31 C
Phnom Penh

ទាហាន​ខ្មែរ​ និង​ទាហាន​ថៃរងរបួស​ក្នុង​ការប៉ះទង្គិចគ្នាដោយ​អាវុធ​តាម​ព្រំដែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​មន្ត្រី​យោធា​បាន​ឲ្យ​ដឹង​ថា ទាហាន​កង​យោធពល​ខេមរភូមិន្ទ និង​ទាហាន​ថៃ​បាន​រង​របួស​កាលពី​ថ្ងៃ​ច័ន្ទ នៅ​ក្នុង​ការ​ប៉ះទង្គិច​គ្នា​ដោយ​អាវុធនៅ​ជិត​ច្រក​ព្រំដែន​អានសេះ នៅ​ក្នុង​ខេត្ត​ព្រះវិហារ ដោយ​កត់​សម្គាល់ឲ្យ​ឃើញ​ពីការ​ប៉ះទង្គិច​គ្នា​ដោយ​អាវុធ​លើកដំបូង​រវាង​ប្រទេស​ទាំង​ពីរ​ចាប់​តាំង​ពី​យោធា​ថៃ​បាន​បណ្ដេញ​រដ្ឋាភិបាល​ជាប់​ឆ្នោត​កាលពី​ខែ​ឧសភា។

ឧត្តម​សេនីយ៍ត្រី សោម បុប្ផារ័ត្ន មេបញ្ជាការ​យោធា​ខេត្ត​បាន​មាន​ប្រសាសន៍​ថា ការ​ប៉ះទង្គិច​គ្នា​នេះ​បណ្ដាល​មកពី​ការ​ភាន់​ច្រឡំ​ក្នុង​ចំណោមក្រុម​ទាហាន​ដែល​ឈរ​​ជើង​នៅ​តាម​ព្រំដែន។

ឧត្តម​សេនីយ៍​ត្រី បុប្ផារ័ត្ន បាន​មាន​ប្រសាសន៍​ថា “ពួកគេ​យល់​ច្រឡំ​ទាហាន​​ថា​ជាមនុស្ស​ផ្សេង​ ខណៈ​ដែលភាគីទាំង​ពីរ​កំពុង​ល្បាត​” ដែល​លោក​បាន​បន្ថែម​ថា ឧត្តម​សេនីយ៍​ ជា តារា មេបញ្ជាការ​រង​កង​យោធពល​ខេមរភូមិន្ទ​បាន​ប្រាប់​លោក​ពី​ហេតុការណ៍​នេះ​។

លោក​បាន​មាន​ប្រសាសន៍​ថា មន្ត្រី​ទាំង​នោះ​មិន​ដឹង​ថា ភាគី​ណាមួយ​បាញ់​មុន​ឡើយ​។ ឧត្តម​សេនីយ៍ត្រី បុប្ផារ័ត្ន បាន​មាន​ប្រសាសន៍​ថា គ្មាន​មូលហេតុណាដែលត្រូវ​បារម្ភ​អំពីការ​ឈាន​ទៅ​រក​ភាព​ជា​សត្រូវ​នឹង​គ្នា​នៅ​តាម​ព្រំដែន​ឡើយ ដែល​ចុង​ក្រោយគេឃើញមាន​ការ​ប៉ះ​ទង្គិច​គ្នា​រវាង​ទាហាន​ថៃ​ និងទាហាន​ខ្មែរ​កាលពី​ឆ្នាំ​២០១១​។ លោក​បានមាន​ប្រសាសន៍​ថា “ព្រំដែន​មាន​សភាព​​ស្ងប់​ស្ងាត់ជាធម្មតា​បន្ទាប់ពី​ការ​ប៉ះ​ទង្គិច​គ្នា​ដោយអាវុធ​រយៈ​ពេល​ខ្លី ហើយ​មេបញ្ជាការ​របស់​យើង​បាន​ចរចា​អំពី​បញ្ហា​នេះ”។

លោក មាស យឿន មេបញ្ជាការ​រង​កង​យោធពល​ខេមរភូមិន្ទ​ប្រចាំ​ខេត្ត​នេះ​បាន​មាន​ប្រសាសន៍​ថា ទាហានខ្មែរ​ដែល​រង​របួស​កំពុង​​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​សៀម​រាប ប៉ុន្តែ​លោក​មិន​ដឹង​ថា ស្ថានភាព​របស់គាត់​យ៉ាង​ម៉េច​ឡើយ​។

លោក ជា គឹមសេង អភិបាល​ស្រុក​ជាំ​ក្សាន្តបាន​ប្រាប់​ថា ទាហាន​រូប​នោះ​ឈ្មោះ វ៉ា សាវុធ អាយុ​ខ្ទង់​៣០​ឆ្នាំ ហើយ​លោក​បាន​មាន​ប្រសាសន៍​ថា ទាហានរូប​នោះ​បាន​រង​របួស​ត្រង់​ជើង​ឆ្វេង ត្រគាក​ស្ដាំ និង​ស្មាស្ដាំ​។

បើទោះ​ណា​ជាមានទំនាក់​ទំនង​កក់​ក្ដៅ​រវាង​រដ្ឋាភិបាល​របស់​អតីត​នាយក​រដ្ឋមន្ត្រី​ថៃ យីងឡាក់ ស៊ីណាវ៉ាត្រា ដែល​ត្រូវ​បាន​បណ្ដេញ​ចេញ​ដោយ​ការ​ធ្វើ​រដ្ឋប្រហារ​ដឹកនាំ​ដោយ​ឧត្ដម​សេនីយ៍ ប្រាយុទ្ធ ចាន់អូចា ក៏ដោយ ក៏​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រប​ទៅ​នឹង​របប​ថ្មី​​នេះ​យ៉ាង​ឆាប់​រហ័សដែរ​​។

កាលពី​ចុង​ខែ​កក្កដា លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​បាន​ដឹកនាំ​គណៈប្រតិភូ​រួម​មានឧត្តម​សេនីយ៍ទោ ហ៊ុន ម៉ាណែត កូន​ប្រុស​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទៅ​ទីក្រុងបាង​កក ហើយ​​បាន​ថត​រូប​ចាប់​ដៃ​ជាមួយ​ឧត្តម​សេនីយ៍​ ប្រាយុទ្ធ។

ការ​អះអាង​សិទ្ធិ​កាន់​កាប់​ប្រសាទ​ព្រះវិហារ ដែល​ជា​ចំណុច​ស្នូលនៃ​ភាព​តាន​តឹង​រវាង​ប្រទេស​ទាំង​ពីរ​នោះ ត្រូវ​បាន​តុលាការ​យុត្តិធម៌​អន្តរជាតិ​សម្រេច​កាលពី​ខែ​វិច្ឆិកា ផ្ដល់​អធិបតេយ្យភាព​ដល់​ប្រទេស​កម្ពុជាអំពីទឹក​ដី​នៅ​ជ​ុំវិញតំបន់ប្រាសាទ​ព្រះវិហារ​។ នៅក្នុងសេចក្ដី​សម្រេច​នោះ​ ប្រទេស​ថៃ​​ត្រូវ​បាន​បង្គាប់​ឲ្យ​ដក​កង​ទ័ព​របស់​ខ្លួន​ចេញ​ពី​តំបន់​នោះ​៕ សារុន​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស