យោងតាមលោក សុខ ផល អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃបានឲ្យដឹងថា ក្រសួងមហាផ្ទៃបាននិរទេសជនបរទេសជាង២០០នាក់ក្នុងរយៈពេល២ខែកន្លងមក ជាផ្នែកមួយនៃការបន្តធ្វើជំរឿនទូទាំងប្រទេសរបស់ខ្លួន។
ឧត្តមសេនីយ៍ សុខ ផល បានមានប្រសាសន៍នៅសន្និសីទកាសែតមួយក្នុងរាជធានីភ្នំពេញកាលពីម្សិលមិញថា ” យើងបានចាត់វិធានការលើជនអន្តោប្រវេសន៍ដែលមិនមានឯកសារក្នុងរយៈពេល២ខែកន្លងមក ហើយបានបញ្ជូនជនបរទេស២០០នាក់ត្រឡប់ទៅវិញរួមមាន ជនជាតិស្បែកស ស្បែកខ្មៅ ជនជាតិវៀតណាម ថៃ និងជនជាតិចិនជាដើម”។
ឧត្តមសេនីយ៍ សុខ ផល បានបន្តថា យើងចាត់វិធានការតាមបីរបៀប។ ទី១ យើងត្រួតពិនិត្យជនអន្តោប្រវេសន៍ដែលមានឯកសារហួសសុពលភាព…។ ទី២ យើងស្ទង់មតិអ្នករស់នៅក្នុងប្រទេសកម្ពុជា ដែលមានឯកសារ ហើយទី៣ យើងចាត់វិធានការលើអ្នកដែលមិនមានឯកសារ ហើយបញ្ជូនពួកគេត្រឡប់ទៅវិញ។
ការធ្វើជំរឿនរបស់ក្រសួងមហាផ្ទៃបានចាប់ផ្ដើមកាលពីខែមុន ហើយនៅពេលជាមួយគ្នានេះដែរ រដ្ឋាភិបាលបានប្រកាសកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើនការអនុវត្តច្បាប់ដែលមានស្រាប់ ដែលតម្រូវឲ្យជនបរទេសដែលបម្រើការងារនៅក្នុងប្រទេសកម្ពុជាមានប័ណ្ណការងារ។
លោក អ៊ុច សុធារ័ត្ន ស្នងការរងនគរបាលរាជធានីភ្នំពេញទទួលបន្ទុកការិយាល័យអន្តោប្រវេសន៍បានមានប្រសាសន៍ថា បច្ចុប្បន្ននេះកំពុងធ្វើជំរឿននៅក្នុងរាជធានី ប៉ុន្តែថា លោកមិនអាចប៉ាន់ប្រមាណថា វាអាចចប់នៅពេលណានោះឡើយ។
លោក បា៉ល់ សូត ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង ដែលជាខេត្តមានជនជាតិវៀតណាមរស់នៅច្រើនលើបឹងទន្លេសាប បានមានប្រសាសន៍ថា ការធ្វើជំរឿនទើបតែបានចាប់ផ្ដើមនៅក្នុងខេត្តនេះប៉ុណ្ណោះ។
លោកបានមានប្រសាសន៍ថា ” យើងបានសហការជាមួយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីចាប់ផ្ដើមធ្វើជំរឿននៅថ្ងៃនេះ។ យើងបានចុះទៅស្រុកបរិបូណ៍មុនគេ”។
នគរបាលខេត្តបន្ទាយមានជ័យ និងខេត្តកំពង់ធំបានលើកឡើងកាលពីម្សិលមិញថា ពួកគេបានបញ្ចប់ការធ្វើជំរឿននៅទីនោះហើយ ហើយកំពុងចងក្រងទិន្នន័យបញ្ជូនទៅនាយកដ្ឋានអន្តោប្រវេសន៍ក្នុងរាជធានីភ្នំពេញ។
ចាប់តាំងពីចាប់ផ្ដើមធ្វើយុទ្ធនាការឃោសនាបោះឆ្នោតជាតិកាលពីឆ្នាំ២០១៣ គណបក្សសង្គ្រោះជាតិបានលើកឡើងពីការធ្វើកំណែទម្រង់ជនអន្តោប្រវេសន៍ថា ជាអាទិភាពគោលនយោបាយដ៏ចម្បង ដោយអំពាវនាវឲ្យមានការស្ទង់មតិជនបរទេសដែលរស់នៅក្នុងប្រទេសកម្ពុជា និងអំពាវនាវឲ្យមានការអនុវត្តច្បាប់អន្តោប្រវេសន៍ឲ្យបានកាន់តែខ្លាំងក្លា។
កាលពីខែកក្កដា លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានប្រាប់បណ្ដាញផ្សព្វផ្សាយព័ត៌មានសំឡេងប្រជាធិបតេយ្យថា រដ្ឋាភិបាលនឹងធ្វើការរួមគ្នាជាមួយគណបក្សសង្គ្រោះជាតិដើម្បីពិនិត្យមើលច្បាប់អន្តោប្រវេសន៍ និងធ្វើការបា៉ន់ប្រមាណពីចំនួនជនបរទេសដែលរស់នៅក្នុងប្រទេសកម្ពុជា៕ សារុន