31.8 C
Phnom Penh

កម្មករ​​​​​​នឹង​​​ប្រឈម​​​ការ​​​បង់​​​ពន្ធ​​​លើ​​​ប្រាក់​​​ខែ​​​នៅ​​​ពេល​​​ប្រាក់​​​ខែ​​​របស់​​​​​​ពួក​​​គាត់​​​ត្រូវ​​​បាន​​​ដំឡើង​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អគ្គនាយក​​​នៃ​​​អគ្គនាយក​​​ដ្ឋាន​​​ពន្ធ​​​ដារ​​​នៅ​​​ក្រសួង​​​សេដ្ឋកិច្ច​​​ និង​​​ហិរញ្ញវត្ថុ​​​​​​បាន​​​ប្រាប់​​​មេ​​​ដឹក​​​នាំ​​​សហជីព​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា កម្មករ​​​រោង​​​ច​​​ក្រ​​​កាត់​​​ដេរ ដែល​​​សព្វ​​​ថ្ងៃ​​​ទទួល​​​បាន​​​ប្រាក់​​​ខែ​​​គោល​​​១០០​​​ដុល្លារ​​​​​​ចាំបាច់​​​ត្រូវ​​​តែ​​​ត្រៀម​​​ខ្លួន​​​បង់​​​ពន្ធ​​​លើ​​​ប្រាក់​​​ខែ​​​របស់​​​ខ្លួន​​​នៅ​​​ពេល​​​ប្រាក់​​​ខែ​​​គោល​​​របស់​​​ពួក​​​គាត់​​​នឹង​​​ត្រូវ​​​ដំឡើង​​​នៅ​​​ខែ​​​មករា​​​ ។

លោក​​​ គង់ វិបុល​​​ ដែល​​​ជា​​​អគ្គ​​​នាយក​​​នៃ​​​អគ្គនាយក​​​ដ្ឋាន​​​ពន្ធដារ​​​បាន​​​ប្រាប់​​​តំណាង​​​សហ​​​ជីព​​​ក្នុង​​​សិក្ខាសាលា​​​មួយ​​​នៅ​​​សណ្ឋាគារ Raffles ថា កម្មករ​​​រោង​​​ចក្រ​​​ប្រមាណ​​​៦០០.០០០នាក់​​​ ដែល​​​ធ្វើ​​​ការ​​​នៅ​​​ក្នុង​​​វិស័យ​​​កាត់​​​ដេរ​​​​​​អាច​​​ត្រូវ​​​បង់​​​ពន្ធ​​​លើ​​​ប្រាក់​​​ខែ​​​របស់​​​ខ្លួន​​​ចំនួន​​​៥ភាគ​​​រយ​​​ប្រសិន​​​បើ​​​ប្រាក់​​​ខែ​​​គោល​​​របស់​​​ពួក​​​គាត់​​​​​ ដែល​​​រួម​​​ទាំង​​​​​​ប្រាក់​​​ឧបត្ថម្ភ​​​ផ្សេង​​​ៗ​​​ផង​​​​​​ ​​​លើស​​​ពី​​​៥០០.០០០រៀល​​​ ឬក៏​​​១២៥​​​ដុល្លារ​​​នោះ​​​។

នៅ​​​សប្តាហ៍​​​ក្រោយ​​​គណៈកម្មាធិការ​​​ប្រឹក្សា​​​ការងារ​​​ ដែល​​​រួម​​​មាន​​​តំណាង​​​រដ្ឋាភិបាល​​​ ម្ចាស់​​​រោង​​​ចក្រ និង​​​សហជីព​​​នោះ​​​ត្រូវ​​​បាន​​​គេ​​​រំពឹង​​​ថា នឹង​​​បោះ​​​ឆ្នោត​​​លើ​​​ប្រាក់​​​ខែ​​​គោល​​​ថ្មី​​​នេះ​​​។ មេ​​​ដឹក​​​នាំ​​​សហជីព​​​កំពុង​​​ទាម​​​ទារ​​​ឲ្យ​​​មាន​​​ការ​​​ដំឡើង​​​ប្រាក់​​​ខែ​​​៧៧​​​ដុល្លារ​​​បន្ថែម​​​ទៀត​​​ពី​​​លើ​​​ប្រាក់​​​ខែ​​​គោល​​​សព្វ​​​ថ្ងៃ​​​របស់​​កម្មករ​​​ ចំណែក​​​ឯ​​​ម្ចាស់​​​រោង​​​ចក្រ​​​វិញ​​​ស្នើ​​​សុំ​​​ដំឡើង​​​ត្រឹម​​​តែ​​​១០​​​ដុល្លារ​​​​​​បន្ថែម​​​ប៉ុណ្ណោះ​​​។

លោក វិបុល បាន​​​ពន្យល់​​​ថា បើ​​​យោង​​​តាម​​​ច្បាប់​​​ពន្ធ​​​ដារ​​​ឆ្នាំ​​​១៩៩៧​​​ បុគ្គលិក​​​ដែល​​​មាន​​​ប្រាក់​​​ខែ​​​ គឺ​​​តម្រូវ​​​ឲ្យ​​​បង់​​​ពន្ធ​​​លើ​​​ប្រាក់​​​ខែ​​​គោល​​​របស់​​​ខ្លួន​​​ដោយ​​​អាស្រ័យ​​​លើ​​​​​ទំហំ​​​នៃ​​​ប្រាក់​​​ខែ​​​គោល​​​ដែល​​​ពួក​​​គេ​​​ទទួល​​​បាន​​​​​​។

លោ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “នៅ​​​ថ្ងៃ​​​នេះ​​​យើង​​​បើក​​​សន្និសីទ​​​កាសែត​​​មួយ​​​ដើម្បី​​​ផ្សព្វ​​​ផ្សាយ​​​ព័ត៌​​​មាន​​​ដល់​​​សហជីព​​​ទាំង​​​អស់។ យើង​​​សង្ឃឹម​​​ថា បង​​​ប្អូន​​​អាច​​​ពន្យល់​​​ដល់​​​កម្មករ​​​ពី​​​កាតព្វកិច្ច​​​បង់​​​ពន្ធ​​​របស់​​​ពួក​​​គាត់​​​ ហើយ​​​ចូល​​​រួម​​​ចំណែក​​​កសាង​​​ប្រទេស​​​ជាតិ​​​ទាំង​​​អស់​​​គ្នា”។

ប៉ុន្តែ តំណាង​​​កម្មករ​​​មិន​​​សូ​​វ​​​ជា​​​ពេញ​​​ចិត្ត​​​ឡើយ​​​ដោយ​​​លើក​​​ឡើង​​​ថា សមាជិក​​​របស់​​​ខ្លួន​​​​នឹង​​​មិន​​​អាច​​​ទទួល​​​យក​​​ព័ត៌​​​មាន​​​នេះ​​​បាន​​​ទេ​​​។ លោក​​​ ឡុង​​​ សង្គ្រោះ​​​ តំណាង​​​សហជីព​​​បាន​​​និយាយ​​​ថា “យើង​​​គ្មាន​​​ប្រាក់​​​ខែ​​​គ្រប់​​​គ្រាន់​​​ដើម្បី​​​ចំណាយ​​​លើ​​​ការ​​​ចាយ​​​វាយ​​​ប្រចាំ​​​ថ្ងៃ​​​ផង​​​​​​​​ ហើយ​​​ឥឡូវ​​​នេះ​​​រដ្ឋាភិបាល​​​ឲ្យ​​​យើង​​​បង់​​​ពន្ធ​​​លើ​​​ប្រាក់​​​ខែ​​​ទៀត​​​។ យើង​​​នឹង​​​ជជែក​​​ជា​​​មួ​​​យ​​​កម្មករ​​​របស់​​​យើង ហើយ​​​ចាំ​​​មើល​​​ថា ពួក​​​គាត់​​​នឹង​​​គិត​​​យ៉ាង​​​ម៉េច​​​ចំពោះ​​​បញ្ហា​​​នេះ​​​”។

លោក​​​ ម៉េង អា៊ាង តំណាង​​​កម្មករ​​​ម្នាក់​​​ទៀត​​​បាន​​​ព្យាករ​​​​​​ថា ការ​​​បង់​​​ពន្ធ​​​ដែល​​​កម្មករ​​​ភាគ​​​ច្រើន​​​មិន​​​ដឹង​​​នោះ​​​នឹង​​​បង្ក​​​ឲ្យ​​​មាន​​​ភាព​​​ចលាចល។

លោក​​​បាន​​​និយាយ​​​ថា “កម្មករ​​​នឹង​​​មាន​​​កំហឹង​​​។​​​ពួក​​​គាត់​​​នឹង​​​ធ្វើ​​​កូដ​​​កម្ម​​​ ហើយ​​​​​​តវ៉ា​​​ប្រឆាំង​​​នឹង​​​ការ​​​បង់​​​ពន្ធ​​​នេះ​​​ ព្រោះ​​​ថា ពួក​​​គាត់​​​មាន​​​ប្រាក់​​​ខែ​​​ទាប ហើយ​​​មិន​​​ដឹង​​​អំពី​​​បញ្ហា​​​នេះ​​​ពី​​​មុន​​​មក​​​ឡើយ​​​”៕ស៊ុយ​​​ឈាង​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស