អ្នកភូមិមកពីខេត្តកំពង់ស្ពឺបាននាំគ្នានតវ៉ាក្នុងថ្ងៃទី២នៅខាងមុខទីស្នាក់ការកណ្តាលរបស់ធនាគារ ANZ Royal ក្នុងរាជធានីភ្នំពេញកាលពីម្សិលមិញ ដោយយកបាតដៃដែលប្រឡាក់ថ្នាំពណ៌ក្រហមប៉ាតលើជញ្ជាំងអគាររបស់ធនាគារនេះ បន្ទាប់ពីធនាគារបានបដិសេធម្តងទៀតមិនព្រមជួយដោះស្រាយវិវាទដីធ្លីរបស់ពួកគាត់ជាមួយក្រុមហ៊ុនចម្ការអំពៅ ដែលធនាគារនេះបានផ្តល់ហិរញ្ញប្បទាន។

អ្នកភូមិរាប់រយគ្រួសារដែលមកពីខេត្តកំពង់ស្ពឺទាំងនេះ បានចោទប្រកាន់ក្រុមហ៊ុនចម្ការអំពៅចំនួនពីរ ដែលគ្រប់គ្រងដោយលោក លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភា មកពីគណបក្សប្រជាជនកម្ពុជា និងភរិយារបស់លោកថា បានប្លន់យកដីរបស់ពួកគាត់ និងធ្វើឲ្យពួកគាត់ជំពាក់បំណុលគេ។ ធនាគារ ANZ Royal ដែលជាបុត្រសម្ព័ន្ធនៃធនាគារ ANZ របស់អូស្ត្រាលី បានផ្តល់ហិរញ្ញប្បទានដល់ក្រុមហ៊ុនចម្ការអំពៅមួយក្នុងចំណោមក្រុមហ៊ុនចម្ការអំពៅទាំងអស់របស់លោក លី យ៉ុងផាត់ ដែលបានសងប្រាក់គ្រប់ចំនួនទៅឲ្យធនាគារវិញកាលពីខែកក្កដា។ គ្រួសារទាំងនេះនិយាយថា ហិរញ្ញប្បទាននេះបានជួយឲ្យប្រតិបត្តិការរបស់ក្រុមហ៊ុនចម្ការអំពៅមានដំណើរការ ហើយពួកគាត់ចង់ឲ្យធនាគារដែលទទួលបានការប្រាក់ពីក្រុមហ៊ុនចម្ការអំពៅជួយផ្តល់ប្រាក់សំណងដល់ពួកគាត់។
អ្នកភូមិដែលរងផលប៉ះពាល់ប្រហែល១០០នាក់បានធ្វើដំណើរមករាជធានីភ្នំពេញដើម្បីតវ៉ានៅទីស្នាក់ការកណ្តាលរបស់ធនាគារនេះ ហើយបានត្រឡប់មកតវ៉ាម្តងទៀតកាលពីព្រឹកម្សិលមិញ ។
បន្ទាប់ពីធ្វើព្រងើយកន្តើយចំពោះអ្នកតវ៉ានៅថ្ងៃទី១ កាលពីម្សិលមិញ ធនាគារបានឲ្យបុគ្គលិករបស់ខ្លួនម្នាក់ចេញមកក្រៅនៅម៉ោងប្រហែល១០ព្រឹក ដោយមានលិខិតមួយច្បាប់ជាប់មកជាមួយ ។ លិខិតនេះនិយាយតែពីអ្វីដែលធនាគារបានប្រាប់អ្នកភូមិកាលពីលើកមុនដែលថា ធនាគារ ANZ Royal គ្មានកាតព្វកិច្ចជួួយពួកគាត់ឡើយ ព្រោះក្រុមហ៊ុនចម្ការអំពៅលែងជាអតិថិជនរបស់ធនាគារទៀតហើយ។
លិខិតដែលចុះហត្ថលេខាដោយលោក BenWalker ប្រធានគ្រប់គ្រងផ្នែកអភិវឌ្ឍន៍របស់ធនាគារ ANZ Royal មានខ្លឹមសារថា “ក្រុមហ៊ុនភ្នំពេញស្ករសលែងជាអតិថិជនរបស់ធនាគារ ANZ Royal តាំងពីខែកក្កដាមកមេ្ល៉ះ ព្រោះក្រុមហ៊ុននេះបានសម្រេចសងប្រាក់កម្ចីគ្រប់ចំនួនមកឲ្យធនាគារវិញ”។
លិខិតនេះមានខ្លឹមសារបន្តថា “ទីបំផុត បញ្ហាដ៏សំខាន់នៃវិវាទរបស់អ្នក គឺជាប់ទាក់ទិននឹងដីធ្លី និងការតាំងទីលំនៅថ្មី។ ទាំងនេះគឺជាបញ្ហាដែលមានតែក្រុមហ៊ុនភ្នំពេញស្ករស និងរដ្ឋាភិបាលកម្ពុជាប៉ុណ្ណោះដែលអាចដោះស្រាយបាន”។
គ្រួសារទាំងនេះនិយាយថា ពួកគាត់ព្យាយាមដោះស្រាយវិវាទរបស់ខ្លួនជាមួយក្រុមហ៊ុនចម្ការអំពៅ និងរដ្ឋាភិបាលអស់រយៈពេលជាច្រើនឆ្នាំមកហើយ តែគ្មានបានផលអ្វីឡើយ។ ក្រុមហ៊ុនចម្ការអំពៅបានផ្តល់ប្រាក់ និងដីជំនួសមកឲ្យពួកគាត់ ប៉ុន្តែ ពួកគាត់និយាយថា ប្រាក់សំណង គឺមិនគ្រប់គ្រាន់ទេ ហើយដីថ្មីគឺមិនអាចធ្វើស្រែបានឡើយ។
ដោយខកចិត្តចំពោះខ្លឹមសារនៅក្នុងលិខិតកាលពីម្សិលមិញ អ្នកតវ៉ាបានស្រែកពោរពេញដោយកំហឹងដាក់បុគ្គលិកធនាគារនៅខាងក្នុងដោយពេលមួយបានធ្វើឲ្យបុគ្គលិកធនាគារសម្រេចបិទធនាគារ ហើយទាញទ្វាររមូរ និងបង្អួចនៅជាន់ក្រោមបិទ។
បន្ទាប់មកអ្នកតវ៉ាបានយកធុងថ្នាំពណ៌ចេញមករួចជ្រលក់ដៃចូលក្នុងធុងនោះ ហើយយកបាតដៃដែលប្រឡាក់ថ្នាំពណ៌ក្រហមទៅប៉ាតលើទ្វាររមូរ និងជញ្ជាំងអគាររបស់ធនាគារ។ ពួកគាត់ក៏បានយកលុយដុល្លារខ្មោចជ្រលក់ថ្នាំពណ៌ក្រហមដែរ ហើយបានបាចលុយទាំងនេះលើដីនៅខាងមុខច្រកទ្វារចូលរបស់ធនាគារ។
អ្នកតវ៉ាម្នាក់ឈ្មោះ ងួន ឌី បាននិយាយថា “យើងបាចលុយដុល្លារខ្មោចនៅខាងមុខធនាគារ ហើយប៉ាតបាតដៃប្រឡាក់ថ្នាំពណ៌ក្រហមលើជញ្ជាំងអគារ គឺចង់បង្ហាញឲ្យសាធារណជនឃើញថា ធនាគារកំពុងចំណេញប្រាក់ពីឈាមរបស់យើង”។
អ្នកភូមិបានចាកចេញពីធនាគារនៅពេលរសៀល ដោយប្តេជ្ញាថា នឹងត្រឡប់មកធ្វើការតវ៉ាទៀតនៅក្នុងខែនេះ ប្រសិនបើធនាគារនៅតែបន្តបដិសេធមិនព្រមជួយពួកគាត់៕ស៊ុយឈាង