36 C
Phnom Penh

លោក​​​ ហោ ណាំ​​​ហុង​​​ ថ្លែង​​​សុន្ទរកថា​​​យ៉ាង​​​ច្រើន​​​ក្នុង​​មហាសន្និបាត​​​អង្គការ​​​សហ​​​ប្រជា​​​ជាតិ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​​​ក្នុង​​​​​​សុន្ទរកថា​​​មួយ​​​ទៅ​​​កាន់​​​មហា​​​សន្និបាត​​​អង្គការ​​​សហប្រជាជាតិ​​​កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ​​​ លោក ហោ ណាំហុង រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​ការបរទេស​​​បាន​​​ប្រាប់​​​សហគមន៍​​​អន្តរ​​​ជាតិ​​​ថា បណ្តា​​​ប្រទេស​​​ឧស្សាហកម្ម​​​ គួរ​​​តែ​​​ដោះ​​​ស្រាយ​​​ការ​​​គំរាម​​​កំហែង​​​ដល់​​​​​​ពិភព​​​លោក​​​​​​ ដែល​​​មាន​​​ផល​​​ប៉ះ​​​ពាល់​​​យ៉ាង​​​ខ្លាំង​​​ដល់​​​បណ្ដា​​​ប្រទេស​​​កំពុង​​​អភិវឌ្ឍន៍។

នៅ​​​ក្នុង​​​សុន្ទរកថា​​​យ៉ាង​​​ច្រើន​​​​​​ទៅ​​​កាន់​​​មេ​​​ដឹក​​​នាំ​​​ពិភព​​​លោក​​​ ដែល​​​បាន​​​មក​​​ជួប​​​ជុំ​​​គ្នា​​​នៅ​​​ទី​​​ស្នាក់​​​ការ​​​កណ្ដាល​​​របស់​​​អង្គការ​​​សហ​​​ប្រជា​​​ជាតិ​​​​​​ក្នុង​​​ទី​​​ក្រុង​​​ញូវ​​​យ៉ក លោក ហោ ណាំ​​​ហុង​​​ ដែល​​​ក៏​​​ជា​​​ឧបនាយក​​​​​​រដ្ឋ​​​មន្ត្រី​​​ដែរ​​​នោះ បាន​​​លើក​​​ឡើង​​​ថា ការ​​​ប្រែ​​​ប្រួល​​​យ៉ាង​​​ខ្លាំង​​​នៃ​​​​​​អាកាស​​​ធាតុ​​​​​​ ធ្វើ​​​ឲ្យ​​​ប៉ះពាល់​​​ដល់​​​បណ្ដា​​​ប្រទេស​​​ដែល​​​ពឹង​​​ផ្អែក​​​លើ​​​កសិកម្ម​​​ដូច​​​ជា​​​ប្រទេស​​​កម្ពុជា​​​​​​ជា​​​ដើម។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​​​​ដោយ​​​​​​លើក​​​ពី​​​ឧទាហរណ៍​​​នៃ​​​ទឹក​​​ជំនន់​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​កាល​​​ពី​​​​​​ឆ្នាំ​​​មុន​​​​​​ ដែល​​​ធ្វើ​​​ឲ្យ​​​មនុស្ស​​​១៦៨​​​នាក់​​​បាត់​​​បង់​​​ជីវិត​​​ និង​​​បង្ក​​​ការ​​​ខូច​​​ខាត​​​គិត​​​ជា​​​ទឹក​​​ប្រាក់​​​ប្រមាណ​​​១ពាន់​​​​​​លាន​​​ដុល្លារ​​​​​​​​​ថា “យើង​​​ដឹង​​​ថា បណ្ដា​​​ប្រទេស​​​ឧស្សាហកម្ម​​​ដែល​​​ប្រើ​​​ប្រាស់​​​ប្រេង​​​ហ្វូសីុល ភាគ​​​ច្រើន​​​​​​របស់​​​ពិភព​​​លោក​​​បាន​​​ធ្វើ​​​ឲ្យ​​​មាន​​​ឧស្ម័ន​​​ផ្ទះ​​​កញ្ចក់​​​យ៉ាង​​​ច្រើន​​​ ខណៈ​​​បណ្ដា​​​ប្រទេស​​​កំពុង​​​អភិវឌ្ឍន៍​​​​​​ ដែល​​​បង្កើត​​​ឲ្យ​​​មាន​​​​​ឧស្ម័ន​​​បែប​​​នេះ​​​តិច​​​តួច​​​ បាន​​​ក្លាយ​​​ជា​​​ជន​​​រង​​​គ្រោះ​​​នៃ​​​ការ​​​ប្រែ​​​ប្រួល​​​អាកាស​​​ធាតុ​​​។

លោក ហោ ណាំ​​​ហុង​​​ បាន​​​ឆ្លុះ​​​បញ្ចាំង​​​ពី​​​សារៈសំខាន់​​​នៃ​​​គោល​​​ការណ៍​​​ “រួម​​​ ប៉ុន្តែ មាន​​​ការ​​​ទទួល​​​​​​ខុស​​​ត្រូវ​​​ផ្សេង​​​គ្នា​​​” របស់​​​អង្គការ​​​សហ​​​ប្រជា​​​ជាតិ​​​ ដែល​​​លើក​​​ឡើង​​​ថា បណ្តា​​​ប្រទេស​​​ទាំង​​​អស់​​​ គឺ​​​ត្រូវ​​​ទទួល​​​ខុស​​​ត្រូវ​​​ចំពោះ​​​​​​ការ​​​ធ្វើ​​​ឲ្យ​​​សឹក​​​រេច​​​រឹល​​​បរិស្ថាន។

លោក​​​ក៏​​​បាន​​​អំពាវ​​​នាវ​​​ឲ្យ​​​មាន​​​ការ​​​ផ្ដោត​​​កាន់​​​តែ​​​ខ្លាំង​​​លើ​​​ការ​​​ខំប្រឹង​​​ប្រែង​​​របស់​​​ពិភព​​​លោក ដើម្បី​​​សម្រេច​​​ឲ្យ​​​បាន​​​នូវ​​​គោល​​​ដៅ​​​អភិវឌ្ឍន៍​​​សហស្សវត្សរ៍​​​​​​របស់​​​​​​អង្គការ​​​សហ​​​ប្រជា​​​ជាតិ​​​ ដែល​​​បាន​​​ដាក់​​​ពេល​​​​​​កំណត់​​​ត្រឹម​​​ឆ្នាំ​​​២០១៥​​​ផង​​​ដែរ​​​ ដោយ​​​លោក​​​បាន​​​លើក​​​ឡើង​​​ថា ​​​​​​ការ​​​ខិត​​​ខំ​​​ដើម្បី​​​សម្រេច​​​គោល​​​ដៅ​​​ទាំង​​​នោះ​​​មាន​​​ផ្នែក​​​ខ្លះ​​​មិន​​​ដំណើរ​​​ការ​​​ឡើយ​​​ ព្រោះ​​​បណ្ដា​​​ប្រទេស​​​អ្នក​​​មាន​​​បាន​​​ផ្តោត​​​លើ​​​បញ្ហា​​​ផ្សេង​​​អំឡុង​​​វិបត្តិ​​​​​​ហិរញ្ញវត្ថុ​​​ពិភព​​​លោក​​​។

​​​បន្តាប់​​​ពី​​​លើក​​​ឡើង​​​ពី​​​បញ្ហា​​​នយោបាយ​​​​​​ជា​​​ច្រើន​​​ដែល​​​រួម​​​មាន​​​ទាំង​​​ការ​​​ងើប​​​ឡើង​​​បះ​​​បោរ​​​របស់​​​កង​​​ជីវពល​​​រដ្ឋ​​​អីុ​​​ស្លាម និង​​​ជម្លោះ​​​ប្រដាប់​​​អាវុធ​​​នៅ​​​ក្នុង​​​តំបន់​​​អាហ្វ្រិក​​​ផង លោក ហោ  ណាំហុង ​​​បាន​​​ប្រកាស​​​ថា​​​ នៅ​​​ខែ​​​ក្រោយ​​​ប្រទេស​​​កម្ពុជា​​​នឹង​​​បញ្ជូន​​​កង​​​ទ័ព​​​រក្សា​​​សន្តិភាព​​​ជាង​​​២០០​​​នាក់​​​ដើម្បី​​​ទៅ​​​ចូល​​​រួម​​​បេសកកម្ម​​​របស់​​​អង្គការ​​​សហ​​​ប្រជា​​​ជាតិ​​​ក្នុង​​​តំបន់​​​អាហ្វ្រិក​​​ ជា​​​ផ្នែក​​​នៃ​​​ការ​​​ចូល​​​រួម​​​​​​របស់​​​ប្រទេស​​​កម្ពុជា​​​នៅ​​​ក្នុង​​​ដំណើរ​​​ការ​​​សន្តិភាព​​​នៅ​​​តំបន់​​​មជ្ឈិម​​​​បូព៌ា និង​​​អាហ្វ្រិក​​​​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “មក​​​ទល់​​​នឹង​​​ពេល​​​នេះ​​​យើង​​​បាន​​​បញ្ជូន​​​​​​​​​​​​​​កង​​​ទ័ព​​​រក្សា​​​សន្តិ​​​ភាព​​​ជាង២.០០០នាក់​​​រួច​​​​​​ហើយ​​​ទៅ​​​កាន់​​​ប្រទេស​​​លីបង់​​​ ម៉ាលី និង​​​ស៊ូដង់​​​ខាង​​​ត្បូង​​​។ នៅ​​​ក្នុង​​​ខែ​​​វិច្ឆិកា​​​ ឆ្នាំ​​​នេះ​​​ប្រទេស​​​កម្ពុជា នឹង​​​បញ្ជូន​​​កង​​​ទ័ព​​​រក្សា​​​សន្តិភាព​​​ចំនួន​​​២១៦​​​នាក់​​​ផ្សេង​​​ទៀត​​​ទៅ​​​កាន់​​​សាធារណរដ្ឋ​​​អាហ្វ្រិក​​​កណ្តាល ដើម្បី​​​ចូល​​​រួម​​​ក្នុង​​​បេសកកម្ម​​​​​​​​​រក្សា​​​ស្ថិរភាព​​​ ​​​របស់​​​អង្គការ​​​សហ​​​ប្រជាជាតិ​​​ ដែល​​​មាន​​​ប្រទេស​​​ជា​​​ច្រើន​​​ចូល​​​រួម​​​”។

លោក​​​ ហោ​​​ ណាំ​​​ហុង​​​ បាន​​​បញ្ចប់​​​សុន្ទ​​​រកថា​​​របស់​​​លោក​​​ដោយ​​​អំពាវ​​​នាវ​​​ឲ្យ​​​មាន​​​ការ​​​ធ្វើ​​​កំណែ​​​ទម្រង់​​​នៃ​​​អង្គការ​​​សហ​​​ប្រជា​​​ជាតិ​​​ ហើយ​​​លោក​​​បាន​​​​​​លើ​​​ក​​​ឡើង​​​ថា គួរ​​​តែ​​​​​​ផ្តល់​​​អំណាច​​​ដល់​​​មហា​​​សន្និបាត​​​បន្ថែម​​​ទៀត​​​ ហើយ​​​ថា សមាសភាព​​​នៃ​​​ក្រុម​​​ប្រឹក្សា​​​សន្តិសុខ​​​របស់​​​ស្ថាប័ន​​​នេះ​​​គួរ​​​តែ​​​ឆ្លុះ​​​បញ្ចាំង​​​ពី​​​ការ​​​ពិត​​​នៅ​​​ក្នុង​​​ពិភព​​​លោក​​​ឲ្យ​​​បាន​​​កាន់​​​តែ​​​ប្រសើរ​​​ថែម​​​ទៀត​​​​​​៕ស៊ុយ​​​ឈាង​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស