ក្នុងពេលដែលសវនាការនៅតុលាការកំពូលបន្តកាលពីម្សិលមិញ ទណ្ឌិត ហេង ពៅ អតីតស្នងការនគរបាលរាជធានីភ្នំពេញ បានផ្តល់សក្ខីកម្មទាក់ទិននឹងការកាត់ទោសលោកកាលពីឆ្នាំ២០០៩ ពីបទរួមគំនិតធ្វើឃាតឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស កាលពីឆ្នាំ២០០៣។
លោក ហេង ពៅ ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល១៨ឆ្នាំ ពីបទមានគម្រោងធ្វើឃាតនេះ ជាទោសមួយក្នុងចំណោមទោសជាច្រើនបន្ទាប់ពីត្រូវបានចាប់ខ្លួននៅឆ្នាំ២០០៦ ដែលតុលាការសម្រេចឲ្យគាត់ជាប់ទោស៩៨ឆ្នាំ។
កាលពីម្សិលមិញ លោកបានរៀបរាប់សក្ខីកម្មនៅថ្ងៃទី១នៃសវនាការកាលពីម្សិលមិញ ដោយបាននិយាយថា លោកត្រូវបានក្រុមមនុស្សមានអំណាចខ្លាំង ក្នុងក្រសួងមហាផ្ទៃទម្លាក់កំហុសដាក់។
លោក ពៅ បានរៀបរាប់អំពីទំនាក់ទំនងការងារជិតស្និទ្ធរបស់លោកជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានប្រាប់គាត់តាមរយៈការសុន្ទនាតាមទូរស័ព្ទនៅពេលយប់ជ្រៅថា មហាសត្រូវរបស់លោក គឺលោក ហុក ឡងឌី អតីតស្នងការនគរបាលជាតិ បានប្រើល្បិចដករូបលោកចេញពីស្នងការនគរបាល។
លោក ពៅ បានប្រាប់តុលាការថា “អំឡុងពេលនោះ លោកមានបញ្ហាច្រើនជាមួយអគ្គស្នងការនគរបាលជាតិ ហុក ឡងឌី។ ពេលយប់ថ្ងៃទី១០ខែមករាឆ្នាំ២០០៥ សម្តេចហ៊ុន សែន បានទូរស័ព្ទមកខ្ញុំ និងបានប្រាប់ខ្ញុំថា ហុក ឡងឌី មិនចង់ឲ្យខ្ញុំធ្វើជាស្នងការនគរបាលរាជធានីទៀតទេ”។
លោក ហុក ឡងឌី បានស្លាប់ក្នុងគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រនៅឆ្នាំ២០០៨ ប៉ុន្តែ មុនមរណភាពរបស់លោក កូនប្រុសរបស់អគ្គស្នងការនគរបាលដែលគេខ្លាចញញើតរូបនេះ បានរៀបការជាមួយ ហ៊ុន ម៉ាណា កូនស្រីរបស់លោក ហ៊ុន សែន។ លោក ពៅ បានប្រាប់តុលាការថា អំឡុងពេលនិយាយតាមទូរស័ព្ទដដែលនៅឆ្នាំ២០០៥នោះ លោកបានដាក់ពាក្យស្នើសុំលាលែងពីតំណែងរបស់លោក ដើម្បីកុំឲ្យគ្រួសារលោក ហ៊ុន សែន មានភាពតានតឹង។
៉សម្តេច ហ៊ុន សែន ចង់ដំឡើងឋានៈខ្ញុំជាអគ្គស្នងការរងនគរបាលជាតិ ប៉ុន្តែខ្ញុំបានប្រាប់គាត់ថា ខ្ញុំមិនអាចធ្វើបានទេ ព្រោះខ្ញុំនឹងនៅក្រោមលោក ហុក ឡងឌី ដដែល”។ លោក ពៅ បានបន្ថែមថា លោកនាយករដ្ឋមន្ត្រីបានដំឡើងឋានៈខ្ញុំជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃជាជំនួសវិញ ហើយនឹងដំឡើងតំណែងជារដ្ឋលេខាធិការនៅពេលបន្ទាប់ទៀត។
លោក បាននិយាយថា “ប៉ុន្តែ បន្ទាប់ពីនោះ ខ្ញុំត្រូវបានគេចាប់ខ្លួន”។
លោក ពៅ បានអះអាងថា ឃាតកម្មដែលប៉ុនប៉ងលើឧត្តមសេនីយ៍ សៅ សុខា គឺត្រូវបានគេប្រឌិតទេ។ លោកបានប្រាប់តុលាការកាលពីម្សិលមិញថា លោកនៅតែមានទំនាក់ទំនងល្អជាមួយឧត្តមសេនីយ៍ សៅ សុខា ដែលលោកបានអះអាងថា ត្រូវបានលោក ហុក ឡងឌី គាបសង្កត់ឲ្យទម្លាក់កំហុសលើរូបលោក។
ដោយបន្តរិះគន់ការដែលឧត្តមសេនីយ៍ សៅ សុខា ត្រូវបានគេអនុញ្ញាតឲ្យដឹកនាំការស៊ើបអង្កេត និងការសាកសួរជនសង្ស័យក្នុងរឿងប៉ុនប៉ងឃាតកម្មលើរូបលោកផ្ទាល់នោះ លោក ពៅ បាននិយាយថា “ខ្ញុំគិតថា សៅ សុខា ក៏បានធ្វើតាម តាឌី [ហុង ឡងឌី] ដែរ ពីព្រោះនៅពេលនោះ គេខ្លាច តាឌី គ្រប់គ្នា”។
ឧត្តមសេនីយ៍ សៅ សុខា មិនអាចទាក់ទងសុំការពន្យល់បានទេកាលពីម្សិលមិញ ប៉ុន្តែ លោក ខេង ទីតូ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានបដិសេធថា លោក ហុក ឡងឌី មិនដែលដាក់គំនាបលើមេរបស់លោកទេ។
លោកបានមានប្រសាសន៍ថា “រឿងនេះមិនពិតទេ គ្មានការធ្វើទារុណកម្មទេ ហើយឧត្តមសេនីយ៍ សៅ សុខា មិនដែលទទួលរងសម្ពាធពីអំណាចរបស់ឯកឧត្តម ហុក ឡងឌី ទេនៅពេលនោះ”។
ទូរលេខការទូតអាមេរិកដែលចេញដោយគេហទំព័រវីគីលិគកាលពីឆ្នាំ២០១១ បញ្ចេញឲ្យដឹងថា ស្ថានទូតអាមេរិកមើលឃើញជម្លោះផ្ទៃក្នុងនៅក្រសួងមហាផ្ទៃក្នុងរង្វង់ពេលមានការចាប់ខ្លួនលោក ហេង ពៅ។
ទូរលេខសម្ងាត់មានចុះកាលបរិច្ឆេទថ្ងៃទី២៤ខែសីហាឆ្នាំ២០០៦ មានខ្លឹមសារថា “ប្រសិនបើរដ្ឋាភិបាល[កម្ពុជា]ប្រយ័ត្នប្រយែងនោះ គេនឹងមិនបណ្តោយឲ្យមានការសងសឹកផ្ទាល់របស់ ហុក ឡងឌី ទៅលើ [ហេង ពៅ] គឺលប់លើការថ្លឹងថ្លែងដ៏ប្រយ័ត្ននៃផលល្អនិងផលអាក្រក់ ដែលទាក់ទងនឹងការចាប់ខ្លួននិងការកាត់ក្តី [រូបលោក]“។
“មិនថាគេពិនិត្យបញ្ហានេះរបៀបណានោះទេ រដ្ឋាភិបាលកម្ពុជានៅតែមានលក្ខណៈអាក្រក់ ក្នុងពេលដែលមន្ត្រីនគរបាលជាន់ខ្ពស់របស់ខ្លួនធ្វើការចោទប្រកាន់ទៅលើគ្នាឯងធ្ងន់ធ្ងរ និងចោទតបទៅវិញទៅមក ដែលកើតមានជាងមួយទសវត្សរ៍មកហើយនោះ”៕មានិត