27 C
Phnom Penh

កង​​​រាជ​​​អាវុធ​​​ហត្ថ​​​កម្ចាត់​​​អ្នក​​​ប្រើ​​​ប្រាស់​​​ថ្នាំ​​​ញៀន​​​ពី​​​ផ្ទះ​​​មួយ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អាជ្ញាធរ​​​មូល​​​ដ្ឋាន​​​បាន​​​ឲ្យ​​​ដឹង​​​ថា កង​​​រាជ​​​អាវុធ​​​ហត្ថ​​​បាន​​​ឆ្មក់​​​ចូល​​​កន្លែង​​​ចែក​​​ចាយ​​​​​​និង​​​ប្រើ​​​ប្រាស់​​​ថ្នាំ​​​ញៀន​​​មួយ​​​កន្លែង​​​ នៅ​​​ក្នុង​​​ខណ្ឌ​​​សែន​​​សុខ​​​កាល​​​ពី​​​យប់​​​ថ្ងៃ​​​សៅរ៍ ហើយ​​​​​​ចាប់​​​ខ្លួន​​​បាន​​​មនុស្ស​​​ចំនួន​​​១១​​​នាក់​​​ពី​​​បទ​​​ប្រើ​​​ប្រាស់​​​ និង​​​ចែក​​​ចាយ​​​ថ្នាំ​​​ញៀន​​​​​​ ប្រភេទ​​​ម៉ាទឹក​​​កក​​​។

​​លោក​​​ តាន់ ណាវិន ចៅ​​​សង្កាត់​​​​​​ទឹក​​​ថ្លា​​​បាន​​​ឲ្យ​​​ដឹង​​​កាល​​​ពី​​​ម្សិលមិញ​​​ថា ការ​​​ឆ្មក់​​​ចូល​​​នេះ​​​គឺ​​​​​​ជា​​​ការ​​​ខិត​​​ខំ​​​ថ្មី​​​បំផុត​​​ដើម្បី​​​កម្ចាត់​​​​​​អ្នក​​​ប្រើ​​​ប្រាស់​​​ថ្នាំ​​​ញៀន ពី​​​ផ្ទះ​​​​​​ចែក​​​ចាយ​​​​​​ និង​​​ប្រើ​​​ប្រាស់​​​ថ្នាំញៀន ដែល​​​គេ​​​សាង​​​សង់​​​ឡើង​​​លើ​​​​​​បឹង​​​ទឹក​​​ស្អុយ​​​មួយ​​​កន្លែង​​​នៅ​​​សង្កាត់​​​ទឹក​​​ថ្លា​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “អ្នក​​​ប្រើ​​​ប្រាស់​​​ថ្នាំ​​​ញៀន​​​យ៉ាង​​​តិច​​​ចំនួន​​​៥០​​​នាក់​​​ត្រូវ​​​បាន​​​ចាប់ខ្លួន​​​ [ នៅ​​​ក្នុង​​​ផ្ទះ​​​នោះ ] ក្នុង​​​ខែ​​​នេះ​​​។ អ្នក​​​ខ្លះ​​​ត្រូវ​​​បាន​​​បញ្ជូន​​​ទៅ​​​ពន្ធ​​​នាគារ​​​ ហើយ​​​អ្នក​​​ផ្សេង​​​​​​​​​ទៀត​​​ដែល​​​ត្រូវ​​​បាន​​​ដោះ​​​លែង​​​វិញ​​​នោះ​​​ បាន​​​ត្រឡប់​​​មក​​​ផ្ទះ​​​នេះ​​​​​​ម្តង​​​ទៀត”។

កាល​​​ពី​​​ឆ្នាំ​​​២០០៨​​​ មាន​​​អគ្គិភ័យ​​​ដ៏​​​ធំ​​​មួយ​​​បាន​​​ឆាប​​​ឆេះ​​​តំបន់​​​នេះ​​​ ហើយ​​​ធ្វើ​​​ឲ្យ​​​មនុស្ស​​​រាប់​​​រយ​​​​​គ្រួសារ​​​បាត់​​​បង់​​​ផ្ទះ​​​សំបែង​​​ ប៉ុន្តែ ក្រោយ​​​មក​​​ផ្ទះ​​​បណ្ដោះ​​​អាសន្ន​​​ត្រូវ​​​បាន​​​គេ​​​សាង​​​សង់​​​នៅ​​​លើ និង​​​ជុំ​​​វិញ​​​បឹង​​​ទឹក​​​ស្អុយ​​​នេះ​​​។

លោក ណាវិន បាន​​​ឲ្យ​​​ដឹង​​​ទៀត​​​ថា ផ្ទះ​​​ដែល​​​កាន់​​​កាប់​​​ដោយ​​​អ្នក​​​ប្រើ​​​ប្រាស់​​​ថ្នាំ​​​ញៀន​​​នេះ​​​ ពិបាក​​​ចូល​​​ទៅ​​​ដល់​​​​​​ណាស់​​​​​​។ នៅ​​​ពេល​​​នគរ​​​បាល​​​​​​បាន​​​ចូល​​​ទៅដល់​​​ផ្ទះ​​​នោះ​​​កាល​​​ពី​​​ថ្ងៃ​​​សៅរ៍
មនុស្ស​​​មួយ​​​ចំនួន​​​បាន​​​រត់​​​គេច​​​ខ្លួន​​​ចូល​​​ទៅ​​​ក្នុង​​​បឹង​​​បាត់​​​ទៅហើយតាម​​​រូង​​​មួយ​​​​​​នៅ​​​ក្នុង​​​ផ្ទះ​​​ ចំណែក​​​ឯ​​​អ្នក​​​ដែល​​​មិន​​​អាច​​​គេច​​​ខ្លួន​​​បាន​​​ បាន​​​គប់​​​ថ្នាំ​​​ញៀន​​​របស់​​​​​ខ្លួន​​​​​​ចូល​​​ទៅ​​​ក្នុង​​​ទឹក​​​។ លោក​​​បាន​​​បន្ថែម​​​ថា គេ​​​មិន​​​អាច​​​រក​​​ភ័ស្តុ​​​តាង​​​ឃើញ​​​ទេ​​​នៅ​​​កន្លែង​​​កើត​​​ហេតុ​​​ ហើយ​​​ថា នគរ​​​បាល​​​នៅ​​​មិន​​​ទាន់​​​កំណត់​​​អត្ត​​​សញ្ញាណ​​​ម្ចាស់​​​ផ្ទះ​​​បាន​​​នៅ​​​ឡើយ​​​ទេ​​​។

លោក បាន់ សុភាព ប្រធាន​​​នាយក​​​ដ្ឋាន​​​ប្រឆាំង​​​គ្រឿង​​​ញៀន​​​រាជ​​​ធានី​​​របស់​​​​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​ បាន​​​ឲ្យ​​​ដឹង​​​ថា អ្នក​​​ដែល​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​ទាំង​​​នោះ​​​​​​ដែល​​​រួម​​​មាន​​​ស្ត្រី​​​ម្នាក់​​​​​​ផង​​​ គឺ​​​សុទ្ធ​​​តែ​​​មាន​​​អាយុ​​​ចន្លោះ​​​ពី​​​១៨​​​ដល់​​​២៥​​​ឆ្នាំ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ពួក​​​គេ​​​ទាំង​​​អស់​​​សុទ្ធ​​​តែ​​​ជា​​​អ្នក​​​ប្រើ​​​ប្រាស់​​​ថ្នាំ​​​ញៀន ហើយ​​​អ្នក​​​ខ្លះ​​​ទៀត​​​ក្នុង​​​ចំណោម​​​នោះ ទំនង​​​ជា​​​អ្នក​​​ចែក​​​ចាយ​​​ថ្នាំ​​​ញៀន ប៉ុន្តែ មេខ្លោង​​​​​​មិន​​​មាន​​​វត្តមាន​​​នៅ​​​ទី​​​នោះ​​​ទេ​​​៕ស៊ុយ​​​ឈាង​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស