34 C
Phnom Penh

សមាជិក​ក្រុម​ប្រឹក្សា​គណបក្ស​សង្គ្រោះ​ជាត​ិ​ម្នាក់​ត្រូវ​បាន​ចាប់ខ្លួន​ជុំវិញ​ការ​ប៉ះទង្គិច​គ្នា​តាម​ផ្លូវ​កាល​ពី​ខែ​កក្កដា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​នគរ​បាល​បាន​ឲ្យ​ដឹង​ថា សមាជិក​ក្រុម​ប្រឹក្សា​គណបក្ស​សង្គ្រោះជាតិ​ម្នាក់​ក្នុង​ខណ្ឌ​ច្បារអំពៅ​កំពុង​ត្រូវ​បាន​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ព្រៃស​ បន្ទាប់ពី​នគរ​បាល​បាន​ចាប់​ខ្លួន​កាល​ពី​ម្សិលមិញពីបទ​ចូល​រួម​នៅ​ក្នុង​ការ​តវ៉ា​របស់​គណបក្ស​ប្រឆាំង​កាលពី​ខែ​កក្កដា ដែល​បាន​ប្រែ​ក្លាយជា​ហិង្សា​។

លោក ស៊ុំ វុទ្ធី ​ជា​មន្ត្រី​គណបក្ស​សង្គ្រោះជាតិ​ទី១២​ហើយ ដែល​ត្រូវ​បានឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស​ បន្ទាប់ពី​ការ​តវ៉ា​កាលពី​ថ្ងៃ​ទី​១៥​ ខែ​កក្កដាឲ្យ “ដោះលែងទីលាន​ប្រជា​ធិប​តេយ្យ” ដែល​បាន​ប្រែក្លាយជា​ការ​បង្ហូរ​ឈាម​​បន្ទាប់ពី​ក្រុមអ្នក​តវ៉ា​របស់​គណបក្ស​ប្រឆាំង​បាន​តបត​ទៅ​លើ​ក្រុម​សន្តិសុខ​ស្លៀក​ពាក់ឯកសណ្ឋាន​ ដែល​ត្រូវ​បាន​ដាក់ពង្រាយ​ដើម្បី​បំបែក​ការ​តវ៉ា​នោះ​។

លោក ជួន ណារិន ស្នង​ការ​រង​នគរ​បាល​រាជ​ធានី​បានមាន​ប្រសាសន៍ពីការ​ចាប់​ខ្លួន​លោក វុទ្ធី​ ថា “នគរ​បាល​គ្រាន់​តែ​អនុវត្ត​តាម​ដីកា​​របស់​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ បង្គាប់​ឲ្យ​នាំ​រូប​គាត់​មក​កាន់​តុលាការ​តែប៉ុណ្ណោះ ដូច្នេះ​យើង​បាន​បញ្ជូន​គាត់​ត្រង់​មក​តុលាការ​តែ​ម្ដង​”។ លោក​បាន​បន្ថែម​ថា “សាលា​ដំបូង​រាជធានី​ភ្នំពេញ​​បាន​សម្រេច​ឃុំខ្លួន​​គាត់​បណ្ដោះ​អាសន្ន​ក្នុង​ពន្ធនាគារ​រួច​ហើយ”។

លោក កែវ មុនី ចៅក្រម​ស៊ើបសួរ​មិនអាច​ទាក់ទង​សុំអត្ថាធិប្បាយ​បានទេ ហើយគេ​នៅ​មិនទាន់​ច្បាស់​ថា តើ​មាន​ការចោទ​ប្រកាន់អ្វី​ទៅ​លើ​លោក វុទ្ធី ឡើយ។

នៅ​ថ្ងៃ​នៃ​ការ​តវ៉ា​នោះ លោកស្រី មូរ សុខហួរ សមាជិកសភា​គណបក្ស​សង្គ្រោះជាតិ​ ដែល​បានដឹក​នាំ​យុទ្ធនាការ​ទាមទារ​ឲ្យអាជ្ញាធរ​បើកទីលាន​ប្រជា​ធិបតេយ្យ​ ត្រូវ​បាន​ចាប់​ខ្លួន​ជាមួយ​សមាជិក​សភា​បី​រូបផ្សេង​ទៀត​។ នៅ​​ប៉ុន្មាន​ថ្ងៃ​បន្ទាប់មក​ ជំនួយ​ការ​របស់​លោកស្រី មូរ សុខហួរ និង​សមាជិក​សភា​បីរូប​បន្ថែមទៀត​ត្រូវ​បាន​ចាប់​ខ្លួន។

អ្នក​ទាំង​ប្រាំបី​នាក់​ត្រូវ​បាន​ចោទ​ប្រកាន់ពីបទ​ដឹកនាំ​កុបកម្ម និងការ​ញុះញង់​ឲ្យប្រព្រឹត្ត​បទ​ឧក្រិដ្ឋ ជា​បទឧក្រិដ្ឋដែលអាច​មា​ន​ទោសជាប់ពន្ធនាគារ​រហូត​ដល់​៣០​ឆ្នាំ។ ប៉ុន្តែ​ពួកគាត​់​ត្រូវ​បាន​ដោះ​លែងពី​ពន្ធ​នាគារ​វិញរយៈ​ពេល​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន និង​លោក សម សង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះជាតិ​បាន​​សម្រេច​កិច្ច​ព្រមព្រៀង​កាលពី​ថ្ងៃ​ទី​២២ ខែកក្កដាដើម្បី​បញ្ចប់​ការ​ធ្វើ​ពហិការ​មិន​ចូល​សភា​របស់​គណបក្ស​ប្រឆាំង​។

នៅ​ពេល​ត្រូវ​បាន​ទាក់​ទង​កាលពី​ម្សិលមិញ លោក យឹម សុវណ្ណ អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះជាតិ​បាន​​មាន​​ប្រសាសន៍​ថា ការ​ចាប់​ខ្លួន​លោក វុទ្ធី គឺ​ជា​ហេតុ​ផល​នយោបាយ​។

លោក​ សុវណ្ណ បាន​មាន​ប្រសាសន៍​ថា ” ការ​ចោទ​ប្រកាន់​លើរូបគាត​់គឺជាប់​ពាក់ព័ន្ធ​នឹង​ហេតុការណ៍​កាលពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា។ ហេតុការណ៍​នោះគឺ​ជា​បញ្ហា​នយោបាយ​ មិន​មែន​ជា​សកម្មភាព​បទ​ឧក្រិដ្ឋ​ឡើយ​”។

យោង​តាម​លោក សម សុគង់ មេធាវី​តំណាង​សកម្មជន​ទាំង​នោះ​បាន​ឲ្យ​ដឹង​ថា នៅ​​សប្ដាហ៍​នេះ​ដែរ សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​នឹង​បើក​សវនាការ​ជំនុំជម្រះ​រឿងក្ដី​សកម្ម​ជន​យុវជន​​គណបក្ស​សង្គ្រោះ​ជាតិ​បី​នាក់​​ដែល​ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​២ ខែ​សីហា ពាក់​ព័ន្ធ​ការ​ប៉ះទង្គិច​គ្នា​កាលពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា​​។

អ្នក​​ទាំង​បី​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ចូលរួម​ក្នុង​កុបកម្ម​ និង​ការ​ប្រើ​អំពើ​ហិង្សា​ដោយ​ចេតនា​មុន​ពេល​ត្រូវ​បាន​ដោះ​លែង​ពី​ពន្ធនាគារ​កាលពី​ថ្ងៃ​ទី​២២ ខែ​សីហា។

លោក ឃិន ជំរឿន ប្រធាន​យុវជន​រាជ​ធានី​ភ្នំពេញ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​​ត្រូវ​បាន​កោះ​ហៅ​ឲ្យ​បង្ហាញ​ខ្លួន​នៅ​ថ្ងៃ​នេះ រីឯលោក សាន គឹមហេង ហេរញ្ញិក​​ក្រុម​យុវជន​គណ​បក្ស​សង្គ្រោះ​ជាតិ​គ្រោង​បង្ហាញ​ខ្លួន​នៅ​ថ្ងៃ​ពុធ ហើយ​លោក នាង សុឃុន មេដឹកនាំ​យុវ​ជន​គណបក្ស​សង្គ្រោះជាតិ​មក​ពី​ខណ្ឌ​ទួលគោក​ត្រូវ​បាន​កោះ​ហៅ​ឲ្យ​បង្ហាញ​ខ្លួន​នៅ​តុលាការ​នៅ​ថ្ងៃ​ព្រហស្បតិ៍​៕ សារុន​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស