29 C
Phnom Penh

តំណាង​​​រាស្ត្រ​​​និយាយ​​​ថា ការ​​​ធ្វើ​​​វិសោធនកម្ម​​​រដ្ឋធម្មនុញ្ញ​​​នឹង​​​ត្រូវ​​​អនុម័ត​​​នៅ​​​សប្ដាហ៍​​​េនះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​​​តាម​​​តំណាង​​​រាស្ត្រ​​​​មក​​​ពី​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​​​​កំពុង​​​កាន់​​​អំណាច និង​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​បាន​​​ឲ្យ​​​ដ​​​ឹង​​​ថា រដ្ឋ​​​សភា​​​នឹង​​​កោះ​​​ប្រជុំ​​​នៅ​​​ថ្ងៃ​​​ទី​​​១ ខែ​​​តុលា​​​ ដើម្បី​​​បោះ​​​ឆ្នោត​​​សម្រេច​​​ធ្វើ​​​វិសោធនកម្ម​​​រដ្ឋ​​​ធម្មនុញ្ញ​​​ ដែល​​​នឹង​​​ធ្វើ​​​ឲ្យ​​​គណៈកម្មាធិការ​​​ជាតិ​​​រៀប​​​ចំ​​​ការ​​​បោះ​​​ឆ្នោត​​​ (គ.ជ.ប.) ក្លាយ​​​ជា​​​ស្ថាប័ន​​​ធម្មនុញ្ញ​​​ដែល​​​មាន​​​ឯករាជ​​​ភាព។

ការ​​​បោះ​​​ឆ្នោត​​​នេះ​​​ គឺ​​​ជា​​​ជំហាន​​​ដំបូង​​​នៅ​​​ក្នុង​​​កំណែ​​​ទម្រង់​​​ជាច្រើន​​​ដែល​​​ត្រូវ​​​បាន​​​បង្ហាញ​​​នៅ​​​ក្នុង​​​កិច្ច​​​ព្រមព្រៀង​​​​​​ថ្ងៃ​​​ទី​​​២២ ខែ​​​កក្កដា រវាង​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន និង​​​លោក​​​ សម រង្ស៊ី ប្រធាន​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ ​​​ដែល​​​បាន​​​យល់​​​ព្រម​​​បញ្ចប់​​​ការ​​​ធ្វើ​​​ពហិការ​​​មិន​​​ចូល​​​សភា​​​រយៈ​​​ពេល​​​១០​​​ខែ​​​របស់​​​គណបក្ស​​​ប្រឆាំង ​​​ជា​​​ថ្នូរ​​​នឹង​​​ការ​​​កែ​​​ប្រែ​​​ប្រព័ន្ធ​​​បោះ​​​ឆ្នោត​​​ និង​​​ផ្តល់​​​អំណាច​​​ច្រើន​​​ជាង​​​មុន​​​ដល់​​​គណបក្ស​​​ប្រឆាំង​​​នៅ​​​ក្នុង​​​រដ្ឋ​​​សភា។

យោង​​​តាម​​​លោក ឈាង វុន អ្នក​​​នាំ​​​ពាក្យ​​​រដ្ឋ​​​សភា​​​ ដែល​​​ជា​​​តំណាង​​​រាស្ត្រ​​​​​​មក​​​ពី​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ និង​​​ជា​​​ប្រធាន​​​គណៈកម្មការ​​​កិច្ច​​​ការ​​​បរទេស​​​នៃ​​​រដ្ឋ​​​សភា​​​បាន​​​ឲ្យ​​​ដឹង​​​ថា គណៈកម្មាធិការ​​​អចិន្ត្រៃយ៍​​​ ដែល​​​មាន​​​សមាជិក​​​១៣​​​រូ​​​ប​​​នៃ​​​រដ្ឋ​​​សភា​​​ បាន​​​ជួប​​​ប្រជុំ​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ ដើម្បី​​​កំណត់​​​របៀប​​​វារៈ​​​សម្រាប់​​​សម័យ​​​ប្រជុំ​​​ពេញ​​​អង្គ​​​នៅ​​​សប្តាហ៍​​​ក្រោយ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “របៀប​​​វារៈ​​​ទី​​​៣​​​សម្រាប់​​​សម័យ​​​ប្រជុំ​​​ពេញ​​​អង្គ​​​ គឺ​​​ដើម្បី​​​អនុម័ត​​​ការ​​​ធ្វើ​​​វិសោធនកម្ម​​​រដ្ឋ​​​ធម្មនុញ្ញ​​​ ដើម្បី​​​ធ្វើ​​​ឲ្យ​​​គណៈកម្មាធិការ​​​ជាតិ​​​រៀប​​​ចំ​​​ការ​​​បោះ​​​ឆ្នោត​​​ក្លាយ​​​ជា​​​ស្ថាប័ន​​​ធម្មនុញ្ញ”។

លោក​​​បាន​​​មានប្រសាសន៍​​​ទៀត​​​ថា នៅ​​​ក្នុង​​​របៀប​​​វារៈ​​​ដដែល​​​នេះ​​​ នឹង​​​មាន​​​សេចក្តី​​​ព្រាង​​​ថវិកា​​​ឆ្នាំ​​​២០១៥​​​សម្រាប់​​​រដ្ឋ​​​សភា​​​និង​​​កិច្ច​​​ព្រមព្រៀង​​​ស្តី​​​ពី​​​កិច្ច​​​សហប្រតិបត្តិការ​​​​​​ផ្នែក​​​វប្បធម៌​​​រវាង​​​ប្រទេស​​​កម្ពុជា និង​​​ប្រទេស​​​រុស្ស៊ី។

លោក​​​បាន​​​លើក​​​ឡើង​​​ថា តំណាង​​​រាស្ត្រ​​​៦៨​​​រូប​​​​​​របស់​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ដែល​​​មាន​​​សំឡេង​​​ភាគ​​​ច្រើន​​​នៅ​​​ក្នុង​​​រដ្ឋ​​​សភា​​​ ​​​មាន​​​១២៣​​​អាសនៈ នឹង​​​បោះ​​​ឆ្នោត​​​គាំទ្រ​​​ការ​​​ធ្វើ​​​វិសោធនកម្ម​​​រដ្ឋ​​​ធម្មនុញ្ញ ដែល​​​នឹង​​​កែ​​​ប្រែ​​​មាត្រា​​​​​​៧៦​​​​​​នៃ​​​រដ្ឋ​​​ធម្មនុញ្ញ ហើយ​​​ថែម​​​ជំពូក​​​ថ្មី​​​មួយ​​​ពាក់​​​ព័ន្ធ​​​នឹង​​​គណៈកម្មាធិការ​​​បោះ​​​ឆ្នោត​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា “គ្មាន​​​ហេតុផល​​​អី​​​ដែល​​​មិន​​​គាំទ្រ​​​វា​​​នោះ​​​ទេ​​​។ ដូច្នេះ​​​យើង​​​នឹង​​​បោះ​​​ឆ្នោត [ គាំទ្រ​​​វា ]​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ពីព្រោះ​​​វា​​​ជា​​​ស្មារតី​​​របស់​​​គណបក្ស​​​ទាំង​​​ពីរ​​​ដែល​​​ត្រូវ​​​រួប​​​រួម​​​សាមគ្គី និង​​​ធ្វើ​​​ការ​​​រួម​​​គ្នា​​​ដើម្បី​​​បម្រើ​​​ផល​​​ប្រយោជន៍​​​ប្រទេស​​​ជាតិ​​​ និង​​​ធ្វើ​​​ឲ្យ​​​ប្រជា​​​ពល​​​រដ្ឋ​​​ស្ងប់​​​ចិត្ត”។

អំឡុង​​​សម័យ​​​ប្រជុំ​​​សភា​​​លើក​​​ចុង​​​ក្រោយ​​​ ដែល​​​តំណាង​​​រាស្ត្រ​​​បាន​​​បោះ​​​ឆ្នោត​​​ជ្រើស​​​រើស​​​ថ្នាក់​​​ដឹក​​​នាំ​​​ថ្មី​​​នៃ​​​រដ្ឋ​​​សភា​​​ តំណាង​​​រាស្ត្រ​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​បាន​​​រារាំង​​​ការ​​​ជ្រើស​​​រើស​​​សមាស​​​ភាព​​​តំណាង​​​រាស្ត្រ​​​ជាន់​​​ខ្ពស់​​​​​​ពីរ​​​រូប​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ គឺ​​​លោក​​​ស្រី មូរ​​​ សុខហួរ និង​​​លោក យឹម​​​ សុវណ្ណ សម្រាប់​​​តំណែង​​​ប្រធាន​​​គណៈកម្មការ​​​នៅ​​​រដ្ឋ​​​សភា​​​។

លោក យ៉ែម បុញ្ញ​​ឫទ្ធិ អ្នក​​​នាំ​​​ពាក្យ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ ដែល​​​ជា​​​ប្រធាន​​​គណៈកម្មការ​​​អប់​​​រំ​​​នៃ​​​រដ្ឋ​​​សភា​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​មាន​​​សុទិដ្ឋិនិយម​​​ថា ការ​​​ធ្វើ​​​វិសោធនកម្ម​​​រដ្ឋ​​​ធម្មនុញ្ញ ដែល​​​តម្រូវ​​​ឲ្យ​​​មាន​​​សំឡេង​​​អនុម័ត​​​ពីរ​​​ភាគ​​​បី​​​ នឹង​​​មិន​​​ជួប​​​វាសនា​​​ដដែល​​​ឡើយ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា “ខ្ញុំ​​​គិត​​​ថា គ្មាន​​​ឧបសគ្គ​​​ទេ​​​ ពីព្រោះ​​​គណបក្ស​​​ទាំង​​​ពីរ​​​កំពុង​​​អនុវត្ត​​​ស្មារតី​​​នៃ​​​កិច្ច​​​ព្រមព្រៀង​​​ថ្ងៃ​​​ទី​​​២២ ខែ​​​កក្កដា​​​ សម្រាប់​​​ការ​​​ធ្វើ​​​វិសោធនកម្ម​​​រដ្ឋ​​​ធម្មនុញ្ញ។ ខ្ញុំ​​​គិត​​​ថា យើង​​​នឹង​​​ទទួល​​​បាន​​​សំឡេង​​​ឆ្នោត​​​ពីរ​​​ភាគ​​​បី​​ពី​​​សមាជិក​​​ទាំង​​​អស់​​​នៃ​​​រដ្ឋ​​​សភា​​​”។

នៅ​​​ក្នុង​​​កិច្ច​​​ព្រមព្រៀង​​​ខែ​​​កក្កដា​​​នេះ​​​ដែរ​​​ ដែល​​​បាន​​​បញ្ចប់​​​ការ​​​ជាប់​​​​​​គាំង​​​ផ្នែក​​​នយោបាយ​​​នៅ​​​ក្នុង​​​ប្រទេស​​​ គឺ​​​ការ​​​សន្យា​​​អនុម័ត​​​ច្បាប់​​​បោះ​​​ឆ្នោត​​​ថ្មី និង​​​ផ្លាស់​​​ប្តូរ​​​សមាស​​​ភាព គ.ជ.ប.ដែល​​​បច្ចុប្បន្ន​​​គ្រប់​​​គ្រង​​​ដោយ​​​អ្នក​​​ដែល​​​​​​មាន​​​ភក្ដី​​​ភាព​​​ចំពោះ​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​៕សុខុម​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស