38 C
Phnom Penh

នគរបាល​កំណត់​អត្តសញ្ញាណម្ចាស់​រថយន្ត​ទំនើប​បង្កគ្រោះថ្នាក់​បុក​ហើយ​រត់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីម្សិលមិញ​នគរ​បាល​ចរាចរ​រាជ​ធានី​ភ្នំពេញ​​បាន​កំណត់​អត្ត​សញ្ញាណ​ម្ចាស់​រថយន្ត​ Range Rover ដែល​អ្នក​បើក​បរ​បាន​បើក​បុក​ជនជាតិអៀរឡង់​ម្នាក់​ស្លាប់​នៅ​លើ​មហាវិថី​ព្រះមុនីវង្ស​កាលពី​ថ្ងៃ​អាទិត្យ​។ អ្នក​បើក​បរ​ដែល​បាន​គេច​ខ្លួន​ពី​កន្លែង​កើត​ហេតុ​កំពុង​រត់​គេច​ខ្លួន​នៅ​ឡើយ​។

លោក ថូម៉ាស ប៊ីឈើ អាយុ​៣០​ឆ្នាំ​បាន​បណ្ដើរ​កង់​របស់​គាត​់ឆ្លង​កាត់​មហាវិថី​ព្រះមុនីវង្ស​​នៅជិត​​ចំណុច​ប្រសព្វ​នៃ​ផ្លូវ​លេខ​២៧៨​​ក្នុង​សង្កាត់​បឹង​កេង​កង១​ នៅ​ម៉ោង​ប្រហែល​១​និង​៣០​នាទី​រំលង​​អធ្រាត្រ​ ស្រាប់​តែ​រថយន្ត​ស៊េរី​ទំនើប​នោះ​បាន​បុក​គាត់​បណ្ដាល​ឲ្យ​ស្លាប់​ភ្លាមៗ​តែម្តង។

លោក សែម គន្ធា អនុប្រធាន​នគរ​បាល​ចរាចរ​រាជ​ធានី​ទទួល​បន្ទុក​ករណី​នេះ​បាន​មាន​ប្រសា​សន៍​ថា ម្ចាស់​រថយន្ត​ Range Rover ឈ្មោះ​ ហ៊ូ សិលា អនុប្រធាន​នគរ​បាល​ទេសចរ​ខេត្ត​ព្រះវិហារ​។

លោក គន្ធា ក៏​បាន​កំណត់​អត្តសញ្ញាណ​កូនស្រី​​របស់​មន្ត្រី​នគរបាល​ទេសចរ​រូប​នោះ​ ដែល​សង្ស័យ​ថា​ជា​អ្នក​បើក​រថយន្ត​នៅ​ពេល​បង្ក​គ្រោះ​ថ្នាក់​នោះ​ថា ឈ្មោះ សិលា រតនៈ អាយុ​២០​ឆ្នាំ​។ លោក​បាន​មាន​ប្រសាសន៍​ថា លោក​បាន​សួរ​លោក សិលា កាលពី​ថ្ងៃ​អាទិត្យ និង​ថ្ងៃ​អង្គារ ហើយគាត់បាន​បដិសេធ​ថា កូនស្រី​របស់​គាត់​មិន​បាន​បើក​រថយន្ត​​បុក​បុរស​ជនជាតិ​អៀរឡង់​នោះស្លាប់​ឡើយ។

លោក​ គន្ធា បាន​មាន​ប្រសាសន៍​ថា “លោក សិលា ​បាន​និយាយ​ថា មិត្ត​ភក្តិ​របស់​កូនស្រី​គាត់ទេ​ដែល​បាន​បើក​បរ​រថយន្ត​នៅ​ថ្ងៃ​មាន​គ្រោះ​ថ្នាក់​នោះ មិន​មែន​កូនស្រី​របស់​គាត់ទេ​”។ លោក​បាន​បន្ថែម​ថា កញ្ញា រតនៈ មិន​បាន​ត្រឡប់​មក​ផ្ទះ​វិញ​ទេ​ចាប់​តាំងពី​យប់​បង្ក​គ្រោះ​ថ្នាក់​ចរាចរណ៍​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​មក។ លោក​បាន​មាន​ប្រសាសន៍​ថា ” យើង​ចង់​ចាប់​ខ្លួន​នាង ប៉ុន្តែ​នាង​បាន​រត់​បាត់​ស្រមោល​”។

រថយន្ត​ Range Rover ពណ៌ស​ដែល​កំពិត​កាង​នៅ​ជាប់​ស្នាម​ឈាម​របស់​លោក ថូមា៉ស ប៊ីឈើ​ នៅឡើយ​នោះ​ កំពុង​រក្សាទុក​នៅ​ប៉ុស្តិ៍​នគរ​បាល​ចរាចររាជ​ធានី​។ បន្ទាប់​ពី​គ្រោះ​ថ្នាក់​ រថយន្ត​ទំនើបដែលរងការ​ខូច​ខាត​នេះ​បាន​ហុយ​ផ្សែង​ ត្រង់​ចំណុច​នោះ​ហើយ​ដែលអ្នក​បើក​បរ​រថយន្ត​បាន​​គេច​ខ្លួន​ពី​កន្លែង​កើត​ហេតុ​ជាមួយ​មិត្ត​ភក្ដិ​ម្នាក់ ឬពីរ​នាក់​ទៀត​។

លោក​បាន​មាន​ប្រសាសន៍​កាលពី​ម្សិលមិញ​ថា “ខ្ញុំ​បាន​បញ្ចប់​ការ​រៀបចំ​របាយការណ៍​អំពី​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ​ហើយ ហើយ​ខ្ញុំ​នឹង​បញ្ជូន​របាយការណ៍ទៅ​តុលាការ​នៅ​ពេល​នេះ ដើម្បីឲ្យតុលាការចេញ​ដីកា​ចាប់​ខ្លួន​។ មាន​មនុស្ស​ពីរ​នាក់​ដែល​យើង​ត្រូវ​ចាប់​ខ្លួន គឺ​កូនស្រី​ម្ចាស់​រថយន្ត និង​មិត្ត​ភក្ដិ​របស់​នាង​”។

នៅពេល​ត្រូវ​បាន​ទាក់​ទង​តាម​ទូរស័ព្ទ​កាលពី​ម្សិលមិញ លោក សិលា បាន​មាន​ប្រសាសន៍​ថា លោក​មិន​ដឹង​ថា កូនស្រី​របស់​លោក​នៅ​ឯណា​ទេ​ ហើយ​ថា លោក​មិន​ច្បាស់​ថា​តើ​នាង​បាន​បើក​រថយន្ត​នៅ​ពេល​បង្ក​គ្រោះ​ថ្នាក់​ឬយ៉ាង​ណា​ឡើយ​។

លោក​បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​មិន​ទាន់​ទទួល​បាន​របាយការណ៍​ច្បាស់​លាស់​ពី​អ្វី​ដែល​បាន​កើត​ឡើង​នៅ​ឡើយ​ទេ​…។ កូនស្រី​របស់​ខ្ញុំ​បាន​រត់​ ហើយ​” បន្ទាប់​មក​លោក​បាន​ដាក់​ទូរស័ព្ទ​ចុះ​៕ សារុន​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស