38 C
Phnom Penh

ព្រះសង្ឃបីអង្គនៅ​វត្ត​ចង្ក្រានតាព្រហ្មនឹងត្រូវ​បណ្តេញចេញពីវត​្ត​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ព្រះ​សង្ឃ​ជា​សកម្មជន​បី​អង្គ​នឹង​ត្រូវ​បណ្ដេញ​ចេញ​ពី​វត្ត​ចង្ក្រាន​តាព្រហ្ម ក្នុង​រាធានី​ភ្នំពេញ​ បន្ទាប់ពី​ធ្វើ​ឲ្យ​មេកុដិ​មាន​កំហឹង​ជាមួយ​នឹង​សកម្ម​ភាព​ប្រឆាំង​រដ្ឋាភិបាល​របស់​ព្រះ​សង្ឃទាំង​នេះ។

ព្រះតេជគុណ យិន រតន​សុធាវី ព្រះជន្ម​៣៥​វស្សា ព្រះតេជគុណ លី ចាន់ណេន ព្រះ​ជន្ម​៤៧​វស្សា និង​ព្រះ​តេជគុណ សឿង ហៃ ព្រះជន្ម​២៨​វស្សា​បាន​បើក​វត្ត​នេះ​ដែល​គេ​ហៅ​ថា វត្ត​ស្ទឹង​មានជ័យ រយៈ​ពេល​បី​សប្ដាហ៍​កន្លង​មក​ហើយ​ដល់​អ្នក​ភូមិ​មួយ​ក្រុម​មក​ពី​ខេត្ត​បន្ទាយ​មានជ័យ ដែល​មក​រាជធានី​ភ្នំពេញ​​ដើម្បី​ដាក់​ញត្តិ​អំពី​វិវាទ​ដីធ្លី​របស់​ពួកគាត់​។

ព្រះ​សង្ឃ​ទាំង​បី​អង្គ​នេះ​ ដែលបាន​ធ្វើ​ការ​តវ៉ា​កាលពី​ពេល​ថ្មី​ៗ​ប្រឆាំង​នឹង​ការ​អត្ថា​ធិប្បាយ​ដ៏​ចម្រូង​ចម្រាស​ពី​សំណាក់​អ្នក​ការទូត​វៀតណាម​ម្នាក់​ត្រូវ​បាន​ព្រមានរយៈ​ពេល​ពីរ​សប្ដាហ៍​កន្លង​មក​ឲ្យឈប់​ជួយ​ដល់ក្រុម​អ្នក​ភូមិ និង​​បញ្ឈប់​សកម្មភាពប្រឆាំង​រដ្ឋាភិបាល​ បើ​មិន​ដូច្នោះ​ទេ​​ប្រឈម​នឹង​ការ​បណ្ដេញ​ចេញ​ ប៉ុន្តែ​មិន​បាន​អើពើ​នឹង​ការ​គំរាម​កំហែង​នោះ​ឡើយ ហើយ​ឥឡូវនេះ មេ​កុដិ​ទាំងអស់បាន​បោះ​ឆ្នោត​​បណ្ដេញ​ព្រះ​សង្ឃ​ទាំង​នេះ​ចេញ​។

បើ​ទោះ​ណា​ជា​ព្រះតេជគុណ លី ចាន់ណេន បាន​និមន្ត​ចេញ​ពី​វត្ត​នេះ​ទៅ​​ប្រទេស​កាណា​ដា ដែល​ព្រះអង្គ​ធ្លាប់​គង់​នៅ​រយៈ​​ពេល​មួយ​ទសវត្សរ៍ហើយ​ក៏ដោយ ក៏​ព្រះ​សង្ឃ​ពីរ​អង្គ​ទៀត​នៅ​តែ​រឹង​រ​ូស​ដដែល ដោយធ្វើ​សន្និសីទ​កាសែត​​ដើម្បី​ទាក់​ទាញ​​ការ​ចាប់​អារម្មណ៍​ចំពោះ​ស្ថានភាព​របស់​ខ្លួន​កាលពី​ម្សិលមិញ​ដែរ​។

ព្រះតេជគុណ យិន រតនសុធាវី ដែល​គង់​នៅ​អចិន្ត្រៃយ៍​ក្នុង​វត្ត​នេះ​ក្នុង​ចំណោម​ព្រះ​សង្ឃ​ទាំង​បី​អង្គ​បាន​មាន​សង្ឃដីកា​ថា ព្រះ​អង្គ​មិន​បាន​ធ្វើ​អ្វី​ខុស​ឡើយ ហើយបាន​អះអាង​ថា ​អ្នក​ភូមិ​ជា​ច្រើន​គ្រួសារ​មក​ពី​ស្រុក​ម៉ាឡៃ​គួរ​ត្រូវ​អនុញ្ញាត​ឲ្យ​បន្ត​ស្នាក់នៅ។

ដោយ​មាន​ការ​គាំទ្រ​ពី​ព្រះ​តេជគុណ សឿង ហៃ និង​ព្រះសង្ឃ​បី​អង្គ​ទៀត ព្រះតេជគុណ​បាន​មាន​សង្ឃដីកា​ថា “អាត្មា​ធ្វើ​រឿង​ទាំង​អស់​នេះ​ដើម្បី​ជាតិ ហើយ​វត្ត​នេះ​មិន​មែន​ជា​កម្មសិទ្ធិ​របស់​ព្រះ​ចៅអធិការ​​តែ​មួយ​អង្គ​ទេ​”។

យោង​តាម​កំណត់​ហេតុ​នៃ​កិច្ច​​ប្រជុំ​មួយ​​ដែល​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​១៣ ខែ​កញ្ញា ព្រះ​តេជគុណ ថៃ ប៊ុនធឿន ចៅអធិការ​ស្ដីទី​ និង​មេកុដិ​មួយ​ចំនួន​ទៀត​បាន​បោះ​ឆ្នោត​បណ្ដេញ​ព្រះសង្ឃ​ជា​សកម្មជន​ទាំង​នេះ​តាម​រយៈ​ការ​លើក​ព្រះហស្ត​។

ព្រះ​តេជគុណ ថៃ ប៊ុនធឿន បាន​បដិសេធ​ថា ព្រះ​អង្គគ្មាន​​គម្រោង​បណ្ដេញ​ព្រះ​សង្ឃ​ទាំង​នេះ​ចេញ​ភ្លាមៗ​ទេ ប៉ុន្តែ​បាន​លើក​ឡើង​ពី​កំហុស​ជា​ច្រើន​ រួម​មាន​ ការ​ជេរ​ប្រមាថ​ព្រះ​អង្គ និង​មេដឹកនាំ​រដ្ឋាភិបាល​ ដោយ​អះអាង​ថា​ជា​អ្នក​ជាតិ​និយម​ ធ្វើ​សន្និសីទ​កាសែត​ ដឹកនាំ​បាតុកម្ម និង​ឲ្យ​អ្នកភូមិ​មក​ស្នាក់​នៅ​វត្ត​ទៀត​។ ព្រះតេជគុណ​បាន​ចោទ​សួរ​ថា ” ហេតុ​អ្វី​បាន​ជា​ពួកគាត​់មិន​ព្រម​ទៅ​កន្លែង​សាធារណៈ​ជា​​ជាង​មក​ទី​នេះ ហើយ​បង្ក​អសណ្ដាប់​​ធ្នាប់​នៅ​ក្នុង​វត្តបែបនេះ​?”។

លោក ហុឹម យឿន អាយុ​៤៩​ឆ្នាំ​​តំណាង​ក្រុមអ្នក​ភូមិ​មក​ពី​ស្រុក​ម៉ាឡៃ​មាន​​ប្រសា​សន៍​ថា អ្នក​ភូមិ​មាន​ការ​ព្រួយ​បារម្ភ​ពី​ការ​បណ្ដេញ​​​ព្រះតេជគុណ​ យិន រតន​សុធាវី ចេញ​ពី​វត្ត​។ លោក​បាន​មាន​ប្រសាសន៍​ថា ” ព្រះ​សង្ឃ​អង្គ​នេះ​ គឺ​ជា​អ្នក​ដែល​បាន​ជួយ​សង្គ្រោះ​ប្រជា​ពលរដ្ឋ​នៅ​ពេល​ពួកគាត់​​ជួប​ការ​លំបាក​ ហើយ​យើង​នឹង​ធ្វើការ​តវ៉ា​ដើម្បី​ការ​ពារ​ព្រះ​សង្ឃ​ទាំង​នេះ”៕ សារុន​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស