29.3 C
Phnom Penh

នគរបាល​ចាប់​ជន​សង្ស័យ​ពីរ​នាក់​ក្នុង​ករណី​ដាក់​ថ្នាំ​ស្រវឹង​និង​រំលោភ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរបាល​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា ជន​សង្ស័យ​ពីរ​នាក់ត្រូវ​បាន​ចាប់​ខ្លួនពាក់ព័ន្ធ​ក្នុងករណីចាប់​ពង្រត់​និង​រំលោភ​ក្មេងស្រី​អាយុ១៤​ឆ្នាំ​ម្នាក់ ក្នុង​ក្រុង​ភ្នំពេញ​កាលពី​ថ្ងៃ​អង្គារ។​

ក្មេងស្រី​ជំទង់​រូបនេះ​និង តី យ៉ា អាយុ​២១​ឆ្នាំ បាន​ផឹក​តែគជ់​ជាមួយ​គ្នា​នៅ​ហាងកាហ្វេ​មួយ​នៅ​ទល់​មុខ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត ក្នុង​ខណ្ឌ​ចម្ការ​មន ​ពេលនោះ​ក្មេង​ស្រី​រូបនេះ​បាន​សន្លប់​លែង​ដឹង​ខ្លួន ហើយ​ត្រូវ​បានគេ​​ដឹក​ទៅ​ផ្ទះ​សំណាក់​សុខសាន្ត ក្នុង​ខណ្ឌ​ទួលគោក ដែល​គេ​សង្ស័យ​ថា​នាង​ត្រូវ​បាន​គេ​រំលោភ​នៅ​ទីនោះ​។

លោក ផន អូន នាយប៉ុស្តិ៍​សង្កាត់​ទំនប់​ទឹក ខណ្ឌ​ចម្ការមន បាន​មាន​ប្រសាសន៍​ថា កាលពី​យប់​ថ្ងៃ​ពុធ នគរបាល​បាន​ចាប់​ខ្លួន​និង​សួរ​ចម្លើយ​ឈ្មោះ យ៉ា​ ដែល​រស់​នៅ​ក្នុង​សង្កាត់​តែ​មួយ​ដូច​ជន​រងគ្រោះ​ដែរ និង ​ឡុង​ ធា អាយុ​៤៤​ឆ្នាំ ជា​អ្នក​រត់​ម៉ូតូ​ឌុប​ ដែល​បាន​ដឹក​ស្រ្តី​ទាំង​ពីរ​នាក់​ទៅ​ផ្ទះ​សំណាក់​នោះ​។

លោក​បាន​ឲ្យ​ដឹង​ថា “យើង​បាន​បញ្ជូន​ពួកគេ​ទៅអធិការដ្ឋាន​នគរបាល​ខណ្ឌ​រួច​ហើយ ហើយ​ពេលនេះ​យើង​កំពុង​រក​ចាប់​ជន​សង្ស័យ​សំខាន់”។

លោក ផន អូន បាន​មាន​ប្រសាសន៍​ថា នគរបាល​កំពុង​ធ្វើ​ការ​កំណត់​ថាតើ អ្នកស្រី យ៉ា និង លោក ធា បាន​រួមគំនិត​គ្នា​ជាមួយ​អ្នក​ចាប់​រំលោភ​ឬយ៉ាងណា។ អ្នកស្រី យ៉ា បាន​ប្រាប់​នគរបាលថា អ្នក​ចាប់​រំលោភ​បាន​បញ្ជា​អ្នកស្រី​ឲ្យ​ទៅ​បន្ទប់​ទឹក ពេល​ការ​ចាប់​រំលោភ​បាន​កើតឡើង និង​បាន​វាយ​អ្នកស្រី​ពេល​អ្នកស្រី​បាន​ព្យាយាម​រារាំង​ការ​រំលោភ​នោះ។

លោកនាយ​ប៉ុស្តិ៍ ផន អូន បាន​បន្ថែម​ថា អ្នកស្រី យ៉ា បាន​ដាក់​ពាក្យ​ប្តឹង​ផ្ទាល់​ខ្លួន​អំពី​ទាំង​ការ​រំលោភ​និង​ការ​វាយ ទៅ​ប៉ុស្តិ៍​នគរបាល​សង្កាត់​ទឹកល្អក់​៣​ក្នុង​ខណ្ឌ​៧មករា ដែល​នៅ​ទីនោះ​ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​ឃាត់​ខ្លួន បន្ទាប់​មក​ត្រូវ​បាន​ដោះលែង ក្រោយពី​ម្តាយ​របស់​ជនសង្ស័យបាន​បង់ប្រាក់​១៦០.០០០ ឬ​ប្រហែល​៤០​ដុល្លារ ដើម្បី​ដោះស្រាយ​ករណី​ការ​វាយ​ដំ។​ លោក​បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​មិន​ដឹងថា ហេតុអ្វី​ពួកគេ​ដោះស្រាយ​ករណី​វាយដំ ប៉ុន្តែ​មិន​ដោះស្រាយ​ករណី​រំលោភ​ទៅវិញ”។

នៅពេល​ទាក់ទង​បាន​កាលពី​ម្សិលមិញ មេប៉ុស្តិ៍​នគរបាល​សង្កាត់​ទឹកល្អក់​៣ លោក ស៊ិន ប៊ុនរី បាន​បដិសេធ​ថា​មិន​បាន​ទទួលពាក្យ​បណ្តឹង​ណាមួយទាក់ទិន​នឹង​ករណី​ណាមួយ ឬ ការឃាត់​ខ្លួន​ជន​សង្ស័យ​ណា​ម្នាក់​ឡើយ បន្ទាប់​មក​ក៏​បាន​ដាក់​ទូរស័ព្ទ​ចុះ។

អ្នកស្រី សែម សុវណ្ណ អាយុ​៤៦​ឆ្នាំ ជា​ម្តាយ​របស់​ជន​រងគ្រោះ បាន​មាន​ប្រសាសន៍​ថា កូនស្រី​របស់​អ្នកស្រី​បាន​ដេក​ពេទ្យ​នៅ​យប់​ថ្ងៃ​ពុធ។ អ្នក​ស្រីមាន​ប្រសាសន៍​ថា “ខ្ញុំ​ខ្វល់ខ្វាយ​ណាស់ ហើយ​ខ្ញុំ​អាណិត​កូនស្រី​របស់​ខ្ញុំ​ណាស់ បន្ទាប់ពី​រឿង​សោកសៅ​នេះ​បាន​កើត​ឡើង​លើ​រូប​នាង”៕មានិត

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស