38 C
Phnom Penh

របាយការណ៍​​​​​​បង្ហាញ​​​ថា កម្ពុជា​​​បាត់​​​បង់​​​ចំណូល​​​ពន្ធ​​​១,២​​​លាន​​​ដុល្លារ​​​ពី​​​បារី​​​រត់​​​ពន្ធ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​​​តាម​​​របាយការណ៍​​​មួយ​​​ចេញ​​​ផ្សាយ​​​កាល​​​ពី​​​ដើម​​​ខែ​​​នេះ​​​បាន​​​ឲ្យ​​​ដឹង​​​ថា ​​​​​​បារី​​​ខុស​​​ច​​​្បាប់​​​តម្លៃ​​​រាប់​​​រយ​​​ដុល្លារ​​​​​​ ដែល​​​ត្រូវ​​​បាន​​​ប្រើ​​​ប្រាស់​​​នៅ​​​តំបន់​​​អាស៊ី​​​កាល​​​ពី​​​ឆ្នាំមុន គឺ​​​ផលិត​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា ដែល​​​​​បាន​​​បាត់​​​បង់​​​ប្រាក់​​​ចំណូល​​​ប្រមាណ​​​១,២​​​លាន​​​ដុល្លារ​​​ផង​​​ដែរ​​​​​​ពី​​​​​​បារី​​​រត់​​​​​​ពន្ធ​​​​​​ចូល​​​​​​​​​ក្នុង​​​ប្រទេស​​​នេះ​​​​​​អំឡុង​​​ពេល​​​នោះ។

របាយការណ៍​​​​​​នេះ​​​ត្រូវ​​​បាន​​​ចង​​​ក្រង​​​ដោយ​​​អង្គការ​​​មួយ​​​ដែល​​​​​​មានឈ្មោះ​​​ថា មជ្ឈមណ្ឌល​​​ពន្ធ​​​ និង​​​វិនិយោគ​​​អន្តរជាតិ (International Taxand Investment Center) និង​​​ Oxford Economics ហើយ​​​ផ្ដល់​​​​​​មូលនិធិ​​​ដោយ​​​ក្រុមហ៊ុន​​​ថ្នាំ​​ជក់​​​ដ៏​​​ធំ​​​ PhilipMorrisInternational ។ ពួក​​​គេ​​​បាន​​​ធ្វើ​​​ការ​​​សិក្សា​​​លើ​​​ប្រទេស​​​ចំនួន​​​១៤​​​នៅ​​​អាស៊ី ហើយ​​​បាន​​​រក​​​ឃើញ​​​ថា កម្ពុជា​​​ គឺ​​​ជា​​​ “ទីផ្សារ​​​ប្រភព​​​ដើម​​​ដ៏​​​ធំ​​​សម្រាប់​​​បារី​​​ខុស​​​ច្បាប់​​​” ដោយ​​​​​​ភាគច្រើន​​​នៃ​​​បារី​​​ខុស​​​ច្បាប់​​​ទាំង​​​នោះ​​​ត្រូវ​​​បាន​​​ផលិត​​​នៅ​​​ក្នុង​​​ប្រទេស​​​នេះ មុន​​​ពេល​​​រត់​​​ពន្ធ​​​ចូល​​​ទៅ​​​ក្នុង​​​ប្រទេស​​​វៀតណាម​​​ ​​​ប្រទេស​​​ថៃ និង​​​ប្រទេស​​​ផ្សេង​​​ៗ​​​ទៀត​​​។

របាយការណ៍​​​នេះ​​​លើកឡើង​​​ថា “​​​រំហូរ​​​ចេញ​​​ក្រៅ​​​នៃ​​​បារី​​​បង់​​​ពន្ធ​​​ក្នុង​​​ស្រុក​​​ទៅ​​​កាន់​​​ទី​​​ផ្សារ​​​ចំនួន​​​១៣​​​ផ្សេង​​​ទៀត​​​ គឺ​​​មាន​​​កម្រិត​​​ខ្ពស់​​​ខ្លាំង​​​ ខណៈ​​​ដែល​​​តម្លៃ​​​បារី​​​មួយ​​​កញ្ចប់​​​នៅ​​​តែ​​​ទាប​​​ខ្លាំង​​​បើ​​​ប្រៀបធៀប​​​ទៅ​​​នឹង​​​ទីផ្សារ​​​ជិត​​​ខាង​​​”។

វា​​​បាន​​​​​​រក​​​ឃើញ​​​ថា ក្នុង​​​ចំណោម​​​បារី​​​ខុស​​​ច្បាប់​​​​​​តម្លៃ​​​២១,៩ពាន់​​​លាន​​​ដុល្លារ​​​ ដែល​​​ត្រូវ​​​បាន​​​ប្រើ​​​ប្រាស់​​​នៅ​​​ក្នុង​​​ប្រទេស​​​វៀតណាម​​​កាល​​​ពី​​​ឆ្នាំ​​​មុន​​​ ២០៧​​​លាន​​​ដុល្លារ​​​មាន​​​ប្រភព​​​ចេញ​​​ពី​​​ប្រទេស​​​កម្ពុជា​​​។ ស្រដៀង​​​គ្នា​​​នេះ​​​ដែរ​​​ ៨៤​​​ដុល្លារ​​​ក្នុង​​​ចំណោម​​​បារី​​​ខុស​​​ច្បាប់​​​​​​តម្លៃ​​​សរុប ៩០០​​​លាន​​​ដុល្លារ ដែល​​​ត្រូវ​​​បាន​​​ប្រើ​​​ប្រាស់​​​នៅ​​​ក្នុង​​​ប្រទេស​​​ថៃ​​​កាល​​​ពី​​​ឆ្នាំ​​​២០១៣​​​ មាន​​​ប្រភព​​​ចេញ​​​ពី​​​ប្រទេស​​​កម្ពុជា​​​​​​។

របាយការណ៍​​​​​នេះ​​​ក៏​​​បាន​​​រក​​​ឃើញ​​​ដែរ​​​ថា ក្នុង​​​ចំណោម​​​ប្រទេស​​​ដែល​​​ត្រូវ​​​បាន​​​សិក្សា​​​ដូច​​​ជា​​​​​​ ប្រទេស​​​ចំនួន​​​១០​​​នៅ​​​អាស៊ី​​​អាគ្នេយ៍ ព្រម​​​ទាំង​​​ប្រទេស​​​អូស្ត្រាលី​​​ ប៉ាគីស្ថាន​​​ កោះ​​​តៃវ៉ាន់ និង​​​ក្រុង​​​ហុងកុង​​​ផង​​​ តម្លៃ​​​បារី​​​ជាមធ្យម​​​​​នៅ​​​កម្ពុជា​​​គឺ​​​ទាប​​​ជាងគេ​​​បំផុត ដោយ​​​ក្នុង​​​មួយ​​​កញ្ចប់​​​ដែល​​​មាន​​​២០ដើម ​​​មាន​​​តម្លៃ​​​ត្រឹម​​​តែ ០,៣០​​​ដុល្លារ​​​ប៉ុណ្ណោះ។​​​បារី​​​ដែល​​​ថោក​​​ជាង​​​គេ​​​បំផុត​​​​​​បន្ទាប់​​​ពី​​​បារី​​​នៅ​​​កម្ពុជា​​​ ​​​គឺ​​​នៅ​​​ក្នុង​​​ប្រទេស​​​ហ្វីលីពីន និង​​​ប្រទេស​​​ភូមា​​​ ដែល​​​មាន​​​តម្លៃ​​​ជាមធ្យម​​​០,៦០​​​ដុល្លារ​​​ក្នុង​​​មួយ​​​កញ្ចប់។

នៅ​​​ចុង​​​បញ្ចប់​​​​​​ របាយការណ៍​​​​​​​​​នេះ​​​ប៉ាន់​​​ប្រមាណ​​​ថា ប្រទេស​​​កម្ពុជា​​​បាន​​​បាត់​​​បង់​​​ចំណូល​​​ពន្ធ​​​១,២​​​លាន​​​ដុល្លារ​​​ពី​​​បារី​​​តម្លៃ​​​៤០០​​​លា​​​ន​​​ដុល្លារ ដែល​​​ត្រូវ​​​បាន​​​រត់​​​ពន្ធ​​​ចូល​​​ក្នុង​​​ប្រទេស​​​នេះ​​​ក្នុង​​​ឆ្នាំ​​​២០១៣​​​។ បារី​​​រត់ពន្ធ​​​នេះ​​​មាន​​​ចំនួន​​​ស្មើ​​​ជិត​​​​​​៥ភាគ​​​រយ​​​នៃ​​​បារី​​​សរុប​​​តម្លៃ​​​៨,២​​​ពាន់​​​លាន​​​ដុល្លារ​​​ដែល​​​ត្រូវ​​​បាន​​​ប្រើ​​​ប្រាស់​​​​​​កាល​​​ពី​​​​​​ឆ្នាំ​​​មុន​​​។

លោក​​​ ចូ អូលីវើ (Joe Oliver) អ្នក​​​នាំ​​​ពាក្យ​​​ក្រុមហ៊ុន Philip Morris ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បាន​​​លើក​​​ឡើង​​​តាម​​​អីុម៉េល​​​នៅ​​​សប្ដាហ៍​​​នេះ​​​ថា ខណៈ​​​ដែល​​​ក្រុមហ៊ុន​​​ថ្នាំ​​​ជក់​​​ធំៗ​​​មាន​​​ចំណាប់​​​អារម្មណ៍​​​ខ្លាំង​​​ក្នុង​​​ការទប់ស្កាត់​​​រំហូរ​​​បារី​​​ខុស​​​ច្បាប់​​​នៅ​​​ទូទាំង​​​ពិភព​​​លោក​​​ ពាណិជ្ជកម្ម​​​ថ្នាំ​​​ជក់​​​ខុស​​​ច្បាប់​​​បាន​​​ធ្វើ​​​ឲ្យ​​​ប៉ះពាល់​​​ដល់​​​អ្នក​​​​​​គ្រប់គ្នា​​​នៅ​​​ក្នុង​​​ខ្សែ​​​សង្វាក់​​​ផ្គត់ផ្គង់​​​។

លោក​​​បាន​​​មានប្រសាសន៍​​​ថា “វា​​​ធ្វើ​​​ឲ្យ​​​រដ្ឋាភិបាល​​​បាត់​​​​​​បង់​​​ចំណូល​​​ពន្ធ​​​រាប់​​​ពាន់​​​លាន​​​ដុល្លារ​​​ដែល​​​អាច​​​ទាញ​​​ចូល​​​មក​​​ក្នុង​​​សេដ្ឋ​​​កិច្ច​​​វិញ​​​បាន​​​។ វា​​​ធ្វើ​​​ឲ្យ​​​ប្រាក់​​​ធ្លាក់​​​ទៅ​​​លើ​​​កណ្ដាប់​​​ដៃ​​​ឧក្រិដ្ឋ​​​ជន​​​ដែល​​​មាន​​​ការ​​​​​​រៀប​​​ចំ​​​ទុក​​​។ ទន្ទឹម​​​នឹង​​​នេះ​​​ វា​​​ក៏​​​ធ្វើ​​​ឲ្យ​​​ប៉ះពាល់​​​ដល់​​​ជីវភាព​​​របស់​​​អ្នក​​​គ្រប់គ្នា ដែល​​​ពាក់​​​ព័ន្ធ​​​នឹង​​​ឧស្សាហកម្ម​​​​​​ថ្នាំ​​​ជក់​​​ផង​​​ដែរ​​​”។

កាល​​​ពី​​​ម្សិល​​​មិញ មន្ត្រី​​​នៅ​​​ក្រសួង​​​ពាណិជ្ជកម្ម​​​ និង​​​នាយកដ្ឋាន​​​នគរបាល​​​សេដ្ឋកិច្ច​​​នៃ​​​ក្រសួង​​​មហាផ្ទៃ​​​ បាន​​​បដិសេធ​​​មិន​​​ឆ្លើយ​​​បំភ្លឺ​​​ទេ​​​ជុំវិញ​​​បញ្ហា​​​នេះ​​​។​​​​​​

កាល​​​ពី​​​ឆ្នាំ​​​២០១២​​​ មន្ត្រី​​​អង្គការ​​​សុខភាព​​​ពិភព​​​លោក​​​បាន​​​ប្រាប់​​​តំណាង​​​ក្រសួង​​​ហិរញ្ញ​​វត្ថុ​​​ថា ប្រទេស​​​កម្ពុជា​​​បាន​​​យក​​​​​​ពន្ធ​​​លើ​​​ថ្នាំ​​​ជក់​​​ស្មើ​​​នឹង​​​៥,៣​​​ភាគរយ​​​នៃ​​​តម្លៃ​​​ប្រើ​​​ប្រាស់​​​ ជា​​​តម្លៃ​​​ទាប​​​បំផុត​​​នៅ​​​ក្នុង​​​ពិភព​​​លោក​​​ ដែល​​​ធ្វើ​​​ឲ្យ​​​បារី​​​មាន​​​តម្លៃ​​​ទាប​​​ជាង​​​១​​​ភាគ​​​១០ នៃ​​​តម្លៃ​​​បារី​​​នៅ​​​តំបន់​​​អឺរ៉ុប​​​។ អង្គការ​​​នេះ​​​ក៏​​​បាន​​​គូស​​​បញ្ជាក់​​​ដែរ​​​ថា បណ្ដា​​​ប្រទេស​​​ដែល​​​យក​​​ពន្ធ​​​ខ្ពស់​​​លើ​​​ថ្នាំ​​​ជក់​​​ មាន​​​កម្រិត​​​​​​រត់ពន្ធ​​​ទាប​​​៕សុខុម (រាយការណ៍​​​បន្ថែម ដោយ​​​ ឃី សុវុឌ្ឍី )​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស