34 C
Phnom Penh

នគរបាល​ខេត្ត​តាកែវ​រង់ចាំដីកាចាប់ខ្លួន​អតីតនាយប៉ុស្ត​ិ៍ម្នាក់ជាប់ចោទពីបទ​សម្លាប់​ស្ត្រីខារ៉ាអូខេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​នគរ​បាល​បាន​ឲ្យ​ដឹង​ថា អតីត​នាយប៉ុស្តិ៍​ឃុំ​ម្នាក់​ក្នុង​ខេត្ត​តាកែវ ដែល​ជាប់​សង្ស័យ​ថា បាន​សម្លាប់​ស្ត្រី​ម្នាក់​កាលពី​ខែ​មីនានោះ កំពុង​រត់​គេច​ខ្លួន​​ បន្ទាប់ពី​មាន​សេចក្ដី​រាយ​ការណ៍ព័ត៌មាន​ថា គាត់​បាន​បង់​ប្រាក់​​ដល់​គ្រួសារ​ជនរងគ្រោះ​កុំ​ឲ្យ​ដាក់​ពាក្យ​បណ្ដឹង។

លោក ស៊ិន ពៅ អតីត​នាយប៉ុស្តិ៍​ក្នុង​ឃុំ​គិរីចុងកោះ ស្រុក​គីរីវង់ មាន​ជម្លោះ​ជាមួយ​ស្ត្រីឈ្មោះ សាន យិន អាយុ​២៩​​ឆ្នាំ ជា​ស្ត្រីនៅហាងខារ៉ាអូខេ​មួយ ​នៅ​ក្នុង​ផ្ទះ​របស់​នាង​​បន្តិច​មុន​ពេល​នាង​ត្រូវ​បាន​បាញ់ស្លាប់ដោយ​កាំភ្លើង​ខ្លី​ម៉ាក​ កា-៥៤។ លោក ស៊ិន ពៅ បាន​បាត់​ខ្លួន​បន្ទាប់ពី​ការ​បាញ់​នោះ ប៉ុន្តែ​បាន​ត្រឡប់​មក​កាន់​ឃុំ​នេះវិញ​កាលពី​ចុង​ខែ​សីហា។

លោក អ៊ុក សំណាង​ ស្នង​ការ​នគរ​បាល​ខេត្ត​បានធ្វើការ​​ពន្យល់​កាលពី​ខែ​មុន​ថា លោក អ៊ុក ពៅ មិនមែន​ជា​អ្នក​ដែល​គេ​ចង់​ចាប់​ខ្លួនទៀត​​ទេ ពីព្រោះ​គាត់​បាន​បង់​ប្រាក់​សំណង​ចំនួន១.៥០០​ដុល្លារ​ដល់​ក្រុម​គ្រួសារ​ជនរងគ្រោះ​រួច​ហើយ​។

ឧត្តម​សេនីយ៍ឯក គៀត ច័ន្ទថារិទ្ធ អ្នក​នាំពាក្យ​នគ​រ​បាល​ជាតិ​បាន​ថ្លឹង​ថ្លែង​ពី​ករណី​នេះ ដោយ​មាន​ប្រសាសន៍​ថា តុលាការ​មាន​កំហុសឆ្គង​ ដោយបណ្តោយឲ្យ​លោក ស៊ិន ពៅ នៅ​មាន​សេរីភាព​​។ លោក​បាន​មាន​ប្រសាសន៍នៅ​ពេល​នោះ​ថា “វា​ច្បាស់​ណាស់ថា ​ការ​សម្លាប់​មនុស្ស​មិនអាច​ទូទាត់​នឹង​ប្រាក់​បាន​ឡើយ​”។ ប៉ុន្តែ​​យោង​តាម​នគរ​បាល​បាន​ឲ្យ​ដឹង​ថា សាលា​ដំបូង​ខេត្ត​នៅ​តែ​មិន​បាន​ចេញ​ដីកា​ចាប់​ខ្លួន​លោក ស៊ិន ពៅ ដដែល​ ហើយ​គាត់​បាន​រត់​គេច​ខ្លួន​ម្ដង​​ទៀត​។

លោក សួន ផុន ស្នង​ការ​រង​នគរ​បាល​ខេត្ត​ទទួល​បន្ទុក​រឿង​ក្ដី​នេះ​បាន​មាន​ប្រសាសន៍​ថា ” យើង​បាន​បញ្ចប់​ការ​ស៊ើប​អង្កេត​រឿង​ក្ដី​នេះ​ហើយ ហើយ​យើង​មាន​ភ័ស្តុ​តាង​គ្រប់​គ្រាន់ [ដើម្បី​ចាប់​ខ្លួន​លោក ស៊ិន ពៅ]។ យើង​នឹង​បញ្ជា​កម្លាំង​របស់​យើងឲ្យស្វែង​រក​ចាប់​ខ្លួន​គាត់​ប្រសិន​បើ​យើង​មាន​ដីកា​ ប៉ុន្តែ​យើង​មិន​អាច​ធ្វើ​អ្វី​ដោយ​គ្មាន​បទ​បញ្ជា​បាន​ឡើយ​”។

លោក ប្លង់ ឆ្លាម ប្រធាន​សាលា​ដំបូង​ខេត្ត​តាកែវ​​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​អំពី​រឿង​ក្ដី​នេះ​​ទេ។ លោក ច្រឹង ខ្មៅ ព្រះ​រាជ​អាជ្ញា​អម​សាលា​ដំបូង​ខេត្ត​បាន​មាន​ប្រសាសន៍​ថា លោក​មិន​ដឹង​ពី​រឿង​នេះ​ទេ។

លោក ឃុន វុទ្ធី ដែល​ជំនួស​តួនាទី​លោក​ ស៊ិន ពៅ ជា​នាយប៉ុស្តិ៍ឃុំ​បាន​មាន​ប្រសាសន៍​ថា លោក ស៊ិន ពៅ បាន​រត់​គេច​ខ្លួន​ម្ដង​ទៀតភ្លាមៗ​បន្ទាប់​ពី​មាន​ការ​ចុះផ្សាយ​ព័ត​៌មាន​​ថា គាត់​បាន​បង់ប្រាក់​សំណង​ដល់​ក្រុម​គ្រួសារ​ជនរងគ្រោះ​។

លោក វុទ្ធី បាន​មាន​ប្រសាសន៍​ថា “បន្ទាប់​ពី​មានព័ត៌មាន​ថា លោក ស៊ិន ពៅ មាន​ពិរុទ្ធភាព ត្រូវបាន​ចុះផ្សាយ​នៅ​ក្នុង​កាសែតនានា​​ និង​មាន​ការ​ចែក​ចាយ​តាម​បណ្ដាញ​​ហ្វេសប៊ុក​មក លោក​បាន​គេច​ខ្លួន​ពីផ្ទះ​របស់​លោក។ គ្មាន​នរណា​ម្នាក់​ដឹង​ថា លោក​ទៅ​ទីណា​ទេ​។ មិន​មាន​យុត្តិធម៌​សម្រាប់​ជនរងគ្រោះ​ឡើយ​”៕ សារុន​​​​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស