34 C
Phnom Penh

សេចក្តី​ថ្លែង​ការណ៍បញ្ជាក់​ថា​មាន​ភ្លើង​ខៀវ​ឲ្យ​សង់​ទំ​នប់វារី​អគ្គិសនី​ស្ទឹង​អារ៉ែង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមហ៊ុន​ចិន​ដែល​គាំទ្រ​ទំនប់​វារីអគ្គិសនី​ដ៏​ចម្រូងច​ម្រាស​នៅ​ខេត្ត​កោះកុង បាន​ជួល​ក្រុមហ៊ុន​មួយ​ផ្សេងទៀត​ឲ្យ​សាងសង់ ហើយ​នៅ​ពេលថ្មី​ៗ​នេះ ការ​សិក្សាដែល​​បាន​ការ​គាំទ្រ​នៅ​ក្រុង​ប៉េកាំង ធ្វើ​ឲ្យ​មាន​ការ​យល់​ឃើញ​ថា រដ្ឋាភិបាល​កម្ពុជា​បាន​ផ្តល់​ការ​យល់​ព្រម​ដល់​គម្រោង​នេះ​ហើយ។

ប្រសិនបើ​ត្រូវ​សាងសង់​មែន​នោះ ទំនប់​ស្ទឹង​ជាយអារ៉ែង​កម្លាំង​១០៨​មេហ្គាវ៉ាត់​នេះ នឹង​ធ្វើ​ឲ្យ​ជន់​លិចដីព្រៃ​ដ៏​ស្រស់​ស្អាត​រាប់​ពាន់​ហិកតា​នៅជួរ​ភ្នំ​ក្រវាញ រាប់​ទាំង​ទីជម្រក​របស់​សត្វ​ព្រៃ​ជិត​ផុត​ពូជ​ជាច្រើន​ប្រភេទ​ផង ហើយ​គម្រោង​នេះ​ទទួល​រងការ​តវ៉ា​ប្រឆាំង​ពី​សំណាក់​គ្រួសារ​ជនជាតិ​ដើម​ភាគតិច​ជង​រាប់រយ​គ្រួសារ ដែល​នឹង​ត្រូវ​គេ​បង្ខំ​ឲ្យ​រើ​ចេញពី​ស្រុក​កំណើត​ដូនតា​នៅ​ជាយ​​អារ៉ែង ។

រដ្ឋាភិបាល​បញ្ជាក់​ថា គម្រោង​អារ៉ែង កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​សិក្សា​នៅ​ឡើយ។ ប៉ុន្តែ សេចក្តី​ប្រកាស​នៅ​លើ​អិុនធើណិត ដោយ​ក្រុមហ៊ុន Sinohydro​ Resources ជា​ក្រុមហ៊ុន​ចិន​នៅ​ពី​ក្រោយ​ការសាងសង់​ទំនប់​នេះ និងក្រុមហ៊ុន​ម៉ៅការ​បន្ត បង្ហាញ​ថា គម្រោង​នេះ​កំពុង​ដំណើរការ​ទៅ​មុខ ជាហេតុ​បណ្តាល​ឲ្យ​ក្រុម​អ្នក​ប្រឆាំង​ព្រួយ​បារម្ភ​ថា រដ្ឋាភិបាល​កម្ពុជា​បាន​ចុះ​ហត្ថលេខា​យល់​ព្រម​ជា​ផ្លូវការ​ហើយ។

សេចក្តី​ប្រកាស​បង្ហោះ​លើ​គេហ​ទំព័រ Cambodia Lancangjiang Engineering ដែល​ធ្វើ​ការ​លើ​ទំនប់​សេសាន​ក្រោម​២ ក្នុង​ខេត្តស្ទឹងត្រែង បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​នេះ​ត្រូវ​បាន​ជួល​ដោយ​ក្រុមហ៊ុន Sinohydro។

សេចក្តី​ប្រកាស​ជា​ភាសា​ចិន​ឲ្យ​ដឹងថា “កាលពីថ្ងៃទី​២៨​ខែ​មករា​ឆ្នាំ​២០១៤ ក្រុមហ៊ុន​របស់​ខ្ញុំ​និង​ក្រុមហ៊ុន Sinohydro (HongKong) Holding Ltd. បាន​ព្រមព្រៀង​និង​ចុះ​ហត្ថលេខា​លើ [កិច្ចសន្យា​មួយ] ស្តីពី​គម្រោង​ទំនប់ស្ទឹងជាយ​អារ៉ែង​នៅ​ប្រទេស​កម្ពុជា”។

សេចក្តី​ប្រកាស​មួយ​លើ​គេហ​ទំព័រ​របស់​ក្រុមហ៊ុន Sinohydro ជា​ភាសា​ចិន​ដែរ មាន​ខ្លឹមសារ​ថា ការសិក្សាគម្រោងជំហានដំបូង​របស់​ក្រុមហ៊ុន​នេះ ត្រូវ​បាន​ត្រួត​ពិនិត្យ​ឡើងវិញ​នៅ​កិច្ច​ប្រជុំ​ថ្ងៃទី​១០ដល់​១២​ខែ​កញ្ញា នៅ​ក្រុង​ប៉េកាំង ដោយ​ក្រុម​អ្នក​ជំនាញ​មកពី​វិទ្យាស្ថាន​វិស្វកម្ម​ចិន​ផ្នែកថាមពល​កកើត​ឡើង​វិញ ដែលផ្តល់​យោបល់​ដល់​រដ្ឋាភិបាល​ចិន​អំពី​បញ្ហា​ថាមពល។

សេចក្តី​ប្រកាស​ដដែល​ឲ្យ​ដឹង​ទៀត​ថា “អ្នក​ជំនាញ​ដែល​ចូលរួម​ត្រូវ​បាន​ចែក​ជា​៦​ក្រុម ដើម្បី​ពិភាក្សា​អំពី​លទ្ធផល​នេះ។ បន្ទាប់​មក ពួកគេ​បាន​សរសេរ​របាយការណ៍ការពិនិត្យ​ស្រាវជ្រាវ។ ពួក​អ្នក​ជំនាញ​បាន​និយាយ​ថា ការ​សិក្សា​ប្លង់​និង​មាតិ​កា​ គឺ​អាច​អនុវត្ត​គម្រោង​​នេះ​បាន ហើយ​ថា ការ​សន្និដ្ឋាន​នៃ​ការ​សិក្សា​គឺ​អាច​ទទួល​យក​បាន​។ កិច្ច​ប្រជុំ​នោះ​បាន​ដាក់​ចេញ​នូវ​មូលដ្ឋាន​រឹង​មាំ​សម្រាប់​ការអភិវឌ្ឍ​គម្រោង​នេះ”។ គ្មាន​ក្រុមហ៊ុន​ណាមួយ​អាច​ទាក់ទង​បាន​ដើម្បី​សុំ​ការ​ពន្យល់​បាន​ឡើយ។

លោក ស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួង​រ៉ែ​និង​ថាមពល កាលពី​ម្សិលមិញ​បាន​បដិសេធ​ថា គ្មាន​ក្រុមហ៊ុន​ណាមួយ​ត្រូវ​បាន​គេ​ជួល​ឲ្យ​ចាប់​ផ្តើម​ការ​សាងសង់​ឡើយ ហើយ​បាន​បញ្ជាក់​ថា “ការ​សិក្សា”​កំពុង​ធ្វើ​នៅ​ឡើយ។

លោក ស៊ុយ សែម មាន​ប្រសាសន៍​ថា “ក្រុមហ៊ុន [Sinohydro] មិន​បាន​ជួល​ពួកគេ​ទេ។ មិន​មែន​ជា​រឿង​ពិតឡើយ”។

លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា “តើ​ក្រុមហ៊ុន [Sinohydro] អាច​ជួល​គេ​យ៉ាង​ម៉េច​កើត បើ​យើង​មិន​ទាន់​បាន​ចុះ​ហត្ថលេខា​ជាផ្លូវ​ការ អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​នេះ​ធ្វើ​ផងនោះ?”។ លោក​មាន​ប្រសាសន៍​ថា “ការ​សិក្សា​អំពី​ផល​ប៉ះពាល់​មិន​ទាន់​ត្រូវ​បាន​បញ្ចប់​នៅ​ឡើយ ហើយ​យើង​ទើបតែ​បាន​ធ្វើ​ជំហាន​ដំបូង​ប៉ុណ្ណោះ។ ការ​សិក្សា​លម្អិត​ថែមទៀត​មិន​ទាន់​ត្រូវ​បាន​ធ្វើ​នៅ​ឡើយ​ទេ”។

ប៉ុន្តែ​ក្រុម​បរិស្ថាន​ដែល​ប្រឆាំង​នឹង​គម្រោង​នេះ​និយាយ​ថា សេចក្តី​ប្រកាស​របស់​ក្រុមហ៊ុន​នេះ សន្និដ្ឋាន​ផ្សេង​ទៅវិញ។

លោក អាឡិច ហ្គន់ហ្សាឡេស ដាវីដ​សុន សហ​ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ ដែល​កំពុង​ប្រឆាំង​នឹង​គម្រោង​នេះ​ជាមួយ​ជនជាតិ​ជង​ជា​ច្រើន​គ្រួសារ​នោះ បាន​មាន​ប្រសាសន៍​ថា “ព័ត៌មាន​ទាំងនេះ​បន្ថែម​ទៅ​លើ​ការ​សង្ស័យ​របស់​យើង​ពីមុន ដែល​ថា​ទំនប់​វារីអគ្គិសនី​នេះ​ប្រហែល​ត្រូវ​បាន​ទទួល​យល់​ព្រម​ពី​រដ្ឋាភិបាល​កម្ពុជា​រួចហើយ”។

​​លោក​ស្រី អាម៉េ ត្រានឌិម នាយក​គម្រោង​អាស៊ី​អាគ្នេយ៍​របស់​អង្គការ​ទន្លេ​អន្តរជាតិ​មាន​មូលដ្ឋាន​នៅ​អាមេរិក បាន​យល់​ស្រប។

លោក​ស្រី ត្រានឌិម បានមាន​ប្រសាសន៍​តាម​អីុម៉េល​ថា “វា​ទំនង​បំផុតថា​​ជា​កិច្ច​សន្យា​វិស្វកម្ម លទ្ធកម្ម និង សំណង់ (EPC) ដែល​ជាទូទៅ​តម្រូវ​ឲ្យ​ក្រុមហ៊ុន​សាងសង់​ទំនប់​វារី​អគ្គិសនី​នេះ”។

លោក​ស្រី​បាន​មាន​ប្រសាសន៍​ថា “ដោយ​ហេតុ​ថា កិច្ចព្រមព្រៀង EPC ជា​ធម្មតា​ត្រូវ​ចុះ​ហត្ថលេខា​តែ​ពេលណា​បន្ទាប់ពី​មាន​កិច្ចព្រមព្រៀង​សម្បទាន ដើម្បី​កាត់​បន្ថយ​ជា​អប្បបរមា​នូវហានិភ័យ​ហិរញ្ញ​វត្ថុ​ ប្រសិនបើ​គម្រោង​នេះ​មិន​ត្រូវ​សាងសង់​ទេ​នោះ វា​ទំនង​ថា មន្ទិល​សង្ស័យ​មុន​នេះ​ដោយ​ប្រជាជន​នៅ​ជាយ​អារ៉ែង ដែលថា​ទំនប់​វារីអគ្គិសនី​នេះ​ត្រូវ​បាន​យល់ព្រម​រួចរាល់​ហើយ​នោះ អាច​ត្រឹមត្រូវ”។

ក្នុង​”ការ​ឆ្លើយ​បំភ្លឺ” កាលពី​ថ្ងៃសៅរ៍ ក្រសួង​រ៉ែ​និង​ថាមពល​បាន​ច្រានចោល​សំណើ​លើក​មុន​ពីសំណាក់​គណបក្ស​សង្គ្រោះ​ជាតិ​ឲ្យ​លុប​ចោល​គម្រោង​ទំនប់​វារីអគ្គិសនី​នេះ។

សេចក្តី​បំភ្លឺ​ឲ្យ​ដឹងថា “រាជរដ្ឋាភិបាល​នឹង​បន្ត​រក្សា​គម្រោង​នេះ​ក្នុង​បញ្ជី​ផែនការ​អភិវឌ្ឍន៍​វិស័យ​ថាមពល​របស់​ខ្លួន។ បច្ចុប្បន្ន​នេះ គម្រោង​នេះ​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​សិក្សា​នៅ​ឡើយ គឺការ​សិក្សា​បច្ចេកទេស និង​ការ​សិក្សា​លម្អិត​អំពី​ផលប៉ះពាល់​បរិស្ថាន​និង​សង្គម”។

ក្នុង​លិខិត​មួយ​ច្បាប់​ចុះ​ថ្ងៃ​ទី​១៨​ខែ​កញ្ញា លោក​ស្រី តែ ច័ន្ទមនី សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ ប្រធាន​ស្តីទី​គណកម្មការ​ធនធានទឹក​និង​បរិស្ថាន​នៃ​រដ្ឋ​សភា បាន​ស្នើ​ឲ្យ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន លុប​ចោល​គម្រោង​ទំនប់​នេះ ដើម្បី​បញ្ឈប់​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ក្នុង​តំបន់​នោះ និង​ឲ្យ​ជនជាតិ​ដើម​ភាគតិច​ជង​បន្ត​រស់​នៅ​លើ​ដី ​ដែលមានវប្បធម៌​ប្រពៃណី​របស់​ខ្លួននៅទីនោះ។

ទើបតែ​ពីរបី​សប្តាស៍​មុន​នេះ ក្រុម​សកម្មជន​បាន​និង​កំពុង​ដាក់​របាំង​ផ្លូវ​មួយ លើ​កំណាត់​ផ្លួវ​ចេញ​ចូល​ជាយ​អារ៉ែង​រយៈ​ពេល​ជាច្រើន​ខែ ដោយ​ក្តី​សង្ឃឹម​ថា​នឹង​កាត់​ផ្តាច់​ការ​ព្យា​យាមចាប់​ផ្តើម​សំណង់​ទំនប់កុំឲ្យ​កើត​មាន​ឡើង​។

នា​ពេល​ថ្មីៗ​នេះ ទាហាន​បោស​សម្អាត​ជំរំ​បណ្តោះ​អាសន្ន ហើយ​នៅ​ឈរ​ជើង​នៅទី​នោះ​កុំ​ឲ្យ​មាន​ការ​បិទ​ផ្លូវ​តទៅ​ទៀត។

អាជ្ញាធរ​ក្រុង​ភ្នំពេញ​ក៏​បាន​រារាំង​សកម្មជន​មិន​ឲ្យ​តវ៉ា​ប្រឆាំង​ការ​សង់​ទំនប់​នេះ​ដែរ។ ក្រុម​សកម្មជន​បាន​ប្តេជ្ញា​​តវ៉ា​បន្ត​ទៀត​ប្រឆាំង​នឹង​គម្រោង​សាង​សង់​វារី​អគ្គិ​សនី​នេះ បន្ទាប់ពី​បុណ្យ​ភ្ជុំ​បិណ្ឌ ដែល​បាន​បញ្ចប់​កាលពី​ថ្ងៃ​ពុធ​សប្តាហ៍​មុន៕មានិត

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស