យោងតាមមន្ត្រីក្រសួង និងមេធាវីរបស់ក្រុមហ៊ែកឃើបានឲ្យដឹងថា ក្រុមហ៊ែកឃើកម្ពុជាចំនួនពីរនាក់ ដែលចង់ផ្ដួលរំលំរដ្ឋាភិបាលដោយជ្រៀតចូលក្នុងគេហទំព័ររបស់រដ្ឋាភិបាលដើម្បីមើលឯកសារសម្ងាត់ ត្រូវបានតុលាការសម្រេចព្យួរទោស និងដោះលែង ព្រមទាំងឲ្យធ្វើការនៅក្រសួងមហាផ្ទៃកាលពីម្សិលមិញ។
ប៊ុនឃីង មង្គលបញ្ញា អាយុ២១ឆ្នាំ ដែលប្រើឈ្មោះក្រៅតាមអុីនធើណិតថា Sex Machineand Black Cyber និង ជូ សុងហេង អាយុ២១ឆ្នាំ ដែលប្រើឈ្មោះតាមអុីនធើណិតថា Zoro បានជាប់ពន្ធនាគាររយៈពេល៥ខែនៅក្នុងពន្ធនាគារព្រៃសបន្ទាប់ពីពួកគេត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី៧ ខែមេសា ពីបទជ្រៀតចូល និងលួចទិន្នន័យពីគេហទំព័ររបស់ក្រុមហ៊ុនឯកជន និងរដ្ឋាភិបាលចំនួន៣០។
ការចាប់ខ្លួនត្រូវបានធ្វើឡើងបន្ទាប់ពីនគរបាលជាតិ និងការិយាល័យស៊ើបអង្កេតសហព័ន្ធរបស់អាមេរិក (FBI) បានធ្វើការស៊ើបអង្កេតអស់រយៈពេល៨ខែ។
កាលពីម្សិលមិញ សាលាដំបូងរាជធានីភ្នំពេញបានរកឃើញថា បញ្ញា និង សុងហេង មានពិរុទ្ធភាពលើការចោទប្រកាន់ចំនួនបួន រួមមាន ការជ្រៀតចូលក្នុងគេហទំព័ររបស់រដ្ឋាភិបាលដែលហាមឃាត់ និងធ្វើឲ្យគេហទំព័រមិនដំណើរការ ហើយបានផ្ដន្ទាទោសពួកគេទាំងពីរនាក់នេះឲ្យជាប់ពន្ធនាគាររយៈពេលពីរឆ្នាំក្នុងម្នាក់ៗ។
ប៉ុន្តែចៅក្រម រស់ ពិសិដ្ឋ បានព្យួរទោសជាប់ពន្ធនាគាររបស់ពួកគេ ហើយដោះលែងពួកគេ និងបានសម្រេចឲ្យពួកគេធ្វើការឲ្យក្រសួងមហាផ្ទៃ នេះបើយោងតាមលោក ឌឹម ចៅសេង មេធាវីរបស់ក្រុមហ៊ែកឃើទាំងពីរនាក់នេះ។
លោក ចៅសេង បានមានប្រសាសន៍ថា “ពួកគេទាំងពីរត្រូវទៅធ្វើការនៅនាយកដ្ឋានសន្តិសុខផ្ទៃក្នុងនៅក្រសួងមហាផ្ទៃ។ ពួកគេគ្មានជំនាញអ្វីផ្សេងក្រៅពីជំនាញកុំព្យូទ័រឡើយ។ ប្រសិនបើពួកគេនៅតែត្រូវបានឃុំឃាំងក្នុងពន្ធនាគារ ពួកគេនឹងបន្តបំផ្លាញជាតិទៀត [នៅពេលពួកគេត្រូវបានដោះលែង]”។
លោក ចៅសេង បានលើកឡើងថា លោកមិនដឹងច្បាស់ទេថា តើកូនក្ដីរបស់លោកនឹងត្រូវធ្វើការងារអ្វីនៅពេលទៅធ្វើការឲ្យរដ្ឋាភិបាលនោះ។
ឧត្តមសេនីយ៍ឯក ឆាយ ស៊ីណារិទ្ធ ប្រធាននាយកដ្ឋានសន្តិសុខផ្ទៃក្នុងនៅក្រសួងមហាផ្ទៃបានបញ្ជាក់ថា ក្រុមហ៊ែកឃើនេះនឹងមកចូលរួមជាមួយក្រុមរបស់លោកក្នុងពេលឆាប់ៗ ប៉ុន្តែលោកមិនបានប្រាប់ពីព័ត៌មានលម្អិតឡើយ។
លោកបានមានប្រសាសន៍ថា “ខ្ញុំទទួលបានព័ត៌មានពីថ្នាក់ក្រោមរបស់ខ្ញុំ។ ខ្ញុំនៅមិនទាន់ទទួលបានលិខិតបញ្ជាក់ពីសេចក្ដីសម្រេចនៅឡើយទេ។ វាគឺជាគំនិតល្អ វានឹងមានសារៈប្រយោជន៍យ៉ាងខ្លាំងដែលប្រើសមត្ថភាពរបស់ពួកគេមកបម្រើសង្គមជាតិ”។
នៅពេលដែលពួកគេត្រូវបានចាប់ខ្លួន បញ្ញា និង សុងហេង គឺជានិស្សិតឆ្នាំទី៣នៅវិទ្យាស្ថានស៊ីតិក (SETEC) ជាវិទ្យាស្ថានមានមូលដ្ឋាននៅក្នុងរាជធានីភ្នំពេញ ដែលបង្រៀនផ្នែកព័ត៌មានវិទ្យា។ នៅពេលនោះ នគរបាលបានសង្ស័យថា ពួកគេគឺជាសមាជិកនៃក្រុមហ៊ែកឃើអនាមិកកម្ពុជា ព្រោះបើយោងតាមខ្សែអាត់វីដេអូរបស់នគរបាលបានបង្ហាញថា ក្រុមមន្ត្រីបានរកឃើញស្រោមមុខ Guy Fawkes អំឡុងពេលឆែកឆេរបន្ទប់របស់ បញ្ញា។
បញ្ញា បានសារភាពថា ពិតជាបានជ្រៀតចូលគេហទំព័រទាំងនោះមែន រីឯ សុងហេង វិញបាននិយាយថា ខ្លួនគ្រាន់តែជាសិស្សរបស់ បញ្ញា ប៉ុណ្ណោះ។
បន្ទាប់ពីការចាប់ខ្លួនពួកគេ សមាជិកនៃក្រុមហ៊ែកឃើអនាមិកកម្ពុជា និងក្រុមហ៊ែកឃើអនាមិកពិភពលោកបានវាយប្រហារលើគេហទំព័ររបស់ក្រុមហ៊ុនឯកជន និងគេហទំព័ររបស់រដ្ឋាភិបាលមួយចំនួនជាការសងសឹក។ ក្រុមហ៊ែកឃើក្នុងស្រុកចំនួនបីនាក់ផ្សេងទៀតក៏ត្រូវបានចាប់ខ្លួនផងដែរនៅប៉ុន្មានសប្ដាហ៍ក្រោយមក។
នៅពន្ធនាគារព្រៃសកាលពីរសៀលម្សិលមិញ គ្រួសាររបស់ សុងហេង បានរង់ចាំគាត់នៅខាងក្រៅពន្ធនាគារ។
អ្នកស្រី ថាន សុភាព ជាម្ដាយរបស់ សុងហេង បាននិយាយថា “ខ្ញុំនឹងប្រាប់ឲ្យកូនរបស់ខ្ញុំបន្តការសិក្សាបន្តទៀត ហើយខ្ញុំសប្បាយចិត្តខ្លាំងណាស់នៅពេលគេផ្ដល់ការងារនៅនាយកដ្ឋានសន្តិសុខផ្ទៃក្នុងដល់កូនរបស់ខ្ញុំ”។
នៅម៉ោង៤និង៤៨នាទីរសៀល សុងហេង និង បញ្ញា ត្រូវបានគេនាំចេញពីពន្ធនាគារតាមច្រកទ្វារមុខ រួចត្រូវបានដឹកចេញទៅតាមម៉ូតូនគរបាល។
លោក Mark Rasch អតីតប្រធានអង្គភាពប្រឆាំងបទល្មើសតាមអុីនធើណិតនៅក្រសួងយុត្តិធម៌អាមេរិកបានលើកឡើងថា ការសម្រេចរបស់ចៅក្រម ពិសិដ្ឋ ដែលសម្រេចឲ្យ សុងហេង និង បញ្ញា ធ្វើការឲ្យរដ្ឋាភិបាលគឺជារឿងខុសពីប្រក្រតី និងគ្រោះថ្នាក់។
លោក Rasch បាននិយាយតាមទូរស័ព្ទពីទីក្រុងវ៉ាស៊ីនតោនថា “វាគ្រោះថ្នាក់សម្រាប់រដ្ឋាភិបាលដែលធ្វើដូច្នេះ ព្រោះក្រុមហ៊ែកឃើអាចបន្តធ្វើការ [លើគម្រោងផ្ទាល់ខ្លួន] ហើយប្រសិនបើតុលាការបង្គាប់ឲ្យពួកគេជ្រៀតចូលប្រព័ន្ធមួយនៅក្នុងប្រទេសកម្ពុជា ឬកន្លែងផ្សេងហើយអ្វីៗត្រូវបានខូចខាត តើនរណាជាអ្នកចេញសង? តើនរណាជាអ្នកទទួលខុសត្រូវ?”៕ ស៊ុយឈាង