29 C
Phnom Penh

អ្នក​តវ៉ា​ចង់​ឲ្យ​លើកលែង​ការ​ចោទ​ប្រកាន់​លើ​អតីត​ព្រះ​សង្ឃ​ដែល​ប្រព្រឹត្ត​មិន​គប្បី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ព្រះសង្ឃ ដូនជី​និង​ឧបាសក​ ឧបាសិកា​ជិត​១០០អង្គ-នាក់​​បាន​ធ្វើការ​តវ៉ា​នៅ​វត្ត​មួយ​ក្នុង​ក្រុង​សៀម​រាប​កាល​ពី​ថ្ងៃពុធ​ប្រឆាំង​ការ​ចាប់​ខ្លួន​អតីត​ព្រះសង្ឃ​ពីរ​អង្គ​កាល​ពី​សប្តាហ៍​មុន​ជុំ​វិញ​អាកប្បកិរិយា​មិន​គប្បី​របស់​ពួកគេ​ ដោយ​ជំរុញ​ឲ្យ​អាជ្ញាធរ​លើក​លែង​ការ​ចោទ​ប្រកាន់​ដល់​អ្នក​ទាំង​ពីរ​ដើម្បី​ឲ្យ​ពួកគេ​​អាច​ប្រឈម​មុខ​នឹង​វិន័យ​ព្រះ​ពុទ្ធ​សាសានា​វិញ។

កាលពី​ថ្ងៃទី​១៨ ខែ​កញ្ញា នគរបាល​បាន​ឆ្មក់​ចូល​កុដិ​ព្រះតេជគុណ ពេជ្រ ដាវីដ ព្រះ​ជន្ម​៣៦វស្សា​នៅ​វត្ត​ពោធិ​លង្កា​ស្ថិត​ក្នុង​សង្កាត់​ស្លក្រាម ក្រុង​សៀម​រាប បន្ទាប់ពី​ទទួល​បាន​ដំណឹង​ដែល​អាច​ឲ្យ​ពួកគេ​ឈាន​ទៅ​រក​ឃើញ​ព្រះ​សង្ឃ ក្មេងវត្ត​ និង​ស្ត្រី កំពុង​ផឹក​ស៊ី និង​ប្រើ​ប្រាស់​ថ្នាំញៀនរួមមាន​​ភ័ស្តុ​តាង​ពី​សកម្ម​ភាព​ផ្លូវ​ភេទទៀត។

ព្រះតេជគុណ ដាវីដ និង​ ចាន់ ប៊ុនណា ព្រះ​ជន្ម១៩វស្សា​ជា​អតីតព្រះសង្ឃដែរត្រូវ​បាន​ចាប់ខ្លួន ហើយ​ក្រោយ​មក​ត្រូវ​បាន​ផ្សឹក។ សាលា​ដំបូង​ខេត្ត​សៀម​រាប​បាន​ចោទ​ប្រកាន់​ ប៊ុនណា ពី​បទ​ប្រើ​ប្រាស់​ថ្នាំញៀន និង​ ដាវីដ ពី​បទ​ប្រើ​អំពើ​ហិង្សា​លើ​នគរបាល។

លោក ចៅ លក្ខណ៍វណ្ណា អ្នក​ឃ្លាំមើល​នៅ​អង្គការ​សិទ្ធិមនុស្ស​លីកាដូប្រចាំ​ខេត្ត​នេះ​បាន​មាន​ប្រសាសន៍​ថា កាលពី​ថ្ងៃពុធ មន្ត្រី​ខេត្ត​​និង​ព្រះ​ចៅ​អធិការ​វត្ត​ពោធិ​លង្កា​បាន​សម្រប​សម្រួល​កិច្ច​ប្រជុំ​ជា​សាធារណៈមួយ​នៅ​វត្ត​នេះ​បន្ទាប់ពី​មនុស្ស​ជិត​១០០នាក់​បាន​ធ្វើ​ការ​តវ៉ា​ទាម​ទារ​ឲ្យ​ដោះលែង​ព្រះសង្ឃ​ដែល​មិន​គោរព​វិន័យ​នេះ។

លោក​បាន​មាន​ប្រសាសន៍ថា “ព្រះ​សង្ឃមួយ​ចំនួន​បាន​ស្នើ​ឲ្យ​ដោះលែង​អតីត​ព្រះ​សង្ឃ​ទាំង​ពីរ​នាក់​នេះ​ដែល​ត្រូវ​បាន​ផ្សឹក ពីព្រោះ​ពួកគាត់​គ្រាន់តែ​រំលោភ​វិន័យ​ព្រះសង្ឃ​តែ​ប៉ុណ្ណោះ”។

លោក លក្ខណ៍​វណ្ណា បាន​មាន​ប្រសាសន៍​ថា នៅ​ពេល​បញ្ចប់​កិច្ច​ប្រជុំ​កាលពី​ថ្ងៃពុធ លោក ម៉ៅ វុទ្ធី អភិបាល​រង​ខេត្ត​ និង​លោក សត ណាឌី ស្នងការ​នគរ​បាល​ខេត្ត​​បាន​យល់​ស្រប​មិន​ធ្វើ​អន្តរាគមន៍​តាម​សំណើ​របស់​ព្រះសង្ឃ​ដែលធ្វើការ​តវ៉ានោះ​ឡើយ។

លោក​បាន​មាន​ប្រសាសន៍​ថា “ពួកគេ​បាន​ទូល​ព្រះសង្ឃទាំង​អស់​ថា អ្វីដែល​ព្រះ​សង្ឃ​អាច​ធ្វើ​នោះ​គឺ​ត្រូវ​រក​មេធាវី​សម្រាប់​អតីត​ព្រះ​សង្ឃ​ទាំង​នេះ ហើយ​ព្យាយាម​ដើម្បី​ឲ្យ​ពួកគេ​បាន​នៅ​ក្រៅ​ឃុំ​” ពីព្រោះ​សំណុំរឿង​ស្ថិត​ក្នុង​ដៃ​តុលាការ​ទៅហើយ​ក្នុង​ពេល​ឥឡូវ​នេះ។

លោក អុ៊ំ អមរា ស្នងការ​រង​នគរបាល​ខេត្ត​​ដែល​ក៏បាន​ចូលរួម​កិច្ច​ប្រជុំ​នោះដែរ​​បាន​មាន​ប្រសាសន៍ថា នគរបាល​នឹង​មិន​ព្យាយាម​បង្វែរ​សេចក្តីសម្រេច​របស់​តុលាការ​ឡើយ។

លោក​បានមាន​ប្រសាសន៍​ថា “យើង​អាច​ជួយ​ស្នើឲ្យ​តុលាការ​[ដោះលែង​ពួកគេ​នៅ​ក្រៅ​ឃុំ​] តែ​ប៉ណ្ណោះ ប៉ុន្តែ​សេចក្តី​សម្រេច​ស្ថិត​នៅលើ​ចៅក្រម​ទេ”។

ព្រះ​តេជគុណ សាន វ៉ាន ព្រះជន្ម៣៤ព្រះ​វស្សា​គង់នៅ​វត្ត​ពោធិលង្កានេះ​បាន​មាន​សង្ឃ​ដីកាថា ដាវីដ និង​ ប៊ុនណា គួរ​ត្រូវ​ដាក់​ទណ្ឌកម្ម​តាម​វិន័យ​ព្រះ​ពុទ្ធ​សាសនា​ ពីព្រោះពួកគេ​មិន​បាន​រំលោភ​ច្បាប់ឡើយ។

ព្រះ​អង្គ​បាន​មាន​សង្ឃដីកាថា “ប្រសិន​បើ​​កំហុសរបស់ពួកគេគ្រាន់​តែ​បំពាននឹង​វិន័យ​នោះ មិន​គួរ​ចាប់ពួកគេ​ដាក់ពន្ធនាគារ​​ដូច​នេះឡើយ”។

អំឡុង​សុន្ទរកថាក្នុង​ពិធី​ប្រគល់​សញ្ញា​បត្រដល់​និស្សិត​សាកល​វិទ្យាល័យ​ចំរើន​ពហុ​បច្ចេកវិទ្យា​នៅ​កោះ​ពេជ្រ​ក្នុង​រាជធានី​ភ្នំពេញ​កាលពី​ម្សិលមិញ លោក​នាយក​រដ្ឋមន្ត្រី​ ហុ៊ុន សែន បាន​និយាយ​ពី​ភាព​វឹកវរ​នៅ​វត្ត​ពោធិ​លង្កា​នេះ។

លោក​បាន​មាន​ប្រសាសន៍ថា “ប្រសិន​បើ [ព្រះសង្ឃ] ប្រព្រឹត្ត​បែបនេះ សូម​ប្រយ័ត្នប្រយែង​ ពីព្រោះ​ប្រជា​ពល​រដ្ឋនឹង​ចាប់​ផ្តើម​ជឿលើ​សាសនា​ឥស្លាម​ ឬ​គ្រិស្តសាសនា​វិញក៏ថាបាន​”៕សារុន

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស