ព្រោះវាជាការបំពានលើកាតព្វកិច្ចមនុស្សធម៌ និងជនភៀសខ្លួនរបស់អូស្ត្រាលី ចំពោះកុមារងាយទទួលរងគ្រោះ និងក្រុមគ្រួសាររបស់ពួកគេ”។
ដោយផ្តោតលើអត្រាកង្វះអាហារូបត្ថម្ភកុមារដែលមានកម្រិតខ្ពស់ និងការចុះឈ្មោះចូលរៀនក្នុងអនុវិទ្យាល័យមានកម្រិតទាបរបស់ប្រទេសកម្ពុជានោះ លោក នីកូសុន បានចាត់ទុកកិច្ចព្រមព្រៀងនេះថា “គ្មាននិរន្តរភាពទាំងស្រុង”។
លោកបានប្រសាសន៍ថា “នៅពេលយើងជ្រើសរើសដាក់ក្មេងភៀសខ្លួននៅក្រោមការមើលថែរបស់ប្រទេសមួយដែលពឹងផ្អែកតែទៅលើសហគមន៍ផ្ដល់ជំនួយអន្តរជាតិសម្រាប់ផ្គត់ផ្គង់ដល់ក្មេងនៅក្នុងប្រទេសរបស់ខ្លួននោះ គឺមានន័យយ៉ាងច្បាស់ថា យើងជ្រើសរើសដាក់ក្មេងជនភៀសខ្លួន និងគ្រួសាររបស់ពួកគេឲ្យស្ថិតនៅក្រោមហានិភ័យដ៏ធ្ងន់ធ្ងរ”។ ប្រហែលមួយភាគបីនៃថវិការបស់ប្រទេសកម្ពុជាគឺបានមកពីម្ចាស់ជំនួយអន្តរជាតិ។
នៅក្នុងសេចក្តីថ្លែងការផ្ទាល់ខ្លួនមួយកាលពីម្សិលមិញ អង្គការឃ្លាំមើលសិទ្ធិមនុស្សបានលើកឡើងថា កិច្ចព្រមព្រៀងថ្មីរបស់ប្រទេសអូស្ត្រាលី ជាមួយប្រទេសកម្ពុជា នឹងរំលោភលើកិច្ចព្រមព្រៀងដែលមានស្រាប់ជាមួយប្រទេសណូរូ ដែលតម្រូវឲ្យប្រទេសអូស្ត្រាលីជួយផ្តល់ទីលំនៅថ្មីសម្រាប់ជនភៀសខ្លួន “នៅក្នុងប្រទេសទី៣ដែលមានសុវត្ថិភាព”។
អង្គការនេះបានលើកឡើងថា ប្រទេសកម្ពុជាមិនមែនជាប្រទេសទី៣ ដែលមានសុវត្ថិភាពឡើយ។
សេចក្តីថ្លែងការណ៍របស់អង្គការសិទ្ធិមនុស្សនេះមានខ្លឹមសារថា “រដ្ឋាភិបាលរបស់លោក ហ៊ុន សែន បានរឹតបន្តឹងយ៉ាងខ្លាំងលើសិទ្ធិសេរីភាពនៃការបញ្ចេញមតិ និងការជួបជុំគ្នា ហើយកងសន្តិសុខរបស់រដ្ឋតែងតែមានទម្លាប់ប្រព្រឹត្តិអំពើមនុស្សឃាត ការធ្វើទារុណកម្ម និងការរំលោភបំពានផ្សេងៗទៀតដោយមិនដែលត្រូវបានចាប់មកផ្តន្ទាទោសឡើយ។អ្នកទាំងឡាយណា ដែលរស់នៅក្នុងភាពលំបាក រួមមានជនភៀសខ្លួន និងអ្នកស្វែងរកសិទ្ធិជ្រកកោន ដែលគ្មានការងារធ្វើ មិនចេះភាសាខ្មែរ និងគ្មានទំនាក់ទំនងសង្គម គឺប្រឈមនឹងហានិភ័យខ្ពស់”។
សេចក្តីថ្លែងការណ៍នេះបានលើកឡើងបន្តថា មានអ្នកស្វែងរកសិទ្ធិជ្រកកោនចំនួន១.២៣៣នាក់ កំពុងត្រូវបានឃុំខ្លួននៅមណ្ឌលឃុំឃាំងមួយចំនួនក្នុងប្រទេសណូរូ គិតត្រឹមថ្ងៃទី៣១ ខែសីហា ហើយមកទល់នឹងពេលនេះប្រទេសណូរូទទួលស្គាល់ជនភៀសខ្លួនត្រឹមតែចំនួន២០៦នាក់ប៉ុណ្ណោះជាជនភៀសខ្លួនស្របច្បាប់។
ប៉ុន្តែ នៅក្នុងសេចក្តីថ្លែងការណ៍មួយទៀតដែលចេញកាលពីម្សិលមិញ អង្គការលើកលែងទោសអន្តរជាតិបានគត់សម្គាល់ពីការរំលោភបំពានដែលកើតឡើងនៅក្នុងមណ្ឌលឃុំខ្លួនទាំងនោះ ដោយលើកឡើងថា ប្រទេសកម្ពុជានឹង “ចូលរួមពាក់ព័ន្ធ”ក្នុងការរំលោភបំពានសិទ្ធិមនុស្សដោយចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយប្រទេសអូស្ត្រាលី។
អង្គការលើកលែងទោសអន្តរជាតិក៏បានសង្កេតឃើញផងដែរថា ប្រទេសអូស្ត្រាលីបានថ្កោលទោសចំពោះរបាយការណ៍អំពីសិទ្ធិមនុស្សរបស់ប្រទេសកម្ពុជានៅការបើកសវនាការមួយរបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិមនុស្ស កាលពីខែមករា ពោលគឺនៅក្នុងខែតែមួយដែលកងរាជអាវុធហត្ថបានបាញ់សំដៅទៅលើក្រុមកម្មករកាត់ដេរគប់ដំុថ្មដែលកំពុងទាមទារដំឡើងប្រាក់ខែនៅក្នុងរាជធានីភ្នំពេញដោយបណ្តាលឲ្យមនុស្សយ៉ាងតិចប្រាំនាក់បាត់បង់ជីវិត និងរាប់សិបនាក់ទៀតរងរបួស។
ការប្រឆាំងចំពោះផែនការរបស់ប្រទេសកម្ពុជា ដែលនឹងទទួលយកជនភៀសខ្លួនទាំងនេះ ក៏បន្តកើនឡើងនៅក្នុងប្រទេសផងដែរ។
បណ្តាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គមបានលើកឡើងថា ខ្លួននឹងរៀបចំកិច្ចតវ៉ានៅព្រឹកនេះ នៅមុខរដ្ឋសភា ក្រសួងមហាផ្ទៃ និងស្ថានទូតអូស្ត្រាលីប្រចាំប្រទេសកម្ពុជា។
ព្រះតេជគុណ កែវ សុមា៉លី ជាព្រះសង្ឃមួយអង្គ និងជាសមាជិកនៃបណ្ដាញនេះបានមានសង្ឃដីកាថា “យើងនឹងតវ៉ាប្រឆាំងចំពោះការតាំងទីលំថ្មីនៅសម្រាប់ជនភៀសខ្លួននៅប្រទេសកម្ពុជា ព្រោះកម្ពុជា គឺជាប្រទេសក្រីក្របំផុត ហើយនៅមិនទាន់ស្វែងរកសន្តិភាពជូនពលរដ្ឋរបស់ខ្លួនដែលទទួលរងទុក្ខលំបាកដោយសារការចាប់យកដីនៅឡើយ ហើយប្រទេសកម្ពុជា តែងតែទទួលជំនួយពីបរទេស។ ហេតុដូច្នេះ តើរដ្ឋាភិបាលអាចទទួលយកជនភៀសខ្លួនចំនួន១.០០០នាក់នេះបានតាមរៀបណា?”។
ព្រះតេជគុណ កែវ សុមា៉លី មានសង្ឃដីកាទៀតថា ព្រះសង្ឃក៏ព្រួយបារម្ភផងដែរថា ជនភៀសខ្លួនទាំងនេះអាចជាអ្នកបង្កបញ្ហាបន្ថែមទៀត។
ព្រះតេជគុណមានសង្ឃដីកាបន្ថែមថា “អាត្មាគិតថា វានឹងមានផលអាក្រក់សម្រាប់ពលរដ្ឋខ្មែរ ព្រោះយើងមិនដឹងថា ពួកគេជានរណានោះឡើយ។ ប្រសិនបើពួកគេជាមនុស្សល្អ ហេតុអ្វីបានជាប្រទេសអូស្ត្រាលីចង់បញ្ជូនពួកគេមកកម្ពុជា?”។
លោក ដេនីស ខហ្វលេន (Denise Coghlan) ដែលដំណើរការអង្គការយេស៊ូផ្តល់សេវាកម្មសម្រាប់ជនភៀសខ្លួន (Jesuit Refugee Service) នៅរាជធានីភ្នំពេញ និងដែលប្រឆាំងនឹងកិច្ចព្រមព្រៀងនេះដែរនោះ បានព្រមានថា ការបន្ថែមក្រុមជនបរទេសថ្មីមកក្នុងប្រទេសដែលកំពុងជួបការលំបាកស្រាប់ អាចបង្កឲ្យមានអសន្តិសុខសង្គម។ កម្ពុជា និងអូស្ត្រាលីគ្រោងនឹងចុះកិច្ចព្រមព្រៀងនេះនៅក្រសួងមហាផ្ទៃនៅវេលាម៉ោង៣រសៀល៕ស៊ុយឈាង