កម្មករធ្វើកូដកម្មប្រហែល៥០០នាក់មកពីរោងចក្រកាត់ដេរ Y&W នៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញកាលពីម្សិលមិញបានបំផ្លាញផើងផ្កា និងដុតកង់ឡានបន្ទាប់ពីអ្នកគ្រប់គ្រងបានដាក់រូបម៉ានីកាំងស្លៀកពាក់ឯកសណ្ឋានយោធានៅខាងក្រៅរោងចក្រ ដើម្បីរំឭកដល់ថ្ងៃបុណ្យជាតិរបស់ប្រទេសចិន។
លោក ខេង ភារម្យ តំណាងសម័្ពន្ធសហជីពស្មារតីកម្មករខ្មែរបានមានប្រសាសន៍ថា កម្មករ១.៥០០នាក់ដែលបានតវ៉ាចាប់តាំងពីថ្ងៃច័ន្ទមកជុំវិញប្រាក់ខែ លក្ខខណ្ឌការងារ និងការបណ្តេញសមាជិកសហជីពពីរនាក់កាលពីពេលថ្មីៗនេះបានផ្ទុះកំហឹងបន្ទាប់ពីបុគ្គលិករោងចក្របានដាក់រូបម៉ានីកាំង និងផ្កានៅមុខរោងចក្រ។
លោក ភារម្យ បានមានប្រសាសន៍ថា កម្មករបានធ្វើដូច្នេះដោយសាររោងចក្របានយករូបម៉ានីកាំង ហើយបានស្លៀកពាក់ឯកសណ្ឋានកងយោធពលខេមរភូមិន្ទឲ្យ ហើយពួកគេជឿថា វាជាការប្រមាថដល់ប្រទេសកម្ពុជា។ យើងមិនបានប្រាប់ឲ្យកម្មករធ្វើអ៊ីចឹងទេ គឺពួកគេបានធ្វើដោយខ្លួនឯង”។
ក្រុមអ្នកតវ៉ាក៏បានដុតកង់ឡានជាច្រើនមុនពេលអ្នកគ្រប់គ្រងបានប្រញាប់ប្រញាល់យករូបម៉ានីកាំងចូលខាងក្នុងវិញ។
លោក សួង សំណាង តំណាងសម័្ពន្ធសហជីពស្មារតីកម្មករខ្មែរដែលត្រូវបានបណ្ដេញចេញចំពោះការប្រមូលផ្ដុំកម្មករឲ្យធ្វើកូដកម្មមុនថ្ងៃឈប់សម្រាកបុណ្យភ្ជុំបិណ្ឌកាលពីសប្ដាហ៍មុនបានមានប្រសាសន៍ថា ” នេះគឺជាការប្រមាថដល់ប្រទេសជាតិរបស់យើង។ វាមិនមែនជាសិទ្ធិរបស់ពួកគេក្នុងការយកឯកសណ្ឋានរបស់ខ្មែរយើងទៅស្លៀកពាក់ឲ្យម៉ានីកាំងឡើយ”។
លោកបានមានប្រសាសន៍ថា ” នៅពេលពួកគេយករូបម៉ានីកាំងចូលក្នុងរោងចក្រវិញ ក្បាលរបស់ម៉ានីកាំងបានធ្លាក់។ តើអ្វីទៅដែលពួកគេបានព្យាយាមនិយាយមកកាន់ពួកយើងនោះ?”។
លោក ឡុង យ៉ាង ប្រធានរដ្ឋបាលនៅរោងចក្រ Y&W បានបដិសេធថា រូបម៉ានីកាំង និងផើងផ្កាមិនមានបំណងប្រមាថដល់កម្មករទេ ដោយលើកឡើងថា គឺដើម្បីគោរពដល់កងទ័ពចិននៅថ្ងៃបុណ្យជាតិរបស់ចិនតែប៉ុណ្ណោះ។ កាលពីម្សិលមិញ គឺជាថ្ងៃបុណ្យជាតិរបស់ចិន ដែលប្រារព្ធធ្វើជារៀងរាល់ឆ្នាំនៅថ្ងៃទី១ ខែតុលា។
លោក យ៉ាង បានមានប្រសាសន៍ថា ” ឯកសណ្ឋានដែលស្លៀកពាក់ឲ្យម៉ានីកាំងនោះ គឺដើម្បីគោរពដល់វីរបុរសចិនដែលបានបាត់បង់ជីវិតក្នុងសង្គ្រាម។ ប្រធានរបស់យើងជាជនជាតិចិននោះ មិនបានព្យាយាមប្រមាថដល់សញ្ជាតិរបស់កម្មករឡើយ”។
កម្មកររោងចក្រ Y&W បានទាមទារប្រាក់ឧបត្ថម្ភថ្លៃអាហារថ្ងៃត្រង់១ដុល្លារក្នុងមួយថ្ងៃ ប្រាក់ថ្លៃធ្វើដំណើរ និងប្រាក់ឧបត្ថម្ភថ្លៃស្នាក់នៅ១៥ដុល្លារក្នុងមួយខែ និងលុយព្រីម១៥ដុល្លារ និងការឲ្យយកលោក សំណាង និងលោក ឯក ចាន់ភក្ដី តំណាងសហជីពចូលធ្វើការវិញ។
លោក ភារម្យ បានមានប្រសាសន៍ថា ការចរចារវាងសហជីព និងរោងចក្រនឹងបន្តនៅក្រសួងការងារនៅថ្ងៃនេះ៕ សារុន