មេឃុំមកពីគណបក្សប្រជាជនកម្ពុជាម្នាក់នៅក្នុងខេត្តបាត់ដំបងបានដឹកនាំអ្នកភូមិជាង១៥០នាក់នៅក្នុងការតវ៉ាមួយកាលពីថ្ងៃសុក្រ នៅខាងក្រៅការិយាល័យអង្គការសិទ្ធិមនុស្សអាដហុក បន្ទាប់ពីតំណាងម្នាក់របស់អង្គការនេះ បានចោទប្រកាន់មន្ត្រីរូបនេះពីបទពុករលួយដោយតាមចោទថាបានលក់ដីរដ្ឋទៅឲ្យអ្នកភូមិក្នុងមូលដ្ឋាន។
នៅក្នុងបទសម្ភាសជាមួយវិទ្យុអាស៊ីសេរី កាលពីថ្ងៃទី១៧ ខែកញ្ញា លោក យិន ម៉េងលី អ្នកសម្របសម្រួលរបស់អង្គការអាដហុកប្រចាំខេត្តនេះបានចោទប្រកាន់លោក ឈា នី មេឃុំបឹងប្រាំ ក្នុងស្រុកបវេល ថាបានលក់ដីជាច្រើនក្បាលនៅខាងក្នុងដីសម្បទានសង្គមកិច្ចទំហំ៣.៦៣៨ហិកតា ដែលត្រូវបានផ្តល់ទៅឲ្យអ្នកភូមិចំនួន១.៥៤៩គ្រួសារកាលពីឆ្នាំ២០១១។
លោក ម៉េងលី បានប្រាប់សេវាផ្សព្វផ្សាយព័ត៌មាននោះថា លោក ឈា នី បានបោកប្រាស់អ្នកភូមិប្រហែល១០០គ្រួសារយកប្រាក់ប្រហែល៣លានរៀលក្នុងមួយគ្រួសារៗ ដោយសន្យាផ្តល់ដីលំនៅដ្ឋានទំហំ៤០ម៉ែត្រក្រឡានិងដីស្រែទំហំប្រាំហិកតា នៅក្នុងកិច្ចប្រជុំសាធារណៈមួយកាលពីថ្ងៃទី១២ ខែកញ្ញា ជាថ្នូរនឹងប្រាក់។
លោក ម៉េងលី បានមានប្រសាសន៍តាមទូរស័ព្ទកាលពីម្សិលមិញថា “យើងបានរកឃើញថា លោក ឈា នី ជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ ហើយយើងមានឯកសារដើម្បីបង្ហាញថា គាត់បានយកដីសម្បទានសង្គមកិច្ចទៅលក់ឲ្យអ្នកភូមិ”។ លោកបានបន្ថែមថា ក្រុមអ្នកភូមិដែលទទួលយកសំណើរបស់លោក ឈា នី នោះទទួលបានដីសម្រាប់លំនៅដ្ឋានតែប៉ុណ្ណោះ ហើយមិនទទួលបានដីសម្រាប់ធ្វើស្រែចម្ការឡើយ។
លោក ម៉េងលី បានមានប្រសាសន៍ថា “ខ្ញុំដឹងថា អ្វីដែលលោក ឈា នី បានធ្វើ គឺមិនត្រឹមត្រូវឡើយ ពីព្រោះគាត់មិនអាចលក់ដីរដ្ឋបានឡើយ”។
កាលពីថ្ងៃសុក្រ លោក ឈា នី បានតបតមកអ្នកឃ្លាំមើលអង្គការអាដហុករូបនេះវិញ ដោយបានប្រមូលផ្តុំអ្នកភូមិជាង១៥០នាក់នៅក្រៅការិយាល័យខេត្តរបស់អង្គការអាដហុក។
លោក ឈា នី បានមានប្រសាសន៍កាលពីម្សិលមិញថា “យើងបានធ្វើការតវ៉ាប្រឆាំងអង្គការអាដហុកទាមទារឲ្យអង្គការនេះពន្យល់ឲ្យបានច្បាស់លាស់ ដើម្បីកុំឲ្យប្រជាពលរដ្ឋមានការយល់ខុសមកលើរូបខ្ញុំ”។
លោកបានមានប្រសាសន៍ថា “ពួកគេ [ អង្គការអាដហុក ] ចោទប្រកាន់ខ្ញុំថា បានយកលុយពីអ្នកភូមិទាក់ទងទៅនឹងគោលនយោបាយសម្បទានដីសង្គមកិច្ច ប៉ុន្តែ ការចោទប្រកាន់នេះមិនពិតឡើយ” ដោយលោកអះអាងថា ខណៈដែលលោកប្រមូលប្រាក់ពី១លានរៀលដល់៣លានរៀលពីអ្នកភូមិប្រហែល១.៥០០គ្រួសារនោះ លោកបានប្រើប្រាស់ប្រាក់នេះដើម្បីផ្តល់ហិរញ្ញប្បទាន ដល់ការស្ថាបនាផ្លូវក្រាលក្រួសថ្មីមួយខ្សែ និងសាងសង់ប្រព័ន្ធធារាសាស្ត្រនៅក្នុងឃុំតែប៉ុណ្ណោះ។
លោក ឈា នី បានមានប្រសាសន៍ថា គម្រោងទាំងនេះ គឺ “ល្អសម្រាប់ប្រជាពលរដ្ឋ”។ទោះជាយ៉ាងណា អ្នកភូមិដែលបានផ្តល់ប្រាក់ឲ្យលោក ឈា នី ចំពោះការសន្យាផ្តល់ដីស្រែទំហំប្រាំហិកតានោះ មិនសូវមានជំនឿឡើយ។
អ្នកភូមិឈ្មោះប្រាង ក្រង អាយុ៥១ឆ្នាំ បាននិយាយថា “ខ្ញុំទទួលបានដីនៅក្នុងភូមិរបស់ខ្ញុំតែប៉ុណ្ណោះ។ ចំណែកដីស្រែវិញ លោកមេឃុំ នី បានប្រាប់យើងឲ្យកាប់ឆ្ការព្រៃទៅប្រសិនបើយើងចង់បាន”។
លោក គង់ សាមឿន អាយុ៥៦ឆ្នាំបាននិយាយថា ប្រធានភូមិរបស់លោកបានណែនាំលោកឲ្យចូលរួមនៅក្នុងការតវ៉ារបស់លោក នី កាលពីថ្ងៃសុក្រ ប៉ុន្តែ លោកបានបដិសេធ។
លោកបាននិយាយថា “ប្រធានភូមិបានប្រាប់ខ្ញុំ…ឲ្យគាំទ្រមេឃុំរូបនេះ ប៉ុន្តែ ខ្ញុំមិនបានទៅទេ ពីព្រោះក្មួយប្រុសរបស់ខ្ញុំត្រូវបានបោកប្រាស់ប្រាក់៣លានរៀលទៅហើយ”។
លោក ឈា នី បានទទួលស្គាល់កាលពីម្សិលមិញថា លោកបានជាប់ពន្ធនាគារជាងមួយឆ្នាំកាលពីឆ្នាំ២០០៦ និង២០០៧ បន្ទាប់ពីសាលាដំបូងខេត្តបាត់ដំបងបានចោទប្រកាន់រូបលោកថាបានព្យាយាមលក់ដីរដ្ឋ និងអនុញ្ញាតឲ្យអ្នកភូមិកាប់ឆ្ការព្រៃនៅក្នុងឃុំនេះ។
លោកបានមានប្រសាសន៍ថា “ខ្ញុំជាប់ពន្ធនាគារ១៦ខែ ដោយសារខ្ញុំបានព្យាយាមយកដីឲ្យក្រុមអ្នកភូមិ”៕សារុន