កាលពីថ្ងៃអង្គារ អង្គភាពប្រឆាំងអំពើពុករលួយបានចាប់ខ្លួនអធិការនគរបាលខណ្ឌមានជ័យនៅក្នុងរាជធានីភ្នំពេញ ព្រមទាំងអ្នកនៅក្រោមបង្គាប់របស់គាត់ពីរនាក់ទៀតមកសាកសួរនៅក្នុងករណីមួយ ដែលធ្វើឡើងដោយអាថ៌កំបាំង។
មន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយជាន់ខ្ពស់មួយរូប ដែលបានបដិសេធមិនប្រាប់ឈ្មោះពីព្រោះលោកមិនត្រូវបានអនុញ្ញាតឲ្យនិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាននោះបានមានប្រសាសន៍ថា លោក ហ៊ី ណារិន អធិការនគរបាលខណ្ឌមានជ័យត្រូវបានចាប់ខ្លួន ហើយកំពុងត្រូវបានសាកសួរដោយអង្គភាពប្រឆាំងអំពើពុករលួយរបស់រដ្ឋាភិបាល។
មន្ត្រីរូបនេះបានមានប្រសាសន៍ថា ” លោក ហ៊ី ណារិន ត្រូវបានចាប់ខ្លួនកាលពីម្សិលមិញ ហើយកំពុងត្រូវបានសាកសួរ”។ លោកបានបន្ថែមថា មន្ត្រីនគរបាលពីររូបទៀតដែលលោកមិនស្គាល់ឈ្មោះក៏ត្រូវបានសាកសួរផងដែរ។
មន្ត្រីរូបនេះបានបដិសេធមិននិយាយអំពីករណីនេះបន្ថែមឡើយ ហើយបានបង្វែរសំណួរទៅលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយដែលគេមិនអាចទាក់ទងបាន។
លោក កែវ រ៉េមី អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយបានបដិសេធមិនធ្វើអត្ថាធិប្បាយទេ។ មុនពេលដាក់ទូរស័ព្ទអ្នកយកព័ត៌មានចុះ លោកបានមានប្រសាសន៍ថា ” សូមដាក់លិខិតប្រសិនបើអ្នកចង់សម្ភាស”។
លោក មុំ វៃ អធិការរងនគរបាលខណ្ឌមានជ័យបានបញ្ជាក់ថា អង្គភាពប្រឆាំងអំពើពុករលួយបានឃុំខ្លួនមេរបស់លោក ហើយលោកបានមានប្រសាសន៍ថា លោកមិនភ្ញាក់ផ្អើលទេ។ លោក វៃ បានមានប្រសាសន៍ថា ” យើងមិនភ្ញាក់ផ្អើលទេ ពីព្រោះយើងកំពុងនិយាយអំពីការងាររបស់មន្ត្រីកំពូលៗ។ នេះគឺជារឿងធម្មតា ពីព្រោះមេៗទាំងនោះមិនមែនសុទ្ធតែឥតខ្ចោះ១០០ភាគរយទេ។
លោក វៃ បានមានប្រសាសន៍ថា លោក ណារិន បានកាន់តួនាទីជាអធិការនគរបាលខណ្ឌរយៈពេលប្រាំពីរឬប្រាំបីឆ្នាំមកហើយ ហើយលោកបានបដិសេធមិននិយាយបន្ថែមឡើយ។
កាលពីឆ្នាំ២០០៤ នៅពេលលោក ណារិន ជាអធិការរងនគរបាលខណ្ឌចំការមនជាប់គ្នានោះ មេធាវី ផេង ស៊ីដេត ត្រូវក្មេងទំនើងមួយក្រុមដេញរត់ចូលក្នុងអធិការដ្ឋាននគរបាលខណ្ឌ។ លោក ស៊ីដេត បានមានប្រសាសន៍ថា នគរបាលបានបណ្ដោយឲ្យក្មេងទំនើងមួយក្រុមនោះចូលខាងក្នុង ហើយថា លោក ណារិន បានឈរមើលខណៈដែលពួកគេបានវាយរូបគាត់។ លោក ណារិន បានបដិសេធការចោទប្រកាន់នោះ។
លោក ហៀក ចាន់លាង អភិបាលរងខណ្ឌមានជ័យបានមានប្រសាសន៍កាលពីម្សិលមិញថា លោកដឹងថាអង្គភាពប្រឆាំងអំពើពុករលួយបានឃុំខ្លួនអធិការនគរបាលខណ្ឌរបស់លោក ប៉ុន្តែមិនបានដឹងរឿងអ្វីទៀតឡើយ។
លោក បែន សុវាសនា អធិការរងនគរបាលខណ្ឌដែលត្រូវបានសាកសួរដោយអង្គភាពប្រឆាំងអំពើពុករលួយជាមួយលោក ណារិន ដែរនោះបានមានប្រសាសន៍ថា លោកមិនត្រូវបានចាប់ខ្លួនទេ គ្រាន់តែកោះហៅតែប៉ុណ្ណោះ។
លោកបានមានប្រសាសន៍ថា “ពួកគេ [អង្គភាពប្រឆាំងអំពើពុករលួយ] បានសួរខ្ញុំអំពីបញ្ហាចរាចរណ៍ និងនីតិវិធី។ ខ្ញុំបានត្រឡប់មកផ្ទះវិញកាលពីល្ងាចថ្ងៃអង្គារ។ ខ្ញុំមិនដឹងថា លោក ណារិន ត្រូវបានសាកសួរអំពីរឿងអ្វីទេ ពីព្រោះ [ការសាកសួរនោះ] ធ្វើនៅក្នុងបន្ទប់ឯកជន”៕ សារុន