33 C
Phnom Penh

រដ្ឋាភិបាល​ការពារ​ផែនការ​សាងសង់​ទំនប់​វារីអគ្គិសនី​ដ៏​ចម្រូងចម្រាស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ម្សិលមិញ ក្រសួង​រ៉ែ​និង​ថាមពល បាន​ព្យាយាម​និយាយ​សម្រាល​អំពី​ផលប៉ះពាល់​សង្គម​និង​បរិស្ថាន ពី​សំណង់​ទំនប់​វារីអគ្គិសនី​នៅ​ខេត្ត​កោះកុង ដោយ​តបត​ទៅ​នឹង​ការ​អះអាង​មួយ​ចំនួន​របស់​ក្រុម​បរិស្ថាន ដែល​បាន​និង​កំពុង​ប្រឆាំង​នឹង​គម្រោង​នេះ រួមជាមួយ​គ្រួសារ​ជនជាតិ​ភាគតិច​ជង​ដែល​រស់​នៅ​ក្នុង​តំបន់​នោះ។​​​​​​

ទំនប់​ស្ទឹង​ជាយអារ៉ែង​កម្លាំង១០៨​មេហ្គាវ៉ាត់​នឹង​ធ្វើ​ឲ្យ​ជន់លិច​ដី​រាប់ពាន់​ហិកតា​នៃ​ជួរ​ភ្នំ​ក្រវាញ រួមទាំង​ដី​កេរដូនតា​របស់​ជនជាតិ​ភាគតិច​ជង​ជា​ច្រើន​រយ​គ្រួសារ​ផង និង​ជម្រក​សត្វ​កម្រ​ជាច្រើន​ប្រភេទ ក្នុង​នោះ​មាន​ទាំង​ក្រពើ​ភ្នំ​ផងដែរ។

រដ្ឋាភិបាល​និយាយ​ថា ខ្លួន​មិន​ទាន់​​សម្រេច​យល់​ព្រម​លើ​គម្រោង​នេះ​នៅ​ឡើយ​ទេ ប៉ុន្តែ ក្រុម​អ្នក​ប្រឆាំង​សង្ស័យ​ថា ក្រុមហ៊ុន Sinohydro Resources របស់​ចិន​បាន​ទទួល​ការ​អនុញ្ញាត​រួច​ហើយ​ឲ្យ​បន្ត​គម្រោង​នេះ ហើយ​ថា ការ​សិក្សា​ផលប៉ះពាល់​ជា​បន្ត​គ្រាន់​តែ​ធ្វើ​បង្គ្រប់​កិច្ច​តែ​ប៉ុណ្ណោះ។

ក្នុង​សន្និសីទ​ព័ត៌មាន​នៅ​ឯ​ក្រសួង​រ៉ែ​និង​ថាមពល​កាលពី​ព្រឹក​ម្សិលមិញ លោក អិុត ប្រាំង រដ្ឋលេខា​ធិការ​ក្រសួងរ៉ែ​និង​ថាមពល បាន​បញ្ជាក់​ថា រដ្ឋាភិបាល​មិន​ទាន់​បាន​សម្រេច​យល់​ព្រម​លើ​សំណង់​នេះ​ទេ ហើយ​បាន​ចោទ​អ្នក​រិះគន់​ថា បាន​បំផ្លើស​អំពី​ផលប៉ះពាល់​ពី​ទំនប់​នេះ។

លោក​បាន​មាន​ប្រសាសន៍​ថា “បើ​យើង​ស្តាប់​ការ​និយាយ​បែប​នេះ វា​ហាក់ដូចជា​គម្រោង​ទំនប់​វារីអគ្គិសនីជាយអារ៉ែង​កំពុង​ដំណើរ​ការ ហើយ​ព្រៃឈើ​កំពុង​ត្រូវ​កាប់​ផ្តួល​គ្រប់ទី​កន្លែង​អ៊ីចឹង។ តាម​ការពិត ទំនប់​នេះ​កំពុង​ស្ថិត​ក្នុង​ដំណាក់ការ​សិក្សា។ វា​មិន​ទាន់​មាន​សកម្មភាព​នៅ​ឡើយ​ទេ”។

លោក អិុត ប្រាំង ក៏​បាន​ចោទ​អង្គការ​មាតា​ធម្មជាតិ​ដែល​ប្រឆាំង​នឹង​ទំនប់​នេះ ថា​បាន​ញុះញង់​គ្រួសារ​ជនជាតិ​ជង​ឲ្យ​ប្រឆាំង​គម្រោង​វារីអគ្គិសនី​នេះ ដើម្បី​ប្រយោជន៍​ហិរញ្ញវត្ថុ​ផ្ទាល់​ខ្លួន។

លោក​បាន​មាន​ប្រសាសន៍​ថា “តើ​ពួកគេ​បាន​លុយ​ពី​ណា​មក បើ​មិន​ប្រើ​អ្នក​ភូមិ​ធ្វើ​ជា​ខែល ឬ​ថតរូប​អ្នកភូមិ​ដែល​ចូលរួម​តវ៉ា បិទ​ផ្លូវ និង​ប្រឆាំង​ការ​អភិវឌ្ឍន៍​ទេ​នោះ? ខ្ញុំ​អាណិត​អ្នក​ភូមិ​ណាស់ ពីព្រោះ​អ្នកភូមិ​ចាញ់​បោក​មក​ចូលរួម​ក្នុង​សកម្មភាព​របស់​ពួកគេ”។

ក្រសួង​នេះ​បាន​និយាយ​ថា អាង​របស់​ទំនប់​នេះ​នឹង​ជន់​លិច​ដី​តែ៩.៥០០​ហិកតា​ប៉ុណ្ណោះ មិន​ដល់​ពាក់​កណ្តាល​នៃ​ផ្ទៃដី២០.០០០​ហិកតា ដែល​អង្គការ​ក្រៅ​រដ្ឋាភិបាល​អះអាង​នោះ​ទេ ហើយ​បាន​បង្ហាញ​ផែនទី​លម្អិត​នៃ​តំបន់​នោះ ដែល​រៀបចំ​ដោយ​សាវ៉ាក់ (Sawac) ជា​ក្រុមហ៊ុន​ដែល​គេ​ជួល​ឲ្យ​ធ្វើ​ការ​វាយ​តម្លៃ​ផល​ប៉ះពាល់​នោះ។

យោងតាម​ផែនទី​នោះ ប្រហែល​ពាក់​កណ្តាល​នៃ​អាង​ប៉ុណ្ណោះ គ្រប​ដណ្តប់​ដោយ​ព្រៃ​ឈើ មាន​ចម្ការ​ផ្លែឈើ ស្រែ​ចម្ការ និង​វាល​ឥត​មាន​ដាំ​អ្វី។

លោក អិុត ប្រាំង បាន​មាន​ប្រសាសន៍​ថា ការ​វាយ​តម្លៃ​ផលប៉ះពាល់​ដំបូង​បាន​រក​ឃើញ​សត្វ​ព្រៃ​២៤០​ប្រភេទ​ក្នុង​តំបន់​នោះ ហើយថា ជំហាន​បន្ទាប់​នឹង​ត្រូវ​សិក្សា​ផ្លូវ​បម្លាស់ទី​របស់​សត្វ​ទាំង​នោះ ដើម្បី​ឲ្យ​ដឹង​ថា ត្រូវ​កាត់​បន្ថយ​ផល​ប៉ះពាល់​លើ​សុខុមាលភាព​របស់​សត្វ​ព្រៃ​យ៉ាង​ដូចម្តេច។

ពេល​ត្រូវ​ទាក់ទង​បន្ទាប់ពី​សន្និសីទ​ព័ត៌មាន​នេះ លោក អាឡិច ហ្គន់ហ្សាឡេស ដាវីដ​សុន សហ​ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ បាន​មាន​ប្រសាសន៍​ថា លោក​នៅ​តែ​សង្ស័យ​អំពី​ការ​អះអាង​របស់​រដ្ឋាភិបាល​ដែល​ថា អាង​ទំនប់​នឹង​ជន់​លិច​ដី​មិន​ដល់​១០.០០០​ហិកតា​នោះ។ លោក​បាន​បង្ហាញ​របាយការណ៍​មួយ​ដែល​អង្គការ​អភិរក្ស​អន្តរជាតិ​ដែល​ធ្វើ​ការ​ជាមួយ​រដ្ឋាភិបាល​នៅ​ជួរ​ភ្នំក្រវាញ បាន​បញ្ចេញ​ឲ្យ​ដឹង ពេល​ដែល​ក្រុមហ៊ុន​មួយ​មុន​នោះ បាន​ចូល​រួម​ក្នុង​គម្រោង​នេះ​ក្នុង​ពេល​ពីរបី​ឆ្នាំ​មុន ​ដោយ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា គម្រោង​អាង​ទឹក​គ្រប​ដណ្តប់​លើ​ផ្ទៃ​ដី​២០.០០០​ហិកតា។

លោក អាឡិច ហ្គន់ហ្សាឡេស ដាវីដ​សុន បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​មិន​និយាយ​ថា ពួកគេ​ខុស ឬ ត្រូវ​ទេ ប៉ុន្តែ​មាន​ភាព​ខុស​គ្នា​រវាង​ផែនទី​របស់​យើង​និង​ផែនទី​របស់ពួកគេ”។

លោក​បាន​បន្ថែម​ថា “ហើយ​វា​មិនមែន​ត្រឹមតែ​អំពី​ដី​ព្រៃឈើ​ប៉ុន្មាន​ហិកតា​នឹង​ត្រូវ​ជន់​លិច​នោះ​ទេ គឺ​គិតពី កន្លែង​យក​ថ្ម ខ្សែ​បណ្តាញ​អគ្គិសនី ការ​បូម​ខ្សាច់ និង ការ​កាប់​ឈើ​បញ្ជូន​េចញ ដែល​កើត​ចេញ​ពី​គម្រោង​​ទំនប់​នេះ​ដែរ។ “គឺ​ផល​ប៉ះពាល់​ផ្ទាល់​និង​ផល​ប៉ះពាល់​ប្រយោល”។

លោក អាឡិច ហ្គន់ហ្សាឡេស ដាវីដ​សុន ក៏​បាន​ងឿង​ឆ្ងល់​នឹង​ការ​អះអាង​របស់​ក្រសួង​នេះ​ដែល​ថា ប្រជាពលរដ្ឋ​ប្រហែល​១.៣០០​នាក់​ប៉ុណ្ណោះ​រស់​នៅ​ក្នុង​តំបន់​នោះ។ លោក​មាន​ប្រសាសន៍​ថា ពលរដ្ឋ​ប្រហែល១.៥០០​នាក់​កំពុង​រស់​នៅ​ក្នុង​អាង​ទឹក​ដែល​ស្នើ​ឡើង​​នេះ​បួន​ឆ្នាំ​មុន ហើយថា អ្នក​ផ្សេងទៀត​បាន​ចូល​មក​រស់​នៅ​តំបន់​នោះ​តាំងពី​ពេល​នោះ​មក​ម៉្លេះ៕មានិត

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស