34 C
Phnom Penh

អ្នកទោស​ម្នាក់​លួច​រត់​ចេញពីពន្ធនាគារ​ខេត្ត​កំពង់​ឆ្នាំង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​មន្ត្រី​បាន​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ​ថា នគរ​បាល​កំពុង​ស្វែង​រក​អ្នក​ទោស​អាយុ​៣០​ឆ្នាំ​ម្នាក់ ដែល​បាន​លួច​រត់ចេញពីពន្ធនាគារ​ខេត្ត​កំពង់ឆ្នាំង​កាលពី​វេលាទៀប​ភ្លឺ​ព្រឹក​ថ្ងៃអង្គារ។

យោង​តាម​លោក ពៅ វុទ្ធី ប្រធាន​ពន្ធនាគារ​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ការ​លួចរត់​ដ៏​ព្រហើន​នេះ​ធ្វើ​ឲ្យ​ ឡេ តាល់ ដែល​អនុវត្ត​ទោស​បាន​តែ​ជាង​ពាក់​កណ្ដាល​ក្នុង​ចំណោម​ទោស​ជាប់​ពន្ធ​នាគារ​រយៈ​ពេល​ជាង​៥ឆ្នាំរបស់ខ្លួន​​ពី​បទ​ប្លន់នោះ បាន​ប្រជ្រៀត​ចេញ​តាម​បង្អួច​បន្ទប់​ដែល​ខ្លួននៅ​ជាមួយ​អ្នក​ទោស​ប្រហែល​៤០​ទៀត ដោយ​លូន​កាត់​តាម​សួន​បន្លែ​ ហើយ​ឡើង​លើ​របង​ពន្ធនាគារ​រួច​គេច​ខ្លួន​ចូល​ក្នុង​កន្លែង​ងងឹត​។

លោក វុទ្ធី បាន​មាន​ប្រសាសន៍​ថា ” ជន​នេះ​បាន​ប្រើ​រណារ​អារ​ផោ្ត​ច់ចម្រឹង​ដែក​ចំនួន​ពីរ​។ ខ្ញុំ​គិត​ថា មាន​អ្នក​ទោស​ប្រហែល​បួន​នាក់​មាន​គម្រោង​លួចរត់​គេច​ ពួកគេ​បាន​អារ​ចម្រឹង​បង្អួច​តាំង​ពី​ចាប់​ផ្ដើម​បុណ្យ​កាន់​បិណ្ឌ​ភ្្ជុំបិណ្ឌ​មក​ម្លេ៉ះ”។

លោក​បាន​មាន​ប្រសាសន៍​ថា ” យើង​មិន​បាន​ពិនិត្យ​មើល​ចម្រឹង​បង្អួច​​ឲ្យបាន​ត្រឹម​ត្រូវ ប៉ុន្តែ​យើង​មិន​អាច​ពិនិត្យ​មើល​គ្រប់បញ្ហា​តូច​តាច​ទាំង​អស់​បាន​ឡើយ”។ លោក​បាន​បន្ថែម​ថា រណារ​ចំនួន​ពីរ​ដែល​លោក​ជឿ​ថា​ ត្រូវ​បាន​ប្រើ​ដើម្បី​កាត់​ចម្រឹង​បង្អួច​នោះត្រូវ​បាន​រកឃើញ ហើយ​បាន​បញ្ជូន​ទៅ​នគរ​បាល​ខេត្ត​។

លោក វុទ្ធី បាន​មាន​ប្រសាសន៍​ថា គម្រោង​រត់គេច​របស់​ ឡេ តាល់ កើត​ឡើង​ដំណាល​គ្នា​នឹង​ការ​ផ្លាស់​វេន​យាមរបស់សន្តិសុខនៅ​ម៉ោង​២​រំលង​អធ្រាត្រ​នៅ​ពេល​សន្តិសុខ​ថ្មី​​បី​នាក់​​​បាន​ផ្លាស់​វេន​គ្នា​យាម​។

ឡេ តាល់ បាន​ទៅ​ដល់​របង​ពន្ធនាគារ​ខណៈ​ដែល​សន្តិសុខ​ថ្មី​បាន​ចាប់​ផ្ដើម​ល្បាត​។ សន្តិ​សុខ​ម្នាក់​បាន​ឃើញ​ ឡេ តាល់ កាន់​ពិល​ហើយ​បាន​ស្រែក​ឲ្យ​ឈប់ ប៉ុន្តែ​អ្នក​ទោស​រូប​នេះ​បាន​ឡើង​លើ​របង ​ហើយ​រត់​ចូល​ទៅ​កន្លែង​ងងឹត​បាត់​។

លោក វុទ្ធី​ បាន​មាន​ប្រសាសន៍​ថា ” យើង​​មិន​អាច​ចាប់​ខ្លួន​អ្នក​ទោស​នេះ​បាន​ឡើយ ពីព្រោះ​ពេល​នោះ​ងងឹត​ ហើយ​ភ្លៀង​ទៀត​”។ លោក​បាន​បន្ថែម​ថា លោក​បាន​ជូន​ដំណឹង​ទៅ​នគរ​បាល​ក្នុង​ខេត្ត​កំពង់​ឆ្នាំង និង​ខេត្ត​ពោធិ៍សាត់​ដែល​ជា​ខេត្ត​កំណើត​របស់​ ឡេ តាល់ អំពី​ការ​ហែក​គុក​នេះ​។

លោក ប្រាក់ វុទ្ធី ស្នង​ការ​នគរ​បាល​ខេត្ត​កំពង់ឆ្នាំង​បាន​មាន​ប្រសាសន៍​ថា មន្ត្រី​របស់​លោក​កំពុង​ស៊ើប​អង្កេតលើការ​លួច​រត់​របស់​អ្នក​ទោស​នេះ ប៉ុន្តែ​រង់​ចាំ​ដីកាចាប់​ខ្លួន​ពី​តុលា​ការ​ដើម្បី​​ស្វែង​រក​អ្នក​ទោស​ដែល​លួច​រត់​នេះ​៕ សារុន​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស