31.8 C
Phnom Penh

អ្នក​​​ភូមិ​​​ឡពាង​​​ត្រូវ​​​សាលា​​​ដំបូង​​​រាជ​​​ធានី​​​សាក​​​សួរ​​​ក្នុង​​​សំណុំ​​​រឿង​​​ក្រុម​​​ហ៊ុន​​​ ខេឌីស៊ី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប៉ុន្មាន​​​ថ្ងៃ​​​បន្ទាប់​​​ពី​​​គណៈកម្មការ​​​សិទ្ធិ​​​មនុស្ស​​​នៃ​​​រដ្ឋសភា​​​បាន​​​ចុះ​​​ទៅ​​​ពិនិត្យ​​​មើល​​​ទី​​​តាំង​​​​​​កើត​​​មាន​​​វិវាទ​​​ដី​​​ធ្លី​​​ជា​​​យូរ​​​មក​​​ហើយ​​​​​​រវាង​​​ប្រជា​​​ពល​​​រដ្ឋ​​​នៅ​​​ក្នុង​​​ខេត្ត​​​កំពង់​​​ឆ្នាំង​​​ និង​​​​​​ក្រុម​​​ហ៊ុន​​​​​អភិវឌ្ឍន៍​​​ឯកជន​​​មួយ​​​ សាលា​​​ដំបូង​​​រាជ​​​ធានី​​​កាល​​​ពី​​​ម្សិលមិញ​​​ បាន​​​សាក​​​សួរ​​​អ្នក​​​ភូមិ​​​ពី​​​រនាក់​​​ជុំ​​​វិញ​​​ពាក្យ​​​បណ្តឹង​​​ដែល​​​ពួក​​​គាត់​​បាន​​​ដាក់​​​ប្តឹង​​​ក្រុម​​​ហ៊ុន​​​នេះ។

ចៅ​​​ក្រម​​​សើុប​​​សួរ ជួន សុរាសី បាន​​​មាន​​​ប្រសាសន៍​​​ថា “កាល​​​ពី​​​ម្សិលមិញ​​​ យើង​​​បាន​​​សាក​​​សួរ​​​ភាគី​​​ទាំង​​​ពីរ​​​​​​ជា​​​ផ្នែក​​​នៃ​​​នីតិវិធី​​​ព្រាង​​​ទុក​​​សម្រាប់​​​ការ​​​ទាញ​​​ហេតុ​​​ផល​​​ផ្ទាល់​​​មាត់​​​ ប៉ុន្តែ ការ​​​ព្យាយាម​​​ផ្សះ​​​ផ្សា​​​​​​មិន​​​ទទួល​​បាន​​​ផ្លែ​​​ផ្កា​​​ទេ​​​”។

ចៅ​​​ក្រម​​​រូប​​​នេះ​​​បាន​​​​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា សាលា​​​ដំបូង​​​រាជ​​​ធានី​​​​​​ទទួល​​​បាន​​​សំណុំ​​​រឿង​​​ចំនួន​​​២១​​​ពី​​​សាលា​​​ដំបូង​​​ខេត្ត​​​កំពង់​​​ឆ្នាំង​​​ជុំ​​​វិញ​​​ពាក្យ​​​បណ្តឹង​​​រដ្ឋប្បវេណី ដែល​​​អ្នក​​​ភូមិ​​​ពីរ​​​​​​នាក់​​​ឈ្មោះ​​​ កែវ សុខា និង​​​ឈ្មោះ ស៊ុម ថុន បាន​​​ដាក់​​​ប្តឹង​​​​​​ក្រុម​​​ហ៊ុន​​​ខេឌីស៊ី​​​ ប៉ុន្តែ សំណុំ​​​រឿង​​​ចំនួន​​​១១​​​ក្នុង​​​ចំណោម​​​នោះ​​​ត្រូវ​​​បាន​​​ដក​​​ចេញ​​​វិញ​​​ បន្ទាប់​​​ពី​​​គ្រួសារ​​​មួយ​​​ចំនួន​​​បាន​​​ទទួល​​​យក​​​សំណង​​​ពី​​​ក្រុមហ៊ុន​​​នេះ​​​កាល​​​ពី​​​ខែ​​​មីនា​​​។

បច្ចុប្បន្ន​​​ ចំណុច​​​ក្តៅ​​​នៃ​​​វិវាទ​​​នេះ​​​​​​គឺ​​​​​​ស្ថិត​នៅ​ត្រង់​​​​តម្លៃ​​​ដី​​​កសិកម្ម​​​ ដែល​​​អ្នក​​​ភូមិ​​​នេះ​​​និយាយ​​​ថា ​​​ក្រុម​​​ហ៊ុន​​​ខេឌីស៊ី​​​បាន​​​លួច​​​ប្លន់​​​ពី​​​ពួក​​​គាត់​​​​​​​​​​​​​​​។ អ្នកភូមិ​​​វាយ​​​តម្លៃ​​ថា ដី​​​មួយ​​​ហិកតា​​​មាន​​​តម្លៃ​​​ចន្លោះ​​​ពី​​​៨.០០០ដុល្លារ ទៅ​​​១០.០០០ដុល្លារ ចំណែក​​​ឯ​​​មេធាវី​​​តំណាង​​​ក្រុមហ៊ុន​​​​​​​​​និយាយ​​​ថា តម្លៃ​ដី​នៅ​​​លើ​​​ទ​ី​​​ផ្សារ​​​គឺ​​​ក្នុង​​​មួយ​​ហិកតា​​​មាន​​​តម្លៃ​​​ត្រឹម​​​២.០០០​​​ទៅ​​​២.៥០០ដុល្លារ​​​ប៉ុណ្ណោះ​​​។

អ្នកស្រី​​​ កែវ សុខា អាយុ​​​៤៨​​​ឆ្នាំ និយាយ​​​​​​ថា គាត់​​​បាន​​​បាត់​​​បង់​​​ដី​​​ពីរ​​​ហិកតា​​​ទៅ​​​លើ​​​ក្រុម​​​ហ៊ុន​​​នេះ បន្ទាប់​​​ពី​​​ក្រុមហ៊ុន​​​នេះ​​​បាន​​​ជីក​​​ប្រឡាយ​​​មួយ​​​ព័ទ្ធ​​​ជុំ​​​វិញ​​​តំបន់​​​មាន​​​វិវាទ​​​ និង​​​បាន​​​ប្រើ​​​ត្រាក់ទ័រ​​​ឈូស​​​កម្ទេច​​​ផ្ទះ​​​របស់​​​ម្ដាយ​​​អ្នកស្រី​​​កាល​​​ពី​​​ចុង​​​ឆ្នាំ​​​២០០៦​​​ និង​​​ដើម​​​​​​ឆ្នាំ​​​២០០៧​​​។ អ្នកស្រី​​​និយាយ​​​ទៀត​​​ថា “ខ្ញុំ​​​ទាម​​​ទារ​​​១០.០០០ដុល្លារ​​​សម្រាប់​​​ដី​​​មួយ​​​ហិកតា​​​វា​​​មិន​​​ច្រើន​​​ទេ​​​បើ​​​គិត​​​ពី​​​ផ្ទះ​​​ម្តាយ​​​របស់​​​ខ្ញុំ​​​ដែល​​​ត្រូវ​​​គេ​​​កម្ទេច​​​ចោល​​​”។

លោក ជា ប៉ូច តំណាង​​​រាស្ត្រ​​​​​​គណបក្ស​​​សង្គ្រោ​​​ះ​​​ជាតិ​​​បាន​​​មាន​​​ប្រសាសន៍​​​កាល​​ពី​​​ម្សិលមិញ​​​ថា សមាជិក​​​គណៈកម្មការ​​​សិទ្ធិ​​​មនុស្ស​​​បាន​​​ចុះ​​​ទៅ​​​ពិនិត្យ​​​មើល​​​ដី​​​មាន​​​វិវាទ​​​កាល​​​ពី​​​ចុង​​​សប្តាហ៍​​​កន្លង​​​ទៅ​​​នេះ​​​​​​ ហើយ​​​បាន​​​ជួប​​​ជា​​​មួយ​​​អាជ្ញាធរ​​​មូល​​​ដ្ឋាន​​​ ប៉ុន្តែ បាន​​​មាន​​​ប្រសាសន៍​​​ថា សមាជិក​​​គណៈកម្មការ​​​នេះ​​​គ្មាន​​​តួ​​​នាទី​​​វាយតម្លៃ​​​​​​តម្លៃ​​​ដី​​​នោះ​​​ទេ​​​។  លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា “គណៈកម្មការ​​​មិន​​​អាច​​​វាយ​​​តម្លៃ​​​ដី​​​នោះ​​​បាន​​​ទេ ព្រោះ​​​​យើង​​​មាន​​​​​​កាតព្វកិច្ច​​​ព្យាយាម​​​សម្រុះ​​​សម្រួល​​​បញ្ហា​​​នេះ​​​”៕សុខុម

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស