27 C
Phnom Penh

អ្នកបើក​​​បរ​​​បុក​​​គេ​​​ហើយ​​​រត់​​​ត្រូវ​​​បាន​​​ដោះលែង​​​ដោយ​​​គ្មាន​​​ការ​​​ចោទ​​​ប្រកាន់​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកបើក​​​បររថយន្ត​​​ តូយ៉ូតា កាមរី​​​ ​​​អាយុ​​​​​​២៨ឆ្នាំ​​​ ដែល​​​បាន​​​បុក​​​ម៉ូតូ​​​របស់​​​​​​​​ស្ត្រី​​​វ័យ​​​ក្មេង​​​ម្នាក់​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​​​​​​​កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ រួច​​​ព្យាយាម​​​បើក​​​រថយន្ត​​​​​​គេច​​​ចេញ​​​ពី​​​កន្លែង​​​កើត​​​ហេតុ​​​ ត្រូវ​​​បាន​​​នគរ​​​បាល​​​ចរាចរ​​​ដោះ​​​លែង​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ ដោយ​​​គ្មាន​​​ការ​​​ចោទ​​​ប្រកាន់​​​។

លោក​​​ ទិន វ៉ាន់ស៊ី មន្ត្រី​​​នគរ​​​បាល​​​​​​​​​ចរាចរ​​​រាជ​​​ធានី​​​ភ្នំពេញ​​​បាន​​​និយាយ​​​ថា “យើង​​​បាន​​​ដោះ​​​លែង​​​គាត់​​​ ព្រោះ​​​ជន​​​រងគ្រោះ​​​មិន​​​រង​​​របួស​​​ធ្ងន់​​​ឡើយ​​​ ហើយ​​​ជន​​​រង​​​គ្រោះ​​​បាន​​​យល់​​​ព្រម​​​ទទួល​​​យក​​​​​​ប្រាក់​​​សំណង​​​ជំងឺ​​​ចិត្ត​​​៥០​​​ដុល្លារ រួច​​​មិន​​​ដាក់ពាក្យ​​​ប្តឹង​​​ទៅ​​​តុលាការ​​​ទេ​​​”។

លោក​​​ វ៉ាន់ស៊ី បាន​​​បញ្ជាក់​​​អត្ត​​​សញ្ញាណ​​​អ្នក​​​បើក​​​បរ​​​រថយន្ត​​​នោះ​​​ថា មាន​​​ឈ្មោះ ជា សុវណ្ណារិទ្ធ ដែល​​​ធ្វើ​​​ការ​​​នៅ​​​នាយក​​​ដ្ឋាន​​​កាំ​​​កុង​​​ត្រូល​​​នៅ​​​ក្រសួង​​​ពាណិជ្ជកម្ម​​​ ហើយ​​​ឪពុក​​​របស់​​​​​បុរស​​​រូប​​​នេះ​​​ធ្វើ​​​ការ​​​នៅ​​​ធនាគារ​​​ជាតិ​​​នៃ​​​កម្ពុជា​​​។ លោក​​​បាន​​​បន្ថែម​​​ថា លោក ជា សុវណ្ណារិទ្ធ ​​​ត្រូវ​​​ដោះ​​​លែង​​​ ព្រោះ​​​គាត់​​​​​​គ្រាន់​​​តែ​​​គេច​​​ខ្លួន​​​ដោយសារ​​​ខ្លាច​​​មាន​​​ការ​​​សង​​​សឹក​​​ពី​​​អ្នក​​​ដែល​​​បាន​​​ឃើញ​​​គ្រោ​​ះ​​​ថ្នាក់​​​ចរាចរណ៍​​​នេះ​​​។

នៅ​​​ក្នុង​​​ករណី​​​ដាច់​​​ដោយ​​​ឡែក​​​មួយ​​​ទៀត​​​ នគរ​​​បាល​​​បាន​​​បន្ត​​​បដិសេធ​​​មិន​​​ប្រាប់​​​ឲ្យ​​​ដឹង​​​ពី​​​ឈ្មោះ អ្នក​​​បើក​​​បរ ឬ​​​ម្ចាស់​​​រថយន្ត​​​ម៉ាក Range Rover ដែល​​​បាន​​​បុក​​​​​​ជន​​​ជាតិ​​​អៀរឡង់​​​ម្នាក់​​​ឈ្មោះ ថូម៉ាស ប៊ីឈើ (Tomas Beecher)​​​​​​​​​​​​ ​​​ស្លាប់​​​នៅ​​​លើ​​​មហាវិថី​​​ព្រះ​​​មុនីវង្ស​​​នៅ​​​ពេល​​​ទៀប​​​ភ្លឺ​​ឈាន​​​ចូល​​​ថ្ងៃ​​​អាទិត្យ​​​ឡើយ​​​​​​។

លោក សែម គន្ធា នាយរង​​​នគរបាល​​​ចរាចរ​​​រាជ​​​ធានី​​​ដែល​​​ទទួល​​​បន្ទុក​​​ក្នុង​​​​​​ករណី​​​នេះ​​​​​​ និង​​​ដែល​​​ពី​​​មុន​​​​​​បាន​​​បញ្ជាក់​​​អត្ត​​​សញ្ញាណ​​​​​​ម្ចាស់​​​រថយន្ត​​​ស៊េរី​​​ទំនើប​​​នេះ​​​ថា ជា​​​មន្ត្រី​​​នគរ​​​បាល​​​ទេសចរ ​​​​​​បាន​​​បដិសេធ​​​មិន​​​ធ្វើ​​​អត្ថាធិប្បាយ​​​ឡើយ​​​កាល​​​ពី​​​ម្សិលមិញ​​​៕ស៊ុយ​​​ឈាង​​​

 

​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស