សាលាដំបូងរាជធានីភ្នំពេញបានសាកសួរប្រធានក្រុមយុវជនគណបក្សសង្គ្រោះជាតិកាលពីម្សិលមិញ ពាក់ព័ន្ធការចោទប្រកាន់ពីបទចូលរួមក្នុងកុបកម្ម ថ្ងៃដំបូងនៃរយៈពេលបីថ្ងៃនៃគម្រោងផ្ដល់សក្ខីកម្មរបស់សកម្មជនយុវជនទាំងបីនាក់ ដែលត្រូវបានជាប់ពន្ធនាគាររយៈពេលបីសប្ដាហ៍កាលពីខែសីហា។
លោក ឃិន ជំរឿន អាយុ៣២ឆ្នាំបាននិយាយថា លោក កែវ មុនី ចៅក្រមស៊ើបសួរបានព្យាយាមសួរថា តើហេតុអ្វីបានជាក្រុមអ្នកតវ៉ារបស់គណបក្សសង្គ្រោះជាតិតបតដោយហិង្សាទៅលើកម្លាំងសន្តិសុខរដ្ឋប្រដាប់ដោយដំបង ដែលត្រូវបានដាក់ពង្រាយដើម្បីបំបែកការតវ៉ារបស់គណបក្សប្រឆាំងនៅជិតទីលានប្រជាធិបតេយ្យកាលពីថ្ងៃទី១៥ ខែកក្កដា។
លោកបានមានប្រសាសន៍ថា ” គាត់បានសួរខ្ញុំថា តើខ្ញុំបានបញ្ជាឲ្យអ្នកតវ៉ាវាយសន្តិសុខឬ”។ លោក ជំរឿន បាននិយាយថា លោកបានប្រាប់ចៅក្រមនោះថា តាមពិតលោកបានប្រើក្បាលមីក្រូប្រាប់ក្រុមអ្នកតវ៉ាដោយរក្សាភាពស្ងប់ស្ងាត់។ សមាជិកសភាគណបក្សប្រឆាំងប្រាំពីររូប និងមន្ត្រីគណបក្សម្នាក់ត្រូវបានចោទប្រកាន់ពីបទដឹកនាំកុបកម្មរយៈពេលប៉ុន្មានថ្ងៃបន្ទាប់ពីមានការតវ៉ា ហើយត្រូវបានឃុំខ្លួនក្នុងពន្ធនាគារព្រៃសរយៈពេលមួយសប្ដាហ៍។
ប៉ុន្តែមន្ត្រីគណបក្សសង្គ្រោះជាតិម្នាក់ទៀត គឺលោក ស៊ុំ វុទ្ធី សមាជិកក្រុមប្រឹក្សាខណ្ឌច្បារអំពៅត្រូវបានចាប់ខ្លួនកាលពីថ្ងៃច័ន្ទ ថាបានពាក់ព័ន្ធនៅក្នុងការតវ៉ានោះ ហើយកំពុងត្រូវឃុំខ្លួននៅក្នុងពន្ធនាគារព្រៃស។ អ្នកស្រី ម៉ក់ ចាន់ ជាប្រពន្ធរបស់គាត់បាននិយាយកាលពីម្សិលមិញថា ប្ដីរបស់អ្នកស្រីក៏ត្រូវបានចោទប្រកាន់ពីបទចូលរួមក្នុងកុបកម្មផងដែរ៕ សារុន