34 C
Phnom Penh

រដ្ឋាភិបាល​កម្ពុជា​ត្រៀម​ទទួល​យក​ជន​ភៀស​ខ្លួន​ពី​អូស្ត្រាលី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ម្សិលមិញ មន្ត្រី​ជាន់ខ្ពស់​ក្រសួង​ការបរទេស​ម្នាក់​បាន​និយាយ​ថា ការដោះស្រាយបញ្ហាដ៏ចម្រូងចម្រាសដោយប្រទសកម្ពុជា ​នូវបញ្ហាជន​ស្វែង​រក​សិទ្ធិ​ជ្រកកោន​ម៉ុងតាញ៉ា មកពី​ប្រទេស​វៀតណាម​ជាង​មួយ​ទស​វត្យរ៍​មុននេះ បានធ្វើឲ្យរដ្ឋាភិបាល​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ក្នុង​ការ​តាំង​ទី​លំនៅ​ថ្មី​សម្រាប់​ជន​ភៀស​ខ្លួន ដែល​ប្រទេស​កម្ពុជា​នឹង​ទទួល​យក​ក្នុង​ពេល​ឆាប់ៗ​ពី​ប្រទេស​អូស្ត្រាលី គឺ​ជា​ផ្នែក​មួយ​នៃ​កិច្ច​ព្រមព្រៀង​ដែល​បាន​ចុះ​ហត្ថលេខា​កាលពី​ថ្ងៃ​សុក្រ។

មន្ត្រី​រូប​នេះ​ក៏​បាន​និយាយ​ដែរ​ថា ចរាចរណ៍​កក​ស្ទះ​ក្នុង​ក្រុង​ភ្នំពេញ​នឹង​ធ្វើ​ឲ្យ​រាជធានី​ពិបាក​រស់​នៅ​ចំពោះ​ជន​ភៀសខ្លួន​ដែល​នឹង​មក​ដល់​ក្នុងពេល​ឆាប់ៗនេះ  ហើយនឹង​តាំង​លំនៅ​អចិន្ត្រៃយ៍​នៅ​ក្រៅ​រាជធានី​ភ្នំពេញ​។

ប្រទេស​កម្ពុជា​និង​ប្រទេស​អូស្ត្រាលី​កាលពី​ថ្ងៃ​សុក្រ បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​មួយ ហើយប្រទេស​កម្ពុជា​នឹងតាំងទី​លំនៅ​សម្រាប់ជន​ស្វែងរក​សិទ្ធិ​ជ្រកកោន ដែល​សព្វ​ថ្ងៃ​ប្រទេស​អូស្ត្រាលី​កំពុង​ឃាត់ទុក​នៅ​ប្រទេស​ណូរូ ជា​​​ប្រទេស​​​ដែន​​​កោះ​​​មួយ​​​​​​នៅ​មហា​​​សមុទ្រ​​​ប៉ាស៊ីហ្វិក​ខាង​​​ត្បូង។ ដោយ​ការ​ចរចា​ស្ថិត​ក្នុង​ភាព​សម្ងាត់​ទាំង​ស្រុង កិច្ចព្រមព្រៀង​នេះបាន​ទទួល​រង​ការ​រិះគន់​ខ្លាំងៗ​ពីសំណាក់​ក្រុម​អង្គការ​សិទ្ធិ​មនុស្ស និង​សមាជិក​សភា​គណ​បក្ស​​ប្រឆាំង​នៃ​​ប្រទេស​ទាំងពីរ ដែល​ចោទ​ប្រទេស​អូស្ត្រាលី​ថា គេចវេះពីការទទួល​ខុសត្រូវ​របស់​ខ្លួន ដោយ​បញ្ជូន​ជន​ភៀស​ខ្លួន​ទាំងនោះទៅ​កាន់​ប្រទេស​ក្រីក្រ​បំផុត​ និង​ពុក​រលួយ​បំផុត​មួយ​​នៅ​លើ​ពិភព​លោក។

ដោយ​មិន​នៅ​ស្ងៀម​ស្ងាត់ ចាប់តាំងពី​ការ​ចរចាស្តីពី​កិច្ច​ព្រមព្រៀង​នេះ​បាន​ចាប់​ផ្តើម​នៅ​ខែ​កុម្ភៈ​មក លោក ឡុង វីសាឡូ រដ្ឋលេខាធិការ​ក្រសួង​ការបរទេស ដែល​បាន​ដឹកនាំ​ប្រទេស​កម្ពុជា​ក្នុង​ការ​ចរចា​ជាមួយ​ប្រទេស​អូស្ត្រាលី បាន​មាន​ប្រសាសន៍​ថា ប្រទេស​កម្ពុជា​មាន​បទ​ពិសោធន៍​គ្រប់គ្រាន់​ក្នុង​ការ​ទទួល​យក​ជនភៀសខ្លួន​ថ្មី​ទាំង​នោះ។

លោក វីសាឡូ បាន​មាន​ប្រសាសន៍​នៅ​សន្និសីទ​ព័ត៌មាន​ក្នុង​ក្រសួង​មហាផ្ទៃ​ថា “កិច្ចការ​ទទួល​យក​ជន​ភៀសខ្លួន​មិន​មែន​ជា​រឿង​ថ្មី​ទេ​សម្រាប់​ប្រទេស​កម្ពុជា។ វាជា​កិច្ចការ​ដែល​យើង​បាន​ធ្វើ​ពីមុន​មកហើយ។ ឧទាហរណ៍ យើង​បាន​ទទួល​ក្រុមជន​ម៉ុងតាញ៉ា ជាដើម”។

ប្រទេស​កម្ពុជា​បាន​រង​ការ​រិះគន់​ជាទូទៅ បន្ទាប់ពីនិរទេស​ក្រុមជន​ម៉ុងតាញ៉ា​ទៅ​ប្រទេស​វៀតណាម​វិញអំឡុង​ទសវត្សរ៍មុន។ សមាជិក​ក្រុម​ជនជាតិ​ភាគតិច​នេះ បាន​ចោទ​រដ្ឋាភិបាល​វៀតណាម​ថា​បាន​ប្លន់​ដីកេរ​ដូនតា​របស់​ខ្លួន​  ហើយត្រូវ​​ជាប់​​គុក និង​ផ្តន្ទាទោស បង្ខំ​ឲ្យ​ធ្វើ​ការ​ជា​ទម្ងន់​ពេលពួកគេ​ត្រឡប់​ទៅវិញ។

ជា​ផ្នែក​មួយ​នៃ​កិច្ចព្រមព្រៀង​របស់​ប្រទេស​កម្ពុជា​ជាមួយ​ប្រទេស​អូស្ត្រាលី លោក ឡុង វីសាឡូ បាន​មាន​ប្រសាសន៍​ថា ជនភៀសខ្លួន​មកពី​ប្រទេស​ណូរូ​នឹង​ត្រូវ​តាំង​លំនៅ​ជា​អចិន្ត្រៃយ៍​ក្រៅ​ក្រុង​ភ្នំពេញ នៅពេល​ពួកគេ​រៀនសូត្រ​ភាសាខ្មែរ​ជា​មូលដ្ឋាន និង​ឆ្លងកាត់​ការ​ពិនិត្យ​សុខភាព។

លោក​បាន​មាន​ប្រសាសន៍​ថា ចរាចរណ៍​កក​ស្ទះ​ក្នុង​ក្រុង​ភ្នំពេញ គឺ​ចាំបាច់​ត្រូវ​បញ្ជូន​ពួកគេ​ទៅ​ក្រៅ​រដ្ឋាធានី។ លោក​បាន​បន្ថែម​ថា “ភ្នំពេញ​មាន​ការ​ស្ទះ​ចរាចរណ៍ ដូច្នេះ​ពួកគេ​មិន​អាច​រស់​នៅ​ទី​នេះ​បាន​ទេ។ ហើយ​ពួកគេ​អាច​ត្រូវធ្វើ​កសិកម្ម។ ដី​នៅ​ក្រៅ​ក្រុង​មាន​ច្រើន​ជាងដី​នៅ​ក្នុង​ក្រុង”។

បច្ចុប្បន្ន​នេះ ប្រទេស​កម្ពុជា​មាន​ជន​ភៀសខ្លួន​ប្រហែល​៧០​នាក់ ពួកគេ​ភាគច្រើន​​រស់នៅ​ជាយ​ក្រុង​ភ្នំពេញ។

លោក​រដ្ឋ​លេខាធិការ​ក្រសួង​ការបរទេស​រូប​នេះ​ក៏​បាន​មាន​ប្រសាសន៍​ដែរ​ថា ក្រុម​ជន​ភៀស​ខ្លួន​ដំបូង​អាច​មក​ដល់​ប្រទេស​កម្ពុជា​ពី​ប្រទេស​ណូរូ ផ្អែក​​លើ​មូលដ្ឋាន​ស្ម័គ្រ​ចិត្ត​​ នៅ​ចុង​ឆ្នាំនេះ។

ដោយ​បង្ហាញ​ឲ្យ​ឃើញ​ដូចជា​មិន​សប្បាយ​ចិត្ត​នឹង​សំណួរ​ដដែលៗ អំពីថាតើ​ជនភៀសខ្លួន​នឹង​ត្រូវ​តាំងលំនៅ​នៅទីណា​នោះ លោក វីសាឡូ ​​​បានបញ្ជាក់ថា​ ទីកន្លែងមិន​ទាន់​បានជ្រើសរើស​នៅ​ឡើយ​ទេ។ លោក​និយាយ​បែប​កំប្លែង​ថា ប្រធាន​អន្តោប្រវេសន៍ ឧត្តម​សេនីយ៍ សុខ ផល ដែល​បាន​ចូលរួម​ក្នុង​សន្និសីទ​កាលពី​ម្សិលមិញ​ដែរ​នោះ ប្រហែល​កំពុង​ទុក​ក្នុង​ពោះ​។

លោក​បាន​មាន​ប្រសាសន៍​ថា “និយាយ​ដោយ​ស្មោះ​ទៅ ខ្ញុំ​មិន​ដឹងទេ។ [ចម្លើយ] ប្រហែល​នៅ​ក្នុង​ពោះ​របស់​ឯក​ឧត្តម សុខ ផល ពីព្រោះ​គាត់ទទួល​ខុស​ត្រូវ​សន្តិសុខ”។

លោកស្រី ជយ ឈា អ្នក​ស្រាវជ្រាវ​ជាន់​ខ្ពស់​នៅ​មជ្ឈមណ្ឌល​ច្បាប់​ជនភៀស​ខ្លួន​អន្តរជាតិ​នៃ​សាកល​វិទ្យាល័យ​ញ៉ូវ​សាវ​វែល នៅ​ប្រទេស​អូស្ត្រាលី បាន​មាន​ប្រសាសន៍​ថា ប្រទេស​កម្ពុជា​ត្រូវ​អនុញ្ញាត​ឲ្យ​ជន​ភៀស​ខ្លួន​ជ្រើសរើស​កន្លែង​ដែល​ពួកគេ​រស់​នៅ​ក្នុង​ប្រទេស​នេះ។

អ្នកស្រី ឈា មាន​ប្រសាសន៍​តាម​អីុម៉េល​ថា ៉មាត្រា​២៦​នៃ​អនុសញ្ញា​ជនភៀសខ្លួន” ដែល​ប្រទេស​កម្ពុជា​បាន​ចុះ​ហត្ថលេខា “តម្រូវ​ឲ្យ​ជនភៀសខ្លួន​អាច​ជ្រើសរើស​កន្លែង​រស់​នៅ​របស់​ខ្លួន និង​អាច​ធ្វើ​ដំណើរ​ដោយ​សេរី​ក្នុង​ទឹកដី​របស់​ប្រទេស​កម្ពុជា ស្ថិត​ក្រោម​ច្បាប់ ដែល​អនុវត្ត​ចំពោះ​ជន​បរទេស​ជាទូទៅ​ក្នុង​កាលៈ​ទេសៈ​តែ​មួយ”។

លោក​ស្រី​បាន​ឲ្យ​ដឹង​ថា “ដូច្នេះ​វា​នឹង​មិន​​សុីសង្វាក់គ្នាចំពោះកាតព្វកិច្ច​របស់​ប្រទេស​កម្ពុជា​និង​កាតព្វកិច្ចរបស់​ប្រទេស​អូស្ត្រាលី ប្រសិនបើ​មាន​ការ​ដាក់​កំហិត​ណាមួយ​លើ​សេរីភាព​ធ្វើ​ដំណើរ​និង​សិទ្ធិ​មាន​ទីលំនៅរបស់ពួកគេ”។

ជា​ផ្នែក​មួយ​នៃកិច្ច​ព្រមព្រៀង​ជន​ភៀស​ខ្លួន ប្រទេស​អូស្ត្រាលី​បាន​សន្យា​ថា​នឹង​បង្កើន​កញ្ចប់​ជំនួយ​មក​កម្ពុជា​ដល់​៣៥​លាន​ដុល្លារ​ក្នុង​អំឡុង​ពេល​៤​ឆ្នាំ​បន្ទាប់ និង​ចេញ​ចំណាយ​សឹង​តែ​ទាំងអស់​លើ​ការ​តាំង​លំនៅ​ជនភៀសខ្លួន​ជាថ្មី រួមមាន​ចំណាយ​លើ​សេវា​ផ្សេងរយៈពេលមួយ​ឆ្នាំៗ សម្រាប់​ជនភៀសខ្លួន ស្របតាមស្តង់ដារ​ក្នុង​ស្រុក។

ប៉ុន្តែ ពលរដ្ឋ​កម្ពុជា​ភាគ​ច្រើន​បំផុត​មិនមាន​ការធានា​រ៉ាប់រងផ្នែក​សុខភាព​ទេ ហើយ​សេវា​សុខភាព​និង​ការអប់រំ​សាធារណៈ​ក្នុង​ប្រទេស​កម្ពុជា ជាពិសេស នៅក្រៅ​ទីក្រុងភ្នំពេញ​ក៏អត្តខាត់ខ្លាំងដែរ។

លោកស្រី ម៉ាដឺលីន គ្លីសុន អ្នក​ស្រាវជ្រាវ​​នៅ​មជ្ឈមណ្ឌល​ច្បាប់​ជនភៀសខ្លួន បាន​មាន​ប្រសាសន៍​ថា ការពិត​នេះគឺថា ប្រទេស​អូស្ត្រាលី​នឹងមិន​ធានាឲ្យ​ជនភៀស​ខ្លួនទទួលបាន​សេវា​សុខ​ភាពល្អ​ប្រសើរ​ទេ។

លោក​ស្រី​មាន​ប្រសាសន៍​ថា “វាទំនង​ថា ប្រទេស​អូស្ត្រាលី​នឹង​ខក​ខាន​មិន​បំពេញ​កាតព្វកិច្ច​បាន​ទាំង​អស់​ទេ សូម្បី​តែ​ធានា​ឲ្យមានការ​រ៉ាប់រងផ្នែក​សុខភាព​ស្របតាម​ស្តង់ដារ​ក្នុង​ស្រុក​ក៏មិន​អាច​ទៅរួច​ដែរ​ ពីព្រោះស្តង់ដារ​ថែរក្សា​សុខភាព​នៅកម្ពុជា​ជាទូទៅ​មាន​កម្រិត​ទាបណាស់ ហើយ​ជា​ពិសេស​អន់ថយ ឬ មិន​មាន​តែ​ម្តងនៅ​តាម​តំបន់​ជនបទ​ដាច់​ស្រយាល​មួយ​ចំនួន”៕មានិត

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស