38 C
Phnom Penh

កម្មករ​​បន្ត​​ធ្វើការ​តវ៉ានៅ​រោង​ចក្រកាត់​ដេរ​មួយក្នុង​ខេត្ត​កំពង់​ចាម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​​​ខេត្ត​​​ម្នាក់​​​បាន​​​លើកឡើងកាល​​​ពី​​​ម្សិល​​​មិញ​​​ថា កម្មករ​​​ប្រហែល​​​២.០០០នាក់​​​មក​​​ពី​​​រោង​​​ចក្រ​​​ស្បែក​​​ជើង​​​ Juhui ដែល​​​កាន់​​​កាប់​​​ដោយ​​​ជន​​​ជាតិ​​​ចិន​​​នៅ​​​ក្នុង​​​ខេត្ត​​​កំពង់​​​ចាម​​​បាន​​​​​​ចាប់​​​ផ្តើម​​​ធ្វើ​​​ការ​​​តវ៉ា​​​ថ្មីបំផុត​កាល​​​ពី​​​ថ្ងៃ​​​សុក្រ និង​​​ថ្ងៃ​​​សៅរ៍ ជុំ​​​វិញ​​​ការ​​​អះ​​​អាង​​​​​​ថា រោង​​​ចក្រ​​​មិន​​​ព្រម​​​ទទួល​​​យក​​​សមាជិក​​​សហជីព​​​​​​ដែល​​​ត្រូវ​​​បាន​​​បណ្តេញ​​​ចេញ​​​អំឡុង​​​ការ​​​ធ្វើ​​​កូដកម្ម​​​កាល​​​ពី​​​ដើម​​​ខែ​​​នេះ​​​​​​ចូល​​​ធ្វើ​​​ការ​​​វិញ​​​ឡើយ។

កាល​​​ពី​​​ថ្ងៃ​​​ទី​​​១៦​​​ ខែ​​​កញ្ញា អ្នក​​​គ្រប់​​​គ្រង​​​រោង​​​ចក្រ Juhui ​​​បាន​​​បណ្តេញ​​​កម្មករ​​​ប្រហែល​​​៥.០០០​​​នាក់​​​ដែល​​​មិន​​​​​​គោរព​​​តាម​​​សេចក្តី​​​បង្គាប់​​​របស់​​​តុលាការ​​​ ដែល​​​បង្គាប់​​​ឲ្យ​​​ពួក​​​គេ​​​បញ្ឈប់​​​ការ​​​តវ៉ា​​​ជុំ​​​វិញ​​​ការ​ទាមទារផល​​​ប្រយោជន៍​​​ផ្សេងៗនិង​​​ការ​​​ដំឡើង​​​ប្រាក់​​​​​​​​ខែ​​​ ហើយ​​​ឲ្យពួកគេ​​​ចូល​​​ធ្វើ​​​ការ​​​វិញ​​​។

ប៉ុន្តែ ចាប​​​់​​​តាំង​​​ពីថ្ងៃឈប់សម្រាក​​បុណ្យ​​​ភ្ជុំ​​​បិណ្ឌ​​​បាន​​​បញ្ចប់​​​កាល​​​ពី​​​ថ្ងៃ​​​ពុធ រោង​​​ចក្រ​​​បាន​​​អនុញ្ញាត​​​ឲ្យ​​​កម្មករ​​​ប្រហែល​​​៣.០០០​​​នាក់​​​ចូល​​​ធ្វើ​​​ការ​​​វិញ​​​។ ប៉ុន្តែ សមាជិក​​​សម្ព័ន្ធ​​​សហជីព​​​ប្រជា​​​ធិបតេយ្យ​​​កម្មករ​​​កាត់​​​ដេរ​​​កម្ពុជា (សីុខៅឌូ) ដែល​​​បាន​​​ដឹក​​​នាំ​​​សកម្ម​​​ភាព​​​ទាក់​​​ទង​​​ឧស្សាហកម្ម​​​នេះ​​​ចាប់​​​តាំង​​​ពី​​​ថ្ងៃ​​​ទី​​​១ខែ​​​កញ្ញាមក​​​ និយាយ​​​ថា ពួកគេ​​​មិន​​​ត្រូវ​​​បាន​​​រាប់​​​បញ្ចូល​​​ក្នុង​​​កិច្ច​​​ព្រមព្រៀង​​​នោះ​​​ទេ ដោយ​​​សារ​​​ពួក​​​គេ​​​ជាប់​​​ពាក់​​​ព័ន្ធ​​​នឹង​​​សហជីព​​​។

អ្នក​​​ស្រី មុំ សារ៉ែម​​​ តំណាង​​​សហជីព​​​នៅ​​​រោង​​​ចក្រ​​​នេះ​​​បាន​​​និយាយ​​​កាល​​​ពី​​​ម្សិលមិញ​​​ថា “រោង​​​ចក្រ​​​បានច្រានចោលកម្មករ​​​ ដែល​​​ចង់​​​ចូល​​​ធ្វើ​​​ការ​​ ពីព្រោះ​​​រោង​​​ចក្រ​​​អះ​​​អាង​​​ថា ពួក​​​គេ​​​ជា​​​សមាជិក ស៊ីខៅឌូ ដែល​​​បាន​​​ចូល​​​រួម​​​កូដ​​​កម្ម​​​ប្រឆាំង​​​ក្រុម​​​ហ៊ុន​​​”។

អ្នកស្រី​​​បាន​​​និយាយ​​​ថា “យើង​​​គិត​​​ថា រោង​​​ចក្រ​​​បាន​​​រំលោភ​​​ច្បាប់​​​ការ​​​ងារ​​​ដោយ​​​រើស​​​អើង​​​មក​​​លើ​​​សហជីព​​​។​​​ យើង​​​នឹង​​​មិនបញ្ឈប់ការ​​​តវ៉ា​​​ឡើយ​​​ បើ​មិនមាន​​​ការ​​​ឆ្លើយ​​​តប​​​ចំពោះ​​​ការ​​​ទាម​​​ទារ​​​របស់​​​យើងទេនោះ​​​”។ អ្នក​​​ស្រី​​​បាន​​​បន្ថែម​​​ថា ឥឡូវនេះក្រុម​​​អ្នក​​​តវ៉ា​​​ទាម​​​ទារ​​​​​តែការ​ងារ​ចាស់​របស់ខ្លួន​វិញ​​​តែ​​​ប៉ុណ្ណោះ​​​។

លោក ចេង ហ៊ាង ប្រធាន​​​មន្ទីរ​​​ការ​​​ងារ​​​ខេត្ត​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ​​​​​​បុគ្គលិក​​​​​​រោង​​​ចក្រ​​​បាន​​​ជួន​​​ដំណឹង​​​មក​​​លោក​​​ថា ពួក​​​គេ​​​នឹង​​​មិន​​​ទទួល​​​យក​​​កម្មករ​​​ដែល​​​មិន​​​ស្តាប់តាម​​​សេចក្តី​​​បង្គាប់​​​របស់​​​តុលាការ​​​ឲ្យ​​​បញ្ឈប់​​​ការ​​​តវ៉ា​​​​​​ ចូល​​​ធ្វើ​​​ការ​​​វិញ​​​ឡើយ​​​។

លោក ហ៊ាង បាន​​​មាន​​​ប្រសាសន៍​​​ថា លោកមានការ​​​​យល់​​​ច្រឡំ​​​នឹង​ការ​តវ៉ាថ្មី​​​បំផុត​​​របស់​​​សហជីព​​​ ហើយ​​​មិន​​​ច្បាស់​​​ថា តើ​​​លោក​​​អាច​​​ជួយ​​​​​​ដោះ​​​ស្រាយ​​​វិវាទ​​​នេះ​​​បាន​​​ឬអត់​​​ឡើយ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ខ្ញុំ​​​មិន​​​យល់​​​ឡើយ​​​។ នៅ​​​ពេល​​​រោង​​​ចក្រ​​​បាន​​ហៅ​​​ពួក​​​គេ​​​ [អ្នក​​​តវ៉ា ] ចូល​​​ធ្វើ​​​ការ​​​វិញបន្ទាប់​​​ពី​​​មាន​​​សេចក្តី​​​បង្គាប់​​​របស់តុលាការ​​​ ពួក​​​គេ​​​មិន​​​ព្រមចូល​​​ធ្វើ​​​ការ​​​វិញ​​​ឡើយ​​​ ប៉ុន្តែ ឥឡូវ​​​នេះ​​​នៅ​​​ពេល​​​ពួក​​​គេ​​​បាត់​​​បង់​​​ការ​​​ងារ​​​ ពួក​​​គេ​​​តវ៉ា​​​ទាម​​​ទារ​​​ឲ្យ​​​បាន​​​​​​ចូល​​​ធ្វើ​​​ការ​​​វិញ​​​”។

លោក តេង សម្បត្តិ ប្រធាន​​​រដ្ឋ​​​បាល​​​នៅ​​​រោង​​​ចក្រ​​​នេះ​​​មិន​​​អាច​​​ទាក់​​​ទង​​​បាន​​​ទេ ។

នៅ​​​ក្នុង​​​ករណី​​​ដាច់​​​ដោយ​​​ឡែក​​​មួយ​​​ទៀត​​​នៅ​​​ក្នុង​​​ខេត្ត​​​ព្រៃវែង កម្មករ​​​ប្រហែល​​​៣.០០០​​​នាក់​​​មក​​​ពី​​​រោង​​​ចក្រ កំចាយ​​​មារ​​​ ត្រេឌីង បាន​​​យល់​​​ព្រម​​​ចូល​​​ធ្វើ​​​ការ​​​វិញ​​​ បន្ទាប់​​​ពី​​​មាន​​​ការ​​​ចរចា​​​កាល​​​ពី​​​ថ្ងៃ​​សៅរ៍​​​រវាង​​​តំណាង​​​រោង​​​ចក្រ និង​​​ស៊ីខៅ​​​ឌូ ។

យោង​​​តាម​​​លោក សុខ សៀម តំណាង​​​ ស៊ីខៅឌូ បាន​​​ឲ្យ​​​ដឹង​​​ថា រោង​​​ចក្រ​​​បាន​​​យល់​​​ព្រម​​​​​​សម្អាត​​​បន្ទប់​​​ទឹក​​​ឲ្យ​​​ស្អាត​​​ ហើយ​​​ធ្វើឲ្យប្រាកដថា កម្មករ​​​មាន​​​កិច្ច​​​សន្យា​​​ត្រឹម​​​ត្រូវ​​​ ប៉ុន្តែ បាន​​​ច្រាន​​​ចោល​​​​​​ការ​​​ទាម​​​ទារ​​​របស់​​​សហជីព​​​សុំ​​​ប្រាក់​​​ឧបត្ថម្ភ​​​ប្រចាំខែ​​​។   លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “កម្មករ​​​ទាំង​​​អស់​​​នឹង​​​ចូល​​​ធ្វើ​​​ការ​​​វិញ​​​នៅ​​​ថ្ងៃ​​​អាទិត្យ​​​ បន្ទាប់​​​ពី​​​មាន​​​កិច្ច​​​ព្រមព្រៀង​​​រវាង​​​ភាគី​​​ទាំង​​​ពីរ​​​”៕សារុន​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស