28 C
Phnom Penh

កង្វះ​បទប្បញ្ញត្តិ​គ្រប់គ្រង​សំណង់​នៅ​ប្រទេស​កម្ពុជា​គឺជា​កង្វល់​មួយ​របស់​វិនិយោគិន​អឺរ៉ុប

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អ្នក​ជំនាញ​បាន​និយាយ​នៅ​ឯវេទិកា​សំណង់​និង​អចលនទ្រព្យ​ដែលរៀបចំ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​កាលពី​ម្សិលមិញ​ថា ប្រទេស​កម្ពុជា​កំពុង​មាន​ការ​រីកចម្រើន​ជា​ខ្លាំង​ផ្នែកសំណង់ ដែល​ប្រឈម​នឹង​បញ្ហា​ខ្វះ​ច្បាប់​និង​បទប្បញ្ញត្តិ ដើម្បី​ទាក់ទាញ​វិនិយោគទុន​ពី​បណ្តា​ក្រុមហ៊ុន​អភិវឌ្ឍន៍​នៅ​អឺរ៉ុប ដែល​មិន​មាន​នៅ​ក្នុង​ប្រទេស​នេះ។

លោក សាយម៉ុន ហ្គ្រិហ្វហ្វិត អ្នក​គ្រប់គ្រង​ជាន់​ខ្ពស់​នៅ​ក្រុមហ៊ុនអចលនទ្រព្យ CB Richard Ellis បាន​មាន​ប្រសាសន៍​ថា វិស័យ​អចលន​ទ្រព្យ​របស់​ប្រទេស​កម្ពុជា​មានការ​ផ្លាស់ប្តូរ​ជា​ខ្លាំង​ក្នុង​អំឡុង​ពេល​៥​ឆ្នាំ​ចុង​ក្រោយ​នេះ ក្នុង​ពេល​ដែល​ច្បាប់​អនុគ្រោះ​ឲ្យ​មាន​ម្ចាស់​កម្មសិទ្ធិ​បរទេស ហើយ​សេដ្ឋកិច្ច​ក៏​ចម្រើន​លូតលាស់។

លោក​បាន​ប្រាប់​អ្នក​ចូលរួម​វេទិកា ដែល​រៀបចំ​ដោយ​សភា​ពាណិជ្ជកម្ម​អឺរ៉ុប​ថា ៉ក្នុង​ឆ្នាំ​២០១៣ ខ្ញុំ​មិន​អាច​រាប់​ឈ្មោះ​គម្រោង​សំណង់​ខុនដូ​ទាំង​នេះអស់​ផង។ នៅ​ឆ្នាំ​២០១៤​និង​ឆ្នាំ​២០១៥ បន្ត​មក​ទៀត ខ្ញុំ​មិន​អាច​ចាំបាន​ក្រុមហ៊ុន​អភិវឌ្ឍន៍​ថ្មីៗ​ទាំងអស់​ទេ។ ដូច្នេះ​មាន​ការ​អភិវឌ្ឍ​សម្បើម​ណាស់”។

លោក ហ្គ្រិហ្វហ្វិត បាន​មាន​ប្រសាសន៍​ថា នៅ​ឆ្នាំ​២០០៩ សឹងតែ​គ្មាន​អគារ​ខុនដូ​សោះ​នៅ​ក្នុង​ភ្នំពេញ ហើយ​ថា​នៅ​ត្រឹម​ឆ្នាំ​២០១៧ រំពឹង​ថា​នឹង​មាន​អគារ​ខុនដូ​ជាង​៥.០០០។

លោក​បាន​មាន​ប្រសាសន៍​ថា “មាន​ការ​រីកចម្រើន​ខ្លាំង​ផ្នែក​សំណង់។ វា​ជា​ពេលវេលា​មួយ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ណាស់​ផ្នែក​សំណង់​អគារ​ខុនដូ និង​លំនៅ​ដ្ឋាន”។

យោងតាម​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់​បាន​ឲ្យ​ដឹង​ថា ក្នុង​ឆ្នាំ​២០១៣ ការ​វិនិយោគ​ដែល​ទទួល​បាន​ការ​យល់ព្រម​ផ្នែក​វិស័យ​សំណង់ មាន​ទឹក​ប្រាក់​សរុប២,៨​ពាន់​លាន​ដុល្លារ ពោលគឺ​កើន​៣១​ភាគរយ​លើ​ឆ្នាំ​២០១២។

ក៏​ប៉ុន្តែ លោក ហ្គីឡោម ម៉ាសស៊ិន នាយក​គ្រប់គ្រង​ក្រុមហ៊ុន​ច្បាប់ DFDL បាន​មាន​ប្រសាសន៍​ថា ការ​វិនិយោគ​ដ៏​សម្បើម​គឺ​ហូរ​ចូល​មក​ពី​បណ្តា​ប្រទេស​អាស៊ី ហើយ​មាន​តែ​មួយ​ភាគ​ប៉ុណ្ណោះ​មកពី​អឺរ៉ុប។ លោក​បាន​ពន្យល់​ថា វិនិយោគិន​អឺរ៉ុប​ស្ទាក់​ស្ទើរ​ក្នុង​ការ​ធ្វើជំនួញ​នៅ​ប្រទេស​កម្ពុជា ដោយហេតុថា ច្បាប់​សំណង់​មិន​ទាន់​មាន​ផង​នៅ​ឡើយ។

លោក​បាន​មាន​ប្រសាសន៍​ថា “នៅ​ប្រទេស​កម្ពុជា ច្បាប់​និង​បទប្បញ្ញត្តិ​មិន​ទាន់សមស្រប​នៅឡើយ ប្រហែលជា​មិន​ទាន់​ចប់​សព្វគ្រប់ ឬមិន​ទាន់​បាន​អនុវត្ត​ឲ្យ​បាន​ហ្មត់ចត់”។

លោក​បាន​បន្ថែម​ថា “ស្តង់ដារ​ទំនងជា​គន្លឹះ​សំខាន់​មួយ​សម្រាប់​វិនិយោគិន និង​ក្រុមហ៊ុន​អភិវឌ្ឍន៍​នានា​នៅ​​អឺរ៉ុប។ គ្មាន​ស្តង់ដារ​និង​ច្បាប់ មាន​ន័យ​ថា គ្មានការ​ជឿទុកចិត្តពី​​ក្រុមហ៊ុន​អភិវឌ្ឍន៍​ទាំង​នោះ​ឡើយ”។

លោក ភឿង សុភ័ណ្ឌ រដ្ឋលេខាធិការ​ក្រសួង​រៀបចំដែនដី នគរូបនីយ​កម្ម និង​សំណង់​បាន​ប្រាប់​អ្នក​សារព័ត៌មាន​​ថា ច្បាប់​ឲ្យ​ក្រុមហ៊ុន​សំណង់​ទទួល​ខុសត្រូវ​ក្នុង​ពេល​កើត​មាន​គ្រោះថ្នាក់សំណង់ នឹង​ត្រុូវរៀបចំ​ព្រាង​នៅ​ចុង​ឆ្នាំ​ក្រោយ​នេះ។

លោក​បាន​មាន​ប្រសាសន៍​ថា បណ្តា​ក្រុមហ៊ុន​អភិវឌ្ឍន៍អឺរ៉ុប “ដែល​ចង់​មក​វិនិយោគ​ក្នុង​ប្រទេស​របស់​យើង យកចិត្ត​ទុកដាក់​នឹង​ច្បាប់​នេះ ពីព្រោះ​ពួកគេ​មាន​បទពិសោធន៍​ក្នុង​ការ​អភិវឌ្ឍ និង​បាន​ជួប​ប្រទះ​​គ្រោះថ្នាក់ ដូចជា​ការ​បាក់ស្រុត​អគារ គ្រោះ​អគិ្គិភ័យ និង​របួស​កម្មករ ជាដើម”។

“សព្វថ្ងៃ​នេះ មាន​ក្រុមហ៊ុន​វិនិយោគ​សំណង់​តិចតួច​ណាស់​មកពី​អឺរ៉ុប…។ ប្រសិនបើ​យើង​មាន​ច្បាប់ ពួកគេ​នឹងមក ប្រសិនបើ​យើង​មិន​មាន​ច្បាប់ទេ ពួកគេ​នឹង​មិន​មក​ឡើយ”៕មានិត

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស