32 C
Phnom Penh

អ្នក​នាំ​ពាក្យ​រដ្ឋ​សភា​និយាយ​ការ​ពារ​ច្បាប់​ថ្មី​ដ៏​ចម្រូង​ចម្រាស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ម្សិល​មិញ លោក ឈាង​ វុន អ្នកនាំពាក្យ​រដ្ឋសភា​បាន​និយាយ​ការ​ពារ​សារាចរ​ដ៏ចម្រូងចម្រាស​របស់​រដ្ឋាភិបាល​ដែល​បាន​ប្រកាស​ជា​សាធារណៈ​កាលពី​សប្តាហ៍​មុន​ដែល​ផ្តល់​សិទ្ធិទាំង​ស្រុង​ដល់​លោក ហេង​ សំរិន​ ប្រធាន​រដ្ឋសភា​ក្នុង​ការ​សម្រេច​ថា នរណា​អាច​ចូល​បរិវេណ​សភា​បាន​ និង​រារាំង​ពល​រដ្ឋ​ឯក​ជន​មិន​ឲ្យ​ចូលរួម​ក្នុង​កិច្ច​​ប្រជុំ​របស់​គណៈកម្មការ​សភា។

ថ្លែង​នៅ​សន្និសីទ​កាសែត​នៅ​រដ្ឋ​សភា លោក ឈាង​ វុន សមាជិក​សភា​ជាន់​ខ្ពស់​គណបក្ស​ប្រជា​ជន​កម្ពុជា​​បាន​មានប្រសាសន៍ថា ក្នុង​នាម​ជា​ប្រធាន​រដ្ឋ​សភា វា​ជា​សមត្ថកិច្ច​របស់​សម្តេច​ ហេង​ សំរិន ក្នុងការ​ចេញ​សារាចរ​ដែល​បានចុះ​ហត្ថលេខា និង​ចុះ​ថ្ងៃទី​១២ ខែធ្នូ ដោយ​មិន​ចាំបាច​់​ពិគ្រោះ​យោបល់​ជាមួយ​សមាជិក​សភា​ដទៃ​ឡើយ។

លោក​បានមាន​​ប្រសាសន៍ថា “​ដូច​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ…សម្តេច​ប្រធាន [ហេង​ សំរិន]​ មាន​សិទ្ធិ​ចេញ​សារាចរ​ដោយ​ផ្ទាល់​។ វា​ជា​តួនាទី​របស់​លោក​ក្នុង​ការ​រក្សា​សណ្តាប់​ធ្នាប់​នៅក្នុង​សភា”។

ក្រុម​សមាជិក​គណបក្ស​ប្រឆាំង​បាន​លើក​ឡើង​ថា សារាចរ​ថ្មីនេះ​អាច​រារាំង​ផែនការ​របស់​ខ្លួន​មិន​ឲ្យ​កោះ​ហៅ​រដ្ឋមន្ត្រី​ក្នុង​ជួរ​រដ្ឋាភិបាល​និង​អ្នក​ជំនាញ​មក​ពី​អង្គការ​មិនមែន​រដ្ឋាភិបាល​មក​សាកសួរ​។ ពួកគេ​លើកឡើង​ថា វា​ផ្ទុយ​នឹង​ស្មារតី​នៃ​កិច្ច​ព្រមព្រៀង​ថ្ងៃ​ទី​២២ ខែ​កក្កដា​រវាង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​បាន​បញ្ចប់​ការ​ធ្វើ​ពហិការ​មិន​ចូល​សភា។

កាលពី​ម្សិលមិញ លោក​ ឈាង​ វុន បាន​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ។លោក​បាន​មាន​ប្រសាសន៍​ថា “តើ​នេះ​វា​ប៉ះពាល់​ដល់​ស្មារតី​នៃ​កិច្ច​ព្រមព្រៀង​យ៉ាង​ម៉េចទៅ?”។ បទ​បញ្ជាផ្ទៃ​ក្នុង​ចែង​ថា​ អាហ្នឹង​គឺ​វាអ៊ីចឹង​ ដូច្នេះ​តើ​យើង​អាច​ធ្វើ​អ្វីបាន?”។

នៅពេល​ត្រូវ​បាន​ទាក់​ទង​តាម​ទូរស័ព្ទ លោក យ៉ែម បុញ្ញឫទ្ធិ សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ជា​ប្រធាន​គណៈកម្មការ​អប់រំ​នៃ​រដ្ឋ​សភា​ដែល​ទើប​ជាប់​ឆ្នោត​ថ្មី​បាន​មាន​ប្រសាសន៍ថា សារាចរ​នេះ​មិនអាច​ទទួលយក​បាន​ឡើយ។

លោក​ បុញ្ញឫទ្ធិ បាន​មាន​ប្រសាសន៍​ថា “គ្មាន​ច្បាប់​ណា​ហាម​ឃាត់​​ពួក​យើង​មិន​ឲ្យ​ពិនិត្យ​មើល​សារាចរ​នេះ​ឡើយ។ យើង​ចង់​ឲ្យ​មាន​អំណាច​ទូលំទូលាយ​សម្រាប់​សមាជិក​សភា គណបក្ស​សង្គ្រោះ​ជាតិ…​ក្នុង​ការ​ធ្វើការ​នៅ​រដ្ឋសភា”។

លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​​គណៈកម្មាធិការ​ខុមហ្វ្រែលជា​អង្គការ​ឃ្លាំមើល​ការ​បោះ​ឆ្នោត​បាន​មាន​ប្រសាសន៍​ថា លោក ហេង សំរិន​ គ្មាន​សិទ្ធិ​ចេញ​សារាចរ​​មុន​ពេលត្រូវ​បាន​​អនុម័ត​ដោយ​សភា​ឡើយ ហើយ​ថា រដ្ឋធម្មនុញ្ញ​មិន​បាន​ផ្តល់​សិទ្ធិ​ដល់​លោក​ក្នុងការ​សម្រេច​ថា នរណា​អាច​ចូល​ក្នុង​បរិវេណ​​សភា​ឡើយ។

លោក​បាន​មាន​ប្រសាសន៍​ថា “គ្មាន​អ្វី​នៅ​ក្នុង​រដ្ឋ​ធម្ម​នុញ្ញដែល​អនុញ្ញាត​ឲ្យ​ប្រធាន​សភា​ចេញ​សារាចរ​បែប​នេះ​ឡើយ។ តើ​គាត់​ពឹង​ផ្អែក​ទៅ​លើ​អំណាច​អ្វី? តួនាទី​របស់​គាត់​គឺ​ដើម្បី​សម្រប​សម្រួល​កិច្ច​ប្រជុំ​តែ​ប៉ុណ្ណោះ។ គាត់​មិន​មែន​ជា​នាយក​ប្រតិបត្តិ​ ឬ​ប្រធាន​ក្រុម​ហ៊ុន​ឡើយ” ៕សារុន

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស