30 C
Phnom Penh

​​​ពល​​​រដ្ឋ​​​ខ្មែរ​​​ចំណាយ​​​ប្រាក់​​​យ៉ាង​​​ច្រើន​​​ដើម្បី​​​ទិញ​​​ទូរស័ព្ទ​​​ iPhone សេ៊រី​​​ថ្មី​​​ឲ្យបាន​​​មុន​​​គេ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពល​​​រដ្ឋ​​​ខ្មែរ​​​កំពុង​​​ចំណាយ​​​ប្រាក់​​​ទ្វេ​​​ដង​​​លើ​​​តម្លៃ​​​លក់​​​រាយ​​​នៃ​​​ទូរស័ព្ទ​​​iPhone សេ៊រី​​​ថ្មី​​​របស់​​​ក្រុមហ៊ុន​​​ Apple ដើម្បី​​​ទទួល​​​បាន​​​ទូរស័ព្ទ​​​នេះ​​​មក​​​ប្រើ​​​មុន​​​ការ​​​បើក​​​លក់​​​​​​​ជា​​​ផ្លូវ​​​ការ​​​នៅ​​​​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​។

នៅ​​​ហាង​​​លក់​​​ទូរស័ព្ទ​​​ដៃ​​​ប្រហែល​​​ប្រាំ​​​មួយ​​​នៅ​​​ជុំ​​​វិញ​​​ផ្សារ​​​ធំ​​​ថ្មី​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​កាល​​​ពី​​​ម្សិលមិញ អ្នក​​​លក់​​​ទូរស័ព្ទ​​​កំពុង​​​លក់​​​ទូរស័ព្ទ​​​ iPhone 6 និង​​​ iPhone 6 Plus ដែល​​​មិន​​​ជាប់​​​លេខ​​​កូដ​​​ក្នុង​​​តម្លៃ​​​ចន្លោះ​​​ពី​​​៨៩០​​​ដុល្លារ​​​ដល់​​​១.៦០០​​​ដុល្លារ​​​។ កាល​​​ពី​​​សប្តាហ៍​​​មុន ​​​តម្លៃ​​​នៅ​​​ហាង​​​មួយ​​​ចំនួន​​​បាន​​​ឡើង​​​ដល់​​​២.៥០០​​​ដុល្លារ​​​។

ទូរស័ព្ទ​​​ iPhone សេ៊រីថ្មី​​​  ដែល​​​នាំ​​​ចូល​​​មក​​​ក្រៅ​​​ផ្លូវ​​​ការ​​​​​​ត្រូវ​​​បាន​​​ទិញ​​​នៅ​​​ក្រៅ​​​ប្រទេស​​​ដើម្បី​​​នាំ​​​ចូល​​​មក​​​ប្រទេស​​​កម្ពុជា ហេតុ​​​ដូច្នេះ​​​ហើយ​​​​​​វា​​​គ្មាន​​​ការ​​​ធានា​​​ពី​​​ក្រុមហ៊ុន Apple ទេ។

អ្នក​​​គ្រប់​​​គ្រង​​​នៅ​​​ហាង​​​លក់​​​ទូរស័ព្ទ​​​មួយ​​​ដែល​​​បដិសេធ​​​មិន​​​ប្រាប់​​​ឈ្មោះ​​​ ព្រោះ​​​ខ្លាច​​​មាន​​​ការ​​​រក​​​រឿង​​​ពី​​​ចៅ​​​កែ​​​បាន​​​និយាយ​​​ថា “យើង​​​កំពុង​​​លក់​​​ចេញ ហើយ​​​កំពុង​​​រង់​​​ចាំ​​​បន្ថែម​​។ ម្ចាស់​​​ [ ហាង ]​​​​​​​​​​​​ មាន​​​សាច់​​​ញាតិ​​​ដែល​​​រស់​​​នៅ​​​​​​​​​អាមេរិក​​​ ហើយ​​​ពួក​​​គាត់​​​នាំ​​​ទូរស័ព្ទ​​​មក​​​ទី​​​នេះ​​​”។​​​ លោក​​​បាន​​​និយាយ​​​បន្ថែម​​​ថា មក​​​ទល់​​​ពេល​​​នេះ​​​ហាង​​​របស់​​​គាត់​​​​​​លក់​​​ទូរស័ព្ទ​​​ iPhone 6 ​​​អស់​​​​​​ជាង​​​​​​៣០​​​គ្រឿង​​​ហើយ។

បុគ្គលិក​​​នៅ​​​ហាង​​​លក់​​​ទូរស័ព្ទ​​​ផ្សេង​​​ៗ​​​ទៀត​​​បាន​​​និយាយ​​​ថា ពួក​​​គេ​​​នាំ​​​ទូរស័ព្ទ​​​ទាំង​​​នេះ​​​មក​​​ពី​​​ទី​​​ក្រុង​​​ហុងកុង​​​។ មនុស្ស​​​ភាគ​​​ច្រើន​​​និយាយ​​​ថា គេ​​​ចាប់​​​ផ្តើម​​​លក់​​​ទូរស័ព្ទ​​​ iPhone សេ៊រី​​​ថ្មី​​​នេះ​​​នៅ​​​ថ្ងៃទី​​​២១​​​ ខែ​​​កញ្ញា​​​។

iPhone 6  និង iPhone 6 Plus ដែល​​​ក្រុម​​​ហ៊ុន​​​បញ្ជាក់​​​ថា មាន​​​អេក្រង់​​​ធំ​​​ និង​​​ស្តើង​​​ជាង​​​មុន​​​ត្រូវ​​​បាន​​​ចេញ​​​លក់​​​ជា​​​ផ្លូវ​​​ការ​​​នៅ​​​សហរដ្ឋ​​​អាមេរិក​​​កាល​​​ពី​​​ថ្ងៃទី​​​១៩​​​ ខែ​​​កញ្ញា​​​ ដោយ​​​មាន​​​តម្លៃ​​​ចន្លោះ​​​ពី​​​១៩៩​​​ដុល្លារ​​​ដល់​​​៩៤៩​​​ដុល្លារ​​​អាស្រ័យ​​​លើ​​​ប្រភេទ​​​ និង​​​សមត្ថភាព​​​នៃ​​​អង្គ​​​ចង​​​ចាំ​​​ ហើយ​​​ថា តើ​​​វា​​​មាន​​​ជាប់​​​កិច្ច​​​សន្យា​​​ ឬ​​​អត់។

បើ​​​និយាយ​​​នៅ​​​ក្នុង​​​តំបន់​​​វិញ​​​ មាន​​​តែ​​​ប្រទេស​​​សិង្ហ​​​បុរី​​​ទេ ដែល​​​មាន​​​លក់​​​ទូរស័ព្ទ​​​សេ៊រី​​​ថ្មី​​​​​​នេះ​​​។ គេ​​​លក់​​​ទូរស័ព្ទ​​​សេ៊រី​​​ថ្មី​​​នេះ​​​នៅ​​​ទី​​​​​​នោះ​​​ក្នុង​​​តម្លៃ​​​ចន្លោះ​​​ពី​​​៧៧៤​​​ដុល្លារ​​​ដល់​​​១.១៣០​​​ដុល្លារ​​​។

នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ក្រុម​​​ហ៊ុន Apple មាន​​​តំណាង​​​ចែក​​​ចាយ​​​ត្រឹម​​​តែ​​​ពីរ​​​ប៉ុណ្ណោះ​​​ ដែល​​​ទទួល​​​បាន​​​សិទ្ធិ​​​​​​លក់​​​ទូរស័ព្ទ​​​ iPhone សេ៊រី​​​ថ្មី​​​នេះ គឺ​​​ក្រុមហ៊ុន Smart និង​​​ក្រុមហ៊ុន iOne ។

លោក​​​ ថូម៉ាស ហាន់ (Thomas Hundt) នាយក​​​ប្រតិបត្តិ​​​ក្រុមហ៊ុន​​​ Smart បាន​​​ឲ្យ​​​ដឹង​​​ថា ហាង​​​នីមួយ​​​ៗ​​​របស់​​​ក្រុមហ៊ុន​​​នឹង​​​ចាប់​​​ផ្តើម​​​លក់​​​ iPhone សេ៊រី​​​ថ្មី​​​នេះ​​​នៅ​​​ក្នុង​​​ខែ​​​វិច្ឆិកា។

​​​​​​​​​​​​​​​​​លោក ថូម៉ាស ហាន់ បាន​​​លើក​​​ឡើង​​​តាម​​​រយៈ​​​អីុម៉េល​​​ថា “ដោយ​​​ចាប់​​​ផ្តើម​​​នៅ​​​ដើម​​​ខែ​​​វិច្ឆិកា​​​ ឆ្នាំ​​​២០១៤​​​ទូរស័ព្ទ​​​សេ៊រីថ្មី​​​ទាំង​​​ពីរ​​​នឹង​​​មាន​​​ដាក់​​​លក់​​​នៅ​​​ក្នុង​​​ហាង​​​នីមួយ​​​ៗ​​​របស់​​​ក្រុមហ៊ុន ​​​Smart នៅ​​​ទូទាំង​​​ប្រទេស​​​។ តម្លៃ​​​ផ្លូវ​​​ការ​​​នឹង​​​ត្រូវ​​​ប្រកាស​​​ឲ្យ​​​ដឹង​​​នៅ​​​ថ្ងៃ​​​ទី​​​៨​​​ ខែ​​​តុលា។ អតិថិ​​​ជន​​​អាច​​​ទទួល​​​បាន​​​តម្លៃ​​​លក់​​​រាយ​​​តាម​​​ស្តង់​​​ដារ​​​ ដោយ​​​ត្រូវ​​​បោះ​​​បង់​​​ចោល​​​ទី​​​ផ្សារ​​​ក្រៅ​​​ផ្លូវ​​​ការ​​​ដែល​​​លក់​​​ទូរស័ព្ទ​​​សេ៊រី​​​ថ្មី​​​នេះ​​​ក្នុង​​​តម្លៃ​​​ថ្លៃ។  ទូរស័ព្ទ iPhone​​​​​​ ដែល​​​ត្រូវ​​​បាន​​​ទិញ​​​នៅ​​​ហាង​​​ទូរស័ព្ទ​​​ Smart ក៏​​​មានការ​​​ធានា​​​រយៈ​​​ពេល​​​មួយ​​​ឆ្នាំ​​​ផង​​​ដែរ​​​”។

នៅ​​​ហាង​​​លក់​​​ទូរស័ព្ទ​​​ ហាក់​​​សែ ក្បែរ​​​ផ្សារ​​​ធំ​​​ថ្មី​​​កាល​​​ពី​​​ម្សិលមិញ លោក រិទ្ធ វណ្ណា អាយុ​​​៣៣​​​ឆ្នាំ​​​បាន​​​និយាយ​​​ថា គាត់​​​បាន​​​ទិញ​​​ទូរស័ព្ទ​​​ iPhone 6 ដែល​​​មាន​​​តម្លៃ​​​ថោក​​​ជាង​​​គេ គឺ​​​មាន​​​អង្គ​​​ចង​​​ចាំ១៦ជីហ្គាបៃ ក្នុង​​​តម្លៃ​​​៨៩០​​​ដុល្លារ​​​។

លោក​​​បាន​​​និយាយ​​​ថា “ខ្ញុំ​​​មិន​​​ចង់​​​រង់​​​ចាំ​​​រហូត​​​ដល់​​​ក្រុមហ៊ុន iOne ចាប់​​​ផ្តើម​​​លក់​​​នោះ​​​ទេ​​​។​​​ខ្ញុំ​​​ចង​​​់ប្រើ​​​វា​​​ភ្លាម​​​ៗ។ ប្រសិន​​​បើ​​​ខ្ញុំ​​​រង់​​​ចាំ​​​ទិញ​​​ទូរស័ព្ទ​​​ដែល​​​មាន​​​ប័ណ្ណ​​​ធានា ​​​វា​​​យូរ​​​ណាស់​​​”។ អ្នក​​​នាំពាក្យ​​​របស់​​​ក្រុមហ៊ុន​​​ Apple ឈ្មោះ ហ្វីអូណា ម៉ាទីន (Fiona Martin) បាន​​​បដិសេធ​​​មិន​​​ធ្វើ​​​អត្ថាធិប្បាយ​​​ទេ​​​កាល​​​ពី​​​ម្សិល​​​មិញ៕ស៊ុយ​​​ឈាង​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស