29 C
Phnom Penh

លោក ហេង ពៅ ប្រាប់​តុលាការ​អំពីការ​តស៊ូ​អំណាច​ក្នុង​ជួរ​នគរបាល

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្នុងពេល​ដែល​សវនាការ​នៅ​តុលាការ​កំពូល​បន្ត​កាលពី​ម្សិលមិញ ទណ្ឌិត ហេង ពៅ អតីត​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ផ្តល់​សក្ខី​កម្ម​ទាក់ទិន​នឹង​ការ​កាត់​ទោស​លោក​កាលពី​ឆ្នាំ​២០០៩ ពីបទ​រួម​គំនិត​ធ្វើ​ឃាត​ឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការ​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស កាលពី​ឆ្នាំ​២០០៣។

លោក ហេង ពៅ ត្រូវ​បាន​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​១៨​ឆ្នាំ ពីបទ​មាន​គម្រោង​ធ្វើ​ឃាត​នេះ ជាទោស​មួយ​ក្នុង​ចំណោម​ទោស​ជា​ច្រើន​បន្ទាប់​ពី​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ឆ្នាំ​២០០៦ ដែល​តុលាការ​សម្រេច​ឲ្យ​គាត់​ជាប់ទោស​៩៨​ឆ្នាំ។

កាលពី​ម្សិលមិញ លោក​បាន​រៀបរាប់​សក្ខីកម្ម​នៅ​ថ្ងៃ​ទី​១​នៃ​សវនាការ​​កាលពី​ម្សិលមិញ ដោយ​បាន​និយាយ​ថា លោក​ត្រូវ​បាន​ក្រុម​មនុស្ស​មាន​អំណាច​ខ្លាំង ក្នុង​ក្រសួង​មហាផ្ទៃ​ទម្លាក់​កំហុស​ដាក់។

លោក ពៅ បាន​រៀបរាប់​អំពី​ទំនាក់ទំនង​ការងារ​ជិតស្និទ្ធ​របស់​លោក​ជាមួយ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ដែល​បាន​ប្រាប់​គាត់​តាម​រយៈ​ការ​សុន្ទនា​តាម​ទូរស័ព្ទ​នៅ​ពេល​យប់​ជ្រៅ​ថា មហា​សត្រូវ​របស់​លោក គឺ​លោក ហុក ឡងឌី អតីត​ស្នងការ​នគរបាល​ជាតិ បាន​ប្រើ​ល្បិច​ដក​រូប​លោក​ចេញ​ពី​ស្នងការ​នគរបាល។

លោក ពៅ បាន​ប្រាប់​តុលាការ​ថា “អំឡុង​ពេល​នោះ លោក​មាន​បញ្ហា​ច្រើន​ជាមួយ​អគ្គស្នងការ​នគរបាល​ជាតិ ហុក ឡងឌី។ ពេល​យប់​ថ្ងៃ​ទី​១០​ខែ​មករា​ឆ្នាំ​២០០៥ សម្តេច​ហ៊ុន សែន បាន​ទូរស័ព្ទ​មក​ខ្ញុំ និង​បាន​ប្រាប់​ខ្ញុំ​ថា ហុក ឡងឌី មិន​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​ជា​ស្នងការ​នគរបាល​រាជធានី​ទៀតទេ”។

លោក ហុក ឡងឌី បាន​ស្លាប់ក្នុង​គ្រោះ​ថ្នាក់​ធ្លាក់​ឧទ្ធម្ភាគចក្រ​នៅ​ឆ្នាំ​២០០៨ ប៉ុន្តែ មុន​មរណភាព​របស់​លោក កូន​ប្រុស​របស់​អគ្គ​ស្នងការ​នគរបាល​ដែល​គេ​ខ្លាច​ញញើត​រូប​នេះ បាន​រៀបការ​ជាមួយ ហ៊ុន ម៉ាណា កូន​ស្រី​របស់​លោក ហ៊ុន សែន។ លោក ពៅ បាន​ប្រាប់​តុលាការ​ថា អំឡុង​ពេល​និយាយ​តាម​ទូរស័ព្ទ​ដដែល​នៅ​ឆ្នាំ​២០០៥​នោះ លោក​បាន​ដាក់​ពាក្យ​ស្នើ​សុំ​លាលែង​ពី​តំណែង​របស់​លោក ដើម្បី​កុំ​ឲ្យ​គ្រួសារ​លោក ហ៊ុន សែន មាន​ភាព​តានតឹង។

៉សម្តេច ហ៊ុន សែន ចង់​ដំឡើង​ឋានៈ​ខ្ញុំ​ជា​អគ្គស្នងការ​រង​នគរបាល​ជាតិ ប៉ុន្តែ​ខ្ញុំ​បាន​ប្រាប់​គាត់​ថា ខ្ញុំ​មិន​អាច​ធ្វើ​បាន​ទេ ព្រោះ​ខ្ញុំ​នឹង​នៅ​ក្រោម​លោក ហុក ឡងឌី ដដែល”។ លោក ពៅ បាន​បន្ថែម​ថា លោក​នាយក​រដ្ឋ​មន្ត្រី​បាន​ដំឡើង​ឋានៈ​ខ្ញុំ​ជា​អនុរដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​ជា​ជំនួស​វិញ ហើយ​នឹង​ដំឡើង​តំណែង​ជា​រដ្ឋលេខា​ធិការ​នៅ​ពេល​បន្ទាប់​ទៀត។

លោក បាន​និយាយ​ថា “ប៉ុន្តែ បន្ទាប់​ពី​នោះ ខ្ញុំ​ត្រូវ​បាន​គេ​ចាប់​ខ្លួន”។

លោក ពៅ បាន​អះអាង​ថា ឃាតកម្ម​ដែល​ប៉ុនប៉ង​លើ​ឧត្តម​សេនីយ៍ សៅ សុខា គឺ​ត្រូវ​បាន​គេ​ប្រឌិត​ទេ។ លោក​បាន​ប្រាប់​តុលាការ​កាលពី​ម្សិល​មិញ​ថា លោក​នៅ​តែ​មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​ឧត្តមសេនីយ៍ សៅ សុខា ដែល​លោក​បាន​អះអាង​ថា ត្រូវ​បាន​លោក ហុក ឡងឌី គាប​សង្កត់​ឲ្យ​ទម្លាក់​កំហុស​លើ​រូប​លោក។

ដោយ​បន្ត​រិះគន់​ការ​ដែល​ឧត្តម​សេនីយ៍ សៅ សុខា ត្រូវ​បាន​គេ​អនុញ្ញាត​ឲ្យ​ដឹកនាំ​ការ​ស៊ើប​អង្កេត និង​ការ​សាកសួរ​ជនសង្ស័យ​ក្នុង​រឿង​ប៉ុនប៉ង​ឃាតកម្ម​លើ​រូប​លោក​ផ្ទាល់​នោះ លោក ពៅ បាន​និយាយ​ថា “ខ្ញុំ​គិត​ថា សៅ សុខា ក៏​បាន​ធ្វើ​តាម តាឌី [ហុង ឡងឌី] ដែរ ពីព្រោះ​នៅ​ពេល​នោះ គេ​ខ្លាច តាឌី គ្រប់គ្នា”។

ឧត្តមសេនីយ៍ សៅ សុខា មិន​អាច​ទាក់ទង​សុំ​ការ​ពន្យល់​បាន​ទេ​កាលពី​ម្សិល​មិញ ប៉ុន្តែ លោក ខេង ទីតូ អ្នក​នាំពាក្យ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​បដិសេធ​ថា លោក ហុក ឡងឌី មិន​ដែល​ដាក់​គំនាប​លើ​មេ​របស់​លោក​ទេ។

លោក​បាន​មាន​ប្រសាសន៍​ថា “រឿង​នេះ​មិន​ពិតទេ គ្មាន​ការ​ធ្វើ​ទារុណកម្មទេ ហើយ​ឧត្តម​សេនីយ៍ សៅ សុខា មិន​ដែល​ទទួល​រង​សម្ពាធ​ពី​អំណាច​របស់​ឯកឧត្តម ហុក ឡងឌី ទេ​នៅ​ពេល​នោះ”។

ទូរលេខ​ការទូត​អាមេរិក​ដែល​ចេញ​ដោយ​គេហ​ទំព័រ​វីគី​លិគ​កាលពី​ឆ្នាំ​២០១១ បញ្ចេញ​ឲ្យ​ដឹង​ថា ស្ថានទូត​អាមេរិក​មើល​ឃើញ​ជម្លោះ​ផ្ទៃ​ក្នុង​នៅ​ក្រសួង​មហាផ្ទៃ​ក្នុង​រង្វង់​ពេល​មាន​ការ​ចាប់​ខ្លួន​លោក ហេង ពៅ។

ទូរលេខ​សម្ងាត់​មាន​ចុះ​កាល​បរិច្ឆេទ​ថ្ងៃទី​២៤​ខែ​សីហា​ឆ្នាំ២០០៦ មាន​ខ្លឹមសារ​ថា “ប្រសិនបើ​រដ្ឋាភិបាល​[កម្ពុជា]​ប្រយ័ត្ន​ប្រយែង​នោះ គេ​នឹង​មិន​បណ្តោយ​ឲ្យ​មាន​ការ​សងសឹក​ផ្ទាល់​របស់ ហុក ឡងឌី ទៅ​លើ [ហេង ពៅ] គឺ​លប់​លើ​​ការ​ថ្លឹងថ្លែង​ដ៏​ប្រយ័ត្ន​នៃ​ផលល្អ​និង​ផល​អាក្រក់ ដែល​ទាក់ទង​នឹង​ការ​ចាប់​ខ្លួន​និង​ការ​កាត់​ក្តី [រូប​លោក]“។

“មិន​ថា​គេ​ពិនិត្យ​បញ្ហា​នេះ​របៀបណា​នោះ​ទេ រដ្ឋាភិបាល​កម្ពុជា​នៅ​តែ​មាន​លក្ខណៈ​អាក្រក់ ក្នុង​ពេលដែល​មន្ត្រី​នគរបាល​ជាន់​ខ្ពស់​របស់​ខ្លួន​ធ្វើ​ការ​ចោទ​ប្រកាន់​ទៅ​លើ​គ្នា​ឯង​ធ្ងន់ធ្ងរ និង​ចោទ​តប​ទៅវិញ​ទៅ​មក ដែល​កើត​មាន​ជាង​មួយ​ទសវត្សរ៍​មក​ហើយ​នោះ”៕មានិត

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស