របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានមួយបានឲ្យដឹងកាលពីម្សិលមិញថា ក្រុងបាងកកបានស្នើឲ្យក្រុងភ្នំពេញធ្វើមាតុភូមិនិវត្តសកម្មជននិស្សិតជនជាតិថៃម្នាក់ ដែលកំពុងស្វែងរកសិទ្ធិជ្រកកោននៅក្នុងប្រទេសកម្ពុជា និងជាអ្នកដែលគេចង់ចាប់ខ្លួនដោយតាមចោទពីបទនិយាយប៉ះពាល់ដល់រាជានិយមនៅក្នុងប្រទេសកំណើតរបស់ខ្លួន។
នាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃបានបញ្ជាក់កាលពីសប្ដាហ៍មុនថា Ekkapob Luara ដែលមានឈ្មោះថា តាង អាជីវ៉ា (Tang Achiva) ដែរនោះ ស្ថិតនៅក្នុងប្រទេសកម្ពុជា ហើយថា ជននេះកំពុងដំណើរការដាក់ពាក្យសុំសិទ្ធិជ្រកកោន។
កាលពីម្សិលមិញ កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ថា លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃ កាលពីថ្ងៃអាទិត្យបានស្នើឲ្យកម្ពុជាបញ្ជូនជននេះទៅប្រទេសថៃ។
កាសែតនេះបានរាយការណ៍ថា ” [ឧត្តមសេនីយ៍] ប្រយុទ្ធ បានមានប្រសាសន៍ថា ថា តើតាង អាជីវ៉ា ត្រូវបាននិរទេសឬយ៉ាងណានោះ ទីបំផុតអាស្រ័យលើប្រទេសកម្ពុជា។ អាជ្ញាធរថៃបានសួរព័ត៌មានពីកម្ពុជា និងស្វះស្វែងឲ្យមានការធ្វើបត្យាប័នជននេះ”។
កាលពីសប្ដាហ៍មុន លោក កែម សារិន ដែលពិនិត្យមើលបញ្ហាជនភៀសខ្លួននៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា Ekkapob បានដាក់ពាក្យសុំសិទ្ធិជ្រកកោនក្នុងប្រទេសកម្ពុជា។
លោកបានមានប្រសាសន៍នៅពេលនោះថា “យើងមានមនុស្សនេះ។ គាត់បានដាក់ពាក្យសុំ។ ហើយពាក្យសុំរបស់គាត់កំពុងស្ថិតក្រោមនីតិវិធី”។
ទោះជាយ៉ាងណា កាលពីម្សិលមិញលោក សារិន បានមានប្រសាសន៍ថា លោកមិនដឹងអំពីសំណើណាមួយពីប្រទេសថៃសុំឲ្យបញ្ជូនលោក Ekkapob ទៅវិញឡើយ ហើយបានបង្វែរសំណួរទៅក្រសួងការបរទេស។
នៅពេលត្រូវបានសួរអំពីឋានៈរបស់លោក Ekkapob លោកបានមានប្រសាសន៍ថា លោកមិនមានព័ត៌មានពីសកម្មជនថៃរូបនេះធ្លាប់ស្ថិតក្នុងប្រទេសកម្ពុជាទេ ហើយបានបដិសេធការដែលនិយាយថា ជននេះនៅក្នុងប្រទេសកម្ពុជា។
លោក សារិន បានមានប្រសាសន៍ថា ” យើងមិនដឹងថា តើគាត់នៅក្នុងប្រទេសកម្ពុជាឬអត់ឡើយ ជួនកាលពួកគេគ្រាន់តែទៅមកៗប៉ុណ្ណោះ។ ឈ្មោះនេះមិនមាននៅក្នុងបញ្ជីរបស់យើងទេ។
នៅពេលនិយាយជាមួយអ្នកយកព័ត៌មានកាលពីសប្ដាហ៍មុន លោក សារិន បានអះអាងថា ជនជាតិថៃពីរនាក់បានទាក់ទងអាជ្ញាធរកម្ពុជាអំពីការស្វែងរកសិទ្ធិជ្រកកោនកាលពីឆ្នាំ២០០៩ ប៉ុន្តែមិនដែលបានដាក់ពាក្យសុំទេ។ តាមពិតលោក សារិន មិនបានធ្វើអត្ថាធិប្បាយបែបនេះទៅកាន់អ្នកយកព័ត៌មានឡើយ។
លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសបានមានប្រសាសន៍ថា លោកបានឃើញរបាយការណ៍ព័ត៌មានរបស់កាសែតបាងកកប៉ុស្តិ៍កាលពីម្សិលមិញ ប៉ុន្តែក៏មិនដឹងពីសំណើផ្លូវការសម្រាប់លោក Ekkapob ពីប្រទេសថៃដែរ។ ហើយបន្ទាប់ពីធ្វើការពិនិត្យជាមួយក្រសួងមហាផ្ទៃមក លោកក៏បានមានប្រសាសន៍ផងដែរថា លោកមិនមានព័ត៌មានពីវត្តមានរបស់លោក Ekkapob នៅក្នុងប្រទេសកម្ពុជាទេ។
លោកបានមានប្រសាសន៍ថា ” ពួកគេបាននិយាយថា [មិនមាន] ព័ត៌មានអំពីគាត់នៅក្នុងប្រទេសកម្ពុជាទេ”។
អ្នកស្គាល់លោក Ekkapob គឺលោក បា៉វីន ចាចាវ៉ាលប៉ុងពុន បានមានប្រសាសន៍កាលពីសប្ដាហ៍មុនថា លោកបានទាក់ទងជាមួយលោក Ekkapob កាលពីសប្ដាហ៍មុនៗ ហើយថា សកម្មជនរូបនេះបានប្រាប់លោកថា គាត់នៅក្នុងប្រទេសកម្ពុជាក្រោមការការពាររបស់ឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន។ ទីភ្នាក់ងារអង្គការសហប្រជាជាតិនេះមិនបានឆ្លើយតបចំពោះសំណើសុំអត្ថាធិប្បាយឡើយ។
របបយោធាថៃដែលបានគ្រប់គ្រងប្រទេសចាប់តាំងពីការផ្ដួលរំលំរដ្ឋាភិបាលជាប់ឆ្នោតកាលពីខែឧសភាមក បានចោទលោក Ekkapob ថា បានរំលោភច្បាប់ពាក់ព័ន្ធការនិយាយប្រមាថរាជានិយមរបស់ប្រទេសថៃ។
លោក Ekkapob គឺជាមនុស្សម្នាក់ក្នុងចំណោមមនុស្ស២៨នាក់ ដែលតុលាការយោធាក្រុងបាងកកបានយល់ព្រមចំពោះដីកាចាប់ខ្លួនកាលពីខែមិថុនា ពីបទមិនអើពើនឹងសេចក្តីបង្គាប់ឲ្យរាយការណ៍ប្រាប់អាជ្ញាធរថៃ។ អ្នកនាំពាក្យកងទ័ពថៃមិនអាចទាក់ទងបានទេ៕ សារុន