33 C
Phnom Penh

តំណាង​រាស្ត្រ​អនុម័ត​ដាក់​បញ្ចូល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​​ទៅ​ក្នុង​រដ្ឋធម្មនុញ្ញ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ម្សិលមិញ​ រដ្ឋសភា​បាន​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​មួយ​ជា​ឯកច្ឆន្ទ​ប្រែក្លាយ​​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប.) ទៅ​ជា​ស្ថាប័ន​ធម្មនុញ្ញ ដោយ​តំណាង​រាស្ត្រ​គណបក្ស​ប្រជា​ជន​កម្ពុជា​បាន​បំពេញ​តាម​ការ​សន្យា​មួយ​ក្នុង​ចំណោម​ការ​សន្យា​សំខាន់​ៗ ដែល​គណបក្ស​កាន់​អំណាច​បាន​ធ្វើ​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្នុង​កិច្ច​ព្រម​ព្រៀង​មួយ​នា​ខែ​កក្កដា ដែល​បាន​បំបែក​ភាព​ទាល់​ច្រក​ខាង​នយោបាយនៅ​ក្នុង​ប្រទេស​​ ដែល​បាន​អូស​បន្លាយ​អស់​រយៈពេល​១០​ខែ​។

គ.ជ.ប. បច្ចុប្បន្ន​មាន​សមាសភាព​ភាគ​ច្រើន​ជា​បុគ្គល​​ដែល​មាន​ភក្ដី​ភាព​ចំពោះ​គណបក្ស​កាន់អំណាច​ ហើយ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចោទ​ប្រកាន់​ថា ស្ថាប័ន​នេះ​​តែង​តែ​គាំទ្រ​គណបក្ស​ប្រជា​ជន​កម្ពុជា​​នៅ​ក្នុង​ការ​បោះ​ឆ្នោត​។ តាម​រយៈការ​ដាក់​បញ្ចូល​គណៈកម្មាធិការ​នេះ​​ទៅ​​ក្នុង​រដ្ឋធម្មនុញ្ញ និង​ការ​ផ្ដល់​ថវិកា​ផ្ទាល់​ខ្លួន និង​សិទ្ធិ​ចំណាយ​របស់​ស្ថាប័ន​នេះ គណបក្ស​ប្រឆាំង​សង្ឃឹម​ថា នឹង​ធ្វើ​ឲ្យ​គណៈកម្មាធិការ​នេះ​​កាន់​តែ​មាន​ឯករាជ​ភាព។

បន្ទាប់​ពីការ​បោះ​ឆ្នោត​កាលពី​ម្សិលមិញ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​មាន​ប្រសាសន៍​ថា វា​ជា​ជំហាន​ដំបូង​ដ៏​មាន​សារៈសំខាន់​នៅ​ក្នុង​ការ​ធ្វើ​កំណែទម្រង់​ប្រព័ន្ធ​បោះ​ឆ្នោត​​ដែល​មាន​គុណវិបត្តិ​ធ្ងន់ធ្ងរ​។

លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា “នេះ​គឺ​ជា​ជំហាន​​មួយ​ដ៏​មាន​សារៈសំខាន់​នៅ​ក្នុង​ការ​ឆ្ពោះ​ទៅ​មុខ ដើម្បី​រៀបចំ​គ.ជ.ប.ថ្មី ដែល​នឹង​ធានា​​ថា​​ការ​បោះ​ឆ្នោត​ប្រព្រឹត្ត​​ទៅ​មាន​លក្ខណៈ​ប្រជា​ធិបតេយ្យ​ សេរី ត្រឹមត្រូវ និង​យុត្តិធម៌​នៅ​លើក​ក្រោយ​។ មិន​ថា​យើង​ដើរ​ឆ្ងាយ​ប៉ុណ្ណា​ទេ គឺ​យើង​ត្រូវ​ដើរ​ជំហាន​ដំបូង​សិន​។ ប្រសិន​បើ​ជំហាន​ដំបូង​ល្អ យើង​សង្ឃឹម​ថា ជំហាន​ផ្សេង​ទៀត​ក៏​នឹង​ល្អ​ដែរ​”។

ថ្លែង​នៅ​ក្នុង​រដ្ឋសភា​ លោក អេង ឆៃអ៊ាង តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​ដែល​បាន​​ជួយ​ធ្វើ​​សេចក្ដីព្រាង​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​នេះ​ បាន​ថ្លែង​អំណរគុណ​តំណាង​រាស្ត្រ​ជា​សហការី​ចំពោះ​ការ​គាំទ្រ​ដ៏ធំធេង​​របស់​​ពួកគាត់​។ លោក​មាន​ប្រសាសន៍​ថា ” វា​នឹង​ជួយ​បញ្ចប់​វិបត្តិ​នយោបាយ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​នាពេល​អនាគត​”។

លោក​បាន​គូស​បញ្ជាក់​ថា គ្មាន​ការ​ពិភាក្សា​ដេញ​ដោល​ទេ​ជុំវិញ​ការ​ធ្វើ​វិសោធនកម្ម​នេះ​ដោយ​សារ​តែ​តំណាង​រាស្ត្រ​ចំនួន​៨៣​រូប​​ក្នុង​ចំណោម​តំណាង​រាស្ត្រ​ទាំង​១២៣​រូប​នៃ​រដ្ឋសភា​ ​ជា​សំឡេង​គាំទ្រ​លើស​ពីរ​ភាគបី​ដែល​ត្រូវ​ការ​ចាំបាច់​សម្រាប់​​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ បាន​ចុះ​ហត្ថលេខា​លើ​វារួច​ទៅ​ហើយ។

លោក ប៉ែន បញ្ញា តំណាង​រាស្ត្រគណបក្ស​ប្រជា​ជន​កម្ពុជា ដែល​បាន​ជួយ​ធ្វើ​សេចក្ដី​ព្រាង​វិសោធនកម្ម​នេះ​ដែរ​ បាន​អាន​មាត្រា​ដែល​ត្រូវ​បាន​ធ្វើ​វិសោធនកម្ម​នៅ​ក្នុង​រដ្ឋសភា​។ មាត្រា​មួយ​ក្នុង​ចំណោម​មាត្រា​ទាំង​នោះ​ធានា​ឯករាជភាព​របស់​សមាជិក​ គ.ជ.ប. និង​ថវិកា​របស់​គណៈកម្មាធិការ​នេះ​ ហើយ​មាត្រា​មួយ​ទៀត​បង្ហាញ​ពី​របៀប​​ជ្រើស​រើស​​សមាជិកទាំង​​ប្រាំបួន​រូប​របស់​វា​។

រហូត​មកទល់ពេល​នេះ ​សមាជិក​ គ.ជ.ប.ថ្មី​ត្រូវ​បាន​ក្រសួង​មហាផ្ទៃ​ជ្រើស​រើស​ជា​សម្ងាត់។ ពេល​នេះ​សមាជិក​បួន​រូប​នឹង​ត្រូវ​ជ្រើសរើស​ដោយ​គណបក្ស​កាន់អំណាច បួន​រូប​នឹង​ត្រូវ​ជ្រើស​រើស​ដោយ​គណបក្ស​ផ្សេង​ទៀត​ដែល​មាន​អាសនៈ​នៅ​ក្នុង​រដ្ឋសភា ហើយ​សមាជិក​ទី៩​នឹង​​ត្រូវ​ជ្រើស​រើស​ដោយ​ ” ការ​ព្រមព្រៀង​គ្នា​” ក្នុង​ចំណោម​គណបក្ស​ទាំង​អស់។

លោក ប៉ែន បញ្ញា បាន​មាន​ប្រសាសន៍​ថា ការ​សន្យា​ទី៣​ គឺ​នឹង​ត្រូវ​ធ្វើ​​វិសោធនកម្ម​ច្បាប់​ស្ដីពី​ការ​បោះ​ឆ្នោត​របស់​កម្ពុជា​។ លោក​បាន​ថ្លែង​ទៅ​កាន់​អង្គសភា​ថា “ដើម្បី​ធានា​ថា គ.ជ.ប. បំពេញ​ភារកិច្ច​របស់​ខ្លួន​ដោយ​​ឯករាជភាព​​ និង​អព្យាក្រឹតភាព​ ហើយ​ធានា​ឲ្យ​មាន​ដំណើរ​ការ​បោះ​ឆ្នោត​មួយ​ប្រកប​ដោយ​សេរី និង​យុត្តិធម៌ជា​អាទិភាព​ វា​ចាំបាច់​ណាស់​ក្នុង​ការ​ដាក់​បញ្ចូល​ គ.ជ.ប. ទៅ​ក្នុង​ជំពូក​ថ្មី​មួយ​នៃ​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា​”។

លោក អេង ឆៃអ៊ាង បាន​មាន​ប្រសាសន៍​ថា លោក​សង្ឃឹម​ថា ការ​ធ្វើ​វិសោធន​កម្មច្បាប់​​ស្ដីពីការ​បោះ​ឆ្នោតជាតិ​ និង​ច្បាប់​ថ្មីមួយ​ដែល​បង្ហាញ​ពី​សេចក្ដី​ជាក់​លាក់​ស្ដីពីការ​គ្រប់​គ្រង​ គ.ជ.ប.ថ្មី​ នឹង​ត្រូវ​អនុម័ត​នៅ​ដំណាច់​ឆ្នាំ​នេះ​។

គណបក្ស​ប្រឆាំង​ចង់​ធ្វើ​វិសោធនកម្ម​ជា​​ច្រើន​ចំពោះ​ច្បាប់​ស្ដីពី​ការ​បោះ​ឆ្នោត​ រួម​ទាំង​​​ការ​ដក​ដំណើរ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ចេញ​ឲ្យ​ផុត​ពីដៃ​មន្ត្រី​​ឃុំ-សង្កាត់ ដែល​ភាគច្រើន​លើស​លប់​ក្នុង​ចំណោម​មន្ត្រី​ទាំង​នោះ​ជាសមាជិក​គណបក្ស​ប្រជា​ជន​កម្ពុជា​ផង​ដែរ​។ ក្រុម​អ្នក​សង្កេត​ការណ៍​ឯករាជ្យ​បាន​យល់​ស្រប​ថា ដំណើរ​ការ​ចុះ​ឈ្មោះ​សម្រាប់​ការ​បោះ​ឆ្នោត​កាល​ពី​ឆ្នាំ​មុន ​មាន​គុណវិបត្តិ​ធ្ងន់ធ្ងរ​ និង​ជា​បញ្ហា​​ធ្ងន់​ធ្ងរ​បំផុត​ពាក់​ព័ន្ធ​នឹង​បញ្ហា​បោះ​ឆ្នោត​។

នៅ​ពេល​កំពុង​ប្រជុំ​សភា​កាលពី​ម្សិលមិញ និង​នៅ​មុន​ពេល​​បោះ​ឆ្នោត​​អនុម័ត​ លោក សម រង្ស៊ី និង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ដើរ​ចេញ​ដើម្បី​ជួប​គ្នា​ជា​លក្ខណៈ​ឯកជន​អស់រយៈ​ពេល​មួយ​ម៉ោង​។ បន្ទាប់ពី​ការ​ប្រជុំ​នេះ​ លោក សម រង្ស៊ី បាន​មាន​ប្រសាសន៍​ថា លោក​នាយក​រដ្ឋមន្ត្រី​បាន​ធានា​អះអាង​​ចំពោះ​លោក​ថា គម្រោង​ទំនប់​វារី​អគ្គិសនី​ស្ទឹង​ជាយ​អារ៉ែង​ដ៏ចម្រូង​​ចម្រាស​នៅ​ក្នុង​ខេត្ត​កោះ​កុង មិន​ទាន់​ទទួល​បាន​​ការ​អនុម័ត​សម្រាប់​ការ​សាង​សង់​នៅ​ឡើយ​ទេ។

កាលពី​ពេល​ថ្មីៗ​នេះ ​ក្រុម​ហ៊ុន​សាងសង់​មួយ​របស់​ចិន​បាន​បង្ហោះ​សេចក្ដី​ថ្លែង​ការណ៍មួយ​តាម​ប្រព័ន្ធ​អុីនធើណិត​ថា ខ្លួន​បានចុះ​កិច្ច​សន្យា​ជាមួយ​ក្រុម​ហ៊ុន Sinohydro Resources ជា​ក្រុម​ហ៊ុន​ចិន​ដែល​ស្ថិត​នៅ​ពីក្រោយ​ក្រុម​ហ៊ុន​នេះ​ ជា​ហេតុ​​បណ្ដាល​ឲ្យ​អង្គការ​បរិស្ថាន​នានា​ដែល​ជំទាស់​នឹង​ទំនប់​នេះ​មាន​ការ​ប៉ាន់​ស្មាន​កាន់​តែ​ច្រើន​ថា រដ្ឋាភិបាល​កម្ពុជា​បាន​អនុម័ត​គម្រោង​នេះ​រួច​ទៅ​ហើយ​។

លោក សម រង្ស៊ី បាន​ថ្លែង​ប្រាប់​បណ្ដា​អ្នក​យកព័ត៌មាន​ថា ” សម្ដេច​ ហ៊ុន សែន បាន​ប្រាប់​ខ្ញុំ​ថា មិន​ទាន់​មាន​សេចក្ដី​សម្រេច​នៅ​ឡើយ​ទេ ដូច្នេះ​សូម​បងប្អូន​ទាំង​អស់​គ្នា​កុំបារម្ភ​ខ្លាំង​ពេក។ សម្ដេច​បាន​លើក​ឡើង​ថា វា​មិន​អាច​មាន​ការ​សាង​សង់​ទេ​នៅ​ក្នុង​អាណត្តិ​នេះ​”។ លោក សម រង្ស៊ី បាន​បដិសេធ​មិន​បញ្ជាក់​ពី​ចំណុច​ផ្សេង​ទៀត​ដែល​លោក​ទាំង​ពី​រ​បាន​ពិភាក្សា​គ្នា​ឡើយ​៕ សុខុម​​​​​​​​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស